ភ្នំពេញៈ​ ខេត្ត​យ៉ាង​ហោច​ណាស់​ចំនួន​៩​បាន​នឹង​កំពុង​តែ​ទទួល​រង​ផល​ប៉ះ​ពាល់​ពី​ជំនន់​ទឹក​ភ្លៀង​ ប៉ុន្តែ​មិន​ទាន់​បង្ក​ឱ្យ​មាន​ស្ថាន​ភា​ព​ធ្ងន់​ធ្ងរ ​ឬបាត់​បង់​អាយុ​ជីវិត​ពល​រដ្ឋ​នោះ​ទេ។


អ្នក​នាំ​ពាក្យ​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ លោក​សុទ្ធ​ គឹមកុលមុនី​បានឱ្យ​ដឹង​ថា​ ភ្លៀង​ធ្លាក់​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា មក​នេះ ​បណ្តាល​ឱ្យ​មាន​ជំនន់​ទឹក​ភ្លៀង​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ដូច​ជា ស្ទឹងត្រែង ​ព្រះវិហារ ​កំពង់ធំ ​ក្រចេះ ​កំពង់ស្ពឺ ​ព្រះសីហនុ ​កោះកុង​ បាត់ដំបង​ និង​ផ្នែក​ខាង​លើ​នៃ​ខេត្តពោធិ៍​សាត់​ផង​ដែរ។

លោក​មាន​ប្រសាសន៍​ថា៖«អញ្ជឹង​មាន​ប៉ុន្មាន​ខេត្ត​ហ្នឹង ​ប៉ុន្តែ​ជា​រួមផល​ប៉ះ​ពាល់​មិន​មាន​អី​ធ្ងន់​ធ្ងរ​នោះ​ទេ។ ​គ្រាន់​តែ​ថា​បាន​លិច​នៅ​តាម​តំបន់​មួយ​ចំនួន ​ហូកាត់​ច្រោះ​ផ្លូវ ​ដាច់​ផ្លូវ​គ្រួស​ក្រហម ​តាម​ជនបទ​មួយ​ចំនួន ​ហូចូល​ដល់​ផ្ទះ​ពលរដ្ឋ។ នៅ​តាម​ខេត្ត​ខ្លះ​ក៏​ធ្វើ​ឱ្យ​លិច​លង់​នូវ​ស្រូវ​ដែល​កំពុង​តែ​ជិត​ទទួល​ផល ​តែ​កសិករ​ក៏​ដូច​អាជ្ញាធរ​បាន​ជួយ​ច្រូត​កាត់​ស្រូវ​ទាំង​អស់​នោះ​ក្នុង​ទឹក​ដើម្បី​អាច​ទទួល​ផល​បាន»។


លោក​បន្ថែម​ថា ទោះ​យ៉ាង​ណា​ តំបន់​ខ្លះ​ទឹក​ក៏​បាន​ស្រក​ចុះ​វិញ​ ដោយសារ​តែ ​ភ្លៀង​មិន​ខ្លាំង​ តែ​តំបន់​ខ្លះ​មាន​ភ្លៀង​ជា​ប់ក៏​បណ្តាល​ឱ្យ​កម្រិត​ទឹក​បន្ត​កើន​ឡើង​ផង​ដែរ។

លោក​បន្ត​ថា យោងតាម​ការ​ជូន​ដំណឹង​របស់​ក្រសួង​ធនធាន​ទឹក ​និង​ឧតុនិយម ​ព្យុះ​អាច​កើត​មាន​ជា​បន្ត​បន្ទាប់ ហើយ​អាច​នឹង​ច្រើន​ផង​ដែរ។​ ហេតុ​នេះ​ស្ថានភាព​ជំនន់​ទឹក​ភ្លៀង​ក៏​អាច​កើត​ឡើង​ហើយ ​ជំនន់​ទន្លេ​មេគង្គ​ក៏អាច​មាន​កម្រិតខ្ព​ស់​ដែល​អាច​បង្ក​ផល​ប៉ះ​ពាល់​ផង​ដែរ។


ចំពោះ​ទិន្នន័យ​នៃ​ការប៉ះ​ពាល់​វិញ ​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​កំពុង​តែ​ធ្វើ​ជា​បន្ត​បន្ទាប់ ​ប៉ុន្តែ​មិន​ទាន់​មាន​ជា​តួលេខ​ជា​រួមជាក់​លាក់​ទេ ​ដោយសារ​តែ​ការ​វិវត្ត​នៃ​ផល​ប៉ះ​ពាល់​មាន​ជា​ប្រចាំ ​និង​ជាប់​កំពុង​អន្តរគមន៍​ផង​ដែរ។

