ខណៈការខ្វែងគំនិតគ្នាក្នុងចំណោមប្រជាពលរដ្ឋខ្មែរពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម (CLV-DTA) នៅតែបន្ត សាស្ត្រាចារ្យប្រវត្តិសាស្ត្រ លោក ដៀប សុផល ស្នើថា ទាំងភាគីគាំទ្រនិងភាគីប្រឆាំងនឹង CLV-DTA គួរចុះទៅមើលព្រំដែនផ្ទាល់ ហើយទទួលយកការពិត។
ថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃនេះ លោក ដៀប សុផល និយាយថា៖ «វាជាការល្អហើយដែលប្រជាជាតិមួយព្រួយបារម្ភពីការបាត់ទឹកដី។ ទឹកដីជាកម្មសិទ្ធិទាំងអស់គ្នា ហើយអ្នកណាក៏មានសិទ្ធិថែរក្សាដែរ។ ប៉ុន្តែ អ្វីដែលជាការពិត យើងគួរចុះទៅដល់កន្លែង យើងមិនគួរអង្គុយពីចម្ងាយ ហើយចេះតែគូសវាសនោះទេ»។
លោកពន្យល់ថា ការប្រឆាំងនឹង CLV-DTA គឺដោយសារតែការយកប្រវត្តិសាស្ត្រនៃការបាត់បង់ទឹកដី ដូចជាកម្ពុជាក្រោម និងការបាត់បង់ទឹកដីកាលពីយូរលង់មកហើយ។
យ៉ាងណាក៏ដោយកិច្ចព្រមព្រៀងនេះត្រូវបានពន្យល់ជាច្រើនលើកដោយថ្នាក់ដឹកនាំ រួមមានលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏ដូចជាស្ថាប័នមួយចំនួនទៀត។ លើសពីនេះក៏មានការបញ្ចេញឯកសារពាក់ព័ន្ធជាច្រើនដោយក្រសួងពាណិជ្ជកម្មផងដែរ។
លោក ដៀប សុផល៖ «ខាងអ្នកប្រឆាំង ប្រសិនបើគាត់ស្ដាប់ការពន្យល់ គាត់យល់ថាតំបន់នោះមានភាពចាំបាច់ក្នុងការអភិវឌ្ឍដើម្បីឲ្យតំបន់នេះកាត់បន្ថយគម្លាតពីតំបន់កណ្ដាល»។
លោកបន្តថា លោកបានចុះទៅតាមព្រំដែនកាលពីកន្លងទៅ ហើយបានឃើញកងទ័ពនិងនគរបាលបានការពារព្រំដែនយ៉ាងតឹងរ៉ឹងដូចជានគរបាលការពារព្រំដែនជាដើម។
លោកថ្លែងដូច្នេះថា៖ «ដូច្នេះ រឿងនេះត្រូវតែស្វែងរកការពិត។ ការស្វែងរកការពិត គឺការចុះទៅដល់កន្លែង និងសិក្សាលើឯកសារដែលមាន ហើយមើលលទ្ធផល ២៥ ឆ្នាំហ្នឹង តើមានលទ្ធផលយ៉ាងម៉េច ហើយធ្វើការសន្និដ្ឋានទៅ»។
លោកបន្តថា៖ «អ្វីដែលជាមន្ទិលសង្ស័យ គឺត្រូវទៅមើលទាំងអស់គ្នា និងជជែកគ្នាដើម្បីដោះស្រាយបញ្ហាជាតិទាំងអស់គ្នា គឺត្រូវឈរលើអ្វីដែលពិតជាក់ស្ដែង។ នោះគឺឈ្នះឈ្នះទាំងអស់គ្នា»។
លោកស្នើឲ្យដោះស្រាយការខ្វែងគំនិតគ្នានេះតាមយន្តការប្រជាធិបតេយ្យ នោះគឺប្រជាពលរដ្ឋមានសិទ្ធិក្នុងការបញ្ចេញមតិដោយមានមូលដ្ឋាន និង ហេតុផល ច្បាស់លាស់ និងចៀសវាងការប្រើទស្សនជាតិនិយមជ្រុលដែលនិងនាំទៅដល់អំពើហិង្សា និង សោកនាដកម្ម។
លោកលើកពីឧទាហរណ៍អំពីជាតិនិយមជ្រុល គឺការទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ តាមរយៈរដ្ឋប្រហារនៅថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ និងជាតិនិយមជ្រុលរបស់ពួកខ្មែរក្រហម។ ចំណែកនៅលើពិភពលោក ក៏មានទស្សនជាតិនិយមជ្រុលដែរ ដូចជានៅក្នុងរបបដឹកនាំដោយ ហ៊ីត្លែរ នៅអាល្លឺម៉ង់ និងចូសេហ្វ ស្ដាលីន នៅរុស្ស៊ី ដែលរបបទាំងអស់នោះគ្មានមួយណានាំទៅរកភាពរីកចម្រើនទេ។ ទស្សនជាតិនិយមជ្រុលត្រូវតែទប់ស្កាត់។
លោកបន្តថា៖ «ដូច្នេះ អ្វីទៅដែលហៅថា នយោបាយឈ្នះ-ឈ្នះ? ឈ្នះ-ឈ្នះ គឺទាល់តែឈរនៅលើច្បាប់ ទាល់តែយើងបើកបេះដូងចំហស្ដាប់គ្នាទៅវិញទៅមក ហើយរកការពិតថាតើ CLV-DTA នេះវាបានលទ្ធផលយ៉ាងម៉េច។ នៅពេលទទួលយកការពិតហ្នឹងបាន ចាប់ដៃគ្នាអភិវឌ្ឍជាតិ ហ្នឹងហើយគេហៅថាឈ្នះ-ឈ្នះ ទាំងអស់គ្នា។ នៅពេលខ្មែរមានឯកភាពជាតិ នោះគឺឈ្នះ-ឈ្នះ សម្រាប់ខ្មែរទាំងអស់គ្នា»។
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងកាលពីពេលថ្មីៗនេះថា នៅឆ្នាំ២០២៥ ឬ ២០២៦ ក្រសួងសាធារណការនិងដឹកជញ្ជូននឹងសាងសង់ផ្លូវទៅដល់តំបន់កន្ទុយនាគ ដែលបច្ចុប្បន្ននេះ ការធ្វើដំណើរទៅតំបន់នោះអាចធ្វើបានទាំងលំបាក៕