ខេត្ដឧត្ដរមានជ័យ៖ មជ្ឈមណ្ឌលឯកសារសន្តិភាពអន្លង់វែងនៃមជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam) បានរៀបចំវេទិកាថ្នាក់រៀនស្តីពី «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» ដល់សិស្សវិទ្យាល័យស្រែណូយ ចំនួន ២៥នាក់ នៅថ្ងៃទី១០ ខែកញ្ញា។
វេទិកាដែលផ្តោតលើប្រធានបទ «ជីវភាពរស់នៅប្រចាំថ្ងៃក្នុងរបបកម្ពុជាប្រជាធិបតេយ្យ» បានទាក់ទាញសិស្សានុសិស្សប្រុស ១១ នាក់ និងស្រី ១៤ នាក់ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងដល់យុវជនអំពីអំពើខ្មៅងងឹតបំផុតរបស់កម្ពុជា និងទប់ស្កាត់អំពើប្រល័យពូជសាសន៍នាពេលអនាគត ដោយការលើកកម្ពស់ការអត់ឱន និងអហិង្សា។
វេទិកាថ្នាក់រៀនគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងបន្តរបស់មជ្ឈមណ្ឌលសន្តិភាព ដើម្បីអប់រំយុវជនអំពីអំពើឃោរឃៅដែលបានប្រព្រឹត្តក្នុងរបបខ្មែរក្រហម ដែលបានគ្រប់គ្រងប្រទេសកម្ពុជាពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ១៩៧៩។
មជ្ឈមណ្ឌលនេះបានឈានមុខគេក្នុងវិស័យអប់រំអំពីអំពើប្រល័យពូជសាសន៍ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ អស់រយៈពេលជាងមួយទស្សវត្សរ៍មកហើយ ដោយបានលើកទឹកចិត្តមនុស្សជំនាន់ក្រោយឱ្យរៀនសូត្រពីអតីតកាល និងបដិសេធអំពើហិង្សាគ្រប់រូបភាព។
អប់រំមនុស្សជំនាន់ក្រោយ
របបខ្មែរក្រហម ដែលគេស្គាល់ថាជារបបកម្ពុជាប្រជាធិបតេយ្យ ទទួលខុសត្រូវចំពោះការស្លាប់របស់ប្រជាជនកម្ពុជាប្រមាណ ១,៧ លាននាក់ តាមរយៈការប្រហារជីវិត ភាពអត់ឃ្លាន ពលកម្មដោយបង្ខំ និងការធ្វើទារុណកម្ម។
លោក លី សុខឃាង នាយកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បានដឹកនាំបទបង្ហាញក្នុងវេទិកានេះ ដោយផ្តោតលើជីវភាពរស់នៅប្រចាំថ្ងៃរបស់អ្នកដែលឆ្លងកាត់សម័យដ៏ច្របូកច្របល់នេះ។
លោក សុខឃាង បាននិយាយថា៖ «វិធីសាស្ត្ររបស់ខ្មែរក្រហមចំពោះការរៀបចំរចនាសម្ព័ន្ធសង្គម រួមទាំងការបង្កើតសហករណ៍ និងការលុបបំបាត់កម្មសិទ្ធិឯកជន បានធ្វើឱ្យប្រជាជនធ្លាក់ចូលទៅក្នុងភាពវេទនា»។
លោកបានគូសបញ្ជាក់ពីរបៀបដែលក្រុម «ប្រវ៉ាស់ដៃ» ដែលដំបូងឡើយ អង្គភាពកសិកម្មតូចៗដែលមានសមាជិកពី ១០ ទៅ ៣០ គ្រួសារ បានវិវត្តន៍ទៅជាសហករណ៍ដ៏ធំរហូតដល់ ១ពាន់គ្រួសារ ដោយបង្ខំឱ្យប្រជាជនរស់នៅសហគមន៍ និងមិនផ្ដល់អាហារគ្រប់គ្រាន់ ឬតម្រូវការមូលដ្ឋាន។
