ភ្នំពេញៈ ដើម្បីជួយសង្រ្គោះជនរងគ្រោះដោយសារតែថ្នាំញៀន ក្រោយពេលដែលគ្រឿងញៀនកាន់តែមានចំនួនច្រើន នោះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានណែនាំឱ្យអភិបាលរាជធានី-ខេត្ត ទាក់ទាញ និងគាំទ្រគម្រោងបង្កើតមណ្ឌលបន្សាបគ្រឿងញៀនបន្ថែមទៀតនៅតាមខេត្តនីមួយៗ។
ការណែនាំនេះត្រូវបានធ្វើឡើងក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលខេត្ត ត្បូងឃ្មុំ ថ្មី លោក ប៉ែន កុសល្យនាថ្ងៃទី១១ ខែកក្កដានេះ។
លោកឧបនាយករដ្ឋមន្រ្តីបានលើកឡើងថា ការបង្កើតមណ្ឌលព្យាបាល បន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន គឺជាការផ្ដល់ដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ដើម្បីស្រោចស្រង់ និងសង្គ្រោះជនរងគ្រោះ ពីព្រោះយន្តការនេះមានភាគរយខ្ពស់បំផុតក្នុងការប្រែក្លាយជនរងគ្រោះឱ្យផ្ដាច់បានដោយជោគជ័យពីគ្រឿងញៀន។ លើសពីនោះ ជនរងគ្រោះថែមទាំងទទួលបានការអប់រំ និងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដើម្បីប្រើប្រាស់ និងប្រកបរបរចិញ្ចឹមជីវិត ក្រោយពីការធ្វើសមាហរណកម្មចូលទៅក្នុងសហគមន៍វិញ។
លោកឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា៖ «និន្នាការនៃការជួញដូរគ្រឿងញៀនរបស់ពួកឧក្រិដ្ឋជន ដែលកន្លងទៅសមត្ថកិច្ចបង្ក្រាបបានត្រឹមកម្រិតរាប់សិបគីឡូ ឬយ៉ាងហោចណាស់ត្រឹមរយគីឡូ ប៉ុន្តែក្នុងរយៈពេលកន្លះឆ្នាំ២០២៤ នេះមានដល់ទៅជាង ៥ពាន់គីឡូរួចជាស្រេច ខណៈមានជនរងគ្រោះ ដែលភាគច្រើនជាយុវជនតិចតួចនៅឡើយដែលបានស្ម័គ្រចិត្ត និងទទួលការជ្រោមជ្រែងពីក្រុមគ្រួសារ ដើម្បីទទួលសេវាព្យាបាល បន្សាប និងស្ដារនីតិសម្បទា»។
លោកមានប្រសាសន៍បន្តថា ការវិនិយោគបង្កើតមណ្ឌលបន្សាបគ្រឿងញៀននេះ នឹងពិបាកលេចចេញជារូបរាងណាស់ ប្រសិនណាបើអ្នកវិនិយោគរំពឹងខ្ពស់តែលើប្រាក់ចំណេញ និងថែមទាំងមិនមានការសម្បទានគាំទ្រពីរដ្ឋ។ ប៉ុន្តែតាមរយៈរូបមន្តជួយគ្នាទៅវិញទៅមក រវាងរដ្ឋបាលខេត្ត អ្នកវិនិយោគ និងក្រុមគ្រួសារជនរងគ្រោះ មណ្ឌលជាបន្តបន្ទាប់ត្រូវបានបង្កើតឡើង និងដំណើរការដល់សព្វថ្ងៃ។
លោក ស សុខា ដែលជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនផងនោះបានណែនាំឱ្យរដ្ឋបាលខេត្តត្បូងឃ្មុំ ពិនិត្យមើលទីតាំងដី ដែលសមរម្យរបស់ខេត្ត យកធ្វើជាធ្នាក់បោះទុនជាមុន ដើម្បីទាក់ទាញវិស័យឯកជនមកចូលរួមវិនិយោគ។
