ការ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​អាច​នឹង​ត្រូវ​កែ​សម្រួល​កាន់តែ​ប្រសើរ​សម្រាប់​ភ្ញៀវ​ទេសចរ​អន្តរជាតិ ដោយ​គ្រឹះស្ថាន​អង្គរ​នឹង​សុំ​គោលការណ៍​ទៅ​រាជរដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជិះ​កាត់​តំបន់​នេះ​ដោយ​មិន​ចាំបាច់​ទិញ​សំបុត្រ លើក​លែង​តែ​ការ​ចូល​ទស្សនា​ប្រាសាទ។ នេះ​ជា​ការ​បង្ហើប​ឲ្យ​ដឹង​របស់​លោក លី សែ អគ្គនាយក​គ្រឹះស្ថាន​អង្គរ។


បច្ចុប្បន្ន​នេះ រាល់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​ចូល​ទៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ត្រូវ​តែ​ទិញ​សំបុត្រ ហើយ​នៅ​ពេល​ពួក​គេ​ដើរ​ចូល​ប្រាសាទ​និង​ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​ពី​ភ្នាក់ងារ​ត្រួត​ពិនិត្យ​សំបុត្រ។ សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​ត្រូវ​ទៅ​តំបន់​ផ្សេង​ហើយ​ឆ្លង​កាត់​តំបន់​អង្គរ ពួកគេ​ត្រូវ​ប្រើ​ប្រាស់​ផ្លូវ​វាង។

លោក​ លី សែ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «យើង​នឹង​ដូរ​វិធីសាស្ត្រ​ក្នុង​ការ​គ្រប់គ្រង​វិញ។ យើង​នឹង​សុំ​គោលការណ៍ ព្រោះ​យើង​អត់​ចង​ធ្វើ​អីចឹង​ទៀត គ្រាន់​តែ​គាត់​ជិះ​ឆ្លង​កាត់​ក៏​មិន​បាន​ដែរ ដែល​គោលការណ៍​នេះ​មាន​មក​ជា​យូរ​មក​ហើយ ហើយ​យើង​ចង់​កែ​សម្រួល»។


លោក​បន្ត​ថា៖ «យើង​នឹង​សុំ​គោលការណ៍​គឺ​យើង​លក់​សំបុត្រ​តែ​ការ​ទស្សនា​ប្រាសាទ​ទេ។ បើ​គាត់​ជិះ​តែ​តាម​ផ្លូវ​អត់​ចូល​ប្រាសាទ នោះ​មិន​ចាំបាច់​ឲ្យ​គាត់​ទិញ​សំបុត្រ​ទេ ហើយ​យើង​ដក​ការ​ត្រួត​ពិនិត្យ​របស់​យើង​ទៅ​ដាក់​តែ​នៅ​តាម​ប្រាសាទ យើង​មិន​ចង់​ដាក់​នៅ​តាម​ផ្លូវ​ទេ ព្រោះ​គេ​មក​ដើរ​លេង​ទៅ ឃើញ​ស្អេកស្កះ​តាម​ផ្លូវ វា​រំខាន​ច្រើន»។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ​រក​វិធី​សម្រួល​ដល់​ការ​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ដើម្បី​ឲ្យ​មាន​ភាព​ងាយស្រួល​សម្រាប់​ភ្ញៀវ​ទេសចរ​អន្តរជាតិ។ ការ​សម្រួល​នោះ​ក៏​បូក​រួម​ទាំង​ការ​បន្ថែម​ម៉ោង​ទស្សនា​នៅ​តាម​ប្រាសាទ​នានា​ផង​ដែរ ដែល​លោក​បាន​អនុម័ត​រួច​ហើយ។


កាលពី​ថ្ងៃទី២៧ ខែសីហា​ ម្សិល​មិញ ក្រុមប្រឹក្សាភិបាល​គ្រឹះស្ថាន​អង្គរ បាន​កែ​សម្រួល​លក្ខខណ្ឌ​តម្រូវ​ក្នុង​ការ​​​ទិញ​សំបុត្រ​ដោយ​ចាប់​ពី​ចុង​ខែ​កញ្ញា​តទៅ ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​ទិញ​សំបុត្រ​ទស្សនា​តែ​មួយ​ថ្ងៃ​មិន​មាន​តម្រូវ​ការ​ថតរូប​ធ្វើ​ប័ណ្ណ​ទស្សនា​ទៀត​ទេ។