ព្រឹត្តិការណ៍នេះបានបង្ហាញពីការពិតដ៏អាក្រក់នៃជីវិតក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម។
លោក សុខឃាង បានបន្ដថា៖ «រឿងរ៉ាវរបស់អ្នករស់រានមានជីវិតបង្ហាញពីបរិបទសង្គមដ៏គួរឱ្យតក់ស្លុត និងនឹកស្មានមិនដល់ ដែលរបបនេះបានបង្កើតសង្គមដែលគ្មានវណ្ណៈនៅទីបំផុតនាំទៅដល់ការបំផ្លិចបំផ្លាញជីវិតគ្រួសារនិងសហគមន៍»។
កេរដំណែលនៃសាលាក្តីខ្មែរក្រហម
វេទិកាថ្នាក់រៀនក៏បានភ្ជាប់នូវអំពើឃោរឃៅពីអតីតកាលដល់បច្ចុប្បន្ន ជាពិសេសផ្តោតលើសាលាក្តីខ្មែរក្រហម (អ.វ.ត.ក) និងកិច្ចខិតខំប្រឹងប្រែងរបស់តុលាការកូនកាត់នេះក្នុងការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះនៃរបបនេះ។
សាលាក្តីដែលដំណើរការពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០២២ បានកាត់ទោសមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមជាច្រើននាក់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាមនិងអំពើប្រល័យពូជសាសន៍។
កេរដំណែលនៃសាលាក្ដីទាំងនេះនៅតែសំខាន់ក្នុងការយល់ដឹងអំពីទំហំនៃអំពើឃោរឃៅ។
លោក សុខឃាង ពន្យល់ថា៖ «សាលាក្តីបានលាតត្រដាងពីការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ ពលកម្មកុមារ ការរៀបការដោយបង្ខំ និងការបៀតបៀនសាសនា»។
របបនេះផ្តោតជាពិសេសទៅលើក្រុម ដូចជា ជនជាតិភាគតិចចាម មូស្លីម ជនជាតិវៀតណាម ពុទ្ធសាសនិក និងអតីតមន្ត្រីរដ្ឋាភិបាល។
លោកបានបញ្ជាក់ថា៖ «ប្រជាជនមិនត្រឹមតែត្រូវបានបង្ខំឱ្យធ្វើជាទាសករ និងបង្ខំឱ្យធ្វើការថែមម៉ោងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រឈមមុខនឹងការធ្វើទារុណកម្ម កង្វះអាហារូបត្ថម្ភ និងការប្រហារជីវិតជាប្រព័ន្ធ»។
ទីតាំងវាលពិឃាតចំនួន ៣៩០ ផ្នូរដ៏ធំចំនួន ១៩០០០ គុកចំនួន ១៩៧ ដែលត្រូវបានសាងសង់ឡើងបន្ទាប់ពីរបបខ្មែរក្រហមកាន់អំណាច និងគូសផែនទីដោយមជ្ឈមណ្ឌលឯកសារកម្ពុជា។
ស្ដ្រីម្នាក់ក្នុងវ័យ ៧០ឆ្នាំ មកពីស្រុកអន្លង់វែងបានបង្ហាញអារម្មណ៍យ៉ាងជ្រាលជ្រៅថា៖ «គ្មានអ្នកណាស្អប់ខ្មែរក្រហមជាងខ្ញុំទេ... ខ្ញុំមិនដែលនិយាយរឿងនេះប្រាប់អ្នកណាទេ គ្រួសារខ្ញុំរងទុក្ខ និងស្លាប់ក្នុងសម័យខ្មែរក្រហម ហើយពេលនេះខ្ញុំ មិនអាចនិយាយអំពីវាបានទៀតទេ»។
គុកទួលស្លែងដ៏ល្បី ឬហៅម្យ៉ាងទៀតថា ស-២១ ដែលមានអ្នកទោសប្រមាណ ១៨០០០នាក់ ត្រូវបានធ្វើទារុណកម្ម មុនពេលត្រូវបានប្រហារជីវិតនៅវាលពិឃាត គឺជាចំណុចសំខាន់នៃបទបង្ហាញរបស់លោក សុខឃាង។
