ព្រៃវែងៈ ភូមិ​កោះ​ពាមរាំង ​ដែល​ល្បីល្បាញ​ខាង​ផលិត​ផល​បន្លែ​សរីរាង្គ​រក​ចំណូល​បាន​ជាង​ ៣០​ម៉ឺន​ដុល្លារ​ក្នុង​១ឆ្នាំ ​មាន​បរិស្ថាន​ស្អាត​បរិសុទ្ធ គ្មាន​គ្រឿងញៀន ​និង​ល្បែង​ស៊ីសង​ជាដើម​នោះ​នឹង​ត្រូវ​ដាក់​បញ្ជូល​ជា​ភូមិ​គំរូ​របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ​នា​ពេល​ខាង​មុខ។ 


កោះពាម​រាំង ស្ថិត​ក្នុង​ឃុំ​កោះ​ចេក ស្រុក​ពាមជរ​បាន​ប្រែ​ក្លាយ​ពី​ភូមិ​ដាច់ស្រយាល មិន​សូវ​មាន​អ្នក​ស្គាល់ ទៅ​ជា​តំបន់​អភិវឌ្ឍ​មួយ ដែល​ទាក់​ទាញ​អារម្មណ៍​ពី​ពលរដ្ឋ​កម្ពុជា និង​ជន​បរទេស ​រហូត​ដល់​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ​លោក​ ឆាយ ​ឫទ្ធិសែន។  

កោះ​ពាមរាំង​ព័ទ្ធ​ជុំវិញ​ទៅ​ដោយ​ទឹក​ទន្លេ​មេគង្គថ្លាឈ្វង់ អម​ដោយ​ខ្យល់​អាកាស​បរិសុទ្ធ។ ធ្វើដំណើរ​តាម​ទូក​ចម្លង​ប្រមាណ​ជាង​១០​នាទី ពីកំពង់​ចម្លង​កោះ​ពាម​រាំង​គេ​នឹងទៅ​ដល់​ទឹក​ដី​កោះ​នោះ​ ដែល​មាន​សួន​បន្លែ​ធំ​តូច​ពណ៌​បៃតង​ចាំ​ទទួល​ស្វាគមន៍។


ក្រោយ​ពី​បាន​ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​ភូមិ​កោះ​ពាម​រាំង​កាល​ពី​ពេលថ្មីៗ​នេះ លោក​រដ្ឋ​មន្ត្រី​បាន​សម្តែង​ការ​ភ្ញាក់​ផ្អើល និង​ពេញ​ចិត្ត ហើយ​គ្រោង​នឹង​ប្រកាស​ដាក់​បញ្ចូល​ជា​ភូមិ​គំរូ​នា​ពេល​ខាងមុខ។

ការ​ដាក់​បញ្ជូល​នេះ​នឹង​ធ្វើ​ឱ្យភូមិ​នេះ​ក្លាយជា​ភូមិ​គំរូ​តែ​មួយ​គត់​ក្នុង​ខេត្ត​ព្រៃវែង ដែល​បន្ថែម​ទៅ​លើ ​ភូមិ​គំរូ​ ដែល​មាន​ស្រាប់​ចំនួន​៣០ ដែល​ត្រូវ​បាន​បង្កើត​ឡើង ក្នុង​រយៈ​ពេល​ប្រមាណ​ជា​១០​ឆ្នាំ​កន្លង​មក។ 


នៅ​ពេល​សួរ​នាំ​ពី​ការរីក​ចម្រើន​​នៅ​កោះនេះ​ អ្នក​ភូមិនឹង​នឹក​ឃើញ​ភ្លាមពីជន​ល្បី​ឈ្មោះ​ក្នុង​ពិភព​ជំនួញ​ម្នាក់​ដែល​ជា​អ្នក​ផ្តួច​ផ្តើម​គំនិត នោះ​គឺ​លោក​អៀង សុធារ៉ា​ ដែល​ជា​ទីប្រឹក្សា​គណៈសង្ឃ​នាយក គណៈ​មហានិកាយ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ផងដែរ។

ទិដ្ឋភាព​ចំការ​ដំណាំ​នៅ​លើ​កោះ​ពាម​​រាំង ស្រុក​ពាមជរ ខេត្តព្រៃវែង។ រូបថត ក្រសួង​អភិវឌ្ឍន៍ជនបទ

