
ភេរោមច្រមុះ នៅក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង។ រូបថត Fauna & Flora - Cambodia Programme
កោះកុងៈ ក្រោយពីការស្រាវជ្រាវថ្មីមួយបានរកឃើញវត្តមានសត្វជាង ៧០០ប្រភេទនៅក្នុងតំបន់ព្រៃកោងកាងជាងទំហំជាង ៣ម៉ឺនហិកតាក្នុងខេត្តកោះកុងរួចមក មន្រ្តីបរិស្ថានកំពុងតែស្វែងរកដៃគូ ដើម្បីសហការគ្នាជួយពង្រឹងប្រសិទ្ធភាពអភិរក្សធនធានធម្មជាតិនៅតំបន់នោះឱ្យរឹងមាំថែមទៀត។
ការសិក្សាស្រាវជ្រាវលើកដំបូងស្តីពីជីវៈចម្រុះនៅតំបន់ព្រៃកោងកាងនៃប្រទេសកម្ពុជានេះត្រូវបានដឹកនាំដោយអង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា និងសហគ្រាសហ្វីស៊ីងខេត (Cambodian Fishing Cat Project) ក្រោមកិច្ចសហការជាមួយក្រសួងបរិស្ថាន។
ការសិក្សាស្រាវជ្រាវ ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះត្រូវបានធ្វើឡើងនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោបទំហំ ២៣ ៧៥០ហិកតា និងរ៉ាមសារកោះកាពិ ទំហំ ១២ ០០០ហិកតា ដែលនៅជិតគ្នា។ បើគិតបញ្ជូលគ្នា តំបន់ទាំងពីរនេះមានផ្ទៃដីព្រៃកោងកាងធំបំផុតនៅក្នុងប្រទេស និងជាតំបន់មួយក្នុងចំណោមតំបន់ធំបំផុតនៅអាស៊ីអាគ្នេយ៍ដីគោក។
គោលបំណងនៃការសិក្សានេះគឺដើម្បីពិនិត្យឡើងវិញនូវព័ត៌មានដែលមានស្រាប់ និងវាយតម្លៃភាពចម្រុះនៃរុក្ខជាតិនៅក្នុងប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាងក្នុងដែនជម្រកសត្វនេះ។ បញ្ជីប្រភេទរុក្ខជាតិដែលបានធ្វើបច្ចុប្បន្នភាពនៅក្នុងតំបន់នេះ នឹងផ្តល់ទិន្នន័យមូលដ្ឋានសម្រាប់ការគ្រប់គ្រង និងកិច្ចខិតខំប្រឹងប្រែង អភិរក្សព្រៃកោងកាងនៅកន្លែងនោះ។
របាយការណ៍នេះបង្ហាញពីការស្ទង់មតិពីជីវចម្រុះគ្រប់ជ្រុងជ្រោយលើកដំបូង នៃផ្ទៃដីព្រៃកោងកាងដ៏ធំបំផុតរបស់កម្ពុជា។ ការរកឃើញនេះផ្តល់ជាចំណេះដឹងមូលដ្ឋានអំពីជីវៈចម្រុះក្នុងតំបន់នោះ ហើយរំពឹងថានឹងអាចរកឃើញប្រភេទសត្វថ្មីៗបន្ថែមទៀតក្នុងការសិក្សាស្រាវជ្រាវនាពេលអនាគត។
របាយការណ៍ស្ទង់មតិនេះបង្ហាញពីសារៈសំខាន់នៃព្រៃកោងកាងសម្រាប់រុក្ខជាតិ និងប្រភេទសត្វជាច្រើនប្រភេទ ចាប់ពីប្រចៀវ រហូតដល់សត្វឆ្អឹងខ្នង, សត្វស្លាប និង បង្ហាញពីតម្រូវការចាំបាច់ក្នុងការការពារព្រៃកោងកាងដែលមានអាយុកាលចំណាស់នៅកម្ពុជា និងជុំវិញពិភពលោក។
អង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជាបានបញ្ជាក់ថា៖ «ការស្រាវជ្រាវថ្មីបានរកឃើញវត្តមានសត្វជាង ៧០០ ប្រភេទនៅក្នុងតំបន់ព្រៃកោងកាងនៃប្រទេសកម្ពុជាដូចជា សត្វស្វាក្តាមជាប្រភេទជិតផុតពូជ សំពោចធំ ភេរោមច្រមុះ និងខ្លាត្រីជាប្រភេទងាយរងគ្រោះ»។

ខ្លាត្រីជាប្រភេទងាយរងគ្រោះ។ រូបថត Fauna & Flora - Cambodia Programme
