ភ្នំពេញៈ ក្រសួងធនធានទឹក និង ឧតុនិយមបានប្រកាសឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលកម្ពុជា កំពុងតែទទួលរងឥទ្ធិពលពីប្រព័ន្ធវិសម្ពាធ ដែលអាចមានភ្លៀង ផ្គរ រន្ទះ ច្រើនលើសពីធម្មតាចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែកញ្ញានេះ។
ក្រសួងបានឱ្យដឹងថា កម្ពុជាទទួលរងឥទ្ធិពលពីប្រព័ន្ធវិសម្ពាធ (Tropical Depression) ដែលស្ថិតនៅសមុទ្រចិនខាងត្បូង ហើយនឹងធ្វើដំណើរឆ្ពោះទៅកាន់តំបន់ឆ្នេរសមុទ្រភាគកណ្តាល ប្រទេសវៀតណាម និងភាគកណ្តាលនៃអាងទន្លេមេគង្គ។ ប្រព័ន្ធវិសម្ពាធនេះ និងរបបខ្យល់មូសុងនិរតីមានឥទ្ធិពលខ្លាំងលើកម្ពុជា។
លក្ខខណ្ឌបែបនេះនឹងបណ្តាលឱ្យ តំបន់វាលទំនាប ផ្ទៃមេឃមានពពកច្រើនជាមួយនឹងភ្លៀង ផ្គរ រន្ទះ ច្រើនលើសពីកម្រិតធម្មតា និងមានខ្យល់បក់មកពីទិសនិរតី និងខ្យល់ខ្លាំង (ឬខ្យល់កន្ត្រាក់) បក់ក្នុងកម្រិតល្បឿនមធ្យម។ ក្នុងនោះរួមមានខេត្ត ខេត្តបន្ទាយមានជ័យ តាកែវ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល និងរាជធានីភ្នំពេញ។
រីឯនៅតំបន់ខ្ពង់រាបវិញ ផ្ទៃមេឃមានពពកច្រើនជាមួយនឹងភ្លៀង ផ្គរ រន្ទះ ច្រើនលើសពីកម្រិតធម្មតា និងមានខ្យល់បក់មកពីទិសនិរតី និងខ្យល់ខ្លាំង (ឬខ្យល់កន្ត្រាក់) បត់ក្នុងកម្រិតល្បឿនបង្គួរ ក្នុងខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី និងតំបន់ជួរភ្នំក្រវាញ។
ចំពោះតំបន់មាត់សមុទ្រវិញ ផ្ទៃមេឃមានពពកច្រើនជាមួយនឹងភ្លៀង ផ្គរ រន្ទះ ច្រើនខ្លាំងលើសពីកម្រិតធម្មតាផងដែរ និងមានខ្យល់បក់មកពីទិសនិរតី និងខ្យល់ខ្លាំង (ឬខ្យល់កន្ត្រាក់) បក់ក្នុងកម្រិតល្បឿនខ្លាំងគួរឱ្យកត់សម្គាល់ ក្នុងខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ។
ក្រសួងធនធានទឹកបានអំពាវនាវដល់សាធារណជន ប្រជានេសាទ និងអាជ្ញាធរដែនដី «មេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់អំពីស្ថានភាពធាតុអាកាសដែលមានភ្លៀង ផ្គរ រន្ទះ ជាមួយនឹងខ្យល់កន្ត្រាក់ ដែលអាចជាកត្តាបណ្តាលឱ្យមានជំនន់ទឹកភ្លៀង និងរលកសមុទ្រខ្ពស់ៗ»។
ជំនន់ទឹកភ្លៀងនេះផងដែរ បានបង្កឱ្យកំណត់ផ្លូវល្បឿនលឿនត្រង់គីឡូម៉ែត្រលេខ១៦៩ពីក្រុងព្រះសីហនុទៅភ្នំពេញត្រូវបានជន់លិចកាលពីព្រឹកថ្ងៃពុធទី១៨ ខែកញ្ញានេះ។ ទោះយ៉ាងណា ទីតាំងនេះនៅបើកដំណើរការជាធម្មតា។ ប៉ុន្តែរហូតមកដល់រសៀលថ្ងៃដដែលនេះ ទឹកជំនន់លើផ្លូវនេះបានស្រកទៅវិញ។
យោងតាមរដ្ឋបាលខេត្តព្រះសីហនុបានឱ្យដឹងថា ដោយសារតែខ្យល់លាយឡំ និងភ្លៀងបានធ្លាក់ជាបន្តបន្ទាប់តាំងពីម៉ោង១យប់រំលងអាធ្រាត ឈានចូលថ្ងៃទី១៧ ខែកញ្ញានេះបានធ្វើឱ្យមានជំនន់ទឹកភ្លៀងជន់លិចផ្ទះប្រជាពលរដ្ឋនៅភូមិ១ចំនួន ២៧គ្រួសារ និងភូមិ២ ចំនួន ២៤គ្រួសារ នៅឃុំអូរត្រេះ ស្រុកស្ទឹងហាវ។
ក្រៅពីនោះ នៅថ្ងៃទី១៨ ខែកញ្ញានេះ លោក ម៉ាង ស៊ីណេត អភិបាលខេត្តក៏បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងផងដែរនៅតាមបណ្ដោយប្រឡាយត្រង់ចំណុចស្ពានភូមិបន្ទាយប្រិយ៍ (ព្រំប្រទល់ឃុំអណ្ដូងថ្ម និងឃុំសំរុង) និងបណ្ដាឃុំមួយចំនួនទៀតនៅក្នុងស្រុកព្រៃនប់។ ជំនន់នេះក៏បានបង្កឱ្យផ្ទះពលរដ្ឋមួយចំនួនជនលិចផងដែរ។
លោកអភិបាលខេត្ត បានធ្វើការណែនាំដល់អាជ្ញាធរស្រុក កងកម្លាំងប្រដាប់អាវុធ ត្រូវយកចិត្តទុកដាក់តាមដានស្ថានភាពអាកាសធាតុជាប់ជាប្រចាំ ពិសេសជួយជម្លៀសប្រជាពលរដ្ឋរងគ្រោះ មានដូចជា ចាស់ជរា និងកុមារទៅកាន់ទីទួលសុវត្ថិភាពឱ្យបានទាន់ពេលវេលា៕