
លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងជំនួបថ្ងៃទី៤ មិថុនា ជាមួយអតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនធាន (Wang Wentian) នៅរាជធានីភ្នំពេញ។ ក្រសួងការបរទេស
ភ្នំពេញៈ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៧ និងកិច្ចប្រជុំពាក់ព័ន្ធ គ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែកក្កដា។
តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសឡាវ លោក សាលើមសៃ គុំម៉ាស៊ីដ (Saleumxay Kommasith) លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជានឹងដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលចូលរួមកិច្ចប្រជុំទាំងនេះ។
កិច្ចប្រជុំនឹងធ្វើឡើងក្រោមមូលបទ «អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់»។
ក្រសួងការបរទេសបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី២២ កក្កដា ថា៖«កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៧ និងកិច្ចប្រជុំពាក់ព័ន្ធ ផ្ដល់ឱកាសដើម្បី ពិភាក្សាការងារកសាងសហគមន៍អាស៊ាន រួមទាំងវិធីសាស្ត្រប្រកបដោយនវានុវត្តន៍ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអាស៊ានបន្ថែមទៀត ដើម្បីសម្រេចបាននូវតំបន់មួយដែលកាន់តែមាន ភាពតភ្ជាប់ និងភាពធន់ជាងមុន សម្រាប់វិបុលភាពរួម»។
ក្រសួងបញ្ជាក់ថា លោក សុខ ចិន្តាសោភា ក៏នឹងចូលរួមកិច្ចប្រជុំដាច់ដោយឡែកក្រោមក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការមេគង្គ ជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី ខាមីខាវ៉ា យ៉ូកុ (Kamikawa Yoko), រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោក Cho Tae-yul, និងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken។
ក្នុងឱកាសស្នាក់នៅទីក្រុងវៀងចន្ទន៍ លោក សុខ ចិន្តាសោភា, រដ្ឋមន្ត្រីការបរទេសអាស៊ាន, និងលោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាននឹងជួបជាមួយលោក សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រីឡាវ។
ប្រមុខការទូតកម្ពុជា ក៏រំពឹងថា នឹងជួបពិភាក្សាទ្វេភាគីជាមួយសមភាគីបរទេសមួយចំនួន ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។
ឡាវក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២៤ នឹងធ្វើជាម្ចាស់ផ្ទះ និងជាប្រធានកិច្ចប្រជុំទាំងនេះនៅមជ្ឈមណ្ឌលសន្និបាតជាតិក្នុងទីក្រុងវៀងចន្ទន៍។
យ៉ាងហោចណាស់នឹងមានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីចំនួន២៥ ដែលនឹងមានការចូលរួមពីរដ្ឋមន្ត្រីការបរទេស និងតំណាងមកពីប្រទេសចំនួន៣១ ព្រមទាំងប្រតិភូជាង១ ០០០ នាក់ចូលរួម។ គេរំពឹងផងដែរថា អ្នកសារព័ត៌មានប្រមាណ៥០០នាក់នឹងចូលរួមក្នុងកិច្ចប្រជុំទាំងនេះដើម្បីយកព័ត៌មាន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានថ្ងៃទី១៨ កក្កដា ដែលផ្សព្វផ្សាយនៅលើគេហទំព័រ ASEAN Laos 2024។
សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា កិច្ចប្រជុំទាំងនេះនឹងផ្តោតលើការពង្រឹងការកសាងសហគមន៍អាស៊ាន ការពង្រឹងភាពធន់ និងការតភ្ជាប់អាស៊ាន ស្របតាមមូលបទអាទិភាពចំនួន៩នៃភាពជាប្រធានអាស៊ានរបស់ប្រទេសឡាវ។
កិច្ចប្រជុំទាំងនេះនឹងមានការពិភាក្សាអំពីការអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ក៏ដូចជាការរៀបចំផែនការយុទ្ធសាស្ត្រដើម្បីអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖ «កិច្ចប្រជុំនឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងដៃគូខាងក្រៅ តាមរយៈយន្តការដឹកនាំដោយអាស៊ាន និងផ្លាស់ប្ដូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍ និងកង្វល់រួម»៕