រដ្ឋមន្ត្រី​ក្រសួង​សុខា​ភិបាល លោក ឈាង រ៉ា បាន​ថ្លែង​ថា លោក​គោរព​ការ​សម្រេច​ចិត្ត​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ក្នុង​ការ​ចេញ​ទៅ​រក​សេវា​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ជិត​ខាង​ និង​ប្រទេស​ដទៃ​ទៀត ដែល​មាន​ចំនួន​ចន្លោះ​ពី ២០​ម៉ឺន ទៅ​២៥​ម៉ឺន​នាក់​ក្នុង​ឆ្នាំ​២០២៣។ លោក​ថា នេះ​មិន​មែន​និន្នាការ​ថ្មី​ទេ ប៉ុន្តែ​ជា​អ្វី​ដែល​បាន​កើត​ឡើង​យូរ​មក​ហើយ។


ថ្លែង​ក្នុង​ជំនួប​ជាមួយ​អ្នក​សារព័ត៌មាន ដែល​រៀបចំ​ដោយ​ក្លិប​អ្នក​កាសែត​កម្ពុជា ​នៅ​ព្រឹក​ថ្ងៃ​ទី១១ ខែ​កញ្ញា​នេះ លោក ឈាង រ៉ា បាន​បញ្ជាក់​ថា ចរន្ត​នៃ​ការ​ចាក​ចេញ​ពី​ប្រទេស​មួយ​ដើម្បី​ទៅ​រក​សេវា​ព្យាបាល​នៅ​ប្រទេស​ផ្សេង​ទៀត មិន​មែន​កើត​ឡើង​តែ​នៅ​កម្ពុជា​នោះ​ទេ ប៉ុន្តែ មាន​នៅ​ក្នុង​ប្រទេស​ផ្សេងៗ សូម្បី​នៅ​បារាំង សហរដ្ឋ​អាមេរិក ម៉ាឡេស៊ី វៀតណាម ថៃ ឬ​សិង្ហបុរី​ ជា​ដើម គ្រាន់​តែ​ថា អត្រា​នៃ​ការ​ចេញ​ទៅ​ព្យាបាល​នៅ​ខាង​ក្រៅ​មាន​កម្រិត​ខុស​គ្នា។

បើ​តាម​លោក​រដ្ឋមន្ត្រី​សុខាភិបាល ចំនួន​ពលរដ្ឋ​កម្ពុជា​ដែល​ចេញ​ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស​ជាង ២០ម៉ឺន​នាក់​នេះ មិន​មែន​ជា​តួ​លេខ​មួយ​ច្រើន​នោះ​ទេ គឺ​ក្នុង​អត្រា​តែ ១,៥ ភាគ​រយ​ប៉ុណ្ណោះ បើ​ប្រៀប​ទៅ​នឹង​ចំនួន​ពលរដ្ឋ​ដែល​ទទួល​សេវា​ពិនិត្យ​និង​ព្យាបាល​នៅ​ក្នុង​ស្រុក​ជាង ១៣,៩​លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ។


លោក​ថ្លែង​ដូច្នេះ​ថា៖ «ប៉ុន្តែ ខ្ញុំ​សូម​គោរពការ​សម្រេច​ចិត្ត​របស់​បង​ប្អូន​ដែល​ទៅ​រក​សេវា​នៅ​កន្លែង​ណា​ក្ដី ដែល​នេះ​ជា​សិទ្ធិ​របស់​បង​ប្អូន»។

