អាជ្ញាធរមូលដ្ឋានរំពឹងថានឹងមានសមត្ថភាពកាន់តែច្រើនក្នុងការដោះស្រាយវិវាទនៅថ្នាក់មូលដ្ឋានដោយសារតែអាជ្ញាធរដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) នឹងបើកវគ្គបណ្ដុះបណ្ដាលទៅដល់អាជ្ញាធរថ្នាក់ក្រោមជាតិចាប់ពីសប្ដាហ៍ក្រោយទៅ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា កាលពីថ្ងៃទី២១ ខែកក្កដាម្សិលមិញ បានប្រាប់ឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិផ្ដល់កិច្ចសហការ និងសម្របសម្រួលជាមួយ អ.ដ.ក.ក្នុងការរៀបចំផ្សព្វផ្សាយអំពីបេសកកម្ម របស់ អ.ដ.ក និង ការរៀបចំវគ្គបណ្តុះបណ្តាលអំពីបច្ចេកទេសនៃការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
ការណែនាំនេះធ្វើឡើងតាមសំណើរបស់ អ.ដ.ក. ដែលមានលោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជាប្រធាន។ លោក កើត រិទ្ធ តាមរយៈលិខិតចុះថ្ងៃទី២១ ខែកក្កដាទៅក្រសួងមហាផ្ទៃ បានស្នើសុំកិច្ចសហការជាមួយរដ្ឋបាលរាជធានីខេត្ត ក្រុងស្រុក ខណ្ឌ ឃុំ សង្កាត់ ដើម្បីចុះធ្វើការផ្សព្វផ្សាយអំពីបេសកកម្ម អ.ដ.ក និងការរៀបចំវគ្គបណ្តុះបណ្តាលអំពីបច្ចេកទេសនៃការសម្រុះសម្រួលដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។
លោកបញ្ជាក់ថា កំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទធ្វើឡើងដោយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការមានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ។
ក្នុងលិខិតដដែល លោក កើត រិទ្ធ បញ្ជាក់ថា៖ «ការងារដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជាកិច្ចការអាទិភាពទី១ ក្នុងចំណោមកិច្ចការអាទិភាពទាំង៣ នៃវិធានការគន្លឹះទី៥ របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីដើម្បីពង្រឹង និង លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌»។
លោក ជិន ម៉ាលីន អនុប្រធាន អ.ក.ដ. ប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការបណ្ដុះបណ្ដាលសម្រាប់អាជ្ញាធរមូលដ្ឋានអំពីយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនឹងចាប់ផ្ដើមចាប់ពីសប្ដាហ៍ក្រោយនេះ បន្ទាប់ពីក្រសួងមហាផ្ទៃបានឯកភាពលើការស្នើសុំរបស់ អ.ដ.ក.។
លោកបញ្ជាក់ថា ដោយសារតែអាជ្ញាធរនៅថ្នាក់ក្រោយជាតិក៏មានយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែរនោះ ការបណ្ដុះបណ្ដាលនេះនឹងបន្ថែមចំណេះដឹងកាន់តែច្រើនសម្រាប់ពួកគាត់។
លោកនិយាយថា៖ «ដូច្នេះ ការចុះសហការជាមួយគាត់នេះគឺទី១ ផ្សព្វផ្សាយអំពីយន្តការ អ.ដ.ក. ឲ្យគាត់បានយល់និងចូលរួមសហការ និងទី២ គឺជួយគាត់ទៅលើការបណ្ដុះបណ្ដាលចំណេះជំនាញបច្ចេកទេសទៅដល់មន្ត្រីរបស់គាត់»។
