ក្រុងតាខ្មៅ៖ កាល​ពី​ថ្ងៃទី៣០ ខែកក្កដា លោក​វេជ្ជបណ្ឌិត ហ៊ីដេតុ យ៉ូស៊ីអូកា ប្រធាន​ទីប្រឹក្សា និង​ជា​ស្ថាបនិក​អង្គការ​បេះដូង​ជប៉ុន បាន​ថ្លែង​អំណរគុណ​ដល់​ព្រះសង្ឃ និង​​ប្រជាពលរដ្ឋ​កម្ពុជា ដែល​បាន​ចូលរួម​ក្នុង​ពិធី​បើកការដ្ឋាន​សាងសង់​មណ្ឌលព្យាបាល​​កុមារ​អាស៊ី។


ថ្វីត្បិត​តែ​ចំនួន​អ្នកចូលរួម​តិច​ជាង​ការ​រំពឹងទុក​ក៏​ដោយ ការ​ចាប់​ផ្តើម​សាងសង់​គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​សម្រាប់​វិស័យ​សុខាភិបាល​​របស់​ប្រទេស​កម្ពុជា ខណៈ​មណ្ឌល​នេះ​នឹង​ក្លាយ​ជា​គ្លីនិក​ជំងឺ​មហារីក​កុមារ​ដ៏​ធំ​ដំបូង​គេ។

លោកបាន​ឱ្យដឹងថា ​អង្គការ​បេះដូង​ជប៉ុន​ទទួល​បាន​ការ​ជួយ​ជ្រោមជ្រែង​យ៉ាង​កក់ក្តៅ​ដោយ​ផ្អែក​លើ​ទំនាក់ទំនង​មិត្តភាព​រវាង​ប្រទេស​ជប៉ុន និង​កម្ពុជា​រហូតមក​ដល់​ពេល​នេះ។


លោក យ៉ូស៊ីអូកា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ថា៖ «ការ​សាងសង់​មន្ទីរពេទ្យ​ថ្មី គឺ​ដើម្បី​សង្គ្រោះ​អាយុ​ជីវិត​កុមារ ហើយក៏​ជា​គម្រោង​ដ៏​សំខាន់​ក្នុងការ​បង្កើត​ឱកាស​ដល់​ពួកគេ​បាន​សម្រេច​ក្តី​ប្រាថ្នា​នាពេល​អនាគត​របស់​ពួកគេ​ផងដែរ»។​

ស្ថាបនិក​មន្ទីរពេទ្យ​ផ្ដោតលើ​ជំងឺ​មហារីក​កុមារ​រូប​នេះ បាន​បន្ដថា​៖ «​យើងខ្ញុំ​សូម​ប្តេជ្ញាចិត្ត​ថា​នឹង ផ្តល់​សេវា​ថែទាំ​វេជ្ជសាស្ត្រ ប្រកបដោយ​គុណភាព​ខ្ពស់បំផុត ហើយ​អ្នកជំងឺ​កុមារ​ទាំងអស់​នឹងមាន​សិទ្ធ​ទទួលបាន​ការ​ព្យាបាល​ដោយ​ស្មើភាព​គ្នា នៅ​មន្ទីរពេទ្យ​ថ្មី​នេះ»។​


លោក គួយ ប៊ុនធឿន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកណ្តាល​ក៏​បាន​ថ្លែង​ក្នុង​ពិធី​នេះ​ ដោយ​បាន​លើកឡើង​ពី​ផែនការ​យុទ្ធសាស្ត្រ​សុខភាព ផ្តោតលើ​ការ​ផ្តល់​សេវា​ថែទាំ​សុខភាព​ប្រកប​ដោយ​គុណភាព សុវត្ថិភាព ប្រសិទ្ធភាព និង​សមធម៌​ជូន​ប្រជាពលរដ្ឋ​។​

លោកបន្តថា៖ «គម្រោង​នេះ​ស្របតាម​គោលដៅ​របស់​យើង​ក្នុងការ​អនុវត្ត​ប្រព័ន្ធ​សុខាភិបាល​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់»។

មណ្ឌល​ព្យាបាល​កុមារ​អាស៊ី នៃ​អង្គការ​បេះដូង​ជប៉ុន ​អគារ​មាន​ទំហំ ៨ពាន់​ម៉ែត្រការ៉េ​ កម្ពស់​៣​ជាន់ ១០០​បន្ទប់ ជាមួយ​​បន្ទប់​វះកាត់​ចំនួន ៤​ គ្រែ​សម្រាក​សរុបចំនួន​ ២០០ ដោយ​ប្រើប្រាស់​បុគ្គលិក​ប្រមាណ​១០០​នាក់​។​

