រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា ថ្លែង​ថា កិច្ច​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការ​ទប់ស្កាត់​និង​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ហាក់​មិន​ត្រូវ​បាន​ផ្ដល់​តម្លៃ ខណៈ​ដែល​លោក​ទទួល​ស្គាល់​ភាព​ខ្វះ​ចន្លោះ​ក្នុង​កិច្ចការ​នេះ។


ថ្លែងក្នុង​ពិធី​ប្រកាស​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នូវ​ផែនការ​យុទ្ធសាស្រ្ត​ជាតិ​ ស្តីពី​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​សម្រាប់​រយៈ​ពេល​៥ឆ្នាំ (២០២៤-២០២៨)» នៅ​ថ្ងៃទី១ ខែ​សីហានេះ លោក​ថ្លែង​ថា៖ ​«ពេល​ខ្លះ​រឿង​តែ​មួយ​ ប៉ុន្ដែ​ស្ដង់​ដារ​ពីរ​ក្នុង​ការ​វាយ​តម្លៃ ធ្វើ​ឲ្យ​ការ​ខិត​ខំប្រឹង​ប្រែង​របស់​យើង​គ្មាន​តម្លៃ»។

លោក​បញ្ជាក់​ថា៖ «ខ្ញុំ​ទទួល​ស្គាល់​ពី​ភាព​ខ្វះ​ខាត​ ប៉ុន្ដែ​សូម​ទទួល​យក​នូវ​អ្វី​ដែល​កម្ពុជា​ខិតខំ​ប្រឹង​ប្រែង​ដែរ កុំ​ឲ្យ​ឃើញ​តែ​ភាព​អវិជ្ជមាន​កើត​ឡើង ​ប្រទេស​ណា​ក៏​កើត​ឡើង​ដែរ​ សូម្បី​តែ​ប្រទេស​ជឿន​លឿន»។


លោក​បន្ត​ថា ស្ថានភាព​ជួញដូរ​មនុស្ស​នៅ​ប្រទេស​មួយចំនួន​ហាក់​ប្រហាក់​ប្រហែល​នឹង​កម្ពុជា​ដែរ ប៉ុន្តែ​គេ​ត្រូវ​បាន​វាយ​តម្លៃ​និង​ផ្ដល់​ចំណាក់​ថ្នាក់​ល្អ​ជាង។

លោក​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​ ដែល​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស (គ.ជ.ប.ជ) ក៏​បាន​បង្ហាញ​ពី​ការ​ប្រឹង​ប្រែង​របស់​កម្ពុជា ក្នុង​កិច្ច​សហការ​ជាមួយ​ប្រទេស​ជិត​ខាង​ដើម្បី​ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស គ្រឿង​ញៀន និង​អាវុធ​ជាតិ​ផ្ទុះ។


លោក​បាន​ជំរុញ​ឱ្យ​ថ្នាក់​ដឹកនាំ ​មន្ត្រី​គ្រប់​ក្រសួង ​ស្ថាប័ន​ អង្គទូត ​អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ វិស័យ​ឯកជន អង្គភាពសារព័ត៌មាន​ និង​ភាគីពាក់ព័ន្ធ​​ ចូលរួម​ផ្តល់​របាយការណ៍ និង​ព័ត៌មាន​«ពិត»​ពាក់​ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស​តាម​គ្រប់​មធ្យោបាយ ​ដើម្បី​ឈាន​ទៅ​បង្ក្រាប​បទល្មើស​បាន​ទាន់​ពេល​វេលា។

លោក​ថ្លែង​ថា៖ «ការ​ផ្តល់​របាយការណ៍​ និង​ព័ត៌មាន​ពិត ​មាន​សារៈ​សំខាន់​ក្នុង​ការ​តាម​ដាន​ សម្រេច​ចិត្ត ​តម្រង់​ទិស​ការងារ ​និង​បង្ក្រាប​ប្រភព​មេក្លោង​ជួយ​ដូរ​មនុស្ស​ឱ្យ​បាន​ទាន់​ពេល​វេលា និង​មាន​ប្រសិទ្ធភាព»។

លោក ស សុខា ថ្លែង​ប្រាប់​ដល់​អង្គទូត ​សង្គម​ស៊ីវិល និង​ថ្នាក់​ដឹកនាំ​ពី​ក្រសួង​ស្ថាប័ន​ដែល​ចូល​រួម​ថា ​អំពើ​ជួញ​ដូរ​មនុស្ស​ជា​ចរន្ត​នៃ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​សកល​ ដែល​ជន​ល្មើស​បាន​បង្កើត​ជា​បណ្តាញ​ប្រទាក់​ក្រឡា​គ្នា​យ៉ាង​រឹងមាំ ​បង្កប់​នៅ​គ្រប់​ទិសទី​ និង​មាន​លទ្ធភាព​កាន់​តែ​ធំ​ មធ្យោបាយ​កាន់​តែ​ទំនើប​ក្នុង​ការ​ប្រព្រឹត្ត​បទ​ល្មើស​តាម​គ្រប់​រូបភាព ​ជាពិសេស​ការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ដ៏ទំនើប ដើម្បី​អូស​ទាញ​ទឹក​ចិត្ត​ជន​រង​គ្រោះ។

លោក​​បន្ត​ថា ប្រព័ន្ធ​បច្ចេកវិទ្យា​ដ៏ទំនើប​នេះ​ក៏ជា​ទីកន្លែង​ដែល​ជនល្មើស​ងាយស្រួល​បិទ​បាំង​សម្មភាព​បំផុត​ផងដែរ។

លោក​ស្រី ជូ ប៊ុនអេង​ អនុ​ប្រធានអចិន្រ្តិយ៍​ គ.ជ.ប.ជ. បាន​ថ្លែង​ថា លោកស្រី​រំពឹង​ថា ផែនការ​យុទ្ធសាស្ត្រ​រយៈ​ពេល​៥​ឆ្នាំ​នេះ​នឹង​ត្រូវ​បាន​អនុវត្ត​ប្រក​ដោយ​ប្រសិទ្ធិភាព​ដោយ​ភាគី​ពាក់​ព័ន្ធ​នៅ​ថ្នាក់​ជាតិ​និង​ថ្នាក់​ក្រោមជាតិ ដើម្បី​បង្ការ​ទប់ស្កាត់ ​កាត់​បន្ថយ និង​អាច​ឈាន​ទៅ​លុប​បំបាត់ នូវ​បទល្មើស​ជួញដូរ​មនុស្ស​គ្រប់​ទម្រង់​ ក្នុងរយៈ​ពេល​ប្រាំឆ្នាំ​ទៅ​មុខ៕