លោក​ សុធារ៉ា ​បាន​ឱ្យ​ដឹងថា​ លោក​បាន​ចូល​រួម​ជួយ​អភិវឌ្ឍ​ភូមិកោះ​ពាម​រាំង​នោះ​អស់​រយៈពេល​៦​ឆ្នាំ​មក​ហើយ។​ ភូមិ​កោះ​ពាម​រាំងមាន​ពលរដ្ឋ​ជាង ​២៤០ ​គ្រួសារ ​ដែលមាន​សមាជិក​ប្រមាណជា​១ពាន់​នាក់​កំពុង​រស់​នៅ ​និង​បង្ក​បង្កើន​ផលដាំ​ដំណាំ ​នៅ​លើ​ផ្ទៃដី​ប្រហែល​ជា​ ៧០០​ហិក​តា។

លោក​បាន​ទៅ​ដល់​ទី​នោះ​នា​ឆ្នាំ ២០១៨ ​ហើយ​បាន​ចាប់​ផ្តើម​អប់​រំ​ពលរដ្ឋ ឱ្យ​ចេះ​ធ្វើ​សមាធិ​ អប់រំ​ពី​គ្រោះ​ថ្នាក់នៃ​គ្រឿង​ញៀន ​ល្បែង​ស៊ី​សង​ និង​សរសេរ​ពាក្យ​ស្លោក​ជាច្រើន​ដាក់​ក្នុង​ភូមិ​ ដើម្បី​អប់រំ​ពី​បញ្ហា​ជា​ច្រើន​ក្នុង​សង្គម។ កិច្ច​ការ​ទាំង​នេះ​ត្រូវ​បាន​ធ្វើឡើង ក្រោម​កិច្ចសហការ​យ៉ាង​ជិតស្និត​ជាមួយ​នឹង​ព្រះ​ចៅ​អធិការវត្ត​ នាយកសាលា​បឋមសិក្សា អាជ្ញាធរ​ ដែល​ជា​ម្ចាស់​ស្រុក​មូល​ដ្ឋាន។ 

និយាយ​រួម ​លោក​បាន​លើក​ឡើង​ថា ការ​អភិវឌ្ឍ​ភូមិនេះ ​លោក​បាន​ប្រើ​ប្រាស់​គោលការណ៍​ព្រះពុទ្ធ​សាសនា ​ដែល​មាន​ភាវនា៤ ​ដូចជា ​កាយ​ភាវនា ​សីល​ភាវនា ចិត្ត​ភាវនា និង​បញ្ញា​ភាវនា។ 

លោក​មាន​ប្រសាសន៍​ថា​៖«ខ្ញុំជួយ​អភិវឌ្ឍ​ភូមិ​ហ្នឹង​ទាំង​ពី​ទទេ រហូត​ដល់​បច្ចប្បន្ននេះ ​រីកចំរើន​គួរ​ជាទី​គាប់​ចិត្ត​ហើយ។ ខ្ញុំ​ចាប់​ផ្តើម​អភិវឌ្ឍ​ខែ​តុលា ឆ្នាំ២០១៨ ​រហូតមក​ដល់​បច្ចុប្បន្ននេះ​ក៏នៅ​តែ​តាម​មើល​ជួយ អភិវឌ្ឍ ​ជួយ​ណែ​នាំ ជួយ​ប្រាប់​អ​ញ្ជឹង​ទៅ។​ លោក​រដ្ឋ​មន្រ្តី​បាន​ទៅ​មើល ​ហើយ​ លោក​ពេញ​ចិត្ត​ ហើយ​ក៏បាន​ដាក់​ភូមិ​ហ្នឹង​ជា​ភូមិ​គំរូ។ ភូមិ​ហ្នឹង​មាន​លក្ខណៈ​ពិសេស​ច្រើន»។

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ​លោក​ ឆាយ ​ឫទ្ធិសែន ចុះ​ពិនិត្យ​ស្ថានភាព​អភិវឌ្ឍន៍​ភូមិនៅ​ភូមិ​កោះពាមរាំង ខេត្ត​ព្រៃវែង​កាល​ពី​ខែ​ឧសភា ដើម្បី​ដាក់​បញ្ចូល​ជា​ភូមិ​គំរូ​នា​ពេល​ខាង​មុខ។

 

