ភ្នំពេញ៖ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា (DCCAM) សហការ​ជាមួយ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ (USAID) បាន​ចេញ​ផ្សាយ​បច្ចុប្បន្នភាព​ស្តីពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ដែល​កំពុង​បន្ត​របស់ខ្លួន​ក្នុង​ការ​ជួយ​ដល់​ជនរងគ្រោះ​ពី​អំពើ​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម តាម​រយៈ​គម្រោង​ស្រាវជ្រាវ និង​អប់រំ​អំពី​អំពើ​ប្រល័យ​ពូជសាសន៍​កម្ពុជា។


កម្មវិធី​បន្ថែម​ដែល​មាន​ចំណងជើង​ថា «​ការ​លើក​កម្ពស់​សិទ្ធិ និង​ការ​កែ​លម្អ​លក្ខខណ្ឌ​នៃ​អ្នក​រស់រាន​មាន​ជីវិត​ពី​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម​» បន្ត​ធ្វើ​ឱ្យ​មាន​វឌ្ឍនភាព​គួរ​ឱ្យ​កត់សម្គាល់​ក្នុងការ​ផ្តល់​លទ្ធភាព​ទទួល​បាន​សេវា​សុខភាព និង​គាំពារ​សង្គម​សំខាន់ៗ។

លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​គំនិត​ផ្តួចផ្តើម​ទាំង​នេះ​ថា៖ «បេសកកម្ម​របស់​យើង​គឺ​ធានា​ឱ្យ​អ្នក​រស់រាន​មាន​ជីវិត​ពី​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម ទទួល​បាន​សេវា​សុខភាព និង​ការ​ថែទាំ​​សង្គម​ដែល​ពួកគេ​ត្រូវការ ដើម្បី​រស់​នៅ​ដោយ​សេចក្តី​ថ្លៃថ្នូរ និង​សុខុមាលភាព»។


លោកបន្ដ​ថា៖ «​បណ្តាញ​អ្នក​ស្ម័គ្រចិត្ត​ជាច្រើន​ ភាពជា​ដៃគូ​ជាមួយ​គ្លីនិក និង​ការ​ប្រមូល​ទិន្នន័យ​​ដ៏​ទូលំទូលាយ គឺជា​ផ្នែក​សំខាន់​នៃ​ការ​ប្តេជ្ញាចិត្ត​របស់​យើង​ក្នុងការ​គាំទ្រ​បុគ្គល​​ទាំងនេះ​»។​

ចំនួន​អ្នក​រស់រាន​មាន​ជីវិត និង​ការ​ប្រមូល​ទិន្នន័យ


ផែនទី​ប្រជាសាស្ត្រ​ឆ្នាំ​២០១៧ បាន​​បង្ហាញ​ថា មាន​អ្នក​រស់រាន​មាន​ជីវិត​ពី​អំពើ​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម​ ៥.១៤៣.៣៨៦ នាក់ ដែល​តំណាង​ឱ្យ ៣៣,១៦ភាគរយ​ នៃ​ចំនួន​ប្រជាជន​សរុប​របស់​ប្រទេស​កម្ពុជា ​​នៅ​ទូទាំង ១៩៦​ស្រុក​។​

ផែនទី​ប្រជាសាស្ត្រ​ឆ្នាំ​២០១៧ បង្ហាញពីចំនួន​អ្នក​រស់រាន​មាន​ជីវិត។ រូបថត DCCam

ភាគច្រើន​នៃ​អ្នក​រស់រាន​មាន​ជីវិត​ទាំងនេះ​រស់​នៅ​ក្នុង​តំបន់​ជនបទ ដោយ​បង្ហាញ​ពី​តម្រូវការ​សម្រាប់​សេវាកម្មថែទាំ​សុខភាព​ និង​គាំពារ​សង្គម​​។​

ខេត្ត​ដែលមាន​ចំនួន​អ្នក​រស់រានមានជីវិត​ច្រើនជាងគេ​រួមមាន កំពង់ចាម និង​ព្រៃវែង ខណៈ​ខេត្ត​ដូចជា ខេត្ត​មណ្ឌលគិរី និង​រតនគិរី មាន​ចំនួន​តិច​បំផុត​។ ការយល់ដឹង​អំពី​ប្រជាសាស្ត្រ​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការ​ធ្វើ​ផែនការ និង​ការអនុវត្ត​កិច្ច​អន្តរាគមន៍​ប្រកបដោយ​ប្រសិទ្ធភាព​។​

កម្មវិធី​នេះ​ក៏បាន​បោះជំហាន​យ៉ាងសំខាន់​ក្នុងការ​ថែរក្សា​ប្រវត្តិសាស្ត្រ និង​បទពិសោធន៍​របស់​អ្នក​រស់រាន​មានជីវិត​។​

