
ច្រកទ្វារជ័យនៃប្រាសាទអង្គរធំ។ រូបថត អាជ្ញាធរអប្សរា
ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា (ANA) បានប្រកាសផែនការរៀបចំឡើងវិញនូវច្រកទ្វារជ័យជាច្រកទ្វារសំខាន់សម្រាប់ភ្ញៀវទេសចរដែលមកទស្សនាអង្គរធំ ជារាជធានីប្រវត្តិសាស្ត្រនៃអាណាចក្រខ្មែរ។
លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា គោលដៅនាពេលអនាគត អាជ្ញាធរអប្សរាប្រែក្លាយទ្វារជ័យទៅជាទ្វារចូលដ៏សំខាន់ក្នុងការទស្សនាប្រាសាទអង្គរធំ ដោយសារទ្វារជ័យនេះ ជាច្រកទ្វារដ៏សំខាន់ដែលអតីតព្រះមហាក្សត្រ សម្ដេចតា យាងចេញចូលតាមទ្វារនេះ។
លោកបានថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «លទ្ធផលលើកទី៤៦ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅឥណ្ឌា» ថ្ងៃទី០១ ខែសីហានេះថា៖ «ផ្អែកលើការស្រាវជ្រាវ ដែលយើងឃើញមានផែ មានស្ពាន និងមានផ្លូវទាំងនេះ យើងបង្ហាញជាភ័ស្ដុតាងដល់ភ្ញៀវទេសចរដើម្បីឱ្យពួកគេទស្សនាបានយូរ»។
លោកបានលើកឡើងថា សព្វថ្ងៃនេះ មានការកក់ស្ទះនៅទន្លេអុំ ឬច្រកទ្វារខាងត្បូង ដោយសារភ្ញៀវទេសចរទស្សនាអង្គរវត្ដ និងឆ្លងកាត់អង្គរតូចទៅតាមច្រកទន្លេអុំ។ ប៉ុន្ដែផ្លូវដែលសំខាន់ជាងគេក្នុងការចូលប្រាសាទអង្គរធំ គឺច្រកទ្វារជ័យ ឬច្រកទ្វារខាងកើត។
លោកបានឱ្យដឹងថា៖ «ទ្វារជ័យមានចំណុចទាក់ទាញច្រើន។ ទីមួយ គឺជាផ្លូវចូលទៅព្រះបរមរាជវាំង ដែលព្រះករុណាប្រើប្រាស់ ទីពីរ នៅសងខាងផ្លូវ មានប្រាសាទធម្មនន្ទ ប្រាសាទចៅសាយទេវតា ប្រាសាទកែវ ហើយបន្ដទៅមុខមានកំពង់ទឹកមួយ នៅលើខ្នងបារាយណ៍ខាងកើត ដែលភ្ញៀវភាគច្រើនអត់បានដឹងទេ»។
ភ្ញៀវទេសចរនឹងបានដឹងថា ពេលសម្ដេចតាយាងចេញពីព្រះបរមរាជវាំង ទៅតាមផ្លូវណា កំពង់ផែ និងទូកយ៉ាងដូចម្ដេច។
លោក ពៅ បានបន្ដថា តាមការស្រាវជ្រាវដែលរកឃើញនូវអ្វីថ្មីៗទៀត អាជ្ញាធរអប្សរានឹងបង្ហាញដល់ភ្ញៀវទេសចរ។

ច្រកទ្វារជ័យនៃប្រាសាទអង្គរធំ។ រូបថត អាជ្ញាធរអប្សរា
លោកបានបញ្ជាក់ថា៖ «ការស្រាវជ្រាវកំពុងតែសិក្សាលម្អិតអំពីផ្លូវរបស់ទេសចរថា តើពួកគេគួរដើរលើផ្លូវបើសិនជាពួកគេមានពេលកន្លះម៉ោង ពេលទស្សនាប្រាសាទអង្គរវត្ដ ហើយតើគួរដើរផ្លូវណា ពេលពួកគេមានពេលមួយម៉ោងកន្លះ»។
