នៅ​ចំពោះ​មុខ​ក្ដីបារម្ភ​របស់​​ប្រជាពលរដ្ឋ​ដែល​ខ្លាច​បាត់​បង់​ទឹកដី​កម្ពុជា​តាម​រយៈ​តំបន់​ត្រី​កោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ វៀណាម (CLV-DTA) រាជ​បណ្ឌិត្យ​សភា​កម្ពុជា​បាន​រៀបចំ​កម្មវិធី​តុមូល​បង្ហាញ​ពី​ការ​សិក្សា​ស្រាវជ្រាវ​ព្រំដែន​កាល​ពី​ឆ្នាំ​២០១៣ ហើយ​គ្រោង​នឹង​បោះពុម្ពផ្សាយ​ឯកសារ​នេះ​ទុក​ជា​ភស្តុតាង​នាង​ពេល​ខាង​មុខ។


ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ ក្ដីបារម្ភ​ខ្លាច​បាត់​បង់​ទឹកដី​ត្រូវ​បាន​លើក​ឡើង​នៅ​លើ​បណ្ដាញ​សង្គម ដោយ​ពលរដ្ឋ​ខ្លះ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ដក​ខ្លួន​ចេញ​ពី CLV-DTA ខណៈ​ដែល​អ្នកខ្លះ​ថែម​ទាំង​ស្នើ​ឲ្យ​មាន​ការ​សាងសង់​របង​ការពារ​ព្រំដែន​ទៀត​ផង។

បើតាម​ឯកសារ​កិច្ច​ព្រមព្រៀង​​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាល​ពី​កន្លង​ទៅ CLV-DTA គឺជា​កិច្ច​សហការ​ដើម្បី​ទាញ​យក​ផល​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​ ហេដ្ឋារចនា​សម្ព័ន្ធ សុខភាព សន្តិសុខ អប់រំ និង​គ្រោះ​មហន្តរាយ ដែល​បាន​ចាប់​ផ្ដើម​ដំបូង​កាល​ពីឆ្នាំ​១៩៩៩។


បច្ចុប្បន្ន​នេះ កិច្ច​ព្រមព្រៀង​នេះ​គ្រប​ដណ្ដប់​លើ​ខេត្ត​ ៤ ​របស់​កម្ពុជា គឺ​រតនគិរី មណ្ឌល​គិរី ស្ទឹងត្រែង និង​ក្រចេះ។ ចំណែក​ភាគី​ឡាវ​មាន ខេត្ត Attapeu, Salavan, Sekong និង​ Champasak។ វៀតណាម​មាន​ខេត្ត Kon Tum, Gia Lai, Dak Lak, Dak Nong និង Binh Phuoc។

​ក្នុង​កម្មវិធី​តុមូល​ដែល​រៀបចំ​នៅ​ថ្ងៃ​សុក្រ​នេះ លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា បាន​ថ្លែង​ថា ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​សិក្សា​ស្រាវជ្រាវ​អំពី​ព្រំដែន​កម្ពុជា​ជាមួយ​វៀតណាម និង​ឡាវ ហើយ​បាន​ចងក្រង​ឯកសារ​ទុក​ជា​ភស្តុតាង ដែល​បង្ហាញ​ថា​កម្ពុជា​មិន​បាន​បាត់​ដី​ទៅ​ប្រទេស​វៀតណាម​ទេ។


លោក​និយាយ​ថា ឯកសារ​របស់​លោក​មាន​និយាមការ​ច្បាស់​លាស់​ដែល​មិន​អាច​មាន​ប្រទេស​ណា​រំលោភ​យក​ទឹក​ដី​ខ្មែរ​បាន​ឡើយ។

លោក សុខ ទូច៖ «មិន​អាចយក​បាន​ទេ ពីព្រោះ​យើង​មាន​និយាមការ​នៅ​លើ​តុ​នេះ។ បើ​អ្នក​ណា​ហ៊ាន​ឱ្យ​ (ដីទៅគេ) អ្នក​នោះ​នឹង​គ្រោះ​ថ្នាក់។ អ្នក​ណា​កាន់​រដ្ឋាភិបាល​ ហ៊ាន​តែ​ផ្ដេសផ្ដាស់ ​សាក្សី​រស់ សាក្សី​ឯកសារ ​ប្រជាជន​នឹង​ថ្កោល​ទោស ពីព្រោះ​យើង​មាន​ឯកសារ​ច្បាស់​លាស់​ណាស់»។

លោក យ៉ង់ ពៅ អគ្គលេខាធិការ​រាជបណ្ឌិត្យសភា​កម្ពុជា ដែល​ចូលរួម​កម្មវិធី​តុមូល​នេះ​ដែរ បាន​ថ្លែង​ដោយ​លើក​ជា​ចម្ងល់​ថា លោក​មិន​ដឹង​ថា ​ខេត្ត​របស់​កម្ពុជា​ទាំង ៤ នឹង​បាត់​បង់​ដោយ​របៀបណា​ទេ ពីព្រោះ​ CLV-DTA មិន​មែន​ជា​ការ​ដាក់​ហ៊ុន​ខេត្ត​រួម​គ្នា​ជាមួយ​ឡាវ និង វៀតណាម​នោះ​ទេ។

លោក​និយាយ​ថា៖ «វា​អត់​បាត់​ទៅណា​ទេ ព្រំដែន​បោះ​រួច​ហើយ។ ចំណុច​មិន​ទាន់​បោះ​គឺ​នៅ​ដាក់​ដាំ ព្រែក​ដាក់ដាំ​ដែល​អ្នកស្រុក​ហៅថា អូតាំ មាន​ទាំង​ភាសា​អ្នកស្រុក និង​ភាសា​បារាំង​ទៀត»។​