លោក ឆាំង យុ​ បាននិយាយ​ថា៖ «​គំនិត​ផ្តួចផ្តើម CamboCorps បាន​ប្រមូល​ទិន្នន័យ​រឿងរ៉ាវ​​គួរឱ្យ​កត់​សម្គាល់​ចំនួន ៦១៦២៥ ពី​អ្នក​រស់រាន​មាន​ជីវិត ដែល​ត្រូវបាន​ចងក្រង​ជា​ឯកសារ​ជា​ទម្រង់​​ឌីជីថល និង​ជា​លាយលក្ខណ៍​អក្សរ»។

ផែនទី​បង្ហាញថា ​ចំនួន​ទិន្នន័យ​រឿង​ដែល​ប្រមូល​បាន​ច្រើន​ជាងគេ​គឺ​មកពី​ខេត្ត​​បាត់ដំបង និង​កំពង់ចាម ចំណែក​ទិន្នន័យ​ទាប​បំផុត​គឺ​មកពី​ខេត្តមណ្ឌលគិរី និង​រតនគិរី​។​

ទិន្នន័យ​រឿង​ទាំងនេះ​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​សម្រាប់​ការ​យល់​ដឹង​ពី​ផល​ប៉ះពាល់​រយៈពេល​វែង​នៃ​អំពើ​ប្រល័យ​ពូជសាសន៍ និង​ធានាថា​ សំឡេង​របស់​អ្នក​រស់រានមានជីវិត​ត្រូវបាន​គេ​ឮ និង​ចងចាំ​។​

ការពិនិត្យ​សុខភាព និង​ការ​អប់រំ​សុខុមាលភាព​សាធារណៈ​

ធាតុ​សំខាន់​មួយទៀត​នៃ​កម្មវិធី​គឺ​ការពិនិត្យ​សុខភាព និង​ការអប់រំ​សុខុមាលភាព​សាធារណៈ​។ ចាប់​តាំង​ពី​ការចាប់ផ្តើម​កម្មវិធី អ្នក​រស់រាន​មាន​ជីវិត​សរុប​ចំនួន ៨៤១៩នាក់​បានទទួល​អត្ថប្រយោជន៍​ពី​សេវាកម្ម​ទាំងនេះ​។​

ផែនទីបង្ហាញពី​សុខុមាលភាព​សាធារណៈ​របស់អ្នក​រស់រាន​មាន​ជីវិត។ រូបថត DCCam

ជាក់ស្តែង អ្នក​នៅ​រស់រាន​មាន​ជីវិត​ចំនួន ៥៤៤៣ នាក់​បាន​ចូលរួម​ក្នុងការ​ពិនិត្យ​សុខភាព ខណៈដែល ២៩៧៦នាក់​បាន​ចូលរួម​វេទិកា​អប់រំ​សុខុមាលភាព​សាធារណៈ​។​

ផែនទី បាន​បង្ហាញថា​៖ «​កម្មវិធី​នេះ​បាន​សហការ​ជាមួយ​គ្លីនិក​ចំនួន ៦៨ និង​គាំទ្រ​ពី​បណ្ដាញ​​គ្លីនិក​ឯកជន​ចំនួន ២២៧២​ នៅ​ទូទាំងប្រទេស ដែល​ជួយ​សម្រួល​ដល់​ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ​យ៉ាង​ទូលំទូលាយ​ដល់​អ្នក​ដែល​ត្រូវការ»​។

ខេត្ត​មួយ​ចំនួន ដូចជា​កំពង់ចាម និង​សៀមរាប​មាន​អត្រា​ចូលរួម​ច្រើនជាងគេ ចំណែក​មណ្ឌលគិរី និង​រតនគិរី មាន​កម្រិត​ចូលរួម​ទាប​ជាង​។​

ជំងឺទាំង ១០ ដែល​ប៉ះពាល់​ដល់​អ្នក​រស់រាន​មានជីវិត

ការវិភាគ​សុខភាព​ដ៏​ទូលំទូលាយ​បង្ហាញថា ជំងឺ​ខ្ពស់​បំផុត​​ទាំង ១០ ដែល​ប៉ះពាល់​ដល់​អ្នក​រស់រាន​មានជីវិត​ពីរ​បប​ខ្មែរ​ក្រហម រួមមាន​ជំងឺ​លើស​ឈាម បញ្ហា​ក្រពះ​ពោះវៀន និង​ជំងឺគ្រុនចាញ់ នេះ​បើ​យោងតាម​សៀវភៅ «ព័ត៌មាន​អំពី​ការថែទាំ​សុខភាព​ដល់​អ្នក​រស់រាន​មានជីវិត​ពី​ខ្មែរក្រហម​» ដែល​បាន​បោះពុម្ព​ក្នុង​ឆ្នាំ ២០២៣​។​