ថវិកា​សរុប​សម្រាប់​ដំណើរការ ការងារ​គម្រោង​របស់​មន្ទីរពេទ្យ​ ជាង​ ១៣លាន​ដុល្លារ​អេ​មេ​រិ​ក សម្រាប់​រយៈពេល​៣​ឆ្នាំ ដែលមាន​ម្ចាស់ជំនួយ​គឺ​ការិយាល័យ​កណ្តាល​នៅ​ប្រទេស​ជប៉ុន និង​ការ​បរិច្ចាគ​ពី​សប្បុរសជន​ក្រៅប្រទេស និង​ក្នុងប្រទេស​។ 

មណ្ឌល​ព្យាបាល​កុមារ​អាស៊ី នៃ​អង្គការ​បេះដូង​ជប៉ុន ​អគារ​មាន​ទំហំ ៨ពាន់​ម៉ែត្រការ៉េ​ កម្ពស់​៣​ជាន់ ១០០​បន្ទប់ ជាមួយ​​បន្ទប់​វះកាត់​ចំនួន ៤​ គ្រែ​សម្រាក​សរុបចំនួន​ ២០០ ដោយ​ប្រើប្រាស់​បុគ្គលិក​ប្រមាណ​១០០​នាក់​។​ រូបថត សហការី

មន្ទីរពេទ្យ​នេះ​នឹង​ក្លាយជា​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ថ្មី​មួយ ដើម្បី​ផ្តល់​ការថែទាំ​វេជ្ជសាស្ត្រ​កម្រិត​ខ្ពស់ នៅក្នុង​ក្រុង​តាខ្មៅ។

លោក ប៊ុនធឿន បាន​ឱ្យ​ដឹងថា វាបាន​ចូលរួមចំណែក​បណ្តុះបណ្តាល និង​ចែករម្លែក​បទពិសោធន៍​បច្ចេក​ទេស​វេជ្ជសាស្ត្រ ពី​ក្រុម គ្រូពេទ្យ​ឯកទេស​​ជនជាតិ​ជប៉ុន ដល់​ក្រុមគ្រូពេទ្យ​កម្ពុជា ក្នុងការ​ពិនិត្យ និង​ព្យាបាល​​ជំងឺ​កុមារ​មហារីក និង​បង្កើន​បច្ចេក​ទស​ថែទាំ​សង្គ្រោះ​អាយុជីវិត​កុមារ​ឱ្យបាន​កាន់តែច្រើន​តាម​ល​ទ្ធ​ភាព​ដែល​អាចធ្វើ​បាន​។​

វា​ក៏​ជា​មជ្ឈមណ្ឌល​​បណ្តុះបណ្តាល និង​អប់រំ​បុគ្គលិក​ក្នុងស្រុក ​ក្នុង​ការ​​ផ្តល់​សេវា​ថែទាំ​ដល់​កុមារ ដើម្បី​កាត់បន្ថយ​អត្រា​មរណៈភាព​កុមារ​ពី​ជំងឺមិនឆ្លង​ក្នុង​ចំណោម​កុមារ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។​

លោក ប៊ុនធឿន បាន​និយាយថា​៖ «​មណ្ឌល​ព្យាបាល​កុមារ​អាស៊ី នៃ​អង្គការ​បេះដូង​ជប៉ុន គ្រោង​នឹង​ដំណើរ​ការ​សាងសង់​រយៈ​ពេល​១៥​ខែ បន្ទាប់ ពី​ធី​បញ្ចុះបឋមសិលា​នាពេលនេះ​(​សង់​រួចរាល់​អម្លុង​ខែតុលា ឆ្នាំ​២០២៥)»។ 

បន្ទាប់ពី​សាងសង់​រួច​ មណ្ឌល​នេះអាច​នឹងមាន​លទ្ធភាព​​ផ្តល់​ការពិនិត្យ និង​ពិគ្រោះ​ជំងឺ​ក្រៅ ប្រហែល​ ២​ម៉ឺន​នាក់ និង​អ្នកជំងឺ​វះកាត់​ ៣ពាន់​​ករណីរៀងរាល់​ឆ្នាំ​។​

លោក ប៊ុនធឿន បន្ដថា មណ្ឌល​ព្យាបាល​កុមារ​អាស៊ី​ ផ្តល់​លទ្ធភាព​ដល់​វេជ្ជបណ្ឌិត និង​គិលានុបដ្ឋាក ឆ្មប និង​បុគ្គលិក​សុខាភិបាល​ផ្សេងៗ​ទៀត នៅក្នុងមន្ទីរពេទ្យ​របស់ខ្លួន និង​មន្ទីរពេទ្យ​ជា​ដៃគូ ដើម្បី​បង្ហាញឱ្យឃើញ​នូវ​ប្រតិបត្តិការ និង​ការពិនិត្យ​អ្នកជំងឺប្រកបដោយ​បច្ចេកទេស និង​គុណភាព​កម្រិត​ខ្ពស់​។​

