ភ្នំពេញ៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ រួម​នឹង​អាជ្ញាធរ​ជាតិ​អប្សរា (ANA) បាន​បក​ស្រាយ​ពី​ភាព​ចម្រូង​ចម្រាស​នា​ពេល​ថ្មីៗ​នេះ ជុំវិញ​ការផ្លាស់​ទីលំនៅ​របស់​ប្រជាពលរដ្ឋ​ពី​តំបន់​បុរាណវិទ្យា​អង្គរ ទៅ​តំបន់ ​រុនតាឯក។


សេចក្ដី​ប្រកាស​របស់​ក្រសួង​វប្បធម៌ បាន​​ធ្វើឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​អនុសាសន៍​របស់​​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​ក្នុង​សម័យ​ប្រជុំ​លើក​ទី​៤៦ ​​នៅ​ទីក្រុង​ ញូវដេលី ​ប្រទេស​ឥណ្ឌា។

ក្រសួង​បាន​ឱ្យ​ដឹង​ថា៖ «គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​បាន​ផ្តល់​អនុសាសន៍​ដល់​កម្ពុជា ក្នុង​នាម​ជា រដ្ឋ​ភាគី អញ្ជើញ​អ្នក​ជំនាញ​ពី​មជ្ឈមណ្ឌល​បេតិកភណ្ឌ​ពិភព​លោក ស្ថាប័ន ICOMOS និង ICCROM ដើម្បី​សិក្សា​រួម​គ្នា​អំពី​ស្ថានភាព​ទូទៅ​នៃ​កិច្ចការ​អភិរក្ស និង​អភិវឌ្ឍ​នៅក្នុង​បរិបទ​ថ្មី​ដែល​ជា​ការរួមបញ្ចូល​នៃ​កិច្ចការពារ បេតិកភណ្ឌ​រូបី និង​អរូបី​នៃ​ប្រជាពលរដ្ឋ​មូលដ្ឋាន​ក្នុង​រមណីយដ្ឋាន​អង្គរ ក៏ដូចជា​ការរៀប​ចំ​នគរូបនីយកម្ម​ថ្មី នៅ​ទីក្រុង​រុន​តា​ឯក​តេ​ជោ​សែន​»។


អនុសាសន៍​​​នេះ ស្របទៅនឹង​កង្វល់​ដ៏​ទូលំទូលាយ​ទាក់ទង​​​ការ​បណ្តេញចេញ​ដោយ​បង្ខំ និង​ការផ្លាស់​ទីលំនៅ​របស់​គ្រួសារ​ពី​តំបន់​អង្គរ ដែល​ត្រូវបាន​ចាត់ទុកថា​ជា​បញ្ហា​សិទ្ធិមនុស្ស​ធ្ងន់​ធ្ងរ​​។​

អង្គការ​លើកលែងទោស​អន្តរជាតិ​បាន​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​លទ្ធភាព​​នៃ​ការផ្លាស់​ទីលំនៅ​ដោយ​បង្ខំ ដោយ​ជំរុញ​ឱ្យ​កម្ពុជារៀបចំ «បេសកកម្ម​​​​ត្រួតពិនិត្យ​ប្រតិកម្ម​» រួមគ្នា ដើម្បី​វាយតម្លៃ​ស្ថានភាព​នៃ​ការអភិរក្ស និង​ជីវភាព​រស់នៅ​របស់​ស​ហគ​មន៍​ដែល​ត្រូវបាន​ផ្លាស់ប្តូរ​ទីលំនៅ​។​


​លោកស្រី Kate Schuetze នាយករង​ប្រចាំ​តំបន់​ស្តីទី​សម្រាប់​ការស្រាវជ្រាវ​របស់​អង្គការ​លើកលែងទោស​អន្តរជាតិ បាន​អំពាវនាវ​ឱ្យ​មានការ​ថ្កោលទោស​​​ចំពោះ​ការរំលោភ​សិទ្ធិមនុស្ស​ដោ​យ​រដ្ឋាភិបាល​កម្ពុជា​។​

បន្ទាប់ពី​របាយការណ៍​ឆ្នាំ ២០២៣ របស់​អង្គការ​លើកលែងទោស​អន្តរជាតិ មជ្ឈមណ្ឌល​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ បាន​ស្នើសុំ​របាយការណ៍លម្អិត​​មួយ​ពី​ប្រទេស​កម្ពុជា ទាក់ទង​នឹង​ការចោទប្រកាន់​អំពី​ការបណ្តេញចេញ​ដោយ​បង្ខំ និង​រៀបរាប់​លម្អិត​អំពី​ដំណើរការ​បែងចែក​អ្នករស់នៅ​ស្របច្បាប់​ពី​ការទន្ទ្រាន​កាន់កាប់​ដោយ​ខុសច្បាប់​។​

