មន្ត្រី​បច្ចេកទេស​កសិកម្ម​នឹង​ត្រូវ​ដាក់​ពង្រាយ​ទៅ​គ្រប់​ឃុំ​ទាំង​អស់​នៅ​ក្នុង​ខេត្ត​នៃ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ CLV-DTA ដើម្បី​ពង្រឹង​វិស័យ​កសិកម្ម​នៅ​ក្នុង​ខេត្ត​ទាំង​បួន​នេះ ដែល​រួម​មាន រតនគិរី មណ្ឌល​គិរី ក្រចេះ និង​ស្ទឹង​ត្រែង។ រដ្ឋាភិបាល​នឹង​ជ្រើស​រើស​មន្ត្រី​កសិកម្ម ១០០០​នាក់​ទៀត។


លោក​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ​បាន​បញ្ជាក់​ពី​ផែនការ​នេះ​នៅ​ក្នុង​ការ​ថ្លែង​សារ​ពិសេស​​កាល​ពី​ល្ងាច​ថ្ងៃ​ទី២២ ខែសីហា ក្នុង​គម្រប់​ខួប​មួយ​ឆ្នាំ​នៃ​ការ​ឡើង​កាន់​អំណាច​របស់​លោក។

លោក​ថ្លែង​ដូច្នេះ​ថា៖ «ខ្ញុំ​បាន​ឯកភាព​ឲ្យ​ប្រឡង​ជ្រើស​រើស​មន្ត្រី​បច្ចេកទេស​កសិកម្ម​ឃុំ​ចំនួន​ ១០០០​នាក់​បន្ថែម​ទៀត ដែល​ផែនការ​ចាស់​មាន​ត្រឹម​តែ​៨០០​នាក់​ទេ។


លោក​បន្ត​ថា៖ «ខ្ញុំ​បាន​អនុញ្ញាត​ឲ្យ​បន្ថែម​ ២០០​នាក់​ទៀត​ឲ្យ​គ្រប់​ ១០០០​នាក់​ ដើម្បី​ពន្លឿន​ការ​ពង្រាយ​មន្ត្រី​បច្ចេកទេស​កសិកម្ម​តាម​បណ្ដា​ខេត្ត ជា​ពិសេស​នៅ​តាម​ឃុំ​ទាំង​អស់​នៃ​ខេត្ត​ស្ទឹង​ត្រែង ខេត្ត​ក្រចេះ មណ្ឌលគិរី និង​ខេត្ត​រតនគិរី ដើម្បី​ចូលរួម​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​ខេត្ត​ក្នុង​តំបន់​ឦសាន​របស់​យើង»។

រហូត​មក​ទល់​នឹង​ពេល​នេះ ក្រសួង​មុខងារ​សាធារណៈ និង​ក្រសួង​កសិកម្ម បាន​​ប្រឡង​ជ្រើស​រើស​មន្ត្រី​បច្ចេកទេស​កសិកម្ម​ចំនួន ២៥០​នាក់ និង​បាន​ដាក់​ពង្រាយ​នៅ​តាម​ឃុំ​គោល​ដៅ​ចំនួន ២៥០ ឃុំ នៅ​ក្នុង​ស្រុក​ចំនួន ៨៩ ក្នុង​ខេត្ត​ចំនួន ១៧ រួច​ហើយ។ ពួក​គេ​បាន​ចុះ​ផ្សព្វផ្សាយ​អំពី​បច្ចេកទេស​កសិកម្ម​ដល់​ប្រជា​ពលរដ្ឋ​បាន​ជិត ១២​ម៉ឺន​គ្រួសារ។


យោង​តាម​ក្រសួង​មហា​ផ្ទៃ ខេត្ត​ទាំង​៤​នៃ​ CLV-DTA មាន​ឃុំ​សង្កាត់​ចំនួន ១៥៣ ដែល​ក្នុង​នោះ​ស្ទឹង​ត្រែង​មាន​​ ៣៤ ឃុំ​សង្កាត់, ក្រចេះ​មាន ៤៨ ឃុំ​សង្កាត់, រតនគិរី​មាន ៥០ ​ឃុំ​សង្កាត់ និង​មណ្ឌល​គិរី​មាន​ចំនួន ២១។

រដ្ឋាភិបាល​បាន​រៀបចំ​សហគមន៍​ទំនើប​ចំនួន​ ៨ ដែល​អនុវត្ត​នៅ​ខេត្ត​សៀមរាប តាកែវ កំពង់​ឆ្នាំ កំពង់​ធំ និង​ខេត្ត​កណ្ដាល ដើម្បី​ជួយ​ដល់​កសិកម្ម​ទៅ​លើ​វិធី​សាស្ត្រ​ដាំដុះ​ថ្មី ក្នុង​គោលដៅ​បង្កើន​ប្រាក់​ចំណូល។

លោក​នាយ​រដ្ឋ​មន្ត្រី​ក៏​បាន​បញ្ជាក់​ពី​ការ​ប្រឹង​ប្រែង​ជួយ​ដល់​វិស័យ​កសិកម្ម​តាម​រយៈ​ការ​ទប់​លំនឹង​តម្លៃ​ផលិតផល​ និង​ការ​ផ្ដល់​ហិរញ្ញប្បទាន​ដល់​រោង​ម៉ាស៊ីន​កិន​ស្រូវ​ដែល​មាន​ទឹក​ប្រាក់​សរុប ២៩​លាន​ដុល្លារ៕