ភ្នំពេញៈ មន្រ្តី​រដ្ឋបាល​ព្រៃឈើ​គ្រោង​នឹង​ធ្វើ​ជំរឿន​សត្វស្វា ជាពិសេស នៅ​តាម​តំបន់​រមណីយដ្ឋាន​នៅ​ទូទាំង​ប្រទេស ដើម្បី​រក​ពពួក​ស្វាកាច​ដែល​កំពុង​តែ​បង្ក​គ្រោះថ្នាក់​ដល់​សាធារណជន​ក៏​ដូចជា​ភ្ញៀវ​ទេសចរជាតិ​និង​អន្តរជាតិ។


គម្រោង​ធ្វើ​ជំរឿន​នេះ​ត្រូវ​បាន​រៀបចំ​ឡើង បន្ទាប់ពី​សត្វស្វា​មួយ​ចំនួន​បាន​បង្ក​ការ​រំខាន​ដល់​ពលរដ្ឋ ជាពិសេស​គឺ​ភ្ញៀវ​ទេសចរ​នៅ​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​ខេត្ត​សៀមរាប។ មន្រ្តី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​និង​នេសាទ​កំពុង​តែ​ជួប​ប្រជុំ​ពិភាក្សា​ជាមួយ​នឹង​អាជ្ញាធរ​តាម​ខេត្ត​នៅ​មុន​ពេល​ចាប់​ផ្តើម​ធ្វើ​ជំរឿន​នេះ។

រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម លោក អ៊ុង សំអាត បាន​មាន​ប្រសាសន៍​ក្នុង​កិច្ច​ប្រជុំ​ក្នុង​ខេត្ត​សៀមរាប កាល​ពី​ដើម​សប្តាហ៍​នេះ​ថា មន្ត្រី​ជំនាញ​របស់​រដ្ឋបាល​ព្រៃឈើ​និង​ធ្វើ​ជំរឿន​សត្វ​ស្វា​នេះ ​នៅ​តាម​ទីសាធារណៈ​ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស ជាពិសេស នៅ​តាម​តំបន់​រមណីយដ្ឋាន​នានា​ដែល​មាន​សត្វ​ស្វា​រស់នៅ។ នេះ​បើ​យោង​តាម​មន្ទីរ​ព័ត៌មាន​ខេត្ត។


លោក​រដ្ឋលេខាធិការ​បញ្ជាក់​ថា៖ «ការ​ធ្វើ​ជំរឿន​នេះ មន្ត្រី​ជំនាញ​អាច​នឹង​ដឹង​ថា សត្វស្វា​ទាំងអស់​នោះ​តើ​មួយ​ណា​ជា​សត្វ​កាច ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស ដើម្បី​ងាយ​ស្រួល យក​ពួកវា​ទៅ​កន្លែង​ផ្សេង ឬ​ទៅ​កសិដ្ឋាន​ស្របច្បាប់​សម្រាប់​ជា​ពូជ​មេបា​នៅ​ក្នុង​ការ​បង្កាត់»។

លោក ទា គឹមសុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​សៀមរាប​បាន​ឱ្យ​ដឹង​ថា កិច្ច​ប្រជុំ​ដូចគ្នា​នេះ​នឹង​ត្រូវ​ធ្វើឡើង​នៅ​ខេត្ត​ផ្សេង​ទៀត។ ហេតុនេះ វិធីសាស្រ្ត​ផ្សេងៗ​ក្នុង​ការ​ធ្វើ​ជំរឿន​នៅ​មិន​ទាន់​ដឹង​ច្បាស់លាស់​នោះ​ទេ។


ទោះយ៉ាងណា លោក​បាន​ឱ្យ​ដឹង​ថា ក្នុង​ការ​ធ្វើ​ជំរឿន​នេះ គឺ​ត្រូវ​ពឹង​ផ្អែក​សំខាន់​ទៅលើ​ពលរដ្ឋ​មូលដ្ឋាន​ផងដែរ ព្រោះ​ពួកគាត់​ស្គាល់​ពពួក​ស្វាកាច និង​ស្វាស្លូត។

