ភ្នំពេញៈ កម្ពុជាមានវត្តមានសត្វត្រយងយក្សច្រើនជាងគេផុតក្នុងពិភពលោក ខណៈការធ្វើជំរឿនលើកទី៣ ក្នុងឆ្នាំ ២០២៤ នេះ បានបង្ហាញថា ចំនួនសត្វត្រយងយក្សយ៉ាងហោចណាស់ចំនួន ៣៣ក្បាល ត្រូវបានរកឃើញនៅដែនជម្រកសត្វព្រៃលំផាត់។
ចំនួនសត្វត្រយងយក្សពេញវ័យសរុបនៅក្នុងពិភពលោក ត្រូវបានគេប៉ាន់ប្រមាណថា មានតែប្រហែល ១៩៤ ក្បាល តែប៉ុណ្ណោះ ហើយពួកវាស្ទើរតែទាំងអស់ត្រូវបានរកឃើញថារស់នៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមព្រឹត្តិបត្រព័ត៌មានប្រចាំខែកក្កដា ឆ្នាំ២០២៤ របស់គម្រោង USAID មរតកបៃតង។
លោក ប៊ូ វរសក្ស នាយកប្រតិបត្តិរបស់អង្គការជីវិតធម្មជាតិកម្ពុជាក៏បានបញ្ជាក់ប្រាប់ភ្នំពេញប៉ុស្តិ៍ផងដែរថា៖ «នៅស្រុកខ្មែរយើងមានវត្តមានសត្វត្រយងយក្សជាង ៩០ភាគរយ នៃចំនួនសត្វត្រយងយក្សទាំងអស់នៅក្នុងពិភពលោក។ នៅទីតាំងប្រទេសគេមានខ្លះដែរ»។
លោកបន្ថែមថា ការធ្វើជំរឿនជាធម្មតាត្រូវបានធ្វើឡើងនៅក្នុងខែមករា កុម្ភៈ និងខែមេសា។
លោកបន្តថា ការធ្វើជំរឿនលើកទី៣ នៅដែនជម្រកសត្វព្រៃលំផាត់បានរកឃើញវត្តមានសត្វត្រយងយក្សចំនួន ៣៣ក្បាល។ ចំនួននេះមានស្ថិរភាពបើប្រៀបធៀបទៅនឹងព័ត៌មានមូលដ្ឋានឆ្នាំ ២០១៩។ ក្រៅពីដែនជម្រកសត្វព្រៃនេះ សត្វត្រយងយក្សក៏មានវត្តមាននៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ប្រមាណជា ២៥គូ និង តំបន់ផ្សេងៗមួយចំនួនទៀតផងដែរនៅកម្ពុជា។
លោកមានប្រសាសន៍ថា៖ «សត្វត្រយងយក្សមិនរស់នៅផ្តុំគ្នា ទ្រនុំរួមគ្នាទេ។ គាត់នៅជាក្រុមតូចៗ អញ្ជឹងយើងត្រួតពិនិត្យមើលទៅតាមត្រពាំង ដែលវាមករកចំណី ហើយក្រោកពីព្រលឹមចាំស្តាប់វាយំ។ តាមរយៈការស្រែកយំហ្នឹង យើងស្វែងរកវា និងឃើញវា...ការធ្វើជំរឿនម្តងៗយ៉ាងតិចក៏មួយអាទិត្យដែរ»។
គម្រោង USAID មរតកបៃតងបានលើកឡើងថា ជំរឿនសត្វត្រយងយក្សឆ្នាំ២០២៤ នៅដែនជម្រកសត្វព្រៃលំផាត់ បានប្រើវិធីសាស្ត្រស្តង់ដាមួយក្នុងការវាស់ស្ទង់និន្នាការចំនួនសត្វប្រភេទជិតផុតពូជបំផុតមួយនេះ ដើម្បីត្រួសត្រាយផ្លូវដល់កិច្ចខិតខំប្រឹងប្រែងអភិរក្ស។ ជំរឿននេះ គឺជាផ្នែកមួយនៃគម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់ ដែលគាំទ្រដោយគម្រោង USAID មរតកបៃតង ដែលធ្វើការឆ្ពោះទៅរកការបង្កើតឥណទានកាបូនដោយកាត់បន្ថយការកាប់បំផ្លាញ និង ការបាត់បង់ព្រៃឈើ។
ត្រយងយក្ស ដែលជាបក្សីនិមិត្តរូបរបស់កម្ពុជា និងជាប្រភេទសត្វជិតផុតពូជបំផុតមួយរបស់ពិភពលោកផងនោះ គឺនៅតែបន្តប្រឈមនឹងបញ្ហាដ៏លំបាកក្នុងការអភិរក្ស ដោយសារការបាត់បង់ ទីជម្រក ដែលបណ្តាលមកពីការពង្រីកដីធ្វើកសិកម្ម ការកាប់ព្រៃឈើ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាដើម។ កត្តាគំរាមកំហែងទាំងនេះ បានកាត់បន្ថយជម្រករបស់សត្វត្រយងយក្សយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលធ្វើឱ្យវាស្ទើរតែឈានទៅដល់ការផុតពូជ។ នេះបើយោងតាមព្រឹត្តិបត្រព័ត៌មានដដែលនេះ។
ពីមុន ត្រយងយក្សធ្លាប់ជាសត្វដែលមានវត្តមាននៅពាសពេញតំបន់ដីគោកក្នុងអាស៊ីអាគ្នេយ៍ ប៉ុន្តែបច្ចុប្បន្ន បក្សីដ៏អស្ចារ្យមួយនេះ ត្រូវបានចុះជាប្រភេទសត្វដែលជិតផុតពូជបំផុត នៅក្នុងបញ្ជីក្រហមអង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN Red List)។
លោក ផុន ខេមរិន្ទ ជាប្រធានមន្ទីរបរិស្ថានខេត្តរតនគិរីថ្លែងថា សត្វត្រយងយក្សនៅមានវត្តមានច្រើននៅដែនជម្រកសត្វព្រៃលំផាត់នេះដោយសារតែមានការអភិរក្សដែលមានកិច្ចសហការជាមួយនឹងអង្គការជីវិតធម្មជាតិកម្ពុជា៕