ស្ថានភាព​ទូទៅ​ផ្សេងទៀត ​រួមមាន ជំងឺផ្លូវចិត្ត ជំងឺ​បេះដូង ជំងឺ​រលាក​សន្លាក់ ជំងឺ​ទឹកនោមផ្អែម ជំងឺហឺត​រ៉ាំរ៉ៃ ជំងឺរបេង និង​ជំងឺឆ្កួតជ្រូក​។​

ទិន្នន័យ​នេះ​គូសបញ្ជាក់​អំពី​តម្រូវការ​សំខាន់​សម្រាប់​អន្តរាគមន៍​ផ្នែក​វេជ្ជសាស្ត្រ​គោលដៅ និង​កម្មវិធី​អប់រំ​សុខភាព​ដែល​កំពុងដំណើរការ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​សុខភាព​ទាំងនេះ​។​

គំនិត​ផ្តួចផ្តើម CamboCorps

គំនិត​ផ្តួចផ្តើម CamboCorps ​បាន​ប្រមូលផ្តុំ​អ្នកស្ម័គ្រចិត្ត​ចំនួន ៤១៥៦ នាក់​នៅ​ទូទាំងប្រទេស​កម្ពុជា​។​

យោងតាម​ផែនទី​ដែល​បង្ហាញ​​ដោយ​លោក ឆាំង យុ បាន​ឱ្យ​ដឹង​ថា៖ «ក្នុង​ចំណោម​អ្នកស្ម័គ្រចិត្ត​ចំនួន ៣៤៦៤នាក់​ត្រូវបាន​ជ្រើសរើស​​សម្រាប់​សេវាកម្ម​ចន្លោះ​ឆ្នាំ ២០២០ និង ២០២៤»។

CamboCorps គឺជា​កម្មវិធី​ផ្តោតលើ​យុវជន​នៅក្នុង​ប្រទេស​កម្ពុជា ដែល​បង្កើត​ឡើង​ក្នុង​គោលបំណង​ចូលរួម​ជាមួយ​យុវជន​ក្នុង​សេវាកម្ម​សហគមន៍ ការអភិវឌ្ឍន៍​ភាព​ជា​អ្នកដឹកនាំ និង​ការបណ្តុះបណ្តាល​ជំនាញ​។​

វា​មាន​គោលបំណង​ផ្តល់​អំណាច​ដល់​យុវជន​ដោយ​ផ្តល់ឱកាស​សម្រាប់​ពួកគេ​ក្នុងការ​រួមចំណែក​​ដល់​សហគមន៍​របស់​ពួកគេ អភិវឌ្ឍ​គុណភាព​ភាពជា​អ្នកដឹកនាំ និង​ទទួលបាន​ជំនាញ​ជាក់ស្តែង​ដែល​អាចជួយ​ពួកគេ​ក្នុង​អាជីព​នាពេល​អនាគត​​។​

កម្មវិធី​នេះ​ពាក់ព័ន្ធ​នឹង​សកម្មភាព​ផ្សេងៗ ​ដូចជា ​ការ​ស្ម័គ្រចិត្ត សិក្ខាសាលា និង​វគ្គ​បណ្តុះបណ្តាល​ដែល​ផ្តោត​លើ​ការ​លូតលាស់​ផ្ទាល់ខ្លួន និង​វិជ្ជាជីវៈ កា​រអភិវឌ្ឍន៍​សហគម​ន៍ និង​ផលប៉ះពាល់​សង្គម​។​

គួរ​កត់សម្គាល់ថា ខេត្តកំពង់ចាម និង​បាត់ដំបង បង្ហាញ​ពី​ការប្រមូលផ្តុំ​អ្នកស្ម័គ្រចិត្ត​ខ្ពស់បំផុត ខណៈ​មណ្ឌលគិរី និង​កំពង់ធំ មាន​កម្រិត​ទាប​បំផុត​។​

អ្នកស្ម័គ្រចិត្ត​ទាំងនេះ​​ផ្តល់​ការគាំទ្រ​យ៉ាងសំខាន់​ដល់​អ្នក​រស់រាន​មាន​ជីវិត​ ដោយ​ធានាថា ​ពួកគេ​ទទួលបាន​ការពិនិត្យ​សុខភាព​ចាំបាច់ និង​ការអប់រំ​សុខុមាលភាព​សាធារណៈ៕