សៀមរាបៈ ផ្ទះ​បាយ​សាលា​បឋម​សិក្សា​ល្វា ស្ថិត​ក្នុង​ឃុំ​ត្រពាំងធំ ស្រុក​ប្រាសាទ​បាគង ដែល​ប្រើប្រាស់​កសិផល​ក្នុង​សហគមន៍​ និង​ថវិកា​ជាតិ​ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ ដើម្បី​លើក​កម្ពស់​ការ​ផ្តល់​អាហារូបត្ថម្ភ ភាព​លូត​លាស់ និង​ការ​សិក្សា​ដល់​កុមារ។


លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​អគ្គលេខាធិការ​ក្រុម​ប្រឹក្សា​ជាតិ​គាំពារ​សង្គម​បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​នា​ថ្ងៃទី​៣ ខែ​កក្កដា​ថា វិធី​ផ្តល់​អាហារ​តាម​សាលារៀន​ដោយ​ប្រើប្រាស់​កសិផល​ក្នុង​សហគមន៍ និង​ប្រើបាស់​ថវិកា​ជាតិ​នេះ​បាន​នឹង​កំពុង​តែ​អនុវត្ត​នៅ​សាលា​បឋម​សិក្សា ដែល​មាន​មត្តេយ្យសិក្សា​នៅ​ក្នុង​នោះ​ផង​នៅ​ក្នុង​ខេត្ត​ចំនួន​១០។

គោល​បំណង​នៃ​កម្មវិធី​នេះ គឺ​ដើម្បី​ផ្តល់​អាហារូបត្ថម្ភ​គ្រប់គ្រាន់ និង​ភាព​លូត​លាស់​ពេញលេញ​ដល់​កុមារ ព្រោះ​អាហារ​នៅ​តាម​សាលា​នេះ​គឺជា​អាហារ ដែល​មាន​ការ​ថ្លឹងថ្លែង​ពី​សារធាតុ​ចិញ្ចឹម ក៏​ដូច​ជា​ភាព​ចម្រុះ​នៅ​ក្នុង​អាហារ ​ដើម្បី​ផ្តល់​កាឡូរី​គ្រប់​គ្រាន់​ដល់​សិស្សានុសិស្ស។


លោក​មាន​ប្រសាសន៍​ថា៖ «ម្យ៉ាងវិញ​ទៀត​គឺ​ដើម្បី​បង្កើន​សមត្ថភាព​នៅ​ក្នុង​ការ​ស្រូប​យក​ចំណេះ​ដឹង ព្រោះ​ថា ពេលគាត់​មក​ពី​ផ្ទះ​នៅ​ឃ្លាន​នៅឡើយ ចឹង​គាត់​រៀន​មិន​ចូល។ យើង​ចង់​ឱ្យ​ក្មេងៗ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ខ្លឹមសារ នៃ​ការ​បង្រៀន​ហ្នឹង ទាល់តែ គាត់​អាច​នឹង​ឆ្អៀត​ពេល​ព្រឹក​ដែរ»។

សាលាបឋម​សិក្សា​ល្វា មាន​សិស្ស​សរុប​ចំនួន ៤០៧នាក់ និង​គ្រូ​បង្រៀន​សរុប ១១នាក់។ ក្នុង​នោះ​ សិស្ស​ដែល​ទទួល​បាន​អាហារ​ពេល​ព្រឹក​ចំនួន ២០០នាក់ ស្មើ​នឹង​៥០% នៃ​សិស្ស​សរុប។


មន្ត្រី​និង​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ ចុះ​ពិនិត្យ​ការ​អនុវត្ត​កម្មវិធី​ផ្ដល់​អាហារ​តាម​សាលារៀន​ដោយ​ប្រើប្រាស់កសិផល​ក្នុង​សហគមន៍ កាលពីថ្ងៃ​ទី ០៣ កក្កដា។ NSPC Cambodia

ដោយ​ទទួល​បាន​ការ​គាំទ្រ និង ការ​ចូលរួម​បដិភាគ​ក្នុង​ការ​សាងសង់ផ្ទះ​បាយ​ពី​លោក ចន ណារិទ្ធ ព្រម​ទាំង​មន្រ្តី​នៃ​អគ្គលេខាធិការ​ដ្ឋាន​ក្រុម​ប្រឹក្សាជាតិ​គាំពារ​សង្គម សាលា​បឋម​សិក្សា​ល្វា​បាន​ចាប់​ផ្ដើម​សាងសង់​ផ្ទះ​បាយ រយៈពេល ២​ខែ ក្នុង​ខែ​មករា ខែ​មីនា​ឆ្នាំ​២០២៤ ក្នុង​ទំហំ ៤.៥ម គុណ៧ម ដោយ​ចំណាយ​ថវិកា​អស់​ចំនួន ២០ លាន​រៀល។ ក្រៅ​ពី​នេះ សាលា​បឋមសិក្សា​ល្វា បាន​ទទួល​បដិភាគ​ពី​អង្គការ Cambo ចំនួន ៣០០០ដុល្លារ​អាមេរិក ក្នុង​ការ​សាងសង់​រោង​បាយ​សម្រាប់​សិស្ស​ហូប ដោយ​ភ្ជាប់​ជាមួយ​ផ្ទះ​បាយ​សម្រាប់​ចម្អិន​ផងដែរ។

លោក ចន ណារិទ្ធ ក៏​បាន​លើក​ឡើង​ផងដែរ​ថា កម្មវិធី​ដែល​គាំទ្រ​ដោយ​ថវិកា​ជាតិ​នេះ​គឺ​ប្រើប្រាស់​នូវ​វិធីសាស្រ្ត​ប្រើ​ប្រាស់​កសិផល​នៅ​ក្នុង​សហគមន៍​ជា​អតិបរិមា​នៅ​ក្នុង​ចំអិន​អាហារ​សម្រាប់​សិស្សានុសិស្ស។ 