នៅ​ចំពោះ​មុខ​ស្ថាន​ភាព​នេះ​ គណៈ​កម្មាធិការ​ជាតិគ្រប់​គ្រង​គ្រោះ​មហន្តរាយ​ និង​ស្ថាប័ន​ពាក់​ព័ន្ធ​កំពុង​តែ​តាម​ដាន​ស្ថាន​ភាព​ដោយ​យក​ចិត្ត​ទុក​ដាក់ និង​ចាត់​វិធានការ​ជាបន្ត​បន្ទាប់​ទៅ​តាម​យន្តការ​របស់​ខ្លួន​ដែល​បាន​ត្រៀម​ទុក​ជា​ស្រេច​ដើម្បី​អន្តរគមន៍​ជួយដល់​ពលរដ្ឋ ​ពិសេស​កុំឱ្យ​មាន​ការ​បាត់បង់​អាយុ​ជីវិត​ពល​រដ្ឋ។

លោក​បញ្ជាក់​ថា៖«មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ការ​បាត់​បង់​អាយុជីវិត​ពលរដ្ឋ​នៅ​ឡើយ​ទេ។ យើង​ បាន​ត្រៀម​វិធានការ​ទុក​ជា​មុន​ស្រេច​ ដើម្បី​ឆ្លើយ​តប​ទឹក​ជំនន់ ​ទាំង​ថ្នាក់​ខេត្ត ​និង​ថ្នាក់​ជាតិ​ គឺ​បាន​គិត​គូរ​លើ​ហានិភ័យ​ដែល​អាច​កើតមាន ពល​រដ្ឋ​អាច​ប៉ះពា​ល់​ប៉ុន្មាន ​តំបន់​ណា ​ប៉ះ​ពាល់​អីខ្លះ ​ហើយ​ប្រើ​វិធាន​ការ​អី។​ ធន​ធាន​ត្រូវ​ការគឺ​យើង​មាន​ក្នុង​ផែនការ​ត្រៀម​បប្រុង​របស់យើង​រួចរាល់​អស់​ហើយ»។

លើស​ពីនោះ​ ថ្នាក់​ដឹក​នាំ​របស់​គណៈកម្មាធិការជាតិ​គ្រប់គ្រងគ្រោះ​មហន្ត​រាយ​ក៏កំពុង​តែ​ចុះ​ពិនិត្យ ​និង​ពង្រឹងកង​ម្លាំង​អន្តរាគមន៍ ​ក៏ដូច​ជាធនធាន​សំភារៈ​សង្រ្គោះផង​ដែរ​ ដើម្បី​ឆ្លើយ​តប​សង្រ្គោះ​បន្ទាន់។

នាថ្ងៃ​ទី ១៩​ ខែកក្កដា​នេះ​ផង​ដែរ ​រដ្ឋបាល​ខេត្តកំពង់​ធំក៏​បាន​ជូន​ដំណឹង​ឱ្យ​ពលរដ្ឋ​មាន​ប្រុង​ប្រយ័ត្ន​ខ្ពស់ ​និង​ត្រៀម​បង្ការ​គ្រោះ​ម​ហន្ត​រាយ​ទឹក​ជំនន់​ នៅ​ពេល​ដែលទឹក​ស្ទឹង​សែន​កំពុង​តែ​បន្ត​ឡើង​ដែល​អាច​ដល់​កម្រិត​ប្រកាស​អាសន្ន។

អភិបាល​ខេត្ត​កំពង់ធំ ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ​ដែល​ដាច់​ខូច​ដោយសារ​ជំនន់ទឹក​ភ្លៀង ក្នុងស្រុកសណ្តាន់កាលពីថ្ងៃទី ១៧​ កក្កដា។ រដ្ឋបាល​ខេត្ត​កំពង់ធំ

សេចក្តី​ជូនដំណឹង​បញ្ជាក់​ថា​ បច្ចុប្បន្ន​កម្រិតទឹក​ស្ទឹង​សែន​នៅ​ស្ថានីយ​កំពង់ធំ ​មាន​កម្ពស់ ១២,៩៣​ម៉ែត្រ​ ហើយ កម្រិត​ទឹក​មាន​ការ​កើន​ឡើង​ជា​បន្ត​បន្ទាប់ ​ដោយសារ​តែ​ជំនន់​ទឹក​ភ្លៀង ខណៈ កម្រិត​ទឹក​ ដែលត្រូវ​ប្រកាស​ អាសន្ន​ស្ថិត​នៅ​កម្ពស់​១៣,៥០​ម៉ែត្រ​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ផង​ដែរ ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​បាន​ណែ​នាំ​ឱ្យ​មន្រ្តី​ពាក់​ព័ន្ធ​ក្រោម​ឱវាទ ​ត្រូវ​ចាត់​កម្លាំង​ជាបន្ទាន់​ ដើម្បី​ចុះ​ជួស​ជុល​ផ្លូវ ឱ្យ​បាន​ទាន់​ពេល​វេលា ​ក្នុង​ករណី​មាន​ការ​កាត់​ផ្តាច់​ចរាចរណ៍​ ដោយ​សារ​តែ​គ្រោះ​ទឹក​ជំនន់​ក្នុង​រដូវវស្សា​នេះ​ ដើម្បី​ធានា​កុំឱ្យ​មាន​ការ​ប៉ះ​ពាល់​ដល់​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ។

