ខណៈ​ដែល «ទិវា​សន្តិភាព​អន្តរជាតិ» នឹង​ត្រូវ​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី២១ ខែ​កញ្ញា ខាង​មុខ​នេះ លោក នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ទប់ស្កាត់​ព័ត៌មាន​ក្លែង​ក្លាយ និង​ការ​បង្ក​ភាព​ចលាចល​ក្នុង​សង្គម ដែល​ប៉ះពាល់​ដល់​«ការ​បណ្ដុះ​វប្បធម៌​សន្តិភាព» ដែល​ជា​មូលបទ​នៃ​ការ​ប្រារព្ធ​ទិវា​សន្តិភាព​អន្តរជាតិ​ឆ្នាំ​នេះ។


លោក ហ៊ុន ម៉ណែត ថ្លែង​នៅ​ក្នុង​សារ ៤ ទំព័រ​របស់​លោក​ថា៖ «ខ្ញុំ​ព្រះ​ករុណា ខ្ញុំ​សូម​អំពាវនាវ​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​មជ្ឈដ្ឋាន ​ចូល​រួម​ជាមួយ​រាជរដ្ឋាភិបាល​ធ្វើ​ការ​ប្រឆាំង​ដាច់​ខាត​ចំពោះ​ចេតនា​បង្ក​ភាព​ចលាចល​ក្នុង​សង្គម​តាម​រយៈ​ការ​ប្រឌិត​ព័ត៌មាន​មិន​ពិត ​ការភូតភរ​ ក្លែង​បន្លំ ​និង​ការ​ញុះញង់​បងប្អូន​ប្រជា​ពលរដ្ឋ​ឱ្យ​ធ្វើ​សកម្មភាព​ដែល​បង្ក​អសន្តិសុខ ​បំផ្លាញ​សន្តិភាព ​និង​ស្ថិរភាព​សង្គម​ដែល​អាច​ប៉ះ​ពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ការ​បណ្ដុះ​វប្បធម៌​សន្តិភាព និង​ការ​រក្សា​បាន​ចីរភាព​នៃ​ការ​អភិវឌ្ឍ​សង្គម​ជាតិ​យើង»។

ដោយ​មិន​បាន​លើក​ចំ​ឈ្មោះ ​លោក​បន្ត​ថា៖ «ផ្ទុយ​ពី​រាជរដ្ឋាភិបាល ក្រុម​ប្រឆាំង​ជ្រុល​និយម​មួយ​ចំនួន ​បាន​ប្រឌិត​ព័ត៌មាន​មិន​ពិត ​គ្មាន​មូលដ្ឋាន​ពិតប្រាកដ ញុះញង់​បង​ប្អូន​ប្រជាពលរដ្ឋ​យើង ឱ្យ​ធ្វើ​សកម្មភាព​ដែល​បង្ក​អសន្តិសុខ ​បំផ្លាញ​សន្តិភាព ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ការ​បណ្ដុះ​វប្បធម៌​សន្តិភាព ​និង​សន្តិសុខ​របស់​ប្រទេស»។


ទិវា​សន្តិភាព​អន្តរជាតិ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អង្គការ​សហប្រជាជាតិ​កាល​ពី​ឆ្នាំ ១៩៨១ ដើម្បី​បង្ហាញ​ពី​អំណាច​នៃ​ការ​សាមគ្គីភាព​នៅ​លើ​ពិភពលោក​ដែល​មាន​សន្តិភាព និង​និរន្តរភាព។​ នៅ​ឆ្នាំ ២០០១ សន្និបាត​អង្គការ​សហប្រជាជាតិ​បាន​បោះ​ឆ្នោត​ជា​ឯកច្ឆន្ទ​ដើម្បី​ចាត់​ទុក​ថ្ងៃ​នេះ​ជា​ថ្ងៃ​គ្មាន​អំពើ​ហិង្សា និង​ជា​ថ្ងៃ​ឈប់​បាញ់​គ្នា។

