ភ្នំពេញៈ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្នុង​រាជធានី​ភ្នំពេញ​បាន​កើតឡើង​យ៉ាង​ហោច​ណាស់ ៥៩១​ករណី ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ ១៧៣​នាក់​នៅ​ក្នុង​រយៈពេល ៨​ខែ​ដើម​ឆ្នាំ​២០២៤​នេះ។ នេះ​បើ​យោង​តាម​អគ្គស្នងការដ្ឋាន​នគរបាលជាតិ។


ក្នុង​ចំណោម​គ្រោះថ្នាក់​ទាំង ៥៩១​ករណី​នោះ មាន ៦០​ភាគរយ​កើតឡើង​ដោយសារ​តែ​ការ​បើកបរ​ល្មើស​ល្បឿន និង​ ៤០​ភាគរយ​ទៀត បើកបរ​ដោយ​ធ្វេស​ប្រហែស​មិន​គោរព​ច្បាប់​ចរាចរណ៍។

តួលេខ​នេះ​ត្រូវ​បាន​បង្ហាញ​ក្នុង​ពេល​ដែល​លោក​នាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាលជាតិ​ជួប​សំណេះ​សំណាល​ជាមួយ​នឹង​អ្នក​បើកបរ​ផ្តល់​សេវាដឹក​ជញ្ជូន​ទំនិញ​និង​អាហារ​នា​ថ្ងៃ​ពុធ ទី​១៨ ខែ​កញ្ញា​នេះ។ 


លោក​នាយ​ឧត្តមសេនីយ៍​មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ​ថា កន្លង​មក អ្នក​ប្រកប​របរ​ដឹក​ជញ្ចូន​ទំនិញ និង​ម្ហូប​អាហារ​មួយ​ចំនួន តែងតែ​បើកបរ​ក្នុង​ល្បឿន​លឿនៗ វ៉ា​ជែង​ល្មើស​ល្បឿន និង​បំពាន​សិទ្ធិ​អាទិភាព​អ្នក​បើកបរដទៃ។ 

លោក​បញ្ជាក់​ថា៖ «កត្តា​ទាំង​នេះ​បាន​ជះ​នូវ​ឥទ្ធិពល​អាក្រក់​ដល់​របៀប​រៀបរយ​លើ​ដង​ផ្លូវ​សាធារណៈ ជាពិសេស​ទទួល​រង​នូវ​ការ​រិះគន់​ច្រើន​ពី​សំណាក់​ប្រជាពលរដ្ឋ​ដែល​បាន​ឃើញ​ផ្ទាល់ និង​តាម​បណ្តាញ​សង្គម​ជាដើម»។


លោក​នាយ​ឧត្តម​សេនីយ៍​បាន​ណែនាំ​ឱ្យ​អ្នក​ប្រកប​របរដឹក​ជញ្ចូន​ទំនិញ និង​ម្ហូប​អាហារ​ទាំង​នោះ​គោរព​ច្បាប់​ចរាចរណ៍​និង​គិត​ពី​អាយុ​ជីវិត​ផ្ទាល់​ខ្លួន​ជា​រឿង​សំខាន់ និង​ជា​អាទិភាព ដោយ​កុំ​គិត​តែ​ការ​ចង់​បំពេញ​ឱ្យ​ទាន់​ចិត្ត​របស់​អតិថិជន​ហើយ​ភ្លេច​គិត​ពី​ផល​ប៉ះពាល់​ដល់​ខ្លួនឯង។

យោង​តាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ឱ្យ​ដឹង​ថា ក្នុង​រយៈពេល ១៨​ថ្ងៃ ពី​ថ្ងៃទី​១-១៨ ខែ​កញ្ញា​នេះ មាន​យានយន្ត​ចូល​គោលដៅ​ត្រួត​ពិនិត្យ​ចំនួន ៧ ៧០៣​គ្រឿង​នៅ​ទូទាំង​ប្រទេស។ ក្នុង​នោះ​រួម​មាន រថយន្ត​ធុនធំ ១៤១គ្រឿង រថយន្ត​ធុនតូច ២ ៨១៨គ្រឿង និង ម៉ូតូ ៤ ៧៤៤គ្រឿង។ 

កម្លាំង​នគរបាល​បាន​រក​ឃើញ យានយន្ត​ល្មើស​ច្បាប់​ចំនួន​ ៥ ៣៥២​គ្រឿង​ក្នុង​ចំណោម​យាន​យន្ត​ទាំង​នោះ ហើយ​ត្រូវ​បាន​ត្រូវ​បាន​ផាក​ពិន័យ។ ក្នុង​នោះ​មាន​រថយន្ត​ធុន​ធំ ៧១​គ្រឿង រថយន្ត​ធុនតូច ១ ៧៤៣​គ្រឿង និងម៉ូតូ ៣ ៥៣៨​គ្រឿង​ផងដែរ។