ក្រៅពីបង្ហាញពីតម្លៃព្រៃកោងកាងសម្រាប់ទាំងមនុស្ស និងធម្មជាតិ របាយការណ៍ក៏បានបង្ហាញពីប្រភេទត្រីចំនួន ៧៤ ប្រភេទដែលរស់នៅក្នុងតំបន់ស្ទង់មតិ ដែលភាគច្រើនមានសារៈសំខាន់ពាណិជ្ជកម្មសម្រាប់អ្នកនេសាទក្នុងស្រុក។
លើសពីនោះ សត្វស្លាបសរុបចំនួន ១៥៧ប្រភេទ ក្នុងនោះមាន ១៥ប្រភេទ ដែលចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាសត្វជិតរងការគំរាមកំហែងដល់ជិតផុតពូជនោះ ត្រូវបានកត់ត្រាក្នុងតំបន់នោះផងដែរនាប៉ុន្មានឆ្នាំចុងក្រោយនេះ។ នេះបានបង្ហាញពីសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការអភិរក្សសត្វស្លាប។
លទ្ធផលដែលបានផ្តល់ជូនក្នុងរបាយការណ៍នេះ បញ្ជាក់ពីតម្លៃអភិរក្សព្រៃកោងកាង ដែលអាចបម្រើដល់ការពង្រឹងការគ្រប់គ្រងតំបន់កាន់តែរឹងមាំក៏ដូចជាការផ្តល់ជាគំនិតផ្តួចផ្តើម ដូចជា ទេសចរណ៍ធម្មជាតិ និងការស្រាវជ្រាវបន្ថែម។
ទោះយ៉ាងណា ការសិក្សានេះក៏បានលើកឡើងពីភាពចាំបាច់នៅក្នុងសកម្មភាពការពារ និងល្បាត ដែលគួរតែត្រូវបានធ្វើឡើងជាទៀងទាត់ផងដែរ ដើម្បីឱ្យប្រាកដថាមិនមានការរំខានបន្ថែមទៀតដល់តំបន់ទាំងនេះ។

សត្វស្វាក្តាមជាប្រភេទជិតផុតពូជ។ រូបថត Fauna & Flora - Cambodia Programme
លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានឱ្យដឹងថា មន្ទីរនិងក្រសួងបរិស្ថានបានសហការនៅក្នុងការសិក្សាស្រាវជ្រាវនោះ បើទោះបីជាកន្លងមកមានការរកឃើញប្រភេទសត្វផ្សេងៗជាបន្តបន្ទាប់យ៉ាងណាក៏ដោយ។ ទោះយ៉ាណា ទៅថ្ងៃមុខក៏ត្រូវការមានការសិក្សាលម្អិតបន្ថែមជាងនេះទៀតផងដែរ។
លោកបានបន្តថា នាពេលបច្ចុប្បន្ននេះ មន្ទីរ ក៏ដូចជាក្រសួងបរិស្ថានកំពុងតែខិតខំការពារ និង អភិរក្សតំបន់ទាំងនោះ ព្រោះថា ប្រភេទសត្វមួយចំនួនដែលងាយរងគ្រោះក៏មានវត្តមាននៅទីនោះដែរ។
លោកលើកឡើងថា៖ «បច្ចុប្បន្ន យើងកំពុងតែពង្រឹងការអនុវត្តច្បាប់ ហើយនឹងធ្វើការអភិរក្សឱ្យបានហ្មត់ចត់ និងផ្សព្វផ្សាយដល់សហគមន៍មូលដ្ឋានដើម្បីឱ្យគាត់ចូលរួមផងដែរ ពិសេសគឺពលរដ្ឋរស់នៅក្នុងនិងក្បែរតំបន់ការពារចូលរួមការពារជាមួយគ្នា»។
លោកបានអះអាងថា នៅតំបន់ទាំងនោះមិនទាន់មានបទល្មើសចាប់សត្វណាមួយគួរឱ្យកត់សម្គាល់នៅឡើយទេ បើទោះបីជាពេលខ្លះមានបទល្មើសម្តងម្កាលក្នុងទ្រង់ទ្រាយតូចតាច។ មន្ទីរបរិស្ថានក៏កំពុងតែ ស្វែងរកដៃគូ ដើម្បីសហការគ្នាជួយពង្រឹងប្រសិទ្ធភាពក្នុងការការពារតំបន់ទាំងនោះផងដែរ។
លោកបានថ្លែងដូច្នេះថា៖«កំពុងតែស្វែងរកដៃគូណា ដើម្បីជួយលើការងារហ្នឹង ដើម្បីពង្រឹងប្រសិទ្ធភាពឱ្យរឹងមាំថែមទៀត..បើរកបានដៃគូមួយក៏ជាការល្អដែរ។ បច្ចុប្បន្ន នៅនេះមន្ទីរ [បរិស្ថាន] និងសហគមន៍មូលដ្ឋាន យើងរួមគ្នាការពារ ល្បាតជាប្រចាំហើយលូវនេះ»៕