លោក ហ៊ុន ម៉ាណែត បាន​រៀប​រាប់​អំពី​ការ​ប្រឹង​ប្រែង​ស្វែង​រក​សន្តិភាព​របស់​កម្ពុជា គិត​ចាប់​តាំង​ពី​ការ​តស៊ូ​របស់​អតីត​ព្រះ​ករុណា ព្រះបាទ​សម្ដេច​ព្រះនរោត្ដម​សីហនុ ដើម្បី​ទាមទារ​ឯករាជ្យ​ពី​បារាំង​រហូត​ដល់​បាន​ជ័យ​ជម្នះ​នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ឆ្នាំ១៩៥៣ និង​ការ​បែក​បាក់​ប្រទេស​ក្នុង​សម័យ​សង្គ្រាម​រហូត​ដល់​ទទួល​បាន​សន្តិភាព​នៅ​ឆ្នាំ​១៩៩៨។


លោក​ក៏​បាន​បង្ហាញ​ពី​ការ​ប្ដេជ្ញាចិត្ត​របស់​កម្ពុជា​ក្នុង​ការ​ថែ​រក្សា​សន្តិភាព​នៅ​លើ​ពិភពលោក តាម​រយៈ​ការ​បញ្ជូន​កង​កម្លាំង​រក្សា​សន្តិភាព​ទៅ​ចូលរួម​ជាមួយ​អង្គការ​សហប្រជាជាតិ ដែល​គិត​ចាប់​​ពី​ឆ្នាំ ២០០៦ មក​ទល់​នឹង​ពេល​នេះ​មាន​ចំនួន ៩៨១៩​នាក់ ទៅ​កាន់​ប្រទេស​ចំនួន​១០ ក្នុង​នោះ​មាន​ទាំង​ស្ត្រី​ចំនួន ៨៥៦​នាក់​ផង​ដែរ។ បច្ចុប្បន្ន​នេះ កងទ័ព​មួក​ខៀវ​កម្ពុជា​ចំនួន ៦២៧​នាក់​កំពុង​បំពេញ​បេសកកម្ម​ថែរក្សា​សន្តិភាព​នៅ​ប្រទេស​ស៊ូដង់ ស៊ូដង់​ខាងត្បូង លីបង់ អាហ្វ្រិក​កណ្ដាល យេម៉ែន និង​កុងហ្គោ។

លោក​ថ្លែង​ថា៖ «នេះ​ជា​មោទនភាព​ដ៏​ធំ​បំផុត​សម្រាប់​ប្រទេស​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ»។

លោក​ក៏​បាន​បង្ហាញ​ពី​កិច្ច​ប្រឹងប្រែង​​របស់​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ដែល​ជា​កត្តា​ការពារ​សន្តិភាព​ ដូចជា​តាម​រយៈ​ការ​កសាង​ព្រែកជីក​ហ្វូណន​តេជោ​ ការ​លុប​បំបាត់​ភាព​ក្រីក្រ គោលនយោបាយ​គាំពារ​សុខភាព​ ការ​ទទួល​យក​សំណូមពរ​ និង​ផ្ដល់​ដំណោះ​ស្រាយ​ជូន​ប្រជាពលរដ្ឋ​ជាដើម។

លោក​ថ្លែង​ថា៖ «សន្តិភាព​ងាយ​ណាស់​ក្នុង​ការ​បាត់​បង់​តែ​ពិបាក​ក្នុង​ការ​ស្វែង​រក​មក​វិញ ហើយ​បើ​រក​មក​បាន​វិញ ក៏​ត្រូវការ​ពេល​វេលា និង​ការ​លះបង់​ជាច្រើន​ផង។ ហេតុ​នេះ​ហើយ​ រាជ​រដ្ឋាភិបាល​កម្ពុជា នីតិកាលទី៧ ​នៃ​រដ្ឋសភា សូម​បញ្ជាក់​សា​ជា​ថ្មី​ឡើង​វិញ​នូវ​ការ​ប្ដេជ្ញា​ចិត្ត​ដ៏​មោះ​មុត​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ថែ​រក្សា​សន្តិភាព ​និង ​ការ​តម្កល់​សន្តិភាព​ជា​គុណ​តម្លៃ​ខ្ពស់​បំផុត គឺ​គ្មាន​ការ​ប្រែ​ប្រួល​ជា​ដាច់​ខាត ទោះ​បី​ក្នុង​តម្លៃ​ណា​ក៏​ដោយ»៕