លោក​នាយ​ឧត្តមសេនីយ៍​បាន​លើក​ឡើង​ផងដែរ​ថា បើ​មនុស្ស​គ្រប់ៗ​រូប​ដែល​ប្រើប្រាស់​ផ្លូវ​មិន​គោរព​ច្បាប់ ហើយ​ខ្លាច​តែ​នគរបាល នោះ​វា​ច្បាស់​ណាស់​ថា វា​នឹង​ធ្វើឱ្យ​ច្បាប់ គោលការណ៍ ឬ​ការ​អនុវត្ត​យន្តការ​ផ្សេងៗ​មិន​ទទួល​បាន​ជោគ​ជ័យ​នោះ​ទេ។

លោក​បាន​លើក​ជា​ឧទាហរណ៍​ថា បើ​ទោះ​បី​ជា​ការ​មិន​ពាក់​មួក​សុវត្ថិភាព ត្រូវ​ផាក​ពិន័យ​រហូត​ដល់​ទៅ ១​លាន​រៀល​ក៏ដោយ ក៏​ការ​អនុវត្ត​ច្បាប់​នេះ​នៅ​តែ​មិន​ជោគជ័យ​នោះ​ដែរ។ ប៉ុន្តែ​«វា​បែរ​ជា​ទៅ​ធ្វើបាប​ប្រជាពលរដ្ឋ​ទៅ​វិញ​ទេ»។

លោក​ថ្លែង​ដូច្នេះ​ថា៖ «នេះ​មិនមែន​ជា​ចំណុច​មួយ​សម្រាប់​កែ​ឱ្យ​មនុស្ស​ទាំងអស់​គោរព​ច្បាប់​ទេ សំខាន់​គឺ​ការ​អប់រំ​ឱ្យ​​យល់​ដឹង​ទាំងអស់​គ្នា ដែល​យើង​ត្រូវ​អប់រំ​តាម​គ្រប់​រូបភាព និង​ទី​កន្លែង បន្តិច​ម្តងៗ​ឱ្យ​គាត់​យល់។ យូរៗ​ទៅ នៅ​ភ្លើង​ស្តុប​សឹងតែ​មិន​មាន​នគរបាលឈ  ​​ក៏​យើង​គោរព​បាន​ដែរ»។

លោក​នាយ​ឧត្តមសេនីយ៍​បាន​ជំរុញ​ឱ្យ​អ្នក​បើកបរ​ផ្តល់​សេវា​ដឹក​ជញ្ជូន​ទំនិញ និង​អាហារ​ទាំងអស់ ត្រូវ​ចូល​រួម​គោរពច្បាប់ ជាពិសេស​កុំ​ទទួល​របស់​បញ្ញើ​ដែល​ខុស​ច្បាប់ ដូចជា​គ្រឿងញៀន និង​អាវុធ​ជាតិ​ផ្ទុះ​ជាដើម ដើម្បី​កុំ​ឱ្យ​មាន​ការ​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​ទាំងអស់​នេះ​ដែល​ជា​អំពើ​ខុសច្បាប់។ 

លោក​អគ្គស្នងការ​នគរបាលជាតិ​ក៏​បាន​ជំរុញ​និង​លើក​ទឹក​ចិត្ត​ទៅ​ដល់​ក្រុមហ៊ុន និង​អ្នក​ដឹក​ជញ្ជូន​ទាំងអស់​ត្រូវ​រាយការណ៍​មក​ខាង​សមត្ថកិច្ច​នៅ​ក្នុង​ករណី​ដែល​សង្ស័យ​ថា​មាន​ការ​ដាក់​បញ្ញើ​ខុស​ច្បាប់ ដើម្បី​ឱ្យ​សមត្ថកិច្ច​ធ្វើ​ការ​ស្រាវជ្រាវ​និង​ស្វែង​រក​នៅ​មុខ​សញ្ញា​មក​ផ្ដន្ទាទោស​ទៅ​តាម​ផ្លូវ​ច្បាប់។

អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​ផ្តល់​សេវា​ដឹក​ជញ្ជូន​ទំនិញ​ម្នាក់​បាន​ឱ្យ​ដឹង​ថា លោក​តែងតែ​ធ្វើ​ការ​ណែនាំ​ដល់​បុគ្គល​ជា​អ្នក​ដឹក​ជញ្ជូន​ទាំង​អស់​ឱ្យ​គោរព​ច្បាប់​ចរាចរណ៍ និង​មាន​ក្រម​សីលធម៌​ក្នុង​ការ​បើកបរ​តាម​ដង​ផ្លូវ​សាធារណៈ ព្រោះ​ថា បើ​ក្នុង​ករណី​ដែល​អ្នក​ដឹក​ជញ្ជូន​បង្ក​បញ្ហា ក៏​វា​ប៉ះពាល់​ដល់​ក្រុមហ៊ុន និង​អតិថិជន​ផងដែរ។ 

លោក​ក៏​បាន​អះអាង​ផងដែរ​ថា ក្រុមហ៊ុន​លោក​ក៏​មិន​ដែល​ជួប​ប្រទះ​បញ្ហា​រឿង​ទំនិញ​ខុស​ច្បាប់​នោះ​ទេ ព្រោះ​អតិថិជន​ទាំង​អស់​របស់​ក្រុមហ៊ុន​សុទ្ធ​តែ​មាន​ប្រភព​ច្បាស់លាស់៕