មណ្ឌល​ផ្ដល់​ការ​បណ្តុះបណ្តាល​ដល់​និស្សិត​វេជ្ជសាស្ត្រ ដើម្បីឱ្យ​ពួកគេ​​បញ្ចប់​ការសិក្សា​ប្រកបដោយ​គុណភាព​ខ្ពស់​ ​លើកកម្ពស់​ប្រព័ន្ធ​ថែទាំ​វេជ្ជសាស្ត្រ​នៅក្នុង​ប្រទេស ដោយ​ការរួម​សហការ​ជាមួយនឹង​មន្ទីរពេទ្យ​ដៃគូ​ និង​សហការគ្នា​រកឱ្យឃើញ​នូវ​រោគសញ្ញា​ជំងឺ​កើតឡើង​ដំបូង​នៃ​ជំងឺមហារីក​លើ​កុមារ និង​ធ្វើឱ្យ​ប្រសើរ ឡើង​នូវ​អត្រា​រស់រានមានជីវិត​ពី​ជំងឺមហារីក​ដល់​កុមារ​។​

លោក ប៊ុនធឿន បាន​បន្ថែមថា​៖ «ក្នុងនាម​មន្ទីរ​សុខាភិបាល​ខេត្ត និង​ខ្លួន​ខ្ញុំ​ផ្ទាល់ សូម​សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ អង្គការ​បេះដូង​ជប៉ុន ចំពោះ​បេសកកម្ម​ជាង​១៥​ឆ្នាំ​របស់ខ្លួន​ក្នុងការ​គាំទ្រ​សកម្មភាព​ផ្នែក​វេជ្ជសាស្ត្រនៅ​កម្ពុជា ដោយបាន​សហការ​បើក​ដំណើរការ​មន្ទីរពេទ្យ​មួយ​នៅក្នុង​មន្ទីរពេទ្យ​បង្អែក​ពញាឮ នៅ​ឆ្នាំ​២០១៦ និង​បាន​ចាប់ផ្តើម​បន្ថែម​ផ្តល់​សេវា​ព្យាបាល​ជំងឺមហារីក​នៅ​ឆ្នាំ​២០១៨ ដោយបាន​ផ្តល់នូវ​ការព្យាបាល​ដល់​អ្នកជំងឺ​ប្រមាណ ១០៧ ០៤៣​នាក់»។

វេជ្ជបណ្ឌិត ម៉ៃកុ កូជីរ៉ុ​ អ្នកឯកទេស​ខាង​ជំងឺឆ្លង នៅ​មន្ទីរពេទ្យ​បេះដូងជប៉ុន ​បាន​សង្កត់ធ្ងន់​លើ​ការប្តេជ្ញាចិត្ត​របស់​មន្ទី​រ​ពេទ្យ​ចំពោះ​ការថែទាំ​កុមារ ជាពិសេស​ក្នុងការ​វះកាត់ និង​ការព្យាបាល​កម្រិត​ខ្ពស់ ដោយ​មិន​គិតពី​ជនជាតិ ឬ​ប្រទេស​ដើម​របស់​អ្នកជំងឺ​ឡើយ​។​

​ពិធី​បើកការដ្ឋាន​សាងសង់​មណ្ឌលព្យាបាល​​កុមារ​អាស៊ី កាល​ពី​ថ្ងៃទី៣០ ខែកក្កដា។ រូបថត សហការី

អ្នកស្រីវេជ្ជបណ្ឌិត​ បាន​និយាយថា៖ «​មន្ទីរពេទ្យ​នឹងមាន​ឯកទេស​ក្នុង​ការថែទាំ​កុមារ ដោយ​ផ្តោតលើ​ការវះកាត់ និង​ការ​ព្យាបាល​កម្រិត​ខ្ពស់ គោល​បំណង​កាត់បន្ថយ​អត្រា​មរណភាព​របស់​កុមារ»។​

ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព ព្រះចៅអធិការ​វត្ត​និគ្រោធវ័ន គល់ទទឹង ដែល​បាន​និមន្ដ​ចូលរួម​ក្នុង​ពិធី​នេះ មាន​សង្ឃ​ដីកា​ថា ព្រះអង្គ​មាន​សេចក្តីសោមនស្ស​រីករាយ​ដែលអង្គការ​បេះដូង​ បើក​មន្ទីរ​ពេទ្យ​មួយទៀត​នៅ​ក្រុង​តាខ្មៅ ព្រោះ​ជាទី​តាំង​ងាយស្រួល​សម្រាប់​អ្នករស់នៅ​តំបន់​នោះ​។​