​របាយការណ៍​នេះ​ក៏ត្រូវ​បាន​គេ​រំពឹងថា​នឹង​ឆ្លើយតបចំពោះ​​ការចោទប្រកាន់​របស់​អង្គការ​លើកលែងទោស​អន្តរជាតិ​ផងដែរ​។​

ក្តីបារម្ភ​ស្រដៀង​គ្នា​នេះ​ត្រូវបាន​លើកឡើង​នៅក្នុង​ប្រទេស​ផ្សេងទៀត ដូចជា ​ឡាវ ដែល​អង្គការ​យូណេស្កូ​បាន​ណែនាំ​បេសកកម្ម​ត្រួតពិនិត្យ​ទៅ​ហ្លួង​ប្រា​បាង ដោយសារ​ផលប៉ះពាល់​សក្តានុពល​នៃ​ទំនប់​វា​រី​អគ្គិសនី​នៅក្បែរនោះ​។​

​នេះ​បង្ហាញ​ពី​និន្នាការ​កាន់តែធំ​​នៃ​វិធានការ​សកម្ម​របស់​អង្គការ​យូណេស្កូ ក្នុងការ​អភិរក្ស​តំបន់​បេតិកភណ្ឌ​វប្បធម៌ ខណៈពេលដែល​ធានាបាន​នូវ​សុខុមាលភាព​របស់​សហ​គម​ន៍​មូលដ្ឋាន​។​

យោងតាម​កាសែត Washington Post បានឱ្យដឹងថា៖ «​ការសម្រេចចិត្ត​ដែល​អង្គការ​យូណេស្កូ​​​​​ត្រូវបាន​ធ្វើ​ឡើង​​កាលពី​ថ្ងៃ​ពុធ [៣១ ខែកក្កដា​] ដោយ​គ្មាន​ការពិភាក្សា​ និង​ត្រូវបាន​រិះគន់​​តិចតួច​ពី​ Save Cambodia ជា​ក្រុម​សិទ្ធិមនុស្ស​ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក»។​

​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី១ ខែសីហា អគ្គនាយកអាជ្ញាធរ​អប្សរា​ ANA លោក ហង់ ពៅ បានបក​ស្រាយ​​អំពី​ជំហរ​ និង​ចក្ខុវិស័យ​នាពេល​អនាគត​របស់​រដ្ឋាភិបាលចំពោះ​ការ​ផ្លាស់​ប្ដូរ​លំនៅឋាន​របស់​ប្រជាជន​នៅ​តំបន់​អង្គរ​​។​

លោក ហង់ ពៅ បាន​ថ្លែងថា រាជរដ្ឋាភិបាល​គិតគូរ​ពី​សុខសុវត្ថិភាព និង​សុខុមាលភាព​ប្រជាជន​ ដែល​ទាមទារ​ឱ្យ​មាន​ការ​រៀបចំ​តំបន់​មាន​របៀប​រៀប​រយ​។ 

លោក​បាន​លើកឡើងថា កាលពី​ប្រជាជន​ទាំង​នោះ​រស់​នៅតំបន់​អង្គរ ប្រើ​ប្រាស់​ទឹក​អណ្ដូង​នៅ​ក្បែរ​បង្គន់ ភក់​ច្រំ និង​គ្មាន​ផ្លូវ​ច្បាស់​លាស់​។ 

លោក ពៅ បាន​និយាយថា​៖ «​បច្ចុប្បន្ន​ រាជរដ្ឋាភិបាល​រៀបចំ​តំបន់​រុន​តា​ឯក​ដ៏​ល្អ​ ដែល​មានទាំង​ផ្លូវ ទឹក​ស្អាត ភ្លើង សាលារៀន មន្ទីរពេទ្យ រួមទាំង​សេវាសាធារណៈ​ផ្សេងៗ​ទៀត ហើយ​ក្រុង​រុន​តាឯក​ថ្មីនេះ ត្រូវ​បាន​រៀបចំ​រចនា​សម្ព័ន្ធ​គ្រប់​គ្រាន់​»។

លោក​បាន​អះអាងថា អ្វីដែល​សំខាន់​នោះ ប្រជាជន​ដែល​ត្រូវបាន​ផ្លាស់​ប្ដូរ​ទី​លំនៅ​ បាន​ទទួល​ក្បាល​ដី​ ២០, ៣០ម៉ែត្រ​ និង​ប្រាក់​ឧបត្ថម្ភ​រយៈ​ពេល ១០​ឆ្នាំ​ពី​រាជ​រដ្ឋាភិបាល។ 