កម្ពុជា​មាន​ព្រំដែន​ជាមួយ​វៀតណាម​ប្រវែង១ ២៧០ គម ដោយ​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​បាន​ ៨៤​ភាគរយ ​នៅ​សល់​ ១៦ ភាគរយ​ទៀត​កំពុង​ដោះស្រាយ។ ចំណែក​ព្រំដែន​ជាមួយ​ឡាវ​មាន​ប្រវែង ៥៤០គម ដោយ​ភាគី​ទាំងពីរ​បាន​ឯកភាពលើ​ខ្សែ​ព្រំដែន​បាន​ប្រមាណ​៨៦ភាគរយ​ នៅ​សល់ ១៤ភាគរយ​ទៀត​កំពុង​បន្ត​ដោះស្រាយ។ នេះ​បើ​តាម​អាជ្ញាធរជាតិ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន។

លោក​ យ៉ង់ ពៅ យល់​ឃើញ​ថា រដ្ឋាភិបាល​អភិវឌ្ឍ​តំបន់​នេះ​ដោយ​មិន​ចង់​ទុក​ឲ្យ​ព្រំដែន​នៅ​រងា។

លោក​និយាយ​ថា៖ «អីចឹង​ហើយ​បាន​ជា​រដ្ឋាភិបាល​ត្រូវ​តែ​អភិវឌ្ឍ ​តាម​គ្រប់​រូបភាព​ដែល​អាច​អភិវឌ្ឍ​បាន។ ដូច្នេះ ​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍ មិន​មែន​កាត់​ដី​ឲ្យ​អ្នក​ណា​ទេ។ បើ​ដឹកនាំ​​ប្រទេស​ហើយ​មិន​អភិវឌ្ឍ​ប្រទេស​នោះ​ទើប​ជា​រឿង​ខុស»។

លោក​ថា កាល​ពី​ពេល​ដែល​លោក​ចុះ​ទៅ​សិក្សា​ស្រាវ​ជ្រាវ​នៅ​តាម​ព្រំដែន​ឆ្នាំ​២០១៣​ លោក​ឃើញ​មាន​ផ្លូវ​សម្រាប់​អូស​ឈើ​ចេញ​ពី​កម្ពុជា​ដោយ​ខុស​ច្បាប់​ទៅ​វៀតណាម។ ដូច្នេះ ការ​អភិវឌ្ឍ​តំបន់​នេះ​អាច​ជួប​ទប់​ស្កាត់​បញ្ហា​នេះ​បាន។

លោក សុខ ទូច យល់​ឃើញ​ថា លោក ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី​ដែល​ធ្លាប់​បាន​ចូលរួម​ផ្ដួច​ផ្ដើម​គំនិត​បង្កើត​ CLV-DTA មិន​អាច​កាត់​ដី​ឲ្យ​វៀតណាម​ដូច​ការ​លើក​ឡើង​របស់​អ្នក​រិះគន់​មួយ​ចំនួន​នោះ​ទេ។​

លោក​ថា លោក ហ៊ុន សែន និង​ ភរិយា​ ក៏ដូចជា​នាយក​រដ្ឋមន្ត្រី​បច្ចុប្បន្ន គឺ​លោក ហ៊ុន ម៉ាណែត និង​ភារិយា សុទ្ធ​តែ​មាន​ឈាមជ័រ​ជាខ្មែរ ដែល​មិន​​អាច​កាត់​ដី​ឲ្យ​គេ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។ លោក​ថា លោក​បាន​ស្នើ​សុំ​កុំ​ឲ្យ​មាន​ការ​ជួលដី​នៅ​តាម​ព្រំដែន​ ហើយ​រដ្ឋាភិបាល​បាន​យល់​ព្រម​តាម​សំណើរ​របស់​លោក។

លោក សុខ ទូច ថ្លែង​ថា៖ «ប្រសិន​បើ​អតីត​សម្ដេច​នាយក​រដ្ឋមន្ត្រី​លោក​មាន​គំនិត​អាក្រក់​បែប​ហ្នឹង ប្រហែល​ជាគាត់​មិ​ន​ដក​ដី​ទេ។ រាជបណ្ឌិត្យ​សភា​ស្នើ​សុំ​កុំ​ឲ្យ​ជួល​ដី​នៅ​តាម​ព្រំដែន​មួយ​គីឡូម៉ែត្រ។ ក្រោយ​មក​រាជរដ្ឋាភិបាល​ក៏​ចេញ​អនុក្រឹត្យ​មិន​ឲ្យ​ជួល។ មូលហេតុ​អ្វី​មិន​ឲ្យ​ជួល? ព្រោះ​កុំ​ឲ្យ​មាន​រឿង»។

លោក គី សិរីវឌ្ឍន៍​ អ្នក​ជំនាញ​សេដ្ឋកិច្ច​នៅ​រាជបណ្ឌិត្យ​សភា​កម្ពុជា បាន​រៀបរាប់​អំពី​ផល​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​ជា​ច្រើន ហើយ​ថា​ការ​ស្នើ​សុំ​ឲ្យ​ដឹក​ខ្លួន​ពី​ CLV-DTA មិន​ចាំបាច់​ទេ ពីព្រោះ​រាល់​គម្រោង​អភិវឌ្ឍន៍​នានា​នៅ​ខេត្ត​ទាំង​៤​នោះ ត្រូវ​ចុះ​បញ្ជី​នៅ​ក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា៕