ភ្នំពេញៈ ក្នុង​រយៈពេល​៦ខែ ឆ្នាំ​២០២៤​នេះ គ្រោះ​អគ្គិភ័យ​នៅ​ទូទាំង​ប្រទេស​បាន​កើត​ឡើង​ចំនួន ៧៣៨​លើក ដែល​មាន​ការ​កើន​ឡើង​ ២២២​លើក បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុ​ងឆ្នាំ ២០២៣ ខណៈ​ពេល​ដែល​កម្លាំង​នគរបាល​បន្ត​ចុះ​អប់រំ​ពលរដ្ឋ ដើម្បី​បញ្ជៀស​គ្រោះថ្នាក់​អគ្គិភ័យ​នេះ។ នេះ​បើ​យោង​តាម​នគរបាលជាតិ។


ហេតុការណ៍​គ្រោះ​អគ្គិភ័យ​ទាំង​ជាង ៧០០​លើក​នោះ​បាន​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន​ ៩នាក់ របួស ២៥នាក់ ឆេះ​ផ្ទះ​៤៥០ខ្នង និង​ចំនួន​តូប ៥០២​ផងដែរ។

ចំពោះ​មូលហេតុ​អគ្គិភ័យ​ទាំង​នោះ គឺ​បណ្តាល​មក​ពី​ចរន្ដ​អគ្គីសនី​ចំនួន ៤១.៥៦ភាគរយ ប្រើប្រាស់​ភ្លើង ៣៩.៣៣​ភាគរយ និង​មូលហេតុ​ដែល​កំណត់​មិន​ទាន់​បាន​ចំនួន ១៩.១១​ភាគរយ​ផងដែរ។


ក្នុង​រយៈពេល ៦​ខែ​ដើម​ឆ្នាំ ២០២៣ កន្លងមក មាន​អគ្គិសភ័យ​ចំនួន ៥១៦​លើក​ប៉ុណ្ណោះ ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​រហូត​ដល់​ទៅ​ ៤១​នាក់។ គ្រោះ​អគ្គិភ័យ​ពេញ​មួយ​ឆ្នាំ ២០២៣​មាន​ ៧៦១លើក និង​សម្លាប់​មនុស្ស ៥៤នាក់ និង​របួស​៩៧​នាក់។ 

គ្រោះ​អគ្គិសភ័យ​មាន​ការ​កើន​ឡើង ៣​ឆ្នាំ​ជាប់ៗ​គ្នា​ក្នុង​រយៈពេល ៦​ខែ។ កាល​ពី​ពាក់​កណ្តាល​ឆ្នាំ ២០២២ មាន​អគ្គិភ័យ​កើត​មាន​តែ​ ៣៧២​លើក​ប៉ុណ្ណោះ។ 


បើ​យោង​តាម​របាយការណ៍​របស់​គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះ​មហាន្តរាយ​បាន​ឱ្យ​ដឹង​ផងដែរ​ថា ក្នុង​រយៈពេល ៦​ខែ​ដើមឆ្នាំ​នេះ គ្រោះ​អគ្គិភ័យ​បាន​កើត​មាន​ច្រើន​ជាង​គេ​នៅ​រាជធានី​ភ្នំពេញ ចំនួន ៨០លើក បំផ្លាញ​ផ្ទះ​អស់ ១០០ខ្នង បន្ទាប់មក​ខេត្ត​សៀមរាប​ចំនួន ៣៩​លើក និង ខេត្ត​បន្ទាយមានជ័យ​ចំនួន ៣០លើក។

លោក​ឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាន​នាយកដ្ឋាន​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង សង្គ្រោះ​នា​ថ្ងៃទី​១០ ខែ​កក្កដា បាន​អំពាវនាវ​ដល់​ម្ចាស់​ផ្សារ សហគ្រាស គ្រឹះស្ថាន និង អគារធំៗ​ជាដើម គួរ​បង្កើន​កិច្ច​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ជំនាញ បង្ការ និង ពន្លត់​អគ្គិភ័យ​ទៅ​តាម​ច្បាប់​អគ្គិភ័យ​ដែល​បាន​កំណត់។ ច្បាប់​នេះ​តម្រូវ​ឱ្យ​ម្ចាស់​គោលដៅ សហការ​ជាមួយ​មន្ដ្រី​ជំនាញ ពិសេស​ការ​ធ្វើ​លំហាត់​សមយុទ្ធ​រួមគ្នា ដើម្បី​បញ្ជ្រៀប​ការ​យល់​ដឹង​បន្ថែម​ពី​ដល់​បុគ្គលិក និង​មន្ដ្រី​របស់​ខ្លួន។

លោក​ឧត្តមសេនីយ៍ឯក​បាន​បង្ហាញ​នូវ​ក្ដី​ព្រួយ​បារម្ភ​ថា៖ «ស្របពេល​ដែល​ប្រទេស​កម្ពុជា កំពុង​តែ​មាន​ការ​អភិវឌ្ឍ​រីក​ចម្រើន វិស័យ​សំណង់​អគារ​ខ្ពស់​ក៏​មាន​កាន់​តែ​ច្រើន ប៉ុន្ដែ​ប្រសិន​បើ​ម្ចាស់​ទីតាំង​ទាំង​នោះ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​សហការ​ជាមួយ​មន្ដ្រី​ជំនាញ ដើម្បី​បញ្ច្រាប​ការ​យល់​ដឹង​អំពី​វិធីសាស្ដ្រ​ក្នុង​ការ​ទប់ស្កាត់ និង​បង្ការ​ទេ​នោះ នៅ​ពេល​មាន​ហេតុការណ៍​កើតឡើង​ មន្ដ្រី​ជំនាញ​ពិបាក​ក្នុង​ការ​ជួយ​អន្ដរាគមន៍»។ 