ការ​កែសម្រួល​នេះ​ត្រូវ​បាន​សម្រេច​នៅ​ក្នុង​កិច្ច​ប្រជុំ​ក្រុមប្រឹក្សាភិបាល​គ្រឹះស្ថាន​អង្គរ​ ដឹកនាំ​ដោយ​លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។

សម្រាប់​ការ​ទស្សនា​​រយៈ​ពេល ៣ ថ្ងៃ និង ៧ ថ្ងៃ នៅ​បន្ត​អនុវត្ត​​ការ​ថតរូប​ភ្ញៀវ​ដើម្បី​ធ្វើ​ប័ណ្ណ​ទស្សនា​ដូច​មុន​ដដែល​រហូត​ដល់​ដាច់​ឆ្នាំ​២០២៤។ លើស​ពី​នេះ​ទៀត ​ការ​ត្រួត​ពិនិត្យ​សំបុត្រ​នៅ​តាម​ច្រក​ចូល​រមណីយដ្ឋាន​អង្គរ​ទាំង​៤​ច្រក ត្រូវ​បាន​កាត់​បន្ថយ​ ដោយ​រក្សា​ទុក​តែ​ការ​ត្រួត​ពិនិត្យ​តាម​ច្រក​ចូល​ប្រាសាទ​ប៉ុណ្ណោះ។

លោក អូន ព័ន្ធមុនីរ័ត្ន ប្រាប់​ឲ្យ​គ្រឹះស្ថាន​អង្គរ​​សិក្សា​អំពី​ការ​ផ្តល់​ជា​ទម្រង់​សំបុត្រ​ពាក់​នៅ​កដៃ​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ត្រួត​ពិនិត្យ។ លោក​ក៏​ជំរុញ​ឲ្យ​គ្រឹះស្ថាន​អង្គរ​ក៏​នឹង​ជំរុញ​ការ​ទូទាត់​ប្រាក់​តាម​ទម្រង់​អេឡិចត្រូនិក​​​ផង​ដែរ ព្រម​ទាំង​បង្កើត​ប្រព័ន្ធ​ទិញ​សំបុត្រ​ដោយ​ខ្លួន​​ឯង (self-service machine) និង​ប្រព័ន្ធ​តាម​កម្មវិធី​លើ​ទូរស័ព្ទ។

លោក លី សែ ​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ ​ការ​ទិញ​សំបុត្រ​ទស្សនា​ត្រូវ​បំពេញ​ព័ត៌មាន​សញ្ជាតិ​ ក្រុម​អាយុ ភេទ ប៉ុន្តែ​ព័ត៌មាន​នេះ​មិន​បញ្ចេញ​នៅ​លើ​សំបុត្រ​ទេ គឺ​មាន​តែ​រូបថត​ប៉ុណ្ណោះ។ ប៉ុន្តែ នៅ​ពេល​អនុវត្ត​គោលការណ៍​ថ្មី ព័ត៌មាន​ទាំង​នេះ​លែង​មាន​ការ​តម្រូវ​ហើយ ​ដូច​ទៅ​នឹង​អ្វី​ដែល​ប្រទេស​ផ្សេង​បាន​អនុវត្ត។ 

លោក​បន្ត​ថា តាមពិត​ទៅ គ្រឹះស្ថាន​អង្គរ​មិន​តួនាទី​ប្រមូល​ព័ត៌មាន​ទាំង​នេះ​ទេ ព្រោះ​ព័ត៌មាន​នេះ​ត្រូវ​បាន​ប្រមូល​ដោយ​សមត្ថកិច្ច​អន្តោ​ប្រវេសន៍​នៅ​តាម​ច្រក​ចូល​រួច​ហើយ៕