លោកបានលើកយកការកាត់ទោស កាំង ហ្កេកអ៊ាវ ហៅ ឌុច ជាប្រធានពន្ធនាគារ ហើយចុងក្រោយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ដោយសារតួនាទីនៅក្នុងឧក្រិដ្ឋកម្មទាំងនេះ។
សព្វថ្ងៃនេះ លោក ខៀវ សំផន ជាមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមតែមួយគត់ដែលនៅរស់ ដែលត្រូវបានកាត់ទោសពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
ការចងចាំតាមរយៈការអប់រំ
ជាផ្នែកនៃវេទិកា សិស្សានុសិស្សបានទស្សនាភាពយន្តឯកសារ «ខ្មែរបាត់បង់តន្រ្ដីរ៉ក់» ដែលផលិតដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ដោយចំណាយពេលវេលាជាង១០ឆ្នាំ។
វាបានបង្ហាញអំពីដួងព្រលឹងសិល្បៈខ្មែរមិនចេះសាបសូន្យទោះស្ថិតក្នុងសម័យកាលណាក៏ដោយ។ សិល្បៈករ និងតូរ្រតន្ដ្រីខ្មែរ ដូចជាតារាចម្រៀងល្បី ស៊ិន ស៊ីសាមុត និង រស់ សេរីសុទ្ធា បានបត់បែនទៅតាមសម័យកាលនីមួយៗដើម្បីរស់ដូចទៅនឹងការប្រឹងប្រែងតស៊ូរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែរ។
លោក សុខឃាង បានកត់សម្គាល់ថា៖ «ព្រលឹងសិល្បៈខ្មែរមិនដែលស្លាប់ឡើយ សូម្បីតែក្នុងរបបខ្មៅងងឹតបំផុតក៏ដោយ»។
យុវតី ច្រឹក វ៉ាន់នី អាយុ ១៨ឆ្នាំ បាននិយាយថា៖ «ខ្ញុំពិតជាមានអារម្មណ៍រំភើបដែលបានចូលរួមជាមួយមជ្ឈមណ្ឌលសន្តិភាពអន្លង់វែងសិក្សាពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ។ ខ្ញុំបានដឹងពីប្រវត្តិសាស្ត្ររបស់ខ្មែរ និងបានដឹងពីការរស់នៅរបស់ប្រជាជននៅក្នុងរបបខ្មែរក្រហម ក៏ដូចជាដឹងអំពីទីតាំងផ្ទះរបស់តាម៉ុក»។
ការទប់ស្កាត់អំពើឃោរឃៅនាពេលអនាគត
វេទិកាបានបញ្ចប់ជាមួយបទបង្ហាញស្តីពីការទប់ស្កាត់អំពើប្រល័យពូជសាសន៍នាពេលអនាគត។ សិស្សានុសិស្សបានចូលរួមក្នុងការស្ទង់មតិចំណេះដឹងក្រោយវេទិកា ហើយត្រូវបានផ្តល់របាយការណ៍ពិសេស និងទស្សនាវដ្តីស្វែងរកការពិតទាក់ទងនឹងអំពើឃោរឃៅដែលបានប្រព្រឹត្តក្នុងសម័យខ្មែរក្រហម។
យុវតី វ៉ាន់នី បានកត់សម្គាល់ថា៖ «តាមរយៈការយល់ដឹងពីភាពអាក្រក់នៃអតីតកាល យើងអាចធានាថាអំពើឃោរឃៅបែបនេះមិនកើតឡើងទៀតទេ។ វាជាកាតព្វកិច្ចរបស់យើងក្នុងនាមជាយុវជនជំនាន់ក្រោយក្នុងការលើកកម្ពស់សន្តិភាព និងអហិង្សា»។
មជ្ឈមណ្ឌលសន្តិភាពអន្លង់វែងនៅតែប្តេជ្ញាចិត្តក្នុងបេសកកម្មរបស់ខ្លួនក្នុងការអប់រំយុវជនកម្ពុជាអំពីគ្រោះថ្នាក់នៃការមិនអត់ឱន អំពើហិង្សា និងការស្អប់ ដោយសង្ឃឹមថា មេរៀនទាំងនេះនឹងជួយបង្កើតអនាគតសន្តិភាព និងសុខដុមរមនាសម្រាប់កម្ពុជា៕