![](https://pppkhmer.sgp1.digitaloceanspaces.com/image/main/20247/3_7_2024_child_diabet.jpg)
អាណាព្យាបាលកំពុងធ្វើតេស្តជាតិស្ករលើកុមារាម្នាក់នាពេលកន្លងមក។ រូបថត សហការី
ភ្នំពេញ៖ មន្ទីរពេទ្យគន្ធបុប្ផាបានប្រកាសពីចំនួនកុមារជិត ៧០០នាក់ ដែលកើតជំងឺទឹកនោមផ្អែមប្រភេទ១ មកទទួលការព្យាបាលពីមន្ទីរគ្រប់សាខាទាំងនៅរាជធានីភ្នំពេញ និងខេត្ដសៀមរាប។
កុមារកើតជំងឺទឹកនោមផ្អែមប្រភេទ១ នេះមានអាយុចន្លោះពី ៤ ទៅ ១៤ឆ្នាំ ហើយក្នុងចំណោមអាយុពី ១០ ទៅ ១៤ ឆ្នាំ មានអត្រាខ្ពស់ជាងគេ ហើយក្នុងចំណោម ៦៩៨នាក់ មន្ទីពេទ្យគន្ធបុប្ផាខេត្តសៀមរាប មានចំនួន៣០៩នាក់។
ព័ត៌មានដែលផ្សព្វផ្សាយពីការរកឃើញកុមារកើតជំងឺទឹកផ្អែមប្រភេទ១ បានបង្កការភ្ញាក់ផ្អើល និងធ្វើមហាជនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះតួលេខដ៏ច្រើនសន្ធឹកនេះ។
យ៉ាងណាមិញ លោកវេជ្ជបណ្ឌិត យ៉ៃ ចន្ទនា ប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ (មន្ទីរពេទ្យគន្ធបុប្ផាសៀមរាប) បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «កុមារកើតជំងឺទឹកផ្អែមប្រភេទ១ ចំនួន ៦៩៨នាក់នេះគឺជាតួលេខសរុបតាំងពីបើកមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ-សៀមរាប ឆ្នាំ១៩៩២។ ដូច្នេះ ចំនួននេះមិនមែនកើតឡើងគំហុក ឬកើនឡើងច្រើនធ្វើឱ្យភ្ញាក់ផ្អើលនោះទេ»។
លោក ចន្ទនា បានបន្ដថា៖ «កុំឱ្យសាធារណជនយល់ច្រឡំ ពីព្រោះកុមារ ៦៩៨នាក់បានទទួលការព្យាបាល និងតាមដាននៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងសៀមរាបតាំងពីឆ្នាំ១៩៩២។ យើងមើលឃើញកុមារកើតជំងឺនេះមានម្នាក់ ឬពីរនាក់ក្នុងមួយខែ»។
លោកសាស្ត្រាចារ្យ ឃុន លាងឈុន អនុប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានឱ្យដឹងថា មូលហេតុដែលនាំឱ្យកុមារកើតជំងឺទឹកនោមផ្អែមប្រភេទ១ គឺបណ្ដាមកពីប្រព័ន្ធការពារក្នុងខ្លួនទៅបំផ្លាញកោសិកា បែតា ដែលស្ថិតនៅក្នុងលំពែង មានតួនាទីផលិតអាំងស៊ុយលីន។
កត្ដាពាក់ព័ន្ធមួយចំនួន ដែលអាចបង្កឱ្យកុមារកើតជំងឺទឹកផ្អែមប្រភេទ១ រួមមាន ទឹកដោះគោ ឬពពួកវីរុសអង់តេរ៉ូ ឬវីរុសស្អូច ឬទាក់ទងនឹងហ្សែនខ្លះដែរពីម្ដាយ ដូចជា ហ្សែន Human leukocyte antigens (HLA) DR2, DR3 និង DR4 នេះ។
