កំពង់ស្ពឺៈ កម្ពុជា នាថ្ងៃទី៤ ខែកក្កដា បានរៀបចំពិធីជូនដំណើរកងកម្លាំងថែរក្សាសន្តិភាពមួកខៀវចំនួន ២៤៤នាក់ដែលត្រូវប្ដូរវេនទៅបំពេញបេសកកម្មថែរក្សាសន្តិភាពនៅអាហ្វ្រិកកណ្តាល ក្រោមក្របខ័ណ្ឌប្រតិបត្តិការថែរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ (UN)។
លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលធ្វើជាអធិបតីក្នុងពិធីនេះ នៅខេត្តកំពង់ស្ពឺ បានថ្លែងថា កងកម្លាំងទាំង ២៤៤នាក់ ដែលជាកងអនុសេនាធំកងវិស្វកម្មលេខ ៤៦៨ត្រូវបានត្រួតពិនិត្យសុខភាព និងបានហ្វឹកហ្វឺនជំនាញច្បាស់លាស់មុននឹងត្រូវបានចាត់បញ្ជូនទៅបំពេញបេសកកម្មថែរក្សាសន្តិភាពនេះ។
លោក សុខ ចិន្តាសោភា ដែលជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលការបញ្ជូនកងកម្លាំងរក្សាសន្តិភាព បានណែនាំឱ្យកងកម្លាំងទាំងនេះត្រូវបង្កើនសាមគ្គីភាពល្អ និងអនុវត្តបទបញ្ជាកងកម្លាំង ដើម្បីបង្កើនកិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ។
លោកស្រី Kristin Parco អ្នកសម្របសម្រួលអង្គការសហប្រជាជាតិស្ដីទីត្រូវបានស្រង់សំដីចុះផ្សាយក្នុងហ្វេសប៊ុកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព (NPMEC) ថា ការចាកចេញរបស់កងកម្លាំងទាំងអស់នេះ គឺជាការបញ្ជាក់ឡើងវិញនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការរក្សាស្មារតីនៃធម្មនុញ្ញអង្គការសហប្រជាជាតិ សន្តិភាព សេចក្ដីថ្លៃថ្នូរ និងវិបុលភាពសម្រាប់ទាំងអស់គ្នា។ ភាពក្លាហានរបស់ពួកគេនឹងបំផុសគំនិតអ្នកដទៃឱ្យអនុវត្តដូចគ្នា។
លោកស្រីថ្លែងថា៖ «អង្គការសហប្រជាជាតិ សូមកោតសរសើរយ៉ាងខ្លាំងចំពោះភាពក្លាហាន និងការលះបង់របស់អស់លោក។ នៅពេលអស់លោកចូលរួមបំពេញបេសកកម្មក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅប្រទេសអាហ្វ្រិកកណ្ដាល និងរួមចំណែកដល់សន្តិភាព និងសន្តិសុខសកល សូមអស់លោកចងចាំថា អស់លោកចាកចេញទៅជាមួយនឹងអំណរគុណយ៉ាងជ្រាលជ្រៅ និងការគោរពខ្ពស់បំផុតរបស់ពួកយើង»។
លោក សែម សុវណ្ណនី អគ្គនាយក NPMEC ថ្លែងក្នុងពិធីនេះថា ក្នុងរយៈពេល១៨ឆ្នាំមកនេះ កម្ពុជាបានបញ្ជូនកងកម្លាំងសរុបប្រមាណ ៩ ៥៧០នាក់ទៅបំពេញបេសកកម្មថែរក្សាសន្តិភាពអង្គការសហប្រជាជាតិចំនួន១២បេសកកម្មនៅតាមបណ្ដាចំនួន១០ប្រទេស ដោយធ្វើការងារលើជំនាញបោសសម្អាតមីន វិស្វកម្មសំណង់ផ្ដេក-បញ្ឈរ មន្ទីរពេទ្យកម្រិត២ វិស្វកម្មព្រលានយន្តហោះ កម្ទេចគ្រាប់មិនទាន់ផ្ទុះ និងសង្កេតការណ៍យោធា។
ប្រទេសទាំង១០នោះ រួមមាន សាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ លីបង់ សាយប្រើស ស៊ីរី អាហ្វ្រិកកណ្ដាល ម៉ាលី យ៉េមែន និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។
លោក សែម សុវណ្ណនី បន្តថា បច្ចុប្បន្ន កម្ពុជាមានកងកម្លាំងមួកខៀវប្រមាណ ៦២៧នាក់ដែលបាន និងកំពុងបំពេញបេសកកម្មតាមបណ្ដាប្រទេសកំពុងមានជម្លោះចំនួន៤ រួមមាន ស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្ដាល និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ៕