ភ្នំពេញៈ រដ្ឋសភា​កម្ពុជា និង​រដ្ឋសភា​ថៃ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU) ដើម្បី​លើកកម្ពស់​ចំណង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​កាន់​តែ​សកម្ម​ និង​គ្រប់ជ្រុងជ្រោយ តាម​រយៈ​សកម្មភាព​ការទូត​សភា។ 


លោកស្រី ឃួន សុដារី ប្រធាន​រដ្ឋសភា​កម្ពុជា និង​លោក វ៉ាន់មូហាម៉ាត់ណ័រ មៈថា (Wanmuhamadnoor Matha) ប្រធាន​សភា​តំណាង​រាស្ត្រ និង​ជា​ប្រធាន​រដ្ឋសភា​ប្រទេស​ថៃ បាន​ចុះ MoU នេះ​នា​ថ្ងៃ​ទី១១ ខែ​កក្កដា នៅ​វិមាន​រដ្ឋសភា​ថៃ នៅ​ទីក្រុង​បាងកក។

ភាគី​ទាំងពីរ​បាន​ចាត់​ទុក​ការ​ចុះ​MoU​នេះ​គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​របស់​រដ្ឋសភា​ទាំងពីរ​ក្នុង​ការ​បើក​ទំព័រ​ថ្មី​ដល់​ការ​ជំរុញ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​សភា​នៃ​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​ស៊ី​ជម្រៅ​ថែម​ទៀត និង​ឈាន​ទៅ​សម្រេច​បាន​គោលបំណង​ និង​សេចក្ដីប្រាថ្នា​រួម​របស់​ប្រទេស និង​ប្រជាជន​ទាំងពីរ ជាពិសេស​ជំរុញ​ការ​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​នូវ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ ដោយ​យក​ប្រជាជន​ជា​ស្នូល។


រដ្ឋសភា​ទាំងពីរ​ប្ដេជ្ញា​គាំទ្រ​គ្នា​ចូលរួម និង​ផ្លាស់ប្ដូរ​ព័ត៌មាន ការ​អនុវត្ត​ល្អៗ និង​ប្រភព​ធនធាន​ពាក់ព័ន្ធ​ក្នុង​វិស័យ​ដែល​នាំ​មក​នូវ​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក ដែល​នឹង​រួមចំណែក​ដល់​ការ​សម្រេច​បាន​នូវ​សន្តិភាព វិបុលភាព និង​ការ​ជឿនលឿន​ទៅ​មុខ នៃ​អង្គការ​សភា​របស់​ភាគី​ទាំងពីរ និង​ការ​គាំទ្រ​គ្នា​ទៅវិញទៅមក​ទាំង​នៅ​វេទិកា-តំបន់ និង​អន្តរជាតិ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​រដ្ឋសភា​កម្ពុជា​នា​ថ្ងៃទី​១១ កក្កដា។

MoU នេះ កំណត់​កម្មវិធី​កិច្ច​សហប្រតិបត្តិការ​ផ្លាស់ប្ដូរ​គណៈប្រតិភូ​៤​កម្រិត រួមមាន កម្រិត​ថ្នាក់​ដឹកនាំ​រដ្ឋសភា, កម្រិត​គណៈកម្មាធិការ  និង​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា, កម្រិត​ក្រុម​មិត្តភាព​សភា និង​កម្រិត​មន្ត្រី​ជាន់ខ្ពស់, និង​កម្រិត​លេខាធិការដ្ឋាន និង​អគ្គលេខាធិការដ្ឋាន នៃ​រដ្ឋសភា​ទាំងពីរ។


MoU នេះ ក៏​កំណត់​អំពី​ការ​រៀបចំ​គម្រោង​ពិសេស​នានា ដូចជា ការ​រៀបចំ​សិក្ខាសាលា ​ព្រឹត្តិការណ៍​វប្បធម៌ និង​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​និម្មិត ដើម្បី​អនុវត្ត​កម្មវិធី​កិច្ច​សហប្រតិបត្តិការ ហើយ​ការ​រៀបចំ​កម្មវិធី​កិច្ច​សហប្រតិបត្តិការ ឬ​សកម្មភាព​នានា​នឹង​ត្រូវ​ផ្ដួចផ្ដើម​ធ្វើឡើង​ដោយ​ផ្អែក​តាម​ការ​ឯកភាព​គ្នា​ទៅវិញទៅមក​របស់​ភាគី​ទាំងពីរ។ 

ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​លោក មៈថា នាថ្ងៃទី១១ កក្កដា នៅ​មុន​ចុះMoU នេះ លោកស្រី ឃួន សុដារី បាន​លើកឡើង​អំពី​ទំនាក់ទំនង​ដ៏​ល្អ​ និង​ជា​ប្រពៃណី​រវាង​ប្រទេស​ទាំងពីរ​ដែល​មាន​រយៈពេល​ជាង​៧០​ឆ្នាំ​មក​នេះ ហើយ​ថា កម្ពុជា-ថៃ ប្រកាន់​នូវ​របប​រាជា​និយម មាន​ប្រពៃណី​ទំនៀមទម្លាប់​ប្រហាក់ប្រហែល​គ្នា ហើយ​ប្រជាជន​ទាំងពីរ​តែង​មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា​យ៉ាង​ជិតស្និទ្ធ។ 

លោកស្រី​បន្ថែម​ថា ប្រទេស​ទាំងពីរ បាន​បន្ត​ពូន​ជ្រំ​ចំណង​ទំនាក់ទំនង​មិត្តភាព​ជា​ប្រពៃណី និង​សហប្រតិបត្តិការ​ដែល​មាន​ស្រាប់​នា​ពេល​បច្ចុប្បន្ន​ឱ្យ​កាន់តែ​ល្អ​ប្រសើរ និង​ស្ថិតស្ថេរ​យូរអង្វែង​ត​ទៅ​មុខ តាម​រយៈ​ការ​លើកកម្ពស់ បង្កើន​កិច្ច​សហប្រតិបត្តិការ និង​ការទូត​សភា​ដើម្បី​ឈាន​ទៅ​សម្រេច​បាន​នូវ​វិបុលភាព និង​សុខុមាលភាព​រួម​ជូន​ប្រទេស និង​ប្រជាជន​ទាំង​សងខាង។

លោកស្រី ឃួន សុដារី ថ្លែង​ថា៖ «ការទូត​សភា​មាន​សារៈសំខាន់​ណាស់​នៅ​ក្នុង​ការ​លើកកម្ពស់​ទំនាក់ទំនង​ប្រជាជន​ និង​ប្រជាជន ដែល​នាំ​មក​នូវ​ផលប្រយោជន៍​រួម និង​លើកកម្ពស់​គោលការណ៍​ពហុភាគី​និយម ដែល​នឹង​ធានា​បាន​នូវ​សុខ​សន្តិភាព ស្ថិរភាព និង​វិបុលភាព​សង្គម មិនមែន​សម្រាប់​តែ​ប្រទេស​កម្ពុជា​ និង​ថៃ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​សម្រាប់​ក្របខ័ណ្ឌ​តំបន់​ និង​អន្តរជាតិ​ផង​ដែរ»។

សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​ដកស្រង់​សំដី​លោក មៈថា ថ្លែង​ក្នុង​ជំនួប​នេះ​ថា ដំណើរ​ទស្សនកិច្ច​របស់ លោកស្រី ឃួន សុដារី ជា​ព្រឹត្តិការណ៍​ដ៏​មាន​អត្ថន័យ និង​ជា​ប្រវត្តិសាស្ត្រ ដល់​ការ​បន្ត​ពង្រឹង​ពង្រីក​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​ស្អិតល្មួត ស៊ីជម្រៅ និង​ទូលំទូលាយ​ថែម​ទៀត។

លោកស្រី ឃួន សុដារី និង​លោក មៈថា ក៏​បាន​ធ្វើ​ជា​អធិបតី ក្នុង​ពិធី​ចុះហត្ថលេខា​លើ MoU រវាង​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​កម្ពុជា-ថៃ ផង​ដែរ ដើម្បី​អភិវឌ្ឍន៍​បន្ថែម​ទៀត​នូវ​ទំនាក់​ទំនង​ទ្វេភាគី ដែល​មាន​ស្រាប់​រវាង​អគ្គ​លេខាធិការដ្ឋាន​រដ្ឋសភា​ទាំងពីរ៕