លោក លាងឈុន បាននិយាយថា៖ «វាមិនមានវ៉ាក់សាំងការពារជំងឺទឹកនោមផ្អែមប្រភេទ១ ទេ។ យើងជួយការពារកត្ដាមួយចំនួនដែលងាយបង្កឱ្យកុមារកើតទឹកនោមផ្អែមទាក់ទងទឹកដោះគោ ការពារមិនឱ្យមានជំងឺពពួកវីរុសមួយចំនួន»។
លោកបញ្ជាក់ថា ជំងឺទឹកនោមផ្អែមប្រភេទ១ មិនបណ្ដាមកពីកុមារមានប្រវត្ដិទទួលទានស្កច្រើនមកទេ។ ប៉ុន្ដែនៅពេលកុមារមានផ្ទុកជំងឺទឹកនោមផ្អែមប្រភេទ១ ហើយចាប់ផ្ដើមការព្យាបាលដោយការចាក់អាំងស៊ុយលីន របបអាហាររបស់កុមារត្រូវមានការផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវ គឺមិនឱ្យលើសជាតិស្កច្រើន ជាតិខ្លាញ់ច្រើន ដែលទទួលបានការណែនាំពីគ្រូពេទ្យ។
លោកវេជ្ជបណ្ឌិតបានបន្ដថា៖ «នៅពេលរករោគវិនិច្ឆ័យឃើញថា កុមារនោះមានជំងឺទឹកនោមផ្អែមប្រភេទទី ១ វិធីព្យាបាលតែមួយគត់គឺគឺអាំងស៊ុយលីននេះឯង ហើយអាំងស៊ុយលីននេះគឺជាអ័រម៉ូន បង្កើតឡើងដោយលំពែងរបស់យើង។ កូនក្មេងកើតជំងឺទឹកនោមផ្អែម ត្រូវការចាក់អាំងស៊ុយលីនមួយជីវិត»។
គួបផ្សំជាមួយការចាក់អាំងស៊ុយលីន ឪពុកម្ដាយត្រូវត្រួតពិនិត្យជាតិស្កជាប្រចាំ ហើយពួកគេត្រូវយល់ឱ្យច្បាស់អំពីជំងឺនេះ និងត្រូវជួយព្យាបាលជំងឺកូនជាប្រចាំ។
ក្រោយពេលទទួលការព្យាបាលនៅមន្ទីរពេទ្យ ឪពុកម្ដាយ ឬអាណាព្យាបាលទទួលការណែនាំអំពីវិធីថែទាំកូន ដូចជា ការពិនិត្យជាតិស្ក ការចាក់អាំងស៊ុយលីន និងទទួលកញ្ចប់សម្ភារវេជ្ជសាស្ដ្រ និងឱសថដោយឥតគិតថ្លៃមុនពេលចាកចេញទៅព្យាបាលបន្ដជាប្រចាំនៅតាមផ្ទះ។
លោកបានថ្លែងថា៖ «អាំងស៊ុយលីនមួយប្រភេទចាក់ពីរដង គឺព្រឹក និងល្ងាច ហើយមួយប្រភេទទៀតចាក់ ៤ដង គឺពេលព្រឹក ថ្ងៃត្រង់ ល្ងាច និងយប់ម៉ោង ៩ ហើយរាល់ពេលត្រូវត្រួតពិនិត្យជាតិស្ក»។
លោក លាងឈុន បានបញ្ជាក់ថា ប្រសិនបើឪពុកម្ដាយដាក់អាំងស៊ុយលីនលើសដល់កូន ក្មេងនោះប្រាកដជាសន្លប់ភ្លាម។
យោងតាមការចុះផ្សាយរបស់ទំព័រហ្វេសប៊ុក មន្ទីរពេទ្យជ័យវរ្ម័នទី៧ Jayavarman VII Hospital កាលពីឆ្នាំ២០២៣ បានបង្ហាញពីដំណើររឿងរបស់កុមារីម្នាក់កើតជំងឺទឹកនោមផ្អែមប្រភេទ១ ដែលខកខានមកទទួលការព្យាបាលរយៈពេលយូរ។
ហ្វេសប៊ុករបស់មន្ទីរពេទ្យបានឱ្យដឹងថា៖ «នាងពុំបានមកតាមការណាត់នោះទេ ដែលធ្វើឱ្យជំងឺនាងវិវត្តន៍ទៅជាធ្ងន់ធ្ងរ សន្លប់បាត់ស្មារតីដំបៅរលួយសាច់ខ្នង និងខូចតម្រងនោមយ៉ាងធ្ងន់ធ្ងរបំផុត»។
យ៉ាងណាមិញ កុមារីវ័យ ១២ឆ្នាំរូបនេះត្រូវបានសង្គ្រោះជីវិតជាថ្មី ដោយក្រុមគ្រូពេទ្យឯកទេសសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យគន្ធបុប្ផា និងត្រូវបានលាងឈាមអស់ជាច្រើនដង៕