លោក​បញ្ជាក់​ថា៖ «គ្រប់​តំបន់​ទេសចរណ៍​ទាំង​អស់​នឹង​ត្រូវ​ធ្វើការ​ដក​ហូត​សត្វ​ស្វាកាច។ វា​ខាំ​ភ្ញៀវ​ ខាំអីអញ្ជឹង​ទៅ។ យើង​យក​តែ​ស្វាកាច​ទេ ព្រោះ​ស្វាវា​រំខាន​ច្រើន​ណាស់​ដល់​ភ្ញៀវ អញ្ជឹង​ហើយ​បាន​ជា​ត្រូវ​ការ​ធ្វើ​ជំរឿន ត្រូវ​ការ​មាន​អ្នក​ស្គាល់​ស្វា​ណា​កាច ស្វាស្លូត»។

កាល​ពី​ខែ​សីហា​កន្លងមក រដ្ឋបាល​ព្រៃឈើ​​បាន​ប្រកាស​ឱ្យ​ពលរដ្ឋ ​ដែល​មាន​ស្វាកាច ឬ​ជួប​នឹង​ស្វាកាច​នៅ​តាម​ទី​សាធារណៈ ​រាយការណ៍​រដ្ឋបាល​ព្រៃឈើ​ ដើម្បី​ចុះ​អន្តរាគមន៍​ចាប់​យក​​ស្វា​ទាំង​នោះ។

មន្រ្តី​រដ្ឋបាល​ព្រៃឈើ​ម្នាក់​បា​នឱ្យ​ដឹង​ថា គម្រោង​ធ្វើ​ជំរឿន​នេះ គឺជា​ផ្នែក​មួយ​នៃ​ការ​ប្រកាស​នេះ។ រហូត​មក​ដល់​ពេល​នេះ រដ្ឋបាល​ព្រៃឈើ​ទទួល​បាន​ការ​ស្នើសុំ​ឱ្យ​យក​ស្វាកាច​ជាច្រើន​ករណី។ ក្នុង​នោះ​រួម​មាន​ស្វាកាច​នៅ​តំបន់​អង្គរ​ជា​ច្រើន​ក្បាល នៅ​ប្រាសាទ​ព្រះវិហារ ២​ក្បាល នៅ​ម្តុំ​វត្តភ្នំ ២០ក្បាល និង​នៅ​វត្ត​មួយ​ក្នុង​ខេត្ត​កណ្តាល​មួយ​ក្បាល​ផងដែរ។ 

លោក​បញ្ជាក់​ថា៖ «ស្វា​ឈ្មោល​១​ក្បាល​នៅ​ខេត្ត​កណ្តាល​ហ្នឹង​ត្រូវ​បាន​ចាប់​រួច​ហើយ និង​យក​ទៅ​ថែរក្សា​នៅសួន​សត្វ​ភ្នំ​តាម៉ៅ។ វា​ខាំ​ប្រជាជន​២​នាក់។ កន្លែង​ផ្សេង​​ទៀត​កំពុង​រៀបចំ​មាន​ចំណាត់ការ​ជា​បន្តបន្ទាប់»។

លោក​ក៏​បាន​ឱ្យ​ដឹង​ផងដែរ​ថា ការ​ចាប់​ស្វា​នេះ​គឺ​ធ្វើឡើង​ទៅ​តាម​ស្ថានភាព​ជាក់ស្តែង ដូចជា ការ​បាញ់​ថ្នាំ​សន្លប់ ដាក់​អន្ទាក់ ឬ​អង្គប់។ ចំពោះ​ស្វាកាច​ជា​មេហ្វូង​គឺ​ប្រើ​ថ្នាំ​សន្លប់ ព្រោះ​វា​ជា​ទូទៅ​មិន​ចូល​អន្ទាក់ ឬ​អង្គប់​នោះ​ទេ។ ដោយឡែក​ចំពោះ​កូនស្វា ឬ​ស្វាតូចៗ​អាច​ប្រើ​អង្គប់ តាម​រយៈការ​ដាក់​ចំណី​បញ្ឆោត៕