លោក​បាន​បញ្ជាក់​ថា៖ «ព្រោះ​កម្មវិធី​សាលា​ដែល​ប្រើប្រាស់​កសិកផល​សហគមន៍​នេះ​គឺ​មាន​ធាតុផ្សំ​ពេញលេញ​ក្នុង​អាហារ ហើយ​ជា​ម្ហូប​ស្រស់ អាហារ​ក្តៅ​សម្រាប់​ក្មេងៗ​ផង ហើយ​បន្ថែម​លើ​នោះ​គឺ​មាន​ទិដ្ឋភាព​លើក​ស្ទួយ សកម្មភាព​សេដ្ឋកិច្ច​នៅ​ក្នុង​សហគមន៍​បន្ថែម​ទៀត​ផងដែរ»។ 

ក្នុង​គោលបំណង​ធ្វើ​ស្ថាប័នូបនីយកម្ម និង​កែប្រែ​កម្មវិធី​ផ្តល់​អាហារ​តាម​សាលារៀន ឱ្យ​ក្លាយ​ជា​កម្មវិធី​ថ្នាក់ជាតិ​ពេញ​លេញ ក៏​ដូចជា​ដើម្បី​ធានា​ប្រសិទ្ធភាព និង និរន្តរភាព​នៃ​ការ​អនុវត្ត​កម្មវិធី​ជាតិ​ជំនួយ​សង្គម​នេះ រាជ​រដ្ឋាភិបាល​បាន​ចេញ​​អនុក្រឹត្យ​មួយ​ស្ដីពី​ការ​អនុវត្ត​កម្មវិធី​ផ្ដល់​អាហារ​តាម​សាលារៀន​ដោយ​ប្រើប្រាស់​កសិផល​ក្នុង​សហគមន៍ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០២៣។

ក្នុង​ឆ្នាំ​២០២៤ ក្រសួង​អប់រំ​ យុវជន និងកីឡា បាន​និង​កំពុង​អនុវត្ត​កម្មវិធី​ផ្តល់​អាហារ​តាម​សាលារៀន​ដោយ​ប្រើប្រាស់​កសិផល​ក្នុង​សហគមន៍ នៅ​តាម​សាលារៀន​គោលដៅ​ចំនួន ៥៥៣ សាលា ក្នុង​ខេត្ត​ចំនួន ១០ ដូចជា ខេត្ត​សៀមរាប កំពង់ធំ ព្រះវិហារ បាត់ដំបង ស្ទឹងត្រែង បន្ទាយ​មានជ័យ កំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់ និងឧត្តរមានជ័យ។ 

ក្នុងនោះ​មាន​សិស្ស​ទទួល​ផល​ចំនួន ១៥៣ ៥៨៦ នាក់ និង​ចុងភៅ ១ ៥១៨ នាក់ សម្រាប់​ត្រី​មាស​ទី១ ឆ្នាំ​សិក្សា ២០២៣-២០២៤ ដោយ​បាន​ចំណាយ​ថវិកា​ចំនួន ៦ ៦៣១ ៦១១ ៤៤២រៀល នៃ​ថវិកា​វិភាគ​សរុប​សម្រាប់​កម្មវិធី ចំនួន ២២ ២៤៧ ២២៨ ០០០រៀល ស្មើនឹង ៥ ៥៦១ ៨០៧ ដុល្លារ។ នេះ​បើ​យោង​តាម​ក្រុម​ប្រឹក្សា​ជាតិ​គាំពារ​សង្គម។ 

កម្មវិធី​ផ្តល់​អាហារ​តាម​សាលារៀន​បាន​ចាប់ផ្តើម​អនុវត្ត​ដោយ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក (WFP) និង​ក្រសួង​អប់រំ​ក្រោម​ហិរញ្ញប្បទាន​ជំនួយ​ដៃគូ​អភិវឌ្ឍន៍ ដោយ​ចាប់​ផ្ដើម ៦៤សាលា ដែល​មាន​អ្នក​ទទួល​ផល ៣៧ ៥០០នាក់ ចាប់​តាំង​ពី​ឆ្នាំ ១៩៩៩។ 

នៅ​ប្រទេស​កម្ពុជា មាន​សាលារៀន​គោលដៅ​សរុប​ចំនួន ១ ១១៤សាលា ក្នុង​ខេត្ត​ចំនួន ១០​ទូទាំង​ប្រទេស និង​មាន​សិស្ស​ទទួល​ផល​សរុប​ប្រមាណ ៣០០ ០០០នាក់។ ដំបូង​ត្រូវ​បាន​អនុវត្ត​ដោយ WFP ក្រោម​ហិរញ្ញប្បទាន​របស់​មូលនិធិ McGovern-Dole និង​ក្រសួង​កសិកម្ម​សហរដ្ឋ​អាមេរិក។ នៅ​ឆ្នាំ​សិក្សា ២០១៩-២០២០ កម្មវិធី​ផ្តល់​អាហារ​តាម​សាលារៀន ត្រូវ​បាន​ដាក់ឱ្យ​អនុវត្ត​ជា​កម្មវិធី​របស់​រាជរដ្ឋាភិបាល ក្រោម​ហិរញ្ញប្បទាន​ថវិការដ្ឋ ដោយ​យក​គំរូ​តាម​ការ​អនុវត្ត ប្រើប្រាស់​កសិផល​ក្នុង​សហគមន៍៕