ក្រសួង​សាធារណការ​ បាន​លើក​ឡើង​ថា ​ក្នុង​រដូវវស្សា​ឆ្នាំ​២០២៤​នេះ ​ស្ថានភាព​ទឹក​ភ្លៀង​បាន​ចាប់​ផ្តើម​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន​ ដែល​តម្រូវ​ឱ្យ​មាន​ការប្រុង​ប្រយ័ត្ន​ខ្ពស់ ​អំពី​បរិមាណ​ជំនន់​ទឹក​ភ្លៀង ​និង​ទឹក​ទន្លេ​មេគង្គ។ កម្ពស់​ទឹក​ អាច​នឹង​ហក់​ឡើង​ខ្ពស់ និង​អាចបង្ក​ឱ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​អាយុ​ជីវិត​ពលរដ្ឋ​ ផល​ដំណាំ​ផ្សេងៗ​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវថ្នល់​-ស្ពាន​ ដែល​តម្រូ​វឱ្យ​មាន​វិធានការឆ្លើយ​តប​ឱ្យ​បាន​ហ្មត់ចត់ ​និង​ទាន់​ពេលវេលា ​ដើម្បី​ទប់ទល់ ​និង​គ្រប់គ្រង​ហានិភ័យផ្សេងៗ ​ដែល​អាច​នឹង​កើត​មាន​ឡើង​ជាយ​ថាហេតុ។

ក្រសួង​ណែ​នាំ​ដល់​ក្រុម​ការ​ងារ​លេខាធិការដ្ឋាន​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​របស់​ក្រសួង ​អគ្គនាយកដ្ឋាន​សាធា​រណការ ​អគ្គនាយក​ដ្ឋាន​បច្ចេកទេស ​អគ្គនាយ​កដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវ​ទឹក ​ផ្លូវសមុទ្រ ​និង​កំពង់ផែ ​កំពង់ផែ​ស្វយ័ត ​ក្រុងព្រះសីហនុ ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី-ខេត្ត​ និង​អង្គភាព​ពាក់​ព័ន្ធ ​ត្រូវរៀប​ចំមធ្យោបាយ ​សម្ភារ​ និង​ធនធាន​មនុស្ស​ឱ្យ​បាន​សម​ស្រប​ ដើម្បី​ត្រៀម​បង្ការ​ឆ្លើយតប​ទៅ​នឹង ​គ្រោះមហន្តរាយ​ឱ្យបាន​ទាន់ពេល​វេលា ​និង​មាន​ប្រសិទ្ធភាព​ ដោយ​សហការ​ជាមួយ​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ។

ក្រសួង​បាន​ណែនាំ​ថា៖«ត្រូវ​សហការជាមួយ​អាជ្ញាធរ​មូលដ្ឋាន ​និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ ​ដើម្បី​ទប់ទល់​គ្រោះ​ទឹកជំនន់ ​ទប់​ស្កាត់​ម​ធ្យោ​បាយ​ដឹក​ជញ្ជូន​ធុន​ធ្ងន់​ដែល​ឆ្លង​កាត់​ទីតាំង​កំពុងរង​គ្រោះ​ដោយ​ទឹក​ជំនន់ ​និង​ផ្សព្វផ្សាយ​ផ្តល់ព័ត៌មាន​ជូន​ពលរដ្ឋ ​អ្នក​ធ្វើដំ​ណើរ​ និង​ក្រុម​ហ៊ុនដឹក​ជញ្ជូន​ផ្សេងៗ»។ លើស​ពីនោះ​ក៏ត្រូវ​ចាត់​កម្លាំង​ដំឡើង​ផ្លាក​សញ្ញាចរាចរណ៍ ​និង​ផ្លាក​សញ្ញា​សុវត្ថិភាព​ នៅ​តាម​ទីតាំង​ដែល ​កំពុង​ និង​ងាយ​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ ដើម្បី​ចៀស​វាង​គ្រោះថ្នាក់​ជាយថា​ហេតុ​ ដល់​ អ្នកប្រើ​ប្រាស់​ផ្លូវ​ថ្នល់ និង​ ប្រើ​ប្រាស់​មធ្យោ​បាយ ​និង​សម្ភារ​បរិក្ខារ​របស់​អង្គភាព ​ដើម្បី​ត្រៀម​ចូល​រួម​ ធ្វើ​អន្តរាគមន៍​រុករក ​និង​សង្គ្រោះ​ពលរដ្ឋ​ក្នុង​ករណី​ចាំបាច់។

មន្រ្តី​ពាក់​ព័ន្ធ​ក៏​ត្រូវ​រៀប​ចំស្ដារ​ឡើង​វិញ​នូវ​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវថ្នល់-ស្ពាន ​ស្ថិត​ក្រោម​សមត្ថកិច្ច​ក្រសួង​ ដែល​ទទួល​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ជំនន់ទឹក​ភ្លៀង ​និង ​ជំនន់​ទឹក​ទន្លេ​មេគង្គ​ផង​ដែរ៕