![](https://pppkhmer.sgp1.digitaloceanspaces.com/image/main/20247/3_7_2024_img_9741.jpg)
កុមារមកទទួលការពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យកុមារអង្គ កាលពីកន្លងទៅ។ AHC
មន្ទីរពេទ្យកុមារអង្គរ ដែលជាអង្គភាពមិនស្វែងរកប្រាក់ចំណេញនឹងរៀបចំព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាននិងសុខភាពកុមារនៅចុងខែនេះ ដើម្បីរៃអង្គាសថវិកាទ្រទ្រង់ដល់ប្រតិបត្តិការរបស់មន្ទីរពេទ្យ។
ព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ សម្រាប់ឆ្នាំនេះគឺជាការរៀបចំលើកទី១០ ហើយ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែសីហា ដោយចាប់ផ្តើមជិះចេញដំណើរ ពីសួនហាត់ប្រាណមាត់ស្ទឹងសៀមរាបនៅម៉ោង ៥:៣០ព្រឹក។
បើតាមសេចក្ដីជូនដំណឹងរបស់មន្ទីរពេទ្យនេះ ការជិះកង់នេះនឹងទៅបញ្ចប់នៅក្នុងបរិវេណសួនបៃតង ឬអតីតភូមិវប្បធម៌កម្ពុជា ដោយមានបញ្ចូលនូវកម្មវិធីកំសាន្តសប្បាយៗជាច្រើនរួមទាំងកម្មវិធីលើកកម្ពស់ការថែរក្សាបរិស្ថានដើម្បីសុខភាពផងដែរ។
ព្រឹត្តិការណ៍នេះគ្រោងទទួលអ្នកចូលរួមចំនួន ១០០០នាក់ដែលម្នាក់ៗត្រូវបង់ថវិកាវិភាគទានចំនួន២០ដុល្លារដើម្បីគាំទ្រដល់មន្ទីរពេទ្យ។
លោក ហ៊ុន សុជាតិ ប្រធានគណៈកម្មាធិការជិះកង់ដើម្បីកម្ពុជា បានថ្លែងថា៖ «ព្រឹត្តិការណ៍នេះអាចដំណើរការទៅបានរហូតដល់ពេលនេះគឺដោយសារលោកអ្នកទាំងអស់។ លោកអ្នកគឺជាចំណែកមួយជួយដល់ដំណើរការរបស់មន្ទីរពេទ្យកុមារអង្គរ និងជួយសង្គ្រោះដល់អាយុជីវិតកុមារនៅក្នុងមន្ទីរពេទ្យ»។
លោកអំពាវនាវឲ្យមានការចូលរួម និងឧបត្ថម្ភគាំទ្រនៅក្នុងព្រឹត្តិការណ៍ជិះកង់នេះពីសំណាក់ក្រុមហ៊ុន និងអ្នកចាប់អារម្មណ៍ដើម្បីចូលរួមចំណែកសង្គ្រោះជីវិតកុមារកម្ពុជានិងកម្សាន្តសប្បាយទាំងអស់គ្នា។
![](https://pppkhmer.sgp1.cdn.digitaloceanspaces.com/image/main/20247/3_7_2024_dsc_7909.jpg)
មន្ទីរពេទ្យកុមារអង្គររៀបចំព្រឹត្តិការណ៍ជិះកង់រៃអង្គាសថវិកាសម្រាប់ប្រតិបត្តិការមន្ទីរពេទ្យនាពេលកន្លងមក។ រូបថត AHC
មន្ទីរពេទ្យកុមារអង្គរ មានទីតាំងក្នុងខេត្តសៀមរាប ត្រូវបានបង្កើតឡើងដោយជាងថតរូបជនជាតិជប៉ុនលោក ខិនរ៉ូ អ៊ីស៊ុ នៅឆ្នាំ ១៩៩៩ ក្នុងគោលបំណងធ្វើឲ្យកុមារកម្ពុជាទទួលបាននូវសុខុមាលភាពល្អប្រសើរ មិនថាពួកគេមកពីស្ថានភាពគ្រួសារបែបណានោះទេ។
មន្ទីរពេទ្យនេះផ្តល់សេវាពិនិត្យព្យាបាល និងថែទាំសុខភាពដល់កុមារកម្ពុជា ព្រមទាំងចូលរួមពង្រឹងប្រព័ន្ធសុខាភិបាលតាមរយៈការបណ្តុះបណ្តាលវេជ្ជបណ្ឌិត គិលានុប្បដ្ឋាករ និងបុគ្គលិកសុខាភិបាល រួមទាំងផ្តល់នូវការអប់រំសុខភាព ព្រមទាំងវិធានការការពារជំងឺដង្កាត់ផ្សេងៗដល់ប្រជាពលរដ្ឋនៅតាមសហគមន៍នៅក្នុងខេត្តនេះ។
បើតាមការឲ្យដឹងពីមន្ទីរពេទ្យ ជារៀងរាល់ថ្ងៃមានកុមារប្រមាណ ៤០០នាក់ មកទទួលសេវាពិនិត្យព្យាបាលនៅមន្ទីរពេទ្យនេះ។ គិតចាប់តាំងពីការបើកដំណើរការមក មានកុមារកម្ពុជាជាង ២,៥លាននាក់បានទទួលការពិនិត្យព្យាបាលនៅមន្ទីរពេទ្យនេះ។
យ៉ាងណាក៏ដោយ មន្ទីរពេទ្យដែលព្យាបាលកុមារដោយឥតគិតថ្លៃនេះដំណើរការទៅបានដោយពឹងផ្អែកទាំងស្រុងទៅលើជំនួយមូលនិធិសប្បុរសធម៌។ ក្នុងមួយឆ្នាំៗ មន្ទីរពេទ្យត្រូវការថវិកាចំនួន ៦លានដុល្លារអាមេរិកដើម្បីទ្រទ្រង់ដល់ប្រតិបត្តិការរបស់ខ្លួន ដែលភាគច្រើននៃថិវកាទទួលបានពីការរៃអង្គាសនៅក្រៅនិងក្នុងប្រទេស៕