ព្រះ​តេជគុណមាន​សង្ឃដីកាថា៖​ «​អាត្មា​​សង្ឃឹមថា បេសកកម្ម​បង្កើត​មន្ទីរពេទ្យ​បេះដូង​ជប៉ុន សម្រាប់​កុមារ​​មហារីក នឹង​ផ្តល់​ផលប្រយោជន៍​យ៉ាងច្រើន​ដល់​ប្រជាពលរដ្ឋ ជាពិសេស​កុមារ​កម្ពុជា​»។​

ដោយ​ឆ្លុះបញ្ចាំង​ពី​ការធ្វើដំណើរ​នេះ លោកវេជ្ជបណ្ឌិត ហ៊ីដេតុ យ៉ូស៊ីអូកា បាន​ចែករំលែក​ការ​បំផុសគំនិត​របស់លោក​​សម្រាប់​ការ​ផ្តល់ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ​ដល់​ប្រទេស​កំពុងអភិវឌ្ឍន៍ បន្ទាប់ពី​បានឃើញ​ស្ថានភាព​ធ្ងន់ធ្ងរ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​ក្នុង​ឆ្នាំ១៩៩៥​។​

លោក​សង្កេតឃើញថា អត្រា​មរណភាព​កុមារ​ក្នុងប្រទេស​មីយ៉ាន់​ម៉ា ឡាវ និង​កម្ពុ​ជាមាន​កម្រិត​ខ្ពស់ ហើយ​សេវា​ព្យាបាល​មិន​គ្រប់គ្រាន់ និង​ត្រូវ​ចំណាយខ្ពស់។

លោក យ៉ូស៊ីអូកា បាន​និយាយថា៖​ «ជាមធ្យម​ ​ក្នុងចំណោមកុមារ​កើត​​មហារីក ១​ម៉ឺន​នាក់ មិនមាន​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​ដ៏​សាហាវ​បែបនេះសូម្បី​តែ​មួយ»។

លោក​បាន​កត់សម្គាល់ថា គ្រួសារ​ច្រើនតែ​ជួប​ការលំបាក​ផ្នែក​ហិរញ្ញវត្ថុ​នៅពេលដែល​កូន​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ ដោយសារ​ឪពុក ឬម្តាយ​ម្នាក់​ត្រូវ​ឈប់​ធ្វើការ​ដើម្បី​ផ្តល់​ការថែទាំ​។​

ដោយ​យល់​ពី​ទុក្ខលំបាក​របស់​ប្រជាជន​កម្ពុជា លោក យ៉ូស៊ីអូកា បានសម្រេច​ចិត្ត​ផ្តោតលើ​ការជួយ​កុមារ​។​

​លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​ចង់​សាងសង់​មន្ទីរពេទ្យ​មួយ​ដែល​អាច​ផ្តល់​សេវា​ព្យាបាល​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់ និង​ប្រជាជន​ក្រី​ក្រពី​ប្រទេស​ផ្សេងទៀត​»​។​

លោក​​បាន​បើក​ដំណើរការ​អង្គការ​ជំងឺ​បេះដូង​ជប៉ុន​ក្នុង​ឆ្នាំ២០០៤ និង​​បានចាប់ផ្តើម​ផ្តល់​ការព្យាបាល​នៅ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០០៨ ហើយ​ទីបំផុត​បាន​សាងសង់​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​នៅ​ឆ្នាំ ២០១៦​។

វិធីសាស្ត្រ​របស់លោក​​សង្កត់ធ្ងន់​ទៅលើ​ការរកឃើញ​រោគសញ្ញា​នៅ​ដំណាក់កាល​ដំបូង និង​អប់រំ​ឪពុកម្តាយ​អំពី​សញ្ញា​ព្រមាន​ដូចជា រូបរាង​មិនធម្មតា ហើម ដុំ​សាច់ ឬ​ក្អួត​ញឹកញាប់​។​

លោក យ៉ូស៊ីអូកា បាន​បញ្ជាក់ថា​៖ «យើងខ្ញុំ​ពិតជា​មាន​មោទនភាព​ណាស់ ចំពោះ​សមិទ្ធ​​ផល​ថ្មី​នេះ ជា​សក្ខីភាព​នៃ​មិត្តភាព​រវាង​ប្រទេស​ជប៉ុន និង​កម្ពុជា។ យើង​នឹង​ដើរ​រួមគ្នា​ទៅមុខទៀត ដើម្បី​សម្រេច​គោលដៅ​តាម​​ការរំពឹងទុក»៕