អត្រា​ឆ្លង​ជំងឺ​អេដស៍​នៅ​កម្ពុជា​នៅ​ក្នុង​ឆ្នាំ ២០២៣​ បានធ្លាក់​ចុះ​ចំនួន​ ១០០ នាក់​ធៀប​ទៅ​នឹង​ចំនួន​ឆ្លង​នៅ​ឆ្នាំ ២០២២ ដែល​ជា​លទ្ធផល​ល្អ​ប្រសើរ​ក្នុង​ការឆ្លើយតប​នឹង​មេរោគអេដស៍និ​ង​ជំងឺអេដស៍។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​របស់​អាជ្ញាធរជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ និង​យូអិន​អេដស៍​ UNAIDS។


សេចក្ដីប្រកាស​ព័ត៌មាន​រួម​បាន​ឲ្យ​ដឹង​ថា តាម​ការ​ប៉ាន់​ប្រមាណ​តាម​បែប​វិទ្យាសាស្ត្រ​ដែល​ធ្វើ​ឡើង​ក្នុង​ឆ្នាំ​២០២៤ នេះ ចំនួន​អ្នក​ឆ្លង​ថ្មី​នៃ​មេរោគអេដស៍​មាន​ការ​ថយ​ចុះ​ពី​ ១.៣០០​នាក់​នៅ​ឆ្នាំ​២០២២ មក​នៅ​ត្រឹម​ ១.២០០​នាក់​នៅ​ឆ្នាំ ​២០២៣ គឺ​ធ្លាក់​ចុះ​ចំនួន​ ១០០​នាក់។

សម្រាប់​ការ​ឆ្លង​នៃ​មេរោគ​អេដស៍​ពី​ម្ដាយ​ទៅ​បាន​ថយចុះ​ពី​អត្រា ១១ ភាគរយ​នៅ​ឆ្នាំ​២០២២​ មក​ត្រឹម​៨ ភាគរយ​នៅ​ឆ្នាំ​២០២៣។
សម្រាប់​គោលដៅ ៩៥-៩៥-៩៥ (ដឹងថា​មាន​អេដស៍, ដឹង​ពី​ការ​ព្យាបាល, ទប់ស្កាត់​ការ​ឆ្លង) កម្ពុជា​ក៏​សម្រេច​បាន​លទ្ធផល​ល្អប្រសើ​ផងដែរ ពោលគឺ​អត្រា​អ្នក​ ដឹង​ពី​ស្ថានភាព​មេរោគ​អេដស៍​របស់​ខ្លួន​បាន​កើន​ឡើង​ពី ៨៦ ភាគរយ​នៅ​ឆ្នាំ​២០២២ ទៅ៨៩ ភាគរយ​នៅ​ឆ្នាំ ២០២៣។


សេចក្ដី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា៖ «ដូច្នេះ ​លើ​គោលដៅ​ ៩៥-៩៥-៩៥ កម្ពុជា​យើង​សម្រេច​បាន​៨៩-៩៨-៩៨។ លទ្ធផល​នេះ ​ជា​សញ្ញា​វិជ្ជមាន​បញ្ជាក់​ជាថ្មី​ថា ការ​ប្រឹង​ប្រែង​រួម​របស់​យើង​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​នេះ​បាន​និង​កំពុង​ទទួល​បាន​លទ្ធផល​ជា​ផ្លែ​ផ្កា​ ថ្វី​ត្បិត​តែ​ស្ថិត​នៅ​ឆ្ងាយ​ពីគោល​ដៅ​ឆ្លង​ថ្មី​ដែល​បាន​កំណត់​ឱ្យ​មាន​ការ​ឆ្លង​ថ្មី​ក្នុង​រង្វង់ ​២០០​នាក់​ក្នុង​មួយ​ឆ្នាំ​ នៅ​ឆ្នាំ​២០២៥​ក៏​ដោយ»។

អាជ្ញាធរ​និង​ទីភ្នាក់​ងារ​អង្គការ​សហប្រជាជាតិ UNAIDS បញ្ជាក់​ថា នៅ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​ត្រូវ​យក​ចិត្ត​ទុកដាក់ រួមមាន​អត្រា​ឆ្លងថ្មី​នៃ​មេរោគអេដស៍​ក្នុង​ចំណោម​ក្រុម​ប្រជាជន គន្លឹះ​ដែល​ជាក្រុម​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់ រួមមាន​ ក្រុម​បុរស​រួម​ភេទ​ជាមួយ​បុរស​ ក្រុម​អ្នក​បំប្លែង​ភេទ ក្រុម​ស្ត្រី​បម្រើ​សេវា​កម្សាន្ត និង​ក្រុម​ប្រើប្រាស់-ចាក់​គ្រឿង​ញៀន។


បញ្ហា​ប្រឈម​ដែរ​នោះ គឺ​ការឆ្លងថ្មី​ភាគ​ច្រើន​កើត​មាន​ក្នុង​ចំណោម​ក្រុម​យុវវ័យ​អាយុ​ចន្លោះ​ពី​១៥-២៤​ឆ្នាំ ដែល​ជាក្រុម​អាយុ​មាន​ការ​ធ្លាក់​ចុះ​គួរ​ឱ្យ​កត់​សម្គាល់​នូវ​ការ​យល់​ដឹង​ពីមេរោគ​អេដស៍។

យោង​តាមការ​ប៉ាន់​ស្មាន​ដោយ​អង្គការ​យូអិន​អេដស៍ នៅ​ឆ្នាំ​២០២៣ ​ប្រទេស​កម្ពុជា​ មាន​អ្នក​រស់​នៅ​ជាមួយ​មេរោគ​អេដស៍​សរុប​ប្រមាណជា​ ៧៦.០០០ នាក់ ​ហើយ​ក្នុង​នោះ អ្នក​រស់​ជាមួយ​មេរោគ​អេដស៍​ចំនួន ​៦៨.១៥១ ​នាក់​បាន​និង​កំពុង​ព្យាបាល​ដោយ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍។

កាល​ពី​ឆ្នាំ ២០២២ ​មនុស្ស​ជាង​​ ​១០.០០០​នាក់​មិន​បាន​ដឹង​ថា​ខ្លួន​មាន​ផ្ទុក​មេរោគ​អេដស៍។ នេះ​បើតាម​អាជ្ញាធរជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍៕