ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា-ជប៉ុន(JBAC) បានចុះ​អនុស្សរណៈ​យោគយល់​គ្នា (MoU) បង្កើន​កិច្ច​សហប្រតិបត្តិការ​លើ​ការ​ចុះ​កម្មសិក្សា​ដើម្បី​គាំទ្រ​ដល់​ការ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ។ 


MoU នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​រវាង​លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​លោក Fukuhara Koji ប្រធាន​សមាគម JBAC នា​ថ្ងៃទី​៩ កក្កដា នៅ​ទីស្ដីការ​ក្រសួង​ការងារ។

MoU នេះ​មាន​គោលបំណង​បង្កើន​កិច្ច​សហប្រតិបត្តិការ​លើ​ការ​បណ្ដុះបណ្ដាល​ជំនាញ បង្កើន​សមត្ថភាព និង​ការ​ផ្លាស់ប្ដូរ​ជំនាញ​ដើម្បី​បង្កើន​ផលិតភាព​ការងារ​ដល់​កម្លាំង​ពលកម្ម​យុវជន​កម្ពុជា និង​យុវជន​គោលដៅ​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ដើម្បី​អាច​ទទួល​បាន​ការងារ​ដែល​មាន​ស្ថិរភាព និង​មាន​ប្រាក់​ចំណូល​សមរម្យ។


លោក Fukuhara ថ្លែង​ថា ការ​ចុះ​MoU នេះ​នឹង​បើក​ផ្លូវ​ឱ្យ​មាន​ការ​ចុះ​កម្មសិក្សា​ពី​សិក្ខាកាម​ជំនាញ​នៅ​ក្រុមហ៊ុន​ជប៉ុន​ដែល​មាន​វត្តមាន​នៅ​កម្ពុជា​ដែល​ជា​យន្តការ​ពង្រឹង​សមត្ថភាព និង​ការ​ទទួល​បាន​ចំណេះដឹង និង​ជំនាញ​ពី​ក្រុមហ៊ុន​ជប៉ុន។

ថ្លែង​ក្នុង​ពិធី​ចុះMoU នេះ លោក ហេង សួរ បាន​ជំរុញ​ឱ្យ​សហគ្រិន​ជប៉ុន​បញ្ជូន​បុគ្គលិក​របស់​ខ្លួន​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ពង្រឹង​សមត្ថភាព​ដើម្បី​បង្កើន​ផលិតភាព​ការងារ​ជាមួយ​នឹង​កាលវិភាគ​ដែល​មាន​ភាព​បត់បែន​ក្នុង​កម្មវិធី​បណ្ដុះបណ្ដាល​ថ្នាក់​ជាតិ​របស់​រាជ​រដ្ឋាភិបាល​ដោយ​ឥត​គិត​ថ្លៃ។


លោក​បន្ថែម​ថា៖ «ការ​ចុះ​កម្មសិក្សា​នេះ គឺ​មិន​ត្រឹមតែ​ជា​ការ​បណ្ដុះបណ្ដាល​សមត្ថភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ការ​រៀន​សូត្រ​ពី​បរិយាកាស​ក្នុង​កន្លែង​ការងារ​បន្ទាប់​ពី​ការ​សិក្សា​ក្នុង​សាលា​ផង​ដែរ»។ 

ការ​ចុះ​MoU​រវាង​ភាគី​ទាំង​២​នេះ​គឺ​ជា​ការ​ចុះMoU ថ្មី​មួយ​បន្ថែម​ទៀត បន្ទាប់​ពី​ក្រសួង​ការងារ បាន​ចុះ​MoU ជាមួយ​សភា​ពាណិជ្ជកម្ម​កម្ពុជា និង​សមាគម​និយោជក​ចំនួន​១៧​ស្ថាប័ន​កាល​ពីខែ​វិច្ឆិកា ឆ្នាំ២០២៣ ដើម្បី​ផ្ដល់​ឱកាស​យុវជន​កម្ពុជា​ដែល​បាន​សិក្សា​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ អាច​ចូល​ធ្វើការ​ដើម្បី​ដកស្រង់​បទពិសោធន៍​ជាក់ស្ដែង។

ក្រសួង​ការ​ងារ​បញ្ជាក់​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នា​ថ្ងៃទី​៩ កក្កដា ថា កិច្ច​សហ​ប្រតិបត្តិការ​រវាង​ភាគី​ទាំង​២​នេះ​នឹង​ផ្ដល់​វិសាលភាព​ធំ​ទូលាយ​លើ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​លើ​គ្រប់​វិស័យ ដែល​នឹង​ផ្ដោត​លើ​ការ​ធ្វើ​សិក្ខាសាលា ការ​ចុះ​កម្ម​សិក្សា​របស់​សិក្ខាកាម​នៃ​វគ្គ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​សកម្មភាព​សំខាន់ៗ​ផ្សេងទៀត​ដែល​ផ្ដល់​ផល​ប្រយោជន៍​សម្រាប់​ការ​ពង្រឹង​សមត្ថភាព ផលិត​ភាព​ដើម្បី​បម្រើ​ទីផ្សារ​ការងារ​នៅ​កម្ពុជា៕