លោក ប៉ាវ ប៉េង មេឃុំត្រើយស្លា ក្នុងស្រុកស្អាង ខេត្តកណ្ដាល បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា បញ្ហាដែលកើតឡើងនៅក្នុងឃុំរបស់លោក គឺជម្លោះដីធ្លី ដូចជាដីផ្លូវ និងដីកប់សព ហើយប្រហែល ៦០ ទៅ ៧០ភាគរយនៃជម្លោះក្នុងមូលដ្ឋាន អាចដោះស្រាយបាននៅថ្នាក់ឃុំ។ ករណីដោះមិនចេញត្រូវបញ្ជូនទៅថ្នាក់ស្រុក។
ទោះបីជាលោករំពឹងថា នឹងទទួលបានចំណេញដឹងបន្ថែមអំពីយន្តការដោះស្រាយវិវាទក៏ដោយ លោកថា ជម្លោះមូលដ្ឋានដែលពិបាកដោះស្រាយគឺជម្លោះដែលមានភាគីទី៣ ចូលពាក់ព័ន្ធ ដូចជាមានអន្តរាគមន៍ពីភាគីមានអំណាចឬមានលុយណាម្នាក់ ឬភាគីម្ខាងទៀតជាអ្នកមានហើយជួលមេធាវីមកដោះស្រាយរឿងក្នុងសហគមន៍។
លោកថ្លែងដូច្នេះថា៖ «ភាគច្រើនជម្លោះ បើអត់មានអ្នកទី៣ ស្រួលដោះទេ។ បើមានភាគីទី៣ គឺអត់ងាយដោះ។ អ្នកទី៣ រួមមានដូចជាភាគីម្ខាងគាត់ស្គាល់អ្នកណាម្នាក់ ជួនកាលមានអ្នកញុះញង់ពីក្រៅ។ ខ្លះស្ពាយកាតាបចុះពីលើឡានអីចឹង មានមេធាវីជាដើម។ តែនៅថ្នាក់មូលដ្ឋាននេះអត់ត្រូវមានមេធាវីទេ»។
លោកពន្យល់ថា នៅថ្នាក់ក្រោមជាតិ ការដោះស្រាយទំនាស់គឺធ្វើឡើងតាមការសម្របសម្រួល មិនមែនជាការកាត់សេចក្ដីឲ្យភាគីខាងណាមួយឈ្នះនោះទេ ដូច្នេះត្រូវមានការសុខចិត្តទាំងសងខាង។
លោក អំ សំអាត នាយកកិច្ចការទូទៅនៃអង្គការលីកាដូ បានថ្លែងថា យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការទាមទារឲ្យមន្ត្រីពាក់ព័ន្ធ ជាពិសេសអាជ្ញាធរមូលដ្ឋានយល់ពីយន្តការ វិធី និងយុទ្ធសាស្ត្រក្នុងការដោះស្រាយនិងយល់ដឹងផ្លូវច្បាប់មួយចំនួនដើម្បីជាមូលដ្ឋានក្នុងការដោះស្រាយ ឱ្យគូជម្លោះស្ម័គ្រចិត្តទទួលយកដំណោះស្រាយ។
លោកថា ការដែលក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃសហការផ្ដល់ការបណ្ដុះបណ្ដាលលើយន្តការនេះ គឺជាល្អនិងត្រឹមត្រូវសម្រាប់យន្តការនេះដើម្បីឲ្យការដោះស្រាយមានប្រសិទ្ធិភាព ហើយគូភាគីជម្លោះទទួលយកដោយស្ម័គ្រចិត្ត។
លោកថា៖ «ដូច្នេះ ក្រោយទទួលបានការបណ្ដុះបណ្ដាលហើយ វាក៏អាស្រ័យនៅលើឆន្ទៈនៃការដោះស្រាយ និងការសម្របសម្រួល និងភាពប៉ិនប្រសប់នៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការទៀតទើបយន្តការនេះទទួលបានជោគជ័យ»។
យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការត្រូវបានដាក់ដំណើរការកាលពីពេលថ្មីៗនេះ ដើម្បីដោះស្រាយវិវាទកម្រិតរដ្ឋប្បវេណី និងដោយការស្ម័គ្រនៃភាគីទាំងសងខាង។ អ.ដ.ក. បានបង្ហាញពីលទ្ធផលវិជ្ជាមានមួយចំនួនដែលគូជម្លោះអាចរកឃើញដំណោះស្រាយតាមរយៈយន្តការនេះ ដោយករណីខ្លះមានភាពរ៉ាំរ៉ៃជាយូរមកហើយ៕