តាកែវៈ អភិបាលខេត្តតាកែវថ្មី លោក វ៉ី សំណាង បានបញ្ជាឱ្យជំនាញពាក់ព័ន្ធពាក់ក្រោមឱវាទទាំងអស់ ត្រូវដោះផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរចោលទាំងអស់នៅក្នុងភូមិសាស្រ្តខេត្តតាកែវ ដើម្បីចូលរួមលើកកម្ពស់សុខមោលភាពរបស់ពលរដ្ឋ។
ការដាក់បទបញ្ជានេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តជាលើកដំបូងនាថ្ងៃ៥ ខែកក្កដា ឆ្នាំ២០២៤នេះ។
លោកអភិបាលខេត្តតាកែវបានមានប្រសាសន៍ថា៖ «ការដាក់ចេញបទបញ្ជាទម្លាក់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរចោលនេះ ក្នុងគោលដៅចូលរួមលើកកម្ពស់សុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសទៅលើកុមារតែម្តងព្រោះវាអាចជះឥទ្ធិពលមិនល្អទៅដល់កុមារ ហើយអាចឈានទៅដល់ការផឹកគ្រឿងស្រវឹងទាំងនេះទៀត»។
លោក វ៉ី សំណាង ជាអតីតអភិបាលខេត្តកំពង់ស្ពឺ ដែលលោកត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលខេត្តតាកែវកាលពីថ្ងៃទី១ ខែកក្កដា ដើមសប្តាហ៍នេះ។ លោកអភិបាលក៏ធ្លាប់បញ្ជាឱ្យមន្រ្តីពាក់ព័ន្ធដោះផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរនៅតាមទីសាធារណៈផងដែរ កាលពីលោកនៅជាអភិបាលខេត្តកំពង់ស្ពឺ។
ក្រៅពីនោះ លោកអភិបាលក៏បានណែនាំដល់ មន្ទីរពាណិជ្ជកម្មខេត្ត ជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវជូនដំណឹងទៅដល់ក្រុមហ៊ុនស្រាបៀរ ដែលកំពុងតែដាក់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀររបស់ខ្លួនលើដីសាធារណៈរបស់រដ្ឋឱ្យដោះចោលទាំងអស់ ឬអាចប្តូរមកវិញនូវការលើកផ្ទាំងផ្សាយរបស់ខ្លួនដែលទាក់ទងនឹងសុខភាពប្រជាពលរដ្ឋ ខ្លឹមសារអប់រំល្អៗ ឬក៏ដាក់ផ្សាយជាទឹកសុទ្ធជំនួសវិញ។ នេះបើយោងតាមរដ្ឋបាលខេត្តតាកែវ។
លោកអភិបាលបានប្រកាសក្នុងឱកាសនោះថា៖ «ក្នុងនាមរដ្ឋបាលខេត្តតាកែវ គឺហាមឃាត់ខាតចំពោះការដាក់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ជាប្រភេទគ្រឿងស្រវឹង គ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ ហើយការផ្សព្វផ្សាយប្រភេទនេះក៏មិនមាននៅក្នុងគំនិតរបស់គណៈអភិបាលខេត្តតាកែវនោះទេ ជាពិសេស រាល់ការផ្សព្វផ្យាយដែលប៉ះពាល់ទៅដល់សុខភាពរបស់ប្រជាពលរដ្ឋគឺមិនបានដាច់ខាត»។
នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាលខេត្តតាកែវនាពេលនោះ លោក វ៉ី សំណាង បានប្ដេជ្ញាចិត្តជំរុញការផ្តល់សេវាសាធារណៈឱ្យមានប្រសិទ្ធភាព និង គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការប្រយុទ្ធប្រឆាំងគ្រឿងញៀន កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការកៀរគរអ្នកវិនិយោគអភិវឌ្ឍន៍ខេត្ត ការងារសប្បុរសធម៌ កសាងរៀបចំហេដ្ឋារចនាសម្ព័ន្ធខេត្ត និង ការគោរពច្បាប់ លិខិតបទដ្ឋានគតិយុត្តរបស់រាជរដ្ឋាភិបាល និង គោរពរដ្ឋធម្មនុញ្ញ ជាតិ សាសនា និងព្រះមហាក្សត្រផងដែរ។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពបានយល់ឃើញថា ការបញ្ជាឱ្យដោះផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរចោលនេះគឺជាគំរូមួយយ៉ាងល្អ ហើយជាមនុស្សម្នាក់ ដែលតំណាងឱ្យសីលធម៌មួយនៅក្នុងការផ្តល់នូវក្តីសង្ឃឹមទៅដល់កុមារ យុវជនក៏ដូចជាសាធារណជនទូទៅ។ នេះបង្ហាញពីកិច្ចខិតខំប្រឹងប្រែងយ៉ាងពិតប្រាកដនៅក្នុងការជួយកាត់បន្ថយហិង្សាចំពោះស្រ្តី និង កុមារ ដែលពាក់ព័ន្ធនឹងគ្រឿងស្រវឹង ក៏ដូចជា ការលើកកម្ពស់គោលនយោបាយភូមិឃុំមានសុវត្ថិភាពផងដែរ។
លោកបានបញ្ជាក់ថា៖ «យើងឃើញថាក្រៅពីគាត់ មិនមានអ្នកណាធ្វើដូចគាត់អញ្ជឹងទេ។ តាមខេត្តមួយៗដាក់ផ្ទាំងស្រាបៀរប៉ុណ្ណាប៉ុណ្ណី។ គ្រាន់តែថា ខ្លះដាក់តិច ខ្លះដាក់ច្រើនតែប៉ុណ្ណឹងទេ។ នេះជារឿងដ៏គួរឱ្យរីករាយ និងអបអរសាទរ»។
លោក គិមអេង សង្ឃឹមថា ការទម្លាក់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរនេះនឹងធ្វើឱ្យខេត្តដទៃទៀតយកជាគំរូតាម ដើម្បីសុវត្ថិភាព និងសន្តិសុខរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ និង ដើម្បីកាត់បន្ថយផលប៉ះពាល់ពីគ្រឿងស្រវឹង ក៏ដូចជាកាត់បន្ថយជំងឺជាង ២០០មុខ ដែលអង្គការសុខភាពពិភពលោកបានរកឃើញថា បណ្តាលពីការសេពគ្រឿងស្រវឹងនោះ៕