ចំនួនអ្នកចូលទស្សនាសារមន្ទីរជាតិកើនឡើងរហូតដល់ ២០០០ នាក់នៅថ្ងៃឈប់សម្រាកខ្លះ បន្ទាប់ពីសារមន្ទីរបានតាំងរូបចម្លាក់ដែលទទួលបានមកវិញពីបរទេស។
សារមន្ទីរជាតិកំពុងរៀបចំផ្ទាំងព័ត៌មានបន្ថែមទៀតដើម្បីឲ្យអ្នកទស្សនាបានយល់ដឹងបន្ថែមអំពីសម្បត្តិវប្បធម៌របស់ខ្មែរដែលតាំងនៅទីនោះ។
សារមន្ទីរជាតិមានតាំងបង្ហាញវត្ថុបុរាណខ្មែររាប់ពាន់រូប ហើយចំនួននេះបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំដោយសារតែកម្ពុជាបន្តទទួលបានត្រលប់មកវិញនូវវត្ថុបុរាណដែលត្រូវបានគេលួចយកចេញ និងជួញដូរនៅក្រៅប្រទេស។ វត្ថុបុរាណដែលមកដល់ចុងក្រោយមានចំនួន ១៤រូបដែលត្រូវប្រគល់ត្រលប់មកពីសហរដ្ឋអាមេរិក។
ប៉ុន្តែ រូបចម្លាក់ដែលមកដល់កាលពីថ្ងៃទី៣ កក្កដា ទាំង១៤នេះ នឹងមិនត្រូវបានដាក់តាំងសម្រាប់សាធារណជនទស្សនាភ្លាមៗទេ ដោយត្រូវរង់ចាំការបញ្ជូនត្រឡប់មកបន្ថែមទៀត។ នេះបើតាមលោក ឆាយ វិសុទ្ធ ប្រធានសារមន្ទីរជាតិ។
បច្ចុប្បន្ននេះ រូបចម្លាក់ចំនួន ៩៩ ដែលត្រូវបានបញ្ជូនត្រលប់មកវិញកាលពីឆ្នាំមុនៗ កំពុងត្រូវបានដាក់តាំងជាមួយរូបចម្លាក់ និងវត្ថុសិល្បៈជាច្រើនទៀតរហូតដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ។
លោក វិសុទ្ធ ក៏ឲ្យដឹងដែរថា ចាប់តាំងពីការដាក់ឲ្យទស្សនានូវវត្ថុបុរាណដែលទទួលបានមកវិញពីថ្ងៃទី១៨ ខែមិថុនាមក ចំនួនអ្នកទស្សនានៅសារមន្ទីរបានកើនឡើងច្រើន ជាពិសេសយុវជន ហើយចំនួនដែលច្រើនជាងគេគឺនៅថ្ងៃចុងសប្ដាហ៍ ឬថ្ងៃឈប់សម្រាក។
លោកនិយាយថា៖ «ចំនួនភ្ញៀវក្នុងស្រុក ជាពិសេសយុវជនគឺកើនឡើងច្រើនមែនទែន គួរជាទីចាប់អារម្មណ៍។ ខ្ញុំមិនមានតួលេខប្រចាំថ្ងៃនេះ ប៉ុន្តែចំនួនអ្នកទស្សនាចុងសប្ដាហ៍គឺមានច្រើន ពី៨០០នាក់ទៅ១៥០០នាក់។ បើថ្ងៃសម្រាកអាចឡើងដល់ជាង ២០០០នាក់។ ខ្ញុំឃើញមានចំនួនកើនឡើងប្លែកមែនមួយរយៈចុងក្រោយនេះ។ ចំនួនក្មេងៗមកសារមន្ទីរ អាចថាគាត់មកតាមគ្នា។ គាត់មកមើល មកថត ខ្ញុំគិតថាជារឿងល្អ»។
ទោះបីជាចំនួនយុវជនចូលទស្សនាមានចំនួនច្រើនក៏ដោយ ពួកគេប្រហែលមិនសូវទទួលបានព័ត៌មានច្រើនអំពីសម្បត្តិវប្បធម៌ខ្មែរទាំងនោះទេ ដោយសារតែមិនមានព័ត៌មានលម្អិតសម្រាប់វត្ថុបុរាណនីមួយៗ និងមិនមានសេវាកម្មមគ្គុទ្ទេស៍សម្រាប់អ្នកទស្សនា ប្រសិនបើពួកគេមិនបានស្នើសុំមុន។
ចំពោះបញ្ហានេះ លោក វិសុទ្ធ ពន្យល់ថា៖ «យើងរៀបចំសម្រាប់តែការកក់មុន ហើយការងារបែបនេះគឺដូចគ្នាទៅនឹងសារមន្ទីរនានានៅលើពិភពលោកដែរ។ បើសិនជាគាត់ទៅមើលសារមន្ទីរហើយចង់បានមគ្គុទ្ទេសណែនាំ ត្រូវទាក់ទងមកសារមន្ទីរមុន ដូចជាផ្ញើសារមក ហើយខាងសារមន្ទីរនឹងរៀបចំមគ្គុទ្ទេសរង់ចាំ។ បើអត់មានការកក់ទេ យើងអត់ទាន់មានសេវាហ្នឹងទេ»។
លោកបន្តថា មានសារមន្ទីរតិចតួចដែលមានការរៀបចំមគ្គុទ្ទេស៍តាមថ្ងៃនិងតាមម៉ោងកំណត់ជាក់លាក់សម្រាប់អ្នកទស្សនា។ ប៉ុន្តែ សម្រាប់សារមន្ទីរជាតិ មិនទាន់មានការរៀបចំបែបនេះទេ។ យ៉ាងណាក៏ដោយ ដើម្បីបង្កើនចំណេះដឹងដល់អ្នកទស្សនា សារមន្ទីរកំពុងរៀបចំផ្ទាំងព័ត៌មានបន្ថែមទៀត។
លោកថា៖ «ឥឡូវនេះ ផ្ទាំងព័ត៌មាន យើងកំពុងធ្វើបណ្ដើរៗហើយ ទោះបីមិនទាន់បានគ្រប់គ្រាន់ យើងបានដាក់តាំងនិងកំពុងដំឡើងជាហូរហែ»។
ការចូលទស្សនាសារមន្ទីរជាតិសម្រាប់ពលរដ្ឋខ្មែរពេញវ័យមានតម្លៃត្រឹមតែ ៥០០រៀលប៉ុណ្ណោះ ប៉ុន្តែសម្រាប់យុវជនអាយុក្រោម១៨ឆ្នាំ ពួកគេអាចចូលទស្សនាដោយឥតគិតថ្លៃ។ សម្រាប់ភ្ញៀវបរទេសដែលមានអាយុពី ១០ ទៅ១៧ឆ្នាំ តម្លៃសំបុត្រ ៥ដុល្លារ ចំណែកមនុស្សពេញវ័យចាប់ពី១៨ឆ្នាំឡើងទៅតម្លៃ ១០ដុល្លារ៕