សមត្ថកិច្ចរាជធានីភ្នំពេញបន្តពង្រឹងសន្តិសុខនៅតាមផ្ទះជួល ដោយតម្រូវឲ្យម្ចាស់ផ្ទះជួលយកប្រវត្តិរូបអ្នកជួលប្រគល់ជូនអាជ្ញាធរមូលដ្ឋាន និងកិច្ចសហការមួយចំនួនទៀត។
នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ សមត្ថកិច្ចខណ្ឌចម្ការមនបានសហការជាមួយកម្លាំងប៉ុស្តិ៍ទន្លេបាសាក់ និង គណៈបញ្ជាការឯកភាព សង្កាត់ទន្លេបាសាក់ បានចុះធ្វើការត្រួតពិនិត្យ រដ្ឋបាលតាមផ្ទះដែលមានបន្ទប់ជួលចំនួន ១៣ខ្នងផ្ទះ ស្ថិតនៅក្រុមទី៤០ ភូមិ៨។
ការត្រួតពិនិត្យចំនួន១៣ខ្នងផ្ទះនេះមានអ្នកជួលសរុបចំនួន ៤៧ នាក់ ប្រុសចំនួន ២៧នាក់ដែលសុទ្ធតែជាជនជាតិខ្មែរ។ សមត្ថកិច្ចបានណែនាំដល់ម្ចាស់ផ្ទះឲ្យជួយសហការ និងរាយការណ៍មកសមត្ថកិច្ចនូវរាល់ការសង្ស័យទៅលើជនណាម្នាក់ដែលខុសប្រក្រតី។
សមត្ថកិច្ចក៏ណែនាំឲ្យម្ចាស់ផ្ទះបំពាក់កាំមេរ៉ាសុវត្ថិភាព បំពង់ពន្លត់អគ្គិភ័យ ជាពិសេសរាល់អ្នកជួលត្រូវយកប្រវត្តិរូបគាត់ប្រគល់ជូនអាជ្ញាធរក្នុងមូលដ្ឋាន។
លោក សំ វិច្ឆិកា អ្នកនាំពាក្យនគរបាលរាជធានីភ្នំពេញបានថ្លែងថា ការងារនេះធ្វើឡើងតាមផែនការចាស់ក្នុងសកម្មភាពថ្មី។
លោកថា លោក ជួន ណារិន្ទ អគ្គស្នងការរង ស្នងការរាជធានីភ្នំពេញបានដាក់បទបញ្ជាលើការគ្រប់គ្រងត្រួតពិនិត្យ តាមដានសកម្មភាពការចូលមករស់នៅឬស្នាក់នៅបណ្ដោះអាសន្ន។
លោកថ្លែងថា៖ «ទាំងនេះដើម្បីធានាការគ្រប់គ្រងនូវសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ក្នុងមូលដ្ឋានជាពិសេសរាជធានីភ្នំពេញឲ្យកាន់តែល្អប្រសើរ នៅគ្រប់ប៉ុស្តិ៍រដ្ឋបាលទាំង ១០៥»។
លោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងថា ការត្រួតពិនិត្យរដ្ឋបាលបែបនេះត្រូវបានអនុញ្ញាតដោយច្បាប់ដោយអាជ្ញាធរ និង សមត្ថកិច្ចអាចត្រួតពិនិត្យនៅតាមផ្ទះជួល។ ប៉ុន្តែកិច្ចការនេះមិនមែនជាការឆែកឆេរដែលធ្វើដោយបង្ខំ ឬមានដីកាពីតុលាការ ឬពេលមានបទល្មើសជាក់ស្ដែងនោះទេ។
យ៉ាងណាក៏ដោយ ការត្រួតពិនិត្យនេះមិនធ្វើឡើងគ្រប់ទីកន្លែងទេ គឺនៅតែកន្លែងណាដែលមានភាពស្មុគស្មាញ ឬប្រឈមនឹងហានិភ័យផ្សេងៗ។ លោកស្នើឲ្យសមត្ថកិច្ចដែលចុះត្រួតពិនិត្យនេះអនុវត្តតាមបែបបទរដ្ឋបាល និងគោលការច្បាប់ឲ្យបានត្រឹមត្រូវ ចំណែកម្ចាស់ផ្ទះជួលវិញត្រូវសហការផ្ដល់ព័ត៌មានដើម្បីការពារហានិភ័យណាមួយ។
លោកបន្តថា៖ «យើងធ្វើក្នុងកម្រិតកិច្ចសហការគ្នាដើម្បីគ្រប់គ្រង ព្រោះនៅតាមផ្ទះជួលយើងដឹងស្រាប់ហើយថា យើងមិនដឹងថាមានអ្នកស្នាក់នៅប៉ុន្មាននាក់ទេ ខុសពីនៅតាមផ្ទះរៀងៗខ្លួនដែលយើងដឹងថាមរយៈសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ»៕