លោក នូ​ ម៉េង ​មេភូមិ​កោះពាមរាំង​បាន​ឱ្យ​ដឹង​ថា ​ដំបូង​ឡើយ​លោក​សុធារ៉ា​បាន​ធ្វើការ​អប់​រំពល​រដ្ឋ​ ដែល​ក្នុង​នោះ​រួម​មាន​ការ​ណែ​នាំ​ឱ្យចេះ​ធ្វើសមាធិ​តាម​បែប​ព្រះពុទ្ធ​សាសនា​ជា​ដើម។ ក្រៅពី​នោះ​មាន​ការ​ប្រែក្លាយ​ផ្នត់​គំនិត​ពលរដ្ឋ​ពី​ការ​ដាំ​បន្លែដោយ​ប្រើ​ប្រាស់​ជីគីមី ​ទៅជាដាំ​បន្លែ​សរីរាង្គ​វិញ ដើម្បី​ទាក់​ទាញ​ទី​ផ្សារ និង​ចូល​រួម​ថែ​រក្សា​សុខភា​ព​ពល​រដ្ឋ។ លើស​ពី​នោះ​ មាន​ការ​ណែនាំ​ឱ្យ​មាន​ការ​សំអាត​បរិស្ថាន​ ដោយ​នៅ​តាម​ខ្នង​ផ្ទះ​មាន​ធុង​សំរាម ឬ​ទុក​ដាក់​សំរាម​ឱ្យបាន​ត្រឹម​ត្រូវ ហើយ​តាម​ផ្ទះ​មាន​សួន​ដំណាំ​និង​ធ្វើ​របង ដើម្បី​បង្កើន​សោភណ្ឌភាពក្នុង​ភូមិ។

លោកបន្ថែមថា ក្នុង​ភូមិ​ក៏​មានស្ថានីយ​ផលិត​ទឹក​ស្អាត​សម្រាប់​ពលរដ្ឋ​ប្រើ​ប្រាស់​ផង​ដែរ​តាម​រយៈ​ជំនួយ​របស់​ប្រទេស​ជប៉ុន​ផង​ដែរ ហើយ​ចំណែក​បង្គន់​អនាម័យ​វិញ​មាន​គ្រប់​ផ្ទះ​តែ​ម្តង។ 

លោក​ថ្លែង​ថា៖«លោក​រដ្ឋ​មន្រ្តី​មក​ឃើញ​ពេញ​ចិត្ត ​ក៏ដាក់​ជា​ភូមិ​គំរូ​អញ្ជឹង​ទៅ។ យើង​មាន​បរិស្ថាន​ស្អាត។ ដាំ​បន្លែ​មិន​ប្រើ​សារធាតុ​គីមី ដែល​ធ្វើ​ឱ្យ​ឆាប់​ខូច​ដី។ រឿង​គ្រឿង​ញៀន​ អត់​មាន​ប្រើ​ទេ​ក្នុង​ភូមិ ​ហើយ​ល្បែងស៊ី​សង​ស្បើយ​អស់​ហើយ​»។ 

លោក​បន្ថែម​ដូច្នេះ​ថា៖«បាន​ដាក់​ជា​ភូមិ​គំរូ​អញ្ជឹង​ យើង​រំភើប​ណាស់ ​ព្រោះ​ភូមិ​យើង​អាច​ធ្វើ​បាន។ ក្នុង​ឃុំ និង​ខេត្ត​ព្រៃវែង​មាន​តែ​ភូមិ​យើង​មួយ​ទេ ជា​ភូមិ​គំរូ។ ក្រោយ​ក្លាយ​ជា​ភូមិ​គំរូ​ហើយ នឹង​ទទួល​បាន​ការ​ជួយ​ច្រើន​ទៀត​ដែរ»។ 

លោក​អៀង សុធារ៉ា​ (អាវស ឆ្វេង) ​ជា​ទីប្រឹក្សា​គណៈសង្ឃ​នាយក គណៈ​មហានិកាយ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ និង​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ សំពះព្រះសង្ឃ ពេលចុះ​ពិនិត្យ​ស្ថានភាព​អភិវឌ្ឍន៍​ភូមិនៅ​ភូមិ​កោះពាមរាំង ខេត្ត​ព្រៃវែង​កាល​ពី​ខែ​ឧសភា ដើម្បី​ដាក់​បញ្ចូល​ជា​ភូមិ​គំរូ​នា​ពេល​ខាង​មុខ។ រូបថត ក្រសួងអភិវឌ្ឃន៍​ជនបទ

