![](https://pppkhmer.sgp1.digitaloceanspaces.com/image/main/20247/3_7_2024_terrace_of_the_elephants_of_angkor_thom.jpg)
មន្ត្រីជំនាញប្រើប្រាស់ឧបករណ៍ដែលជាជំនួយរបស់ប្រទេសកូរ៉េខាងត្បូងផ្តល់ជូនមកអាជ្ញាធរជាតិអប្សរា ដើម្បីចូលរួមលើកស្ទួយការងារអភិរក្ស និង ជួសជុលបេតិកភណ្ឌវប្បធម៌ក្នុងតំបន់រមណីយដ្ឋានអង្គរ នាពេលកន្លងមក។ រូបថត KOICA
ភ្នំពេញៈ ប្រទេសកូរ៉េខាងត្បូង បានផ្តល់ជំនួយជាឧបករណ៍ និងសម្ភារៈសរុប ៩១ មុខហើយអាជ្ញាធរជាតិអប្សរារហូតមកដល់បច្ចុប្បន្ននេះ ដើម្បីចូលរួមលើកស្ទួយការងារអភិរក្ស និង ជួសជុលបេតិកភណ្ឌវប្បធម៌ក្នុងតំបន់រមណីយដ្ឋានអង្គរ។
សម្ភារៈទាំងនោះបាននឹងកំពុងតែប្រើប្រាស់យ៉ាងទូលំទូលាយដោយមន្រ្តីជំនាញរបស់អាជ្ញាធរអប្សរានៅកន្លែងអភិរក្សផ្សេងៗគ្នាចាប់តាំងពីឆ្នាំ២០១៥មក។ លើសពីនោះ សមត្ថភាពមន្រ្តីរបស់អាជ្ញាធរជាតិអប្សរា ក៏ត្រូវបានលើកកម្ពស់យ៉ាងច្រើនផងដែរ តាមរយៈជំនួយបច្ចេកទេស និង ការគាំទ្រឧបករណ៍អភិរក្សទំនើបៗទាំងនោះ។
កម្ពុជា និងកូរ៉េ មានកិច្ចសហប្រតិបត្តិការលើវិស័យអភិរក្ស និង ជួសជុលបេតិកភណ្ឌវប្បធម៌ ជាពិសេស គម្រោងក្នុងតំបន់រមណីយដ្ឋានអង្គររយៈពេលជិត ១០ឆ្នាំមកហើយ បើគិតចាប់ពីឆ្នាំ ២០១៥មក។ ពេលនោះភាគីទាំងពីរបានចុះហត្ថលេខាលើកដំបូង ក្នុងកិច្ចពិភាក្សាគម្រោងដំណាក់កាលទី១ លើគម្រោងអភិរក្ស និង ជួសជុលប្រាសាទព្រះពិធូរ។ នេះបើយោងតាមមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ នៃទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិកូរ៉េ (KOICA) នាថ្ងៃទី២ ខែកក្កដានេះ។
កាលពីថ្ងៃទី១ ខែកក្កដានេះ KOICA បានប្រគល់ជូនអាជ្ញាធរជាតិអប្សរានូវសម្ភារៈបរិក្ខារសរុប ១១មុខផ្សេងគ្នា។ ក្នុងនោះរួមមានម៉ាស៊ីនស្កេន 3D, រ៉ាដាពិនិត្យក្រោមដី និង កម្មវិធីវិភាគ និង បកស្រាយទិន្នន័យពីឧបករណ៍ទាំងនោះ រួមនិងសម្ភារៈមួយចំនួនទៀត។
Song Youngjun នាយករងនៃទីភ្នាក់ងារ KOICA បានបញ្ជាក់ក្នុងឱកាសនោះថា៖ «ចាប់ពីគម្រោងទី១ រហូតមកដល់បច្ចុប្បន្ននេះ ឧបករណ៍ និង សម្ភារៈសរុប ៩១មុខហើយ ដែលជាជំនួយផ្ទាល់របស់ KOICA ជូនទៅអាជ្ញាធរជាតិអប្សរា។ ការទទួលបានសម្ភារៈប្រើប្រាស់ខាងលើនេះ នឹងផ្តល់អត្ថប្រយោជន៍ច្រើនដល់ការងារអភិរក្ស ក៏ដូចជាការស្រាវជ្រាវថ្មីៗបន្ថែមទៀតនៅតំបន់រមណីយដ្ឋានអង្គរ»។
លោកបន្តថា អស់រយៈពេលជិត ១០ឆ្នាំមកនេះ មានសមិទ្ធផលផ្លែផ្កាជាច្រើន ក្នុងនោះភាពជាដៃគូដ៏រឹងមាំ និងស្អិតរមួតរវាង KOICA និងអាជ្ញាធរជាតិអប្សរា ក៏បានក្លាយជាសមិទ្ធផលដ៏សំខាន់ និងលេចធ្លោបំផុត។
លោក គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរាបានមានប្រសាសន៍ក្នុងឱកាសនោះថា៖ «ជាមួយនឹងការទទួលបាននូវយកបច្ចេកវិទ្យាទាំងនេះ អាជ្ញាធរជាតិអប្សរានឹងបន្តរួមចំណែកដល់កិច្ចការគ្រប់គ្រងប្រកបដោយនិរន្តរភាពនៃរមណីយដ្ឋានអង្គរ»។
នៅថ្ងៃដដែលនោះផងដែរ KOICA ក៏បានប្រគល់មន្ទីរពិសោធន៍មួយដល់អាជ្ញាធរជាតិអប្សរាផងដែរ។
មន្ទីរពិសោធន៍នេះគឺជា មន្ទីរពិសោធន៍ទី១នៅតំបន់អង្គរ ដែលមានបំពាក់គ្រឿងបរិក្ខារតាមបែបវិទ្យាសាស្រ្តជាច្រើន ដែលអាចផ្តល់ឱ្យអ្នកសិក្សាស្រាវជ្រាវ អាចសិក្សាវិភាគ និង ស្រង់ទិន្នន័យផ្នែកស្ថាបត្យកម្មសិក្សាអំពីថ្មចាស់ ថ្មថ្មី និងលោហៈដែលបានមកពីបណ្តាប្រាសាទនានា ដែលបានក្នុងតំបន់រមណីយដ្ឋានអង្គរ។ នេះបើយោងតាមអាជ្ញធរអប្សារា៕