ភ្នំពេញ៖ ថ្មីៗ​នេះ ​មាន​ការ​ជជែក​ដេញ​ដោល​គ្នា​នៅ​លើ​បណ្តាញ​សង្គម​អំពី​សិស្សានុសិស្ស​មក​ពី​វិទ្យាល័យ ហ៊ុន សែន ​​កំពង់​កន្ទួត ស្រុក​កណ្ដាល​ស្ទឹង​ និង​សាលា​បឋម​សិក្សា​បល្ល័ង បាន​អាន​ញត្តិ​ជា​សាធារណៈ ដើម្បី​គាំទ្រ​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។


សិស្សានុសិស្ស​បាន​អាន​ញ្ញត្ដិ​នៅ​មុខ​ដង​ទង់ជាតិ ដោយ​បាន​បន្លឺ​​សំឡេង គាំទ្រ​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​រដ្ឋាភិបាល ត្រូវ​បាន​លើក​យក​មក​ជជែក​​​អំពី​ភាព​សមស្រប​នៃ​ការ​ចូលរួម​របស់​កុមារ​ក្នុង​សកម្មភាព​បែបនេះ។

លោក ប៉ែន បូណា អ្នក​នាំ​ពាក្យ​រាជរដ្ឋាភិបាល​ បាន​ការពារ​ការ​ចូលរួម​របស់​សិស្សានុសិស្ស​ដោយ​បញ្ជាក់​ថា សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ​គឺជា​សិទ្ធិ​ជា​មូលដ្ឋាន​ដែល​មាន​ចែង​ក្នុង​មាត្រា ៤១ នៃ​រដ្ឋធម្មនុញ្ញ។


លោក បូណា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖​ «ការបង្ហាញ​ការ​គាំទ្រ ឬ​ការ​មិន​យល់ព្រម​លើ​អ្វីមួយ គឺជា​សេរីភាព​របស់​បុគ្គល​ម្នាក់ៗ ហើយ​គ្មាន​នរណាម្នាក់​អាច​ហាម​ឃាត់​វា​បានទេ ជាពិសេស​ក្នុង​បញ្ហា​ផល​ប្រយោជន៍​ជាតិ​»។​

លោក​បញ្ជាក់ថា ដរាបណា​ការ​បញ្ចេញមតិ​មិន​បំពាន​ច្បាប់ រំលោភ​សិទ្ធិ​អ្នកដទៃ ឬ​ញុះញង់​ឱ្យ​មានការ​ស្អប់ខ្ពើម ឬ​ចលាចល វា​នៅ​តែ​ស្ថិត​ក្នុង​ព្រំដែន​នៃ​រដ្ឋធម្មនុញ្ញ។


យ៉ាងណា​ក៏ដោយ ការ​ចូលរួម​របស់​សិស្សានុសិស្ស​ក្នុង​ការ​បញ្ចេញ​មតិ​នយោបាយ​បែបនេះ បាន​ធ្វើ​ឱ្យ​​មាន​ការ​ព្រួយ​បារម្ភ​ក្នុង​ចំណោម​អ្នក​សង្កេតការណ៍។

លោក មាស នី អ្នក​ស្រាវជ្រាវ​សង្គម ​បាន​ទទួល​ស្គាល់​ថា ខណៈ​ពេល​ដែល​កុមារ​មាន​សិទ្ធិ​បញ្ចេញមតិ បរិបទ​ដែល​ការ​បញ្ចេញមតិ​ទាំងនេះ​មាន​សារៈសំខាន់​ណាស់។

លោក នី បាន​និយាយ​ថា៖ «ប្រសិន​បើ​ការ​និយាយ​នេះ​ចេញ​ពី​ចិត្ដ​របស់​ក្មេង​ នេះ​គឺជា​សិទ្ធិ​របស់​ក្មេង ដោយសារ​ក្មេង​ក៏​មាន​សិទ្ធិ​បញ្ចេញ​យោបល់​ដែរ។ បើ​នយោបាយ​អាច​ជជែក​បាន​នៅ​ក្នុង​សាលា​ ហើយ​ក្មេង​ចាប់​អារម្មណ៍​រឿងនេះ ពួកគាត់​មាន​សិទ្ធិ​»។

លោក​បាន​បន្ថែមថា បើសិន​ជា​ក្មេងៗ​មិន​ដឹង​អ្វី​ តែ​ពួកគេ​ត្រូវបាន​ប្រើ​ឱ្យ​និយាយ​អ្វីមួយ​ទៅតាម​ការ​ទាក់​ទាញ​តាម​បែប​ណាមួយ​ ដូចជា ការ​ទិញ​ទឹក​ចិត្ដ ជា​ការ​បញ្ឆោត​ នោះហើយ​គឺជា​សំណួរ​ធំ ដែល​ទាក់ទង​នឹង​សីលធម៌​នយោបាយ​។ 

ទិដ្ឋភាព​ជាក់ស្ដែង ក្រសួងអប់រំ​បាន​ប្រកាស​មិន​ឱ្យ​សិស្ស​-​និស្សិត​មក​ពាក់​ព័ន្ធ​រឿង​នយោបាយ ជាពិសេស ធ្វើ​នយោបាយ​។ 

លោក​បាន​ចោទសួរ​ថា តើ​ទង្វើ​យក​សិស្សមក​និយាយ​គាំទ្រ​គម្រោង​របស់រដ្ឋាភិបាល​នេះ​ត្រឹម​ត្រូវ​ឬ​ទេ​ចំពោះ​សេចក្ដី​ប្រកាស​។

លោកស្រី ឃួន វិច្ឆិកា អ្នក​នាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា រហូត​ដល់​ពេល​នេះ មិន​អាច​ទាក់ទង​បាន​ដើម្បី​សុំ​សេចក្ដី​បំភ្លឺ​ជុំវិញ​ការ​ឱ្យ​សិស្សានុសិស្ស​បង្ហាញ​ការ​គាំទ្រ​របស់​ពួកគេ ឬអាច​ខុស​ពី​សេចក្ដី​ណែនាំ​របស់​ក្រសួង​ឬទេ​៕