លោក សេង ជ័យវុធ នាយករដ្ឋបាលសាលាខេត្តត្បូងឃ្មុំ បានឱ្យដឹងថា នាពេលបច្ចុប្បនេះការព្យាបាលបន្សាបថ្នាំញៀនមានតែនៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាខេត្ត។ ក្នុងចំណោម ៣៨ក្រុមហ៊ុនដែលកំពុងតែវិនិយោគនៅក្នុងខេត្ត មិនទាន់មានក្រុមហ៊ុនណាវិនិយោគលើផ្នែកបន្សាបគ្រឿងនោះនៅឡើយទេ។ ហេតុនេះ រដ្ឋបាលខេត្ត លើកទឹកចិត្ត និងរងចាំស្វាគមន៍ក្រុមហ៊ុនឯកជនណា ដែលមានបំណងចង់វិនិយោគលើការបង្កើតមណ្ឌលបន្សាបគ្រឿងញៀននេះ។
លោក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ និងទំនាក់ទំនងសាធារណ: នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (NACD) បានឱ្យដឹងថា នាពេលបច្ចុប្បនេះ ការព្យាបាលបន្សាបគ្រឿងញៀនត្រូវបានធ្វើឡើងតាមស្តង់ដាចំនួន ២។ ក្នុងនោះរួមមានការព្យាបាលនៅតាមមណ្ឌល ដែលមាន ១៥មណ្ឌល និងមួយវិញទៀតគឺ ព្យាបាលនៅតាមសហគមន៍ ដូចជា នៅតាមមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាពឃុំ-សង្កាត់ចំនួន ៤៥០កន្លែង។
លោក មាស សុវណ្ណ ប្រធានសមាគមសង្រ្គោះជនរងគ្រោះដោយគ្រឿងញៀនកម្ពុជា (DARAC) បានយល់ឃើញថា ការបង្កើតមណ្ឌលបន្សាបគ្រឿងញៀនជារឿងត្រឹមត្រូវ ដើម្បីជួយជនរងគ្រោះ។ ប៉ុន្តែតាមរយៈបទពិសោធន៍ ដែលលោកបាននឹងកំពុងប្រឡូកក្នុងកិច្ចការនេះអស់រយៈពេលជាង ២០មកហើយនោះ ការបង្កើតមណ្ឌលនីមួយៗមិនមែនជាការងាយស្រួលនោះទេ ព្រោះវាត្រូវការចំណាយថវិការាប់លានដុល្លារ និងមានការលះបង់ដោយការស្ម័គ្រចិត្តខ្ពស់ណាស់។ លើសពី នោះ ការវិនិយោគលើកផ្នែកនេះ គឺមិនមែនសង្ឃឹមទៅលើផលចំណេញមកវិញនោះទេ តែវាបានជួយសង្គមជាតិបានច្រើន។
លោកថ្លែងថា៖ «ការបង្កើតមណ្ឌល ទាំងមានការចូលរួមពីវិស័យឯកជនក៏ដោយគឺទាល់តែយើងពិនិត្យលើបច្ចេកទេស ចំណេះដឹងអប់រំ និងព្យាបាលឱ្យបានត្រឹមត្រូវ និងហ្មត់ចត់។ មិនអាចយកផលចំណេញពីហ្នឹងបានទេ។ ត្រូវលះបង់ច្រើនណាស់ ដូចការធ្វើវត្តអញ្ជឹងដែរ។ បើយកអាហ្នឹងជាផលចំណេញមិនកើតឡើយ»។
លោកបានឱ្យដឹងថា កាលពីជាង១០ឆ្នាំមុន កម្ពុជាមានមណ្ឌលបង្សាបគ្រឿងញៀនទាំងរដ្ឋ ឯកជន និងអង្គការប្រមាណជា ១៤មណ្ឌល។ មណ្ឌលទាំងនោះសុទ្ធតែមានអ្នកគ្រប់គ្រង និងអ្នកជំនាញបង្សាបច្បាស់លាស់ជាង ៦០នាក់។ ប៉ុន្តែនាពេលបច្ចុប្បនេះ ពួកគាត់ រួមទាំងរូបលោកផងបានចូលនិវត្តន៍អស់ហើយ៕