ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ លើក​ទឹក​ចិត្ត​ឱ្យ​សិស្សានុសិស្ស​ពិចារណា ចាប់​យក​ការ​សិក្សា​ជំនាញ​ឌីជីថល ដែល​ជា​គោលដៅ​អាទិភាព​មួយ​នៃ​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់​កាល​ទី១ ខណៈ​ដែល​ការ​ប្រឡង់​បាក់ឌុប​នឹង​ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃ​ទី៨ ខែ​តុលា​ខាង​មុខ។


នៅ​ក្នុង​សេចក្ដី​អំពាវនាវ​ដែល​ចុះ​ផ្សាយ​នៅ​ថ្ងៃ​នេះ ក្រសួង​បាន​បង្ហាញ​ពី​ជំនាញ​ថ្មីៗ​ដែល​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ជីវភាព​រស់​នៅ ​ការ​ធ្វើ​អាជីវកម្ម ​និង​ការ​ផ្ដល់​សេវា​សាធារណៈ ​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់។

ក្រសួង​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ថ្លែង​ដូច្នេះ​ថា៖ « សូម​អំពាវនាវ​និង​លើក​ទឹក​ចិត្ត​ដល់​សិស្សានុសិស្ស​ទាំង​អស់​ឱ្យ​ពិចារណា​ចាប់​យក​ការ​សិក្សា​ជំនាញ​ឌីជីថល (Digital Skills) ស្រប​តាម​បរិបទ​នៃ​បដិវត្តន៍​ឧស្សាហកម្ម ​៤.០ ក្នុង​គោល​ដៅ​ស្វែង​រក​ការងារ​បាន​ល្អ ​និង​បាន​ចំណូល​ខ្ពស់ អាច​ជួយ​លើក​កម្ពស់​ជីវភាព​ផ្ទាល់​ខ្លួន​និង​គ្រួសារ»។​


ក្រសួង​បន្ត​ថា ការ​ចាប់​យក​ជំនាញ​ឌីជីថល​នេះ នឹង​ចូលរួម​ចំណែក​លើក​ស្ទួយ​និង​អភិវឌ្ឍ​ប្រទេស​ជាតិ ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ចកោណ ​ដំណាក់​កាល​ទី១ របស់​រាជរដ្ឋាភិបាល ​នីតិកាល​ទី៧ ដែល​បាន​កំណត់​យក «បច្ចេកវិទ្យា​ឌីជីថល» និង​បច្ចេកវិទ្យា​ ជា​អាទិភាព​គន្លឹះ​ទី៥ ​បន្ទាប់​ពី «មនុស្ស ផ្លូវ ទឹក ភ្លើង»។

ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បង្ហាញ​ពី​គោល​នយោបាយ​​មួយ​ចំនួន ដូចជា ផែន​ទី​បង្ហាញ​ផ្លូវ​អភិវឌ្ឍន៍​ជំនាញ​ឌីជីថល​ ២០២៤-២០៣៥ ​ដែល​រាជរដ្ឋាភិបាល​បាន​អនុម័ត​កាល​ពី​ដើម​ឆ្នាំ​២០២៤ ដែល​ផែន​ទី នេះ ដាក់​ចេញ​នូវ​ក្របខណ្ឌ​សមត្ថភាព​ជំនាញ​ឌីជីថល ដែល​មាន​មុខ​របរ​ចំនួន​ ៦៣ មុខ​សំខាន់ៗ​ដែល​តម្រូវការ​ខ្ពស់ និង​ងាយ​ទទួល​បាន​ឱកាស​ការងារ​ល្អៗ។


បើ​តាម​ក្រសួង​ដដែល​ មុខរបរ​ទាំង​នោះ​រួម​មាន ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល (Digital Infrastructure), សន្តិសុខ​សាយប័រ (Cybersecurity), អភិបាល​កិច្ច​ទិន្នន័យ (Data Governance), សុសវែរ​និង​កម្មវិធី​កុំព្យូទ័រ (Software and Applications), ទិន្នន័យ​និង​បញ្ញាសិប្បនិម្មិត ​(Data and Artificial Intelligence), ទំនាក់ទំនង លក់ និង​ទីផ្សារ​ឌីជីថល (Digital Communication, Sales, and Marketing), នវានុវត្តន៍​ឌីជីថល​និង​សហគ្រិនភាព (Digital Innovation and Entrepreneurship)។

ក្រសួង​បញ្ជាក់​ដូច្នេះ​ថា៖ «ក្រសួង​សង្ឃឹម​ជឿ​ជាក់​ថា បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ដោយ​ជោគ​ជ័យ សិស្សានុសិស្ស​ទាំង​អស់​នឹង​ចូលរួម​ចំណែក​អភិវឌ្ឍ​កម្ពុជា ឆ្ពោះ​ទៅ​សម្រេច​បាន​ចក្ខុវិស័យ​រយៈ​ពេល​វែង​ និង​ប្រែ​ក្លាយ​ជា​ប្រទេស​អភិវឌ្ឍន៍​នា​ពេល​អនាគត»៕