ចាប់​ពី​ថ្ងៃទី២ ខែសីហា​តទៅ ការ​ថត​ផ្សព្វផ្សាយ​ក្នុង​ប្រព័ន្ធ​បណ្តាញ​ព័ត៌មាន​សង្គម ដូចជា Facebook, Youtube, Tiktok ជាដើម​ដោយ​ទូរសព្ទ​ដៃ ឬ​ម៉ាស៊ីនថត​ផ្ទាល់​ខ្លួន​នៅ​រមណីយដ្ឋាន​អង្គរ​មិន​ចាំ​បាច់​ត្រូវ​បង់​ប្រាក់ ឬ​​ដាក់​ពាក្យ​ស្នើសុំ​ឡើយ។


ប៉ុន្តែ ​រាល់​ការថត​របស់​អង្គភាព​សារព័ត៌​មាន​ផ្លូវការ ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស ​ក្នុង​គោល​បំណង​ផ្សព្វផ្សាយ ​តម្រូវ​ឱ្យ​ដាក់​ពាក្យ​ស្នើសុំ ​តែ​មិន​ត្រូវ​បង់​ប្រាក់។ នេះ​បើ​តាម​ការ​ជូន​ដំណឹង​របស់​អាជ្ញាធរ​អប្សរា​ក្នុង​លិខិត​ចុះ​ថ្ងៃទី២ ខែសីហា​ម្សិល​មិញ។

ការ​ថតរូប​ក្នុង​សម្លៀក​បំពាក់​អាពាហ៍​ពិពាហ៍ ឬ​សម្លៀក​បំពាក់​ប្រពៃណី​ជាតិ ​ឬ​អន្តរ​ជាតិ​សម្រាប់​ការ​ចង​ក្រង​ជា​អនុស្សាវរីយ៍​ផ្ទាល់​ខ្លួន​មិន​តម្រូវ​ឲ្យ​សុំ​ច្បាប់ ឬ​ត្រូវ​បង់​ប្រាក់​ទេ។


ប៉ុន្តែ ការ​តម្រូវ​ឲ្យ​ស្នើ​សុំ និង​បង់ប្រាក់​ត្រូវ​បាន​អនុវត្ត​ចំពោះ​រាល់​ការ​ថត​ក្នុង​គោល​បំណង​បម្រើ​ឱ្យ​អាជីវកម្ម ​ដូចជា​ការថត​ភាពយន្ត​ខ្នាតធំ​ ឬ​តូច​គ្រប់​ប្រភេទ ការថត​វីដេអូ និង​រូបភាព​សន្លឹក ដើម្បី​ផលិត​ចម្រៀង​កាយវិការ, កម្មវិធី​កម្សាន្ត, វីដេអូ​ឯកសារ, ស្ប៉ត់​ពាណិជ្ជកម្ម, ​សៀវភៅ​មគ្គុទ្ទេសក៍, ការ​បោះពុម្ព​កាតាឡុក និង​ទស្សនាវដ្តី ជាដើម និង​ការថត​វីដេអូ និង​រូបភាព​សន្លឹក​ដោយ​ឧបករណ៍​ដ្រូន។

អាជ្ញាធរ​អះអាង​ថា ការ​កែ​សម្រួល​នេះ​ធ្វើ​ឡើង​ក្នុង​បំណង​បង្កភាព​ងាយ​ស្រួល​ជូន​ដល់​សាធារណជន​ភ្ញៀវជាតិ និង​អន្តរជាតិ ព្រម​ទាំង​ប្រតិបត្តិករ​ក្នុង​វិស័យ​ទេសចរណ៍​ទាំង​អស់។


អាជ្ញាធរ​ក៏​បាន​ភ្ជាប់​នូវ​តារាង​ដែល​និយាយ​ពី​លក្ខខណ្ឌ​លម្អិត​សម្រាប់​ថត​តាម​ប្រភេទ​នីមួយៗ​ផងដែរ ដូចជា​លិខិត​អនុញ្ញាត​ពី​ក្រសួង​វប្បធម៌​សម្រាប់​ការ​ថត​ភាពយន្ត​ខ្នាត​តូច​និង​ធំ តម្លៃ​ចន្លោះ​ពី ៣០​ ទៅ ៤៥០០​ដុល្លារ​ក្នុង​មួយ​ថ្ងៃ៕