ភ្នំពេញៈ លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​បន្ត​ស្នើឱ្យ​ចិន​បន្ត​គាំទ្រ​កម្ពុជា​ជា​បន្ត​ទៀត​លើ​ការ​អភិវឌ្ឍ​គ្រប់​វិស័យ ដោយ​លោក​បាន​បញ្ជាក់​សារជាថ្មី​នូវ​ជំហរ​របស់​កម្ពុជា​ក្នុង​ការ​ប្រកាន់​ខ្ជាប់នូវ​នយោបាយ​ចិន​តែ​មួយ។


លោក​ស្នើ​ដូច្នេះ​ក្នុង​ជំនួប​ថ្ងៃទី​១៨ ខែ​កក្កដា​ជាមួយ​លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋ​ទូត​ចិន​ដែល​ទើប​តែង​តាំង​ថ្មី​ប្រចាំ​កម្ពុជា​នៅ​រាជធានី​ភ្នំពេញ។

លោក ហ៊ុន សែន ប្រាប់​លោក Wang ថា ក្នុង​នាម​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោកនឹង​ស្ថិត​នៅ​យូរអង្វែង ហើយ​បើ​ទោះបី​ជា​មាន​ការ​ផ្លាស់ប្ដូរ​នាយក​រដ្ឋមន្ត្រី​ក៏ដោយ ក៏​ជំហរ​របស់​កម្ពុជា​ជាមួយ​ចិន​ពុំ​មាន​ការ​ផ្លាស់​ប្ដូរ​នោះ​ទេ។ 


សេចក្តី​ប្រកាស​ព័ត៌មាន​ថ្ងៃទី​១៨ កក្កដា ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​លោក ហ៊ុន សែន បាន​ឱ្យ​ដឹង​ថា៖ «សម្តេច​តេជោ​បាន​ស្នើឱ្យ​មិត្ត​ចិន​បន្ត​ការ​គាំទ្រ​កម្ពុជា​ជា​បន្ត​ទៀត​លើ​ការ​អភិវឌ្ឍ​គ្រប់​វិស័យ។ សម្តេច​តេជោ ក៏​បាន​រំឭក​ពី​ជំហរ​របស់​កម្ពុជា​ក្នុង​ការ​ប្រកាន់​ខ្ជាប់​នូវ​នយោបាយ​ចិន​តែ​មួយ ហើយ​ចាត់​ទុក​បញ្ហា​ហុងកុង តៃវ៉ាន់ ទីបេ និង​ស៊ីនជាំង​ជា​បញ្ហា​ផ្ទៃក្នុង​របស់​ចិន»។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ដកស្រង់​សម្តី​លោក Wang ថា លោក ហ៊ុន សែន ជា​មិត្ត​ចាស់​ដ៏​ពិត​ប្រាកដ​របស់​ចិន​ដែល​បាន​គាំទ្រ​គ្នា​ទៅវិញ​ទៅមក។ លោក​ក៏​បាន​អរគុណ​លោក ហ៊ុន សែន ដែល​បាន​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន អំឡុង​ពេល​ដែល​មាន​ការ​ផ្ទុះ​កូវីដ​១៩។


លោក Wang ត្រូវ​បាន​ស្រង់​សម្តី​ថា ទស្សនកិច្ច​នេះ​បាន​ធ្វើឱ្យ​ប្រជាជន​ចិន និង​ពិភព​លោក​មាន​ការ​ភ្ញាក់ផ្អើល និង​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ហើយ​បាន​ចាត់​ទុក​ថា លោក ហ៊ុន សែន ជាមិត្តល្អ​សម្រាប់​ប្រជាជន​ចិន ដែល​គាំទ្រ​គ្នា​ក្នុង​គ្រា​មាន​អាសន្ន។ 

លោក​ថា៖«ដូចនេះ សុខទុក្ខ​របស់​កម្ពុជា គឺជា​សុខទុក្ខ​របស់​ប្រទេស​ចិន​ដូចគ្នា»។

ក្នុង​អាណត្តិការ​ទូត​របស់​លោក​នៅ​កម្ពុជា លោក Wang  បាន​បេ្តជ្ញា​ពង្រឹង​និង​ពង្រីក​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង​សេដ្ឋកិច្ច-សង្គម, សន្តិសុខ-យោធា, និង​ទំនាក់​ទំនង​រវាង​ប្រជាជន​និង​ប្រជាជន ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​មួយ​កម្រិត​ទៀត។ 

លោកក៏​បាន​អញ្ជើញ​លោក ហ៊ុន សែន ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន ក្នុង​ពេល​វេលា​សមស្រប​ណា​មួយ​នា​ពេល​ខាង​មុខ។

លោក ហ៊ុន សែន បាន​លើក​ឡើង​ពី​សារៈសំខាន់ «មិន​អាច​ខ្វះ​បាន» នៃ​ទំនុក​ចិត្ត​និង​ការ​គោរព​ឱ្យ​តម្លៃ​គ្នា​ទៅវិញ​ទៅមក ក្នុង​ការ​វិវត្ត​នៃ​ទំនាក់ទំនង​រវាង កម្ពុជា-ចិន ពី​ដៃ​គូ​យុទ្ធសាស្ត្រ ទៅ​ជាដៃ​គូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​ជា​មិត្ត​ដែកថែប ដើម្បី​រួមគ្នា​កសាង​សហគមន៍​ជោគ​វាសនា​រួម។

លោក​ថ្លែង​ថា៖ «កម្ពុជា​បាន​រក្សា​ចំណង​មិត្ត​ភាព​ជា​ប្រពៃណីដ៏​ល្អ​នេះ​តាំង​ពី​ថ្នាក់​ដឹកនាំ​ជំនាន់​មុន ហើយ​ថ្នាក់​ថ្នម​ថែ​រក្សា​ទំនាក់ទំនង​នេះ​ឱ្យ​មាន​ភាព​រឹងមាំ​ជា​រៀង​រហូត​មក។ ទំនាក់​ទំនង​ជាប្រវត្តិសាស្ត្រ រវាង​ប្រទេស​ទាំងពីរ តម្រូវ​ឱ្យ​ប្រទេស​យើង​ទាំងពីរ​នៅ​តែ​ជា​ដៃគូ​ដ៏​ស្មោះត្រង់​ជាមួយ​គ្នា»។

លោក ហ៊ុន សែន បាន​រំឭក​ថា ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ប្រទេស​ចិន ​នៅ​ពេល​ដែល​ផ្ទុះ​ខ្លាំង​នូវ​ជំងឺ​កូវីដ១៩ ជា​ការ​បង្ហាញ​ពី​សាមគ្គីភាព​ចំពោះ​ប្រជាជន​កម្ពុជា ជាមួយ​ប្រជាជន​ចិន​ក្នុងគ្រា​ដ៏​លំបាក និង​ជា​ការ​លើក​ទឹក​ចិត្ត​ចំពោះ​និស្សិត​កម្ពុជា​ដែល​កំពុង​ស្នាក់​នៅ និង​បន្ត​ការ​សិក្សា​នៅ​ប្រទេស​ចិន។ 

លោក​បាន​អរគុណ​ដល់​ប្រទេស​ចិន​ដែល​បាន​ផ្ដល់​នូវ​វ៉ាក់សាំង​កូវីដ១៩ មក​ដល់​កម្ពុជា​ជា​បន្តបន្ទាប់៕