 

លោក សុធារ៉ា ដែល​ជា​ស្ថាបនិក សហករណ៍​សរីរាង្គ​ខ្មែរ ដែល​បាន​ទទួល​ពាន​រង្វាន់​អាស៊ាន ភាព​ជា អ្នក​ដឹកនាំ​លើ​ការ​អភិវឌ្ឍ​ជនបទ និង​លុប​បំបាត់​ភាព​ក្រីក្រ (4th ASEAN “Rural Development & Poverty Eradication Leadership” Awards) កាល​ពី​ឆ្នាំ ២០១៩ ផងដែរ ក៏​បាន​ឱ្យ​ដឹង​ថា ជា​លទ្ធផលនៃ​ការ​ខិតខំ​របស់​លោក​ក្នុង​ការ​ចូលរួម​ជួយ​អភិវឌ្ឍ​ភូមិ​នេះ ឃើញ​មាន​លទ្ធផល​ថា ប្រាក់​ចំណូល​របស់អ្នក​ភូមិ​កើនឡើង ដោយសារ​ការ​លក់​បន្លែ​សរីរាង្គ ប្រហែល​ជា ៣០​ម៉ឺន​ដុល្លារ​ក្នុង​១​ឆ្នាំៗ។ ពលរដ្ឋ​ក្នុងភូមិ​ក៏​មាន​ទឹក​ស្អាត​បរិសុទ្ធ​ប្រើប្រាស់​ដូច​នៅ​រាជធានី​ភ្នំពេញ​ដែរ។

លោក​មាន​ប្រសាសន៍​ដូច្នេះ​ថា៖«ការ​អប់រំ​ទាំង​អស់​មាន​សហការជា​មួយ​ព្រះចៅ​អធិការវត្ត​ ហើយ​យើង​អប់រំ​ជា​ប្រ​ចាំ។ អញ្ជឹង​បញ្ហា​ស្រាថយ​ចុះ​ខ្លាំង​ គ្រឿង​ញៀន​ហ្នឹង ​ល្បែង​ស៊ីសង​ស្ទើ​តែ​អស់​រលីង។ សូម្បីតែ​កន្ទុយ​លេខ ​ក៏​គាត់​ឈប់​ចាក់​ដែរ»។ 

អ្នក​នាំ​ពាក្យ​ក្រសួង​អភិវឌ្ឍន៍ជនបទ ​លោក​ ពិត​ ករុណា​ បាន​ឱ្យដឹង​ថា ​ក្នុង​អាណត្តិទី៧​នេះ ​ក្រសួង​អភិវឌ្ឍន៍​ជន​បទ​ផ្តោត​កិច្ច​ការសំខាន់​ទៅ​លើអទិភាពទី៣ ​របស់​ក្រសួង ​គឺ​ការ​ធ្វើ​វិក្រិតកម្ម ​តាម​រយៈ​ការរៀប​ចំឱ្យមាន​នូវ​ភូមិ​គំរូ។ ការ​រៀប​ចំ​ជាភូមិ​គំរូ​នេះ​គឺក្នុង​គោលបំណង​លើកកម្ពស់​ជីវភាព​ប្រជាជន​នៅ​ជន​បទ​ឱ្យ​មាន​ជីវភាពកាន់​តែល្អ​ប្រសើរ​ឡើង។ 

លោក​បន្ថែម​ថា ដោយ​ឡែក​ចំពោះការ​ចុះកំណត់​សក្តា​នុពល ​របស់ភូមិគំរូ​គឺ​ក្រសួង​មាន​លក្ខណៈ​វិនិ​ច្ឆ័យ​ចំនួន៥។ ក្នុង​នោះរួម​មាន​ផ្នែក​សេដ្ឋកិច្ច, ​សង្គមកិច្ច, ​សុខភាព ​និង​បរិស្ថាន​រស់នៅ,​ ហេដ្ឋារចនា​សម្ព័ន្ធ ​និង​ចុង​ក្រោយគឺ​អភិ​បាល​កិច្ច​។ 

លោក អៀង សុធារ៉ា ជា​ស្ថាបនិក សហករណ៍​សរីរាង្គ​ខ្មែរ ដែល​បាន​ទទួល​ពាន​រង្វាន់​អាស៊ាន ភាព​ជា អ្នក​ដឹកនាំ​លើ​ការ​អភិវឌ្ឍ​ជនបទ និង​លុប​បំបាត់​ភាព​ក្រីក្រ (4th ASEAN “Rural Development & Poverty Eradication Leadership” Awards) កាល​ពី​ឆ្នាំ ២០១៩។ រូបថត សហការី