ប៉ុន្តែ លោក​បាន​លើក​ជា​សំនួរ​​ថា ប្រសិន​បើ​តម្លៃ​នៃ​ការ​ព្យាបាល​ឬ​វះកាត់​មួយ​អាច​មាន​តម្លៃ​ ៥ ដង​ថ្លៃ​ជាង​នៅ​កម្ពុជា តើ​​គុណភាព​ពិត​ជា​មាន​ភាព​ប្រសើរ​ជាង​សេវា​នៅ​កម្ពុជា ៥​ ដង​នោះ​ដែរ​ឬ​ទេ។ នៅ​កម្ពុជា លោក​សង្កេត​ឃើញ​មាន​ភាព​រីក​ចម្រើន​ខ្លាំង​លើ​ការ​ព្យាបាល​មាត់​ ធ្មេញ និង​ភ្នែក ដែល​ពលរដ្ឋ​ខ្មែរ​រស់​នៅ​បរទេស​ក៏​សម្រេច​ចិត្ត​មក​ទទួល​សេវា​ទាំង​នេះ​នៅ​កម្ពុជា ហើយ​បន្ថែម​កញ្ចប់​ដំណើរ​កម្សាន្ត​របស់​ពួក​គេ​នៅ​ថ្ងៃ​សម្រាក​នៅ​ប្រទេស​ដែល​ពួក​គាត់​រស់​នៅ។


លោក​ថា៖ «ជាក់​ស្ដែង​នៅ​ថ្ងៃ​ទី១៦ ខែ​កញ្ញា​នេះ មាន​ជន​ជាតិ​បារាំង​ម្នាក់​ក៏​នឹង​មក​ប្រើ​ប្រាស់​សេវា​នៅ​ប្រទេស​យើង​អំពី​សុខភាព​ភ្នែក។ អីចឹង​ វា​បញ្ជាក់​យ៉ាង​ម៉េច គឺ​វា​បញ្ចាក់​​បាន​ថា វា​មាន​ទៅ​មាន​មក ហើយ​ទៅ​កន្លែង​ដែល​មាន​គុណភាព​ និង​មាន​តម្លៃ។ ដូច្នេះ គុណភាព​និង​តម្លៃ​គឺ​ជា​ផល​ធៀប។ អីចឹង កម្ពុជា​យើង​ក៏​ធ្វើ​បាន​ល្អ​ដែរ»។ 

បើ​តាម​ការ​យល់​ឃើញ​របស់​លោក ឈាង រ៉ា ការ​ដែល​ពលរដ្ឋ​ខ្មែរ​ចេញ​ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស ប្រហែល​ជា​បណ្ដាល​មក​ពី​ការ​ពេញ​ចិត្ត​ទៅ​លើ​ការ​ធ្វើ​បដិសណ្ឋារកិច្ច​និង​ការ​ពន្យល់​បង្ហាញ​ដែល​មាន​លក្ខណៈ​មួយ​ជា​បទ​ពិសោធន៍​ថ្មី​នៅ​ទី​នោះ។

លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា យ៉ាង​ណា​ក៏​ដោយ ក្រសួង​សុខា​ភិបាល​មិន​ព្រងើយ​កន្តើយ​នឹង​ការ​ចេញ​ទៅ​ព្យាបាល​នៅ​បរទេស​របស់​ប្រជាជន​ខ្មែរ​ទេ ដោយ​ក្រសួង​កំពុង​ពង្រឹង​គុណភាព​នៃ​សេវា​សុខា​ភិបាល​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង ដើម្បី​ឲ្យ​តួលេខ​នៃ​ការ​ចេញ​ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស​មាន​ការ​ថយ​ចុះ។

លោក​និយាយ​ថា៖ «ដូច្នេះ​ យុទ្ធសាស្ត្រ​ដើម្បី​ដោះស្រាយ​ការងារ​នេះ គឺ​យើង​ត្រូវ​ប្រឹង​ប្រែង លើក​កម្ពស់​នៃ​ការ​ខិត​ខំ​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​បម្រើ​ផ្ដល់​សេវា​នៅ​ក្នុង​ស្រុក​​ឲ្យ​បាន​ប្រសើរ​ឡើង។ យើង​ត្រូវ​តែ​ទទួល​ស្គាល់ ថ្វីត្បិត​តែ​ថា​ យើង​មាន​កន្លែង​ដែល​ល្អ ក៏​នៅ​មាន​កន្លែង​ដែល​មិន​ទាន់​ល្អ​ដែរ»៕