លោក​បាន​និយាយថា កម្ពុជា​គោរព​តាម​បទដ្ឋាន​គតិយុត្ដ​របស់អង្គការ UNESCO តាម​រយៈ​​ WHC ជា​អង្គការ​ជំនាញ ដែល​ឈរ​លើ​មូលដ្ឋាន​ពិត​ប្រាកដ​។ 

លោកបន្ដថា​៖ «​យើង​ធ្លាប់​បាន​ទទួល​លិខិតជា​បន្ដ​បន្ទាប់​​ពី​អង្គការ UNESCO អំពី​សំណង់​មិន​រៀបរយក្នុង​តំបន់​អង្គរ និង​សុំ​ឱ្យ​រាជ​រដ្ឋាភិបាល​មាន​វិធានការ​​តាំងពី​ឆ្នាំ ២០១៥ ហើយ​នៅ​ឆ្នាំ​២០១៧ យើង​បាន​ទទួល​លិខិត​ម្ដង​ទៀត​»។ 

លោក ពៅ បាន​ឱ្យ​ដឹងថា ប្រធាន​អង្គការ​ UNESCO និង​នាយករដ្ឋមន្ដ្រី​ឥណ្ឌា បាន​លើកឡើង​អំពី​អង្គរ​ជា​គំរូ​មួយ និង​ជា​សម្បត្ដិ​បេតិកភណ្ឌពិភពលោក​ដ៏​ធំ​ជាង​គេ​ក្នុង​ទំហំដី ៤០១ គីឡូម៉ែត្រ​ការ៉េ​ រួមទាំង​ប្រជាជន​រស់​នៅ​ក្នុង​តំបន់​អង្គរ​ដ៏​យូរ​លង់​។ 

លោកបាន​បន្ថែមថា រដ្ឋជាសមាជិក​អចិន្ដ្រៃយ៍​របស់​អង្គការ UNESCO មិន​បាន​លើក​ដៃ​ជំទាស់​ក្នុង​ការ​សម្រេច​មិន​ចាត់​ការ​តាម​ការ​ទាមទារ​របស់​ភាគី​ទី ៣ ណាមួយ​ដែលលោក ពៅ បាន​លើកឡើងថា ពួកគេ​បាន​​បង្ហាញ​វីដេអូ​កាត់​ត​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់​។ 

លោក​ទទួល​ស្គាល់ថា ការ​ផ្លាស់​ប្ដូរ​ទីលំនៅ​ពិតជា​មានការលំបាក​ តែវា​នឹង​ល្អ​បន្ដិចម្ដងៗ​ ជាពិសេស សុខុមាលភាព​ និង​សុភមង្គល​ប្រកប​ដោយ​ផាសុកភាព​។ 

កាលពី​ថ្ងៃទី​២៤ ខែកក្កដា ទូរទស្សន៍ Al Jazeera បាន​ចាក់ផ្សាយ​ភាពយន្ត​ឯកសារ​ដែលមាន​រយៈពេល ៤៧ នាទី ស៊ើបអង្កេត​ការផ្លាស់​ប្ដូរ​លំនៅឋាន​​យ៉ាងច្រើន​នៅតំបន់​អង្គរវត្ត​។​

​ភាពយន្ត​ឯកសារ​បាន​ពណ៌នា​អង្គ​រ​ជា​រមណីយដ្ឋាន​ដែលមាន​ការគោរព​យ៉ាង​ជ្រាលជ្រៅ​នៅក្នុង​ប្រទេស​កម្ពុជា ​ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​​អង្គការ​យូណេស្កូ​ក្នុង​ឆ្នាំ ១៩៩២​។​

​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​បាន​អះអាងថា ​វា​ជាបេតិកភណ្ឌ​ «​រស់» ដោយ​បានឱ្យ​តម្លៃ​សហគមន៍​ប្រពៃណី​របស់ខ្លួន ដូចគ្នា​នឹង​រចនាសម្ព័ន្ធ​ប្រវត្តិសាស្ត្រ​​។​

យោងតាម​ឯកសារ​បាន​ឲ្យ​ដឹងថា​៖ «​ទោះជា​យ៉ាងណា អ្នកស្រុក​ចោទ​រដ្ឋាភិបាល​កម្ពុជា​ពី​ការបណ្ដេញ​ចេញ​ដោយ​បង្ខំ ខណៈ​រដ្ឋាភិបាល​រក្សា​ថា​ការផ្លាស់ប្តូរ​ទីតាំង​គឺជា​ការស្ម័គ្រចិត្ត និង​អនុលោម​តាម​គោលការណ៍​ណែនាំ​របស់​អង្គការ​យូណេស្កូ»៕