លោក​បញ្ជាក់​ថា៖«ក្រុម​ការងារ​ក្រសួង​នឹង​ចុះ​ទៅ​ធ្វើ​ការវាយ​តម្លៃ ​ក្នុង​ភូមិនី​មួយៗ​នៅ​តាម​រាជធានី​ខេត្ត ​ដើម្បី​ស្រង់​ថា​តើ​ភូ​មិណា​ខ្លះ ​ដែល​អាច​ចូល​បំពេញ​លក្ខខណ្ឌទាំង៥​ និង​ប្រកាស​ដាក់​ភូមិ​នេះ​ជា​ភូមិ​គំរូ។ យើង​កំពុង​ស្រង់​ភូមិ​ដែល​មាន​សក្តានុពល​រួច​និង​ចុះ​ធ្វើ​ការវាយ​តម្លៃ​តាម​លក្ខណ​វិនិច្ឆ័យ ​ទើប​ប្រកាស​ជាភូមិគំរូ​ជាផ្លូវការ​តាម​ក្រោយ»។

លោក​បន្ត​ថា ក្រសួង​អភិវឌ្ឍន៍​ជនបទ​មាន​ផែន​ការ​បង្កើត​ភូមិ​គំរូ​ឱ្យ​បាន​ចំនួន ​៥០ ក្នុង ​១ឆ្នាំៗ​។ 

ភូមិ​ទាំង ​៣០​ដែល​បានបង្កើត​រួច​ហើយ​នោះ​មាន​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ចំនួន ១០ភូមិ ខេត្ត​តាកែវ ​មាន ១០​ភូមិ និង​ខេត្ត​កំពង់ស្ពឺ ​មាន ១០​ភូមិ​ផងដែរ ដែល​ភូមិ​នីមួយៗ​មាន​សក្តា​នុពល​ផ្សេងៗគ្នា។ 

ក្រោយ​ពេល​ប្រកាសជាភូមិគំរូ​ហើយ​នោះ ​ក្នុង​ភូមិ​នោះ​នឹង​មាន​ការ​អភិវឌ្ឍន៍ចំណុច​សំខាន់ៗ ដូចជា អភិវឌ្ឍសេដ្ឋកិច្ច ដែល​ជួយធ្វើឱ្យ​មាន​កំណើន​ចំណូល​សេដ្ឋកិច្ច​គ្រួសារ តាម​រយៈ​បណ្តុះបណ្តាលជំនាញ ការ​ផ្តល់​ឥណទាន យក​ទៅ​បង្កើត​កសិកម្ម​ខ្នាត​ធំ​ចម្រុះ​មួយ ដែល​អាច​លក់​ផលិតផល​បានចំណូល។

បន្ថែម​ពីនោះ ក៏មានការ​អភិវឌ្ឍ​ផ្នែក​សង្គម​កិច្ច ដូចជា លើក​កម្ពស់​ផ្នែក​សុខភាព តាម​រយៈការ​ផ្គត់ផ្គង់​ទឹកស្អាត បង្គន់​អនាម័យ​ឱ្យមាន​គ្រប់គ្រាន់ និង​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់ មណ្ឌល​សុខភាព និង​សាលា​មត្តេយ្យគំរូ​ជាដើម។

លើសពីនោះ ក៏មាន​លើក​កម្ពស់​ការ​អប់រំ និង ការងារ​គ្រប់គ្រង។ ក្នុងនោះរួមមានការអប់រំ​ឱ្យ​អ្នក​ភូមិ​ឧស្សាហ៍​ព្យាយាម​ មាន​ស្មារតី​សហគមន៍ ហើយ​ជាពិសេសគឺ ឱ្យ​ក្លាយ​ទៅ​ជា​ម្ចាស់ការ​លើ​សមទ្ធិផល​របស់​ខ្លួន បង្កើន​ការ​គ្រប់គ្រង​សន្តិ​សុខ សណ្នាប់​ធ្នាប់ ក៏ដូច​ជាជំរុញ​គោល​នយោ​បាយ ភូមិ​ឃុំ​មាន​សុវត្ថិ​ភាព៕