ភ្នំពេញៈ ចំនួនអ្នកស្លាប់ និងរបួសដោយសារតែបាតុភូតរន្ទះបាញ់ និងខ្យល់កន្រ្ទាក់បានធ្លាក់ចុះក្នុងរយៈពេល៦ ខែដើមឆ្នាំ ២០២៤នេះ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣ កន្លងមក។
នៅក្នុងរយៈពេល ៦ខែ ដើមឆ្នាំ ២០២៤ នេះ បាតុភូតរន្ទះបាញ់បានកើតឡើងចំនួន ៨២លើក ដែលបណ្ដាលឱ្យមនុស្សស្លាប់ចំនួន ៤៥នាក់ របួស ៣៦នាក់ និងខូចផ្ទះ ២២ខ្នង។ ក្នុងនោះបាតុភូតនេះបានកើតច្រើនជាងគេនៅក្នុងខេត្តសៀមរាប ចំនួន ១៣លើក សម្លាប់មនុស្ស៧នាក់ បន្ទាប់មកខេត្តបាត់ដំបង ១២លើក សម្លាប់មនុស្ស ៦នាក់ និងខេត្តត្បូងឃ្មុំ ៨លើក សម្លាប់មនុស្ស ៤នាក់ផងដែរ។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
ករណីស្លាប់ដោយសារបាតុភូតរន្ទះនេះមានការថយចុះបន្តិច បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣កន្លងមក ដែលបានកើតមានចំនួន ៨២លើកដូចគ្នា និងសម្លាប់មនុស្ស ៤៦នាក់ និងរបួស ៣៩នាក់។
ដោយឡែក របាយការណ៍ដដែលនេះក៏បានបង្ហាញផងដែរថា នៅក្នុងរយៈពេល ៦ខែ ដើមឆ្នាំ ២០២៤ នេះ បាតុភូតខ្យល់កន្រ្ទាក់បានកើតមានចំនួន ១៨២ លើក។ ក្នុងនោះបានបណ្តាលឱ្យមនុស្សស្លាប់ចំនួន ៣នាក់ និងរបួស២៣នាក់។ ក្រៅពីនោះ ខ្យល់កន្រ្ទាក់បានបង្កឱ្យផ្ទះរលំ ៣៧៥ ផ្ទះប៉ើងដំបូល ៣ ៣២៧ សាលារៀន៣៧ខ្នង ផ្សារ១៧ និងអគាររដ្ឋបាល ១៣ផងដែរ។ ខេត្តដែលកើតមានបាតុភូតនេះច្រើនជាងគេរួមមានខេត្តបាត់ដំបង ២៧លើក និងសៀមរាប ១៦លើក។
កាលពីឆ្នាំ ២០២៣ បាតុភូតខ្យល់កន្រ្ទាក់បានសម្លាប់មនុស្ស ៦នាក់ និង របួសរហូតដល់ទៅ ១២០នាក់ ក្នុងរយៈពេល ៦ខែដូចគ្នា។
លោក សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា បាតុភូតធម្មជាតិទាំងនោះ គឺមិនអាចលុបបំបាត់បានទេ តែពលរដ្ឋត្រូវធ្វើការស្វែងយល់ទៅតាមការណែនាំរបស់អាជ្ញាធរនាពេលកន្លងមក ដើម្បីកាត់បន្ថយគ្រោះថ្នាក់។ ពិសេស ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ននៅពេលជិតចាប់ផ្តើមមានភ្លៀងធ្លាក់។
លោក លី វណ្ណៈ នាយករដ្ឋបាលសាលាខេត្តសៀមរាប ដែលមានមនុស្សស្លាប់ច្រើនជាងគេដោយសារតែបាតុភូតរន្ទះបានឱ្យដឹងថា នៅក្នុងក្រុង និងតាមទីជនបទមួយចំនួនមានបំពាក់ប្រព័ន្ធការពាររន្ទះ ខណៈដែលបាតុភូតធម្មជាតិនេះភាគច្រើនកើតមាននៅតាមវាលស្រែឯទីជនបទ។
លោកបានបញ្ជាក់ថា៖ «ការពង្រាយប្រព័ន្ធការពាររន្ទះគ្រប់កន្លែងទាំងអស់ គឺយើងមិនអាចធ្វើបានទេ។ អញ្ជឹងពលរដ្ឋចៀសវាងការប្រើប្រាស់ទូរស័ព្ទនៅតំបន់វាលស្រែ..វាជាបាតុភូតធម្មជាតិដែលយើងមិនអាចព្យាករណ៍ទុកមុនបាន»។
លោកបានឱ្យដឹងថា នៅមុនពេលរដូវវស្សាចូលមកដល់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្តតែងតែប្រកាសជូនដំណឹង និងណែនាំពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះបាតុភូតរន្ទះ និងគ្រោះធម្មជាតិផ្សេងៗ៕