ភ្នំពេញៈ ការធ្វើតេស្តរហ័សរកសារធាតុញៀនបានអនុវត្តលើមន្រ្តីរាជការស៊ីវិល និងកម្លាំងប្រដាប់អាវុធចំនួន៩៩ ៣០០នាក់នៅទូទាំងប្រទេស ក្នុងនោះ ៨៩នាក់ត្រូវបានបណ្តេញចេញ ខណៈពេលដែលកម្ពុជាមានអ្នកប្រើប្រាស់គ្រឿងញៀនចន្លោះពី ៣ ទៅ ៤ ម៉ឺននាក់។
ក្នុងវេទិកាពិភាក្សាក្រោមប្រធានបទ «គោលនយោបាយ និងយុទ្ធសាស្ត្រក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន» នៅទីស្តីការគណៈរដ្ឋមន្ត្រីនាថ្ងៃទី២២ ខែកក្កដានេះ លោក មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានថ្លែងថា រហូតមកដល់នឹងពេលបច្ចុប្បន្ននេះ ការធ្វើតេស្តរហ័សរកសារធាតុញៀនតាមរយៈទឹកមូត្រអនុវត្តលើមន្រ្តីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធទាំងអស់មានចំនួន ៩៩ ៣០០នៅទូទាំងប្រទេស។
លោកនាយឧត្តមសេនីយ៍បញ្ជាក់ថា៖ «ក្នុងចំណោមនោះ យើងរកឃើញអ្នកប្រើប្រាស់សារធាតុញៀនដែលហាមឃាត់ចំនួន ៩៧នាក់។ ក្នុងចំណោម ៩៧នាក់នេះ គឺមាន ៨៩នាក់ត្រូវបានបណ្តេញចេញពីក្របខណ្ឌរដ្ឋរួចហើយ នៅសល់ ៧នាក់កំពុងតែបន្តនីតិវិធី ហើយម្នាក់ផ្សេងទៀតកំពុងតែធ្វើការតាមដាន»។
ក្នុងចំណោមអ្នកដែលត្រូវបានធ្វើតេស្តទាំងនោះមាន ១៤ក្រសួងស្ថាប័ន ហើយរដ្ឋបាលថ្នាក់ក្រោមជាតិចំនួន១៦ លើក ២៥រាជធានីខេត្ត។ ការធ្វើតេស្តនេះគឺមិនត្រូវបានផ្សព្វផ្សាយជូនដំណឹងជាមុនជាសាធារណៈនោះទេ។ មន្រ្តីណាដែលប្រើប្រាស់គ្រឿងញៀន នឹងត្រូវតេស្តឃើញសារធាតុញៀន ក្នុងខ្លួនចាប់ពី១ថ្ងៃ ទៅ ៥ថ្ងៃ។ នេះបើយោងតាមលោកស្រី ឈឹម សិទ្ធិបុណ្យរិទ្ធ អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលលើកឡើងក្នុងវេទិកានោះ។
លោកស្រីថ្លែងថា៖ «យើងសម្រុកធ្វើតែ ២ ទៅ ៣ ថ្ងៃចប់ហើយ ក្នុងមួយស្ថាប័ន ដែលមានមន្រ្តីរាប់ពាន់នាក់។ អញ្ជឹងក្នុងអំឡុងពី ១ ទៅ ៥ថ្ងៃ ចំពោះអ្នកប្រើ ១ដងគត់ ប្រើដោយចៃដន្យ ឬចាប់ផ្តើមសាកល្បងប្រើ តេស្តទៅយើងអាចរកឃើញហើយ»។
ការធ្វើតេស្តនេះត្រូវបានធ្វើឡើងតាមបទបញ្ជាលេខ ០១ របស់រដ្ឋាភិបាលចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២៤ ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ, មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ យោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យា។
លោក មាស វិរិទ្ធ ក៏បានអះអាងដែរថា បញ្ហាចរាចរណ៍គ្រឿងញៀនខុសច្បាប់ឆ្លងដែន និងការបោសសម្អាតបញ្ហាគ្រឿងញៀនក្នុងស្ថាប័នរដ្ឋ គឺរាជរដ្ឋាភិបាលកំពុងតែដាក់វិធានការណ៍តឹងរឹងបំផុតចំពោះមន្ត្រីណាដែលពាក់ព័ន្ធគ្រឿងញៀន។ ករណីជួញដូរគ្រឿងញៀន ដែលប្រព្រឹត្តដោយមន្រ្តីរាជការសាធារណៈគឺត្រូវបានអនុវត្តច្បាប់យ៉ាងម៉ឺងមាត់ ត្រឹមត្រូវហើយមានស្ថានទម្ងន់ទោសទៀតផង ពិសេសគឺទៅលើកងកម្លាំងប្រដាប់អាវុធ។
លោកមានប្រសាសន៍ដូច្នេះថា៖ «ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន គឺត្រូវអនុវត្តច្បាប់ម៉ឺងមាត់ ត្រឹមត្រូវហើយមានស្ថានទម្ងន់ទោស។ ក៏ធ្លាប់មានដល់ទៅថ្នាក់ឧត្តមសេនីយ៍ដែរ ដែលពាក់ព័ន្ធបញ្ហាគ្រឿងញៀន ហើយត្រូវបានផ្តន្ទាទោសត្រឹមត្រូវតាមច្បាប់ ដោយគ្មានការលើកលែងនោះទេ។ តែខ្ញុំមិនមានតួលេខក្នុងដៃទេ»។
លោកក៏បានឱ្យដឹងផងដែរថា ចំនួនអ្នកប្រើប្រាស់គ្រឿងញៀននៅកម្ពុជានាពេលបច្ចុប្បនេះមានមិនលើសពី ៣ ទៅ ៤ម៉ឺននាក់នោះទេ។ ក្នុងនោះ ភាគច្រើនប្រមាណជា ៨០ភាគរយ មានអាយុចន្លោះពី ១៨ ទៅ ៣៥ឆ្នាំ ដែលជាក្រុមយុវជន។ លើសពីនោះ ក្នុងចំណោមអ្នកប្រើប្រាស់ទាំងនោះ ក៏មានស្រ្តីក្រោម ១០ភាគរយផងដែរ។
លោកបញ្ជាក់ថា៖ «ការស្ទង់មតិ និងការប្រមូលទិន្នន័យនៃអ្នកប្រើប្រាស់គ្រឿងញៀន គឺយើងគ្រប់គ្រងបានមានទិន្នន័យច្បាស់លាស់ក្នុងរង្វង់តែ ២ម៉ឺននាក់នោះទេ។ តែខ្ញុំគិតថា អ្នកប្រើប្រាស់គ្រឿងញៀន ដែលលាក់ខ្លួនមិនបានចូលរួមក្នុងការផ្តល់ព័ត៌មានអាចមានចំនួនគុណនឹង២ គុណនឹង៣។ ប្រទេសខ្លះគុណនឹង ៥ អាស្រ័យលើការកំណត់មុខសញ្ញាដែលជាគោលដៅ»។
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកំពុងតែរៀបចំប្រព័ន្ធមួយ ដើម្បីគ្រប់គ្រងទិន្នន័យអ្នកប្រើប្រាស់គ្រឿងញៀនឱ្យកាន់តែច្បាស់លាស់បន្ថែមទៀត។
ដើម្បីទប់ស្កាត់ក្រុមយុវជនកុំឱ្យធ្លាក់ខ្លួនជាអ្នកប្រើប្រាស់គ្រឿងញៀនេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអាជ្ញាធរពាក់ព័ន្ធកំពុងតែបង្កើនការផ្សព្វផ្សាយពីផលប៉ះពាល់ ពីគ្រោះថ្នាក់គ្រឿងញៀន និងពីច្បាប់ប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនផងដែរ។ ក្នុងរយៈពេលឆមាសទី១ នៃឆ្នាំ ២០២៤នេះ ពរលដ្ឋប្រមាណជា ១៦លាននាក់ ដែលស្មើនឹងចំនួនពលរដ្ឋកម្ពុជាបានចូលរួមផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀននេះ។
លោកស្រី ជ័យ បុប្ផា អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក៏បានឱ្យដឹងផងដែរថា ការព្យាបាលបន្សាបគ្រឿងញៀនត្រូវបានធ្វើឡើងនៅតាមសហគមន៍ដែលមានមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកខេត្ត ក៏ដូចជាមន្ទីរពេទ្យជាតិ។
លើសពីនោះ មានការព្យាបាលនៅតាមមជ្ឈមណ្ឌលចំនួន ១៥ ក្នុងនោះមានមណ្ឌលគ្រប់គ្រងដោយរដ្ឋមានចំនួន៦ មណ្ឌលឯកជនចំនួន៧ និងមណ្ឌលរបស់អង្គការក្រៅរដ្ឋាភិបាលចំនួន ២ ដែលមានអ្នកញៀនថ្នាំញៀនប្រមាណជា ២ម៉ឺននាក់។ ក្រៅពីនោះ ក៏នៅមានមណ្ឌលចំនួន ២ទៀតផងដែរ ដែលនឹងចាប់ផ្តើមទទួលអ្នកញៀនគ្រឿងញៀននាពេលអនាគតផងដែរ។
ក្នុងរយៈពេល ២០៣ថ្ងៃនៃឆ្នាំ ២០២៤នេះ គ្រឿងញៀនចំនួន ៥ ៦៥៦ករណីត្រូវបានបង្រ្កាបហើយមនុស្សចំនួន១៣ ៩៥៥នាក់ ត្រូវបានចាប់ខ្លួន សារធាតុញៀនចំនួន ៥តោន និង ២៥៨គីឡូក្រាមត្រូវបានរឹបអូស។ នេះបើយោងតាមលោក មាស វិរិទ្ធ៕