មួយផ្នែកទៀត ភ្ញៀវទេសចរអាចទៅទស្សនាតាមសហគមន៍ ជាភូមិឋានបុរាណ ដែលមានប្រពៃណីទំនៀមទម្លាប់ដូនតារបស់ពួកគេ ខណៈទេសចរនឹងបានដឹងអំពីការរៀបចំពិធីតាមជំនឿរបស់អ្នកភូមិទាំងនោះ។
បន្ថែមពីការលើកតម្កើងច្រកទ្វារជ័យ គណៈកម្មការជាតិយូណេស្កូកម្ពុជា និងគណៈកម្មាធិការជាតិបេតិកភណ្ឌពិភពលោកបានលើកឡើងពីសក្ដានុពលក្នុងការបញ្ចូលបុរាណឋានមួយចំនួនទៀតទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកជាបន្ដបន្ទាប់ទៀត។
លោក ឈុំ ម៉េងហុង អគ្គលេខាធិការស្តីទីនៃគណៈកម្មការជាតិយូណេស្កូកម្ពុជា និងគណៈកម្មាធិការជាតិបេតិកភណ្ឌពិភពលោក បានឱ្យដឹងអំឡុងពេលសន្និសីទនោះថា ស្ថានីយបុរាណឋានមួយចំនួនត្រូវបានដាក់ចូលក្នុងបញ្ជីត្រៀមបេតិកភណ្ឌពិភពលោកសំខាន់ៗ ចំនួន ៧ រួមមាន សារមន្ទីរទួលស្លែង អង្គរបុរី បន្ទាយឆ្មា ឧត្ដុង្គ ភ្នំគូលែន ប្រាសាទព្រះខ័នកំពង់ស្វាយ និងបេងមាលា។
លោកបានថ្លែងថា៖ «បញ្ជីនេះ យើងមានតាំងពីឆ្នាំ១៩៩៣ មកម្លេះ ហើយយើងបានកែសម្រួលនៅក្នុងឆ្នាំ២០២០។ ប៉ុន្ដែនាពេលអនាគត ក្រសួងវប្បធម៌នឹងពិចារណាម្ដងថា តើយើងគួរតែរកស្ថានីយណាសំខាន់ៗដើម្បីដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌត្រៀម»។

ប្រាសាទចៅសាយទេវតា។ រូបថត អាជ្ញាធរអប្សរា
ក្រុមការងារបច្ចេកទេសបានពិចារណាទៅលើស្ថានីយមួយចំនួន ដូចជា ស្ថានីយល្អាងស្ពាន នៅបាត់ដំបង និងភ្នំឈ្ងោកនៅកំពតជាដើម។
សម្រាប់ការដាក់បញ្ចូលជាសម្បត្ដិបេតិកភណ្ឌនៅឆ្នាំក្រោយ រួមមាន សារមន្ទីរទួលស្លែង ស្ថានីយជើងឯក និង ម១៣ ដែលជាស្ថានីយនៃការចងចាំ។
លោក ម៉េងហុង បាននិយាយថា៖ «ស្ថានីយនៃការចងចាំ ដែលជាការដាក់បញ្ចូលក្នុងសម្បត្ដិបេតិកភណ្ឌពិភពលោកនេះ គឺជាការចុះបញ្ជីប្លែកមួយសម្រាប់កម្ពុជាសម្រាប់កិច្ចប្រជុំឆ្នាំក្រោយ»។
ក្រុមការងារក្រសួងវប្បធម៌ចាប់ផ្ដើមចងក្រងឯកសារចំពោះស្ថានីយចំនួនពីរទៀត គឺប្រាសាទបន្ទាយឆ្មា ដែលការចងក្រងអាចបញ្ចប់នៅចុងឆ្នាំនេះ និងអាចដាក់ស្នើនៅឆ្នាំ២០២៥ និងប្រាសាទអង្គរបុរី ដែលនៅត្រូវការពេលវេលាបន្ថែមទៀត។
សម័យប្រជុំលើកទី៤៦ របស់គណៈកម្មាការបេតិកភណ្ឌពិភពលោកនៅឥណ្ឌា បានធ្វើជាសាក្សីលើការចុះបញ្ជីបេតិកភណ្ឌពិភពលោកថ្មីចំនួន ២៤ ដែលក្នុងនោះមាន ១៩ វប្បធម៌ ៤ ធម្មជាតិ និង ១ អចលនទ្រព្យចម្រុះ៕