ការ​អំពាវនាវ និង​បង្ហាញ​ក្តី​បារម្ភ​នេះ​ត្រូវ​បាន​ធ្វើឡើង​ក្នុង​ពេល​ដែល​នាយកដ្ឋាន​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ធ្វើ​សមយុទ្ធ​លំហាត់​ពន្លត់​អគ្គិភ័យ សង្គ្រោះ និង​ជម្លៀស​មនុស្ស នៅ​ផ្សារ​ទំនើប​អ៊ីអន១។

ការ​ធ្វើ​សមយុទ្ធ​នេះ​គឺ​ដើម្បី​ពង្រឹង​ស្មារតី​ដល់​បុគ្គលិក​ទាំងអស់​ឱ្យ​មាន​ភាព​ម្ចាស់ការ​គ្រប់​គ្រាន់ និង​បាន​យល់​ច្បាស់​អំពី​វិធានការ​បង្ការ ទប់ស្កាត់ និង សង្គ្រោះ​បឋម​នៅ​ពេល​មាន​ហេតុការណ៍​កើតឡើង។ នេះ​បើ​យោង​តាម​នគរបាលជាតិ។ 

លោក នេត វន្ថា ក៏​បាន​លើក​ឡើង​ក្នុង​ឱកាស​នោះ​ផងដែរ​ថា ការ​ធ្វើ​សមយុទ្ធ​ពន្លត់​អគ្គិភ័យ​ជាមួយ​ផ្សារ​ទំនើប​អ៊ីអន​១​នេះ គឺ​ត្រូវ​បាន​អនុវត្ត​រយៈពេល ៩​ឆ្នាំ​មក​ហើយ។ ផ្សារទំនើប​អ៊ី​អន​គ្រប់​សាខា​ទាំងអស់ គឺជា​គំរូមួយ ដែល​តែង​ផ្ដល់​កិច្ច​សហការ​ល្អ​ជាមួយ​កម្លាំង​សមត្ថកិច្ច ពិសេស​នាយកដ្ឋាន​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​ក្នុង​ការ​ធ្វើ​សមយុទ្ធ​រួមគ្នា និង​អប់រំ ផ្សព្វ​ផ្សាយ​ដល់​បុគ្គលិក​របស់​ខ្លួន ទាំង​៣​សាខា​តែម្ដង។ នេះ​ជា​គំរូ​មួយ ដែល​ម្ចាស់​ទីតាំង​ដ៏​ទៃ​ទៀត គួរ​អនុវត្ត​តាម។

ដើម្បី​ឱ្យ​ពលរដ្ឋ​បាន​យល់ដឹង​ពី​គ្រោះថ្នាក់​អគ្គិភ័យ វិ​ធីបង្ការ និង​វិធី​សង្គ្រោះ​បឋម កម្លាំង​ការិយាល័យ​បង្កា និង​ពន្លត់​អគ្គិភ័យ​នៃ​នគរបាល​រាជធានី​ភ្នំពេញ​បាន​និង​កំពុង​តែ​បន្ត​ចុះ​ផ្សព្វផ្សាយ​អប់រំ ណែនាំ ការងារ បង្ការ​ពន្លត់​អគ្គិភ័យ និង សង្គ្រោះ​ដល់​ពលរដ្ឋ​នៅ​ទីតាំង​ខ្នងផ្ទះ​ផងដែរ។ 

វិធី​ទាំង​នោះ​រួមមាន របៀប​ប្រើប្រាស់ និង​ត្រួត​ពិនិត្យ​បំពង់​ពន្លត់​អគ្គិភ័យ, ណែនាំ​ពី​ការ​ប្រើប្រាស់​ហ្គាស និង​ប្រព័ន្ធ អគ្គីសនី ឬ​សារធាតុ​ផ្សេងៗ ដែល​អាច​បង្ក​ឱ្យ​កើត​មាន​គ្រោះថ្នាក់​អគ្គិភ័យ, ដាស់​តឿន​ក្រើន​រំលឹក​ពលរដ្ឋ មុន​ពេល​ចាក​ចេញ​ពី​លំនៅឋាន​ឱ្យ​ពិនិត្យ​លើ​ការ​បិទ​បារ៉ែតភ្លើង បិទ​ប្រព័ន្ធហ្គាស និង​ពន្លត់​ធូបទៀន និង​ចុងក្រោយ​គឺ​ណែនាំ​ឱ្យ​បុគ្គលិក កម្មករ ឱ្យ​បាន​ដឹង​ពី​វិធី​ជំលៀស​ខ្លួន​ពេល​មាន​ហេតុការណ៍ អគ្គិភ័យ និង​សង្គ្រោះ​បឋម៕