នាយ​ឧត្តមសេនីយ៍ វង្ស ពិសេន ​អគ្គមេបញ្ជាការ​នៃ​កង​យោធពល​ខេមរភូមិន្ទ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​មន្ត្រី​នៃ​ប្រទេស​មហា​អំណាច​ពីរ គឺ​មេបញ្ជាការ​រដ្ឋ​អាយដាហូ​ (Idaho) របស់​សហរដ្ឋ​អាមេរិក Timothy J. Donnellan និង​ឯក​អគ្គរដ្ឋទូត​ចិន Wang Wenbin​ ក្នុង​ជំនួប​ដាច់​ដោយ​ឡែក​ពី​គ្នា កាល​ពី​ថ្ងៃ​ទី១៨ ខែ​សីហា។ ភាគី​ទាំង​ពីរ​ថា​នឹង​បន្ត​ពង្រឹង​ទំនាក់​ទំនង​ជាមួយ​កម្ពុជា។


លោក​បាន​ជួប​ជាមួយ​មេបញ្ជាការ​រដ្ឋ​អាយដាហូ (Idaho) ​ឆ្មាំ​ជាតិ​សហរដ្ឋ​អាមេរិក​ Timothy J. Donnellan (ទីម៉ូធី ជេ.ដុនណេឡេន)​ នៅ​អគ្គបញ្ជាការដ្ឋាន​កង​យោធពល​ខេមរភូមិន្ទ និង​បាន​ពិភាក្សា​អំពី​ការ​រីក​ចម្រើន​នៃ​កិច្ច​កិច្ច​ប្រតិបត្តិការ​យោធា​រវាង​កម្ពុជា​និង​សហរដ្ឋអាមេរិក រួម​មាន​ទាំង​ការ​បំពេញ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​ Lloyd Austin មក​កម្ពុជា​កាល​ពី​ពេល​ថ្មីៗ​នេះ។​ នេះ​បើ​តាម​អគ្គបញ្ជាការដ្ឋាន​កង​យោធពល​ខេមរភូមិន្ទ។

អគ្គបញ្ជាការដ្ឋាន​​ខ.​ភ.​ម. ​ថ្លែង​ដូច្នេះ​ថា៖ «ឯកឧត្តម​ អគ្គ​មេបញ្ជាការ ​បាន​ស្នើ​ដល់​ភាគី​កងទ័ព​សហរដ្ឋ​អាមេរិក​ជួយ​បណ្ដុះ​បណ្តាល​ធនធាន​មនុស្ស​ក្នុង​កង​យោធពល​ខេមរភូមិន្ទ​ ការផ្លាស់​ប្តូរ​ទស្សនកិច្ច ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​រួម​គ្នា​ទប់ស្កាត់​អំពើ​ភេរវកម្ម ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ការ​ធ្វើ​លំហាត់​ហ្វឹកហ្វឺន​រួម​គ្នា និង​ការ​បន្ត​បេសកកម្ម​រុករក​អដ្ឋិធាតុ​ជនជាតិ​អាមេរិក​ដែល​បាត់​ខ្លួន​ក្នុង​ទឹកដី​កម្ពុជា និង​បង្កើន​កិច្ច​សហប្រតិបត្តិការ​យោធា​រវាង​ប្រភេទ​ទ័ព​និង​ប្រភេទ​ទ័ព»។


លោក Donnellan បាន​បង្ហាញ​ក្តី​រំភើប​រីករាយ​ចំពោះ​ការ​មក​ដល់​ព្រះរាជាណាចក្រ​កម្ពុជា និង​ទឹកដី​អង្គរ​ដ៏​ស្រស់​ស្អាត។ 

លោក​ថ្លែង​ថា ទស្សនកិច្ច​របស់​លោក​នៅ​កម្ពុជា គឺ​ដើម្បី​ បន្ត​អនុវត្ត​ខ្លឹមសារ​បួន​ចំណុច​ដែល​លើក​ឡើង​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក​ Lloyd Austin ក្នុង​ពេល​លោក​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ដែល​រួម​មាន​ ការ​បណ្ដុះបណ្ដាល​កង​កម្លាំង​ថែរក្សា​សន្តិភាព ការងារ​ដោះមីន ​ការងារ​មនុស្សធម៌ និង​ការងារ​សង្គ្រោះ​គ្រោះ​អន្តរាយ។ 


នាយ​ឧត្តមសេនីយ៍ វង្ស ពិសេន ​អគ្គមេបញ្ជាការ​នៃ​កង​យោធពល​ខេមរភូមិន្ទ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​មន្ត្រី​នៃ​ប្រទេស​មហា​អំណាច​ពីរ គឺ​មេបញ្ជាការ​រដ្ឋ​អាយដាហូ​ (Idaho) របស់​សហរដ្ឋ​អាមេរិក Timothy J. Donnellan។ រូបថត RCAF

អគ្គបញ្ជាការដ្ឋាន​​ខ.​ភ.​ម. បន្ត​ថា៖ «លោក​ឧត្តមសេនីយ៍ទោ Donnellan​ បាន​សម្ដែង​នូវ​ការ​ជឿ​ជាក់​ថា ទៅ​ថ្ងៃ​អនាគត ប្រទេស​ទាំងពីរ សហរដ្ឋ​អាមេរិក​និង​កម្ពុជា នឹង​បន្ត​កសាង​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា ក៏​ដូចជា​បន្ត​ធ្វើ​ការ​ហ្វឹកហ្វឺន​រួម​គ្នា តាម​ខ្លឹមសារ​ដែល​បាន​លើក​ឡើង​បួន​ចំណុច​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក»។

នៅ​រសៀល​ថ្ងៃ​ទី១៨ ខែ​កញ្ញា​ដដែល លោក វង់ ពិសេន ក៏​បាន​ជួប​ជាមួយ​លោក វ៉ាង វិនពីន (Wang Wenbin) ឯក​អគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា ដោយ​ភាគី​ទាំង​ពីរ​បាន​បង្ហាញ​ពី​ការ​ជឿជាក់​ថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​នឹង​មាន​ភាព​រឹងមាំ​ថែម​ទៀត។ នេះ​បើ​តាម​អគ្គបញ្ជាការដ្ឋាន​​ខ.​ភ.​ម.។

លោក វង់ ពិសេស​បាន​លើក​ឡើង​បញ្ជាក់​ពី​ការ​រីក​ចម្រើន​នៃ​ទំនាក់​ទំនង​នៃ​ប្រទេស​ទាំង​ពិរ រហូត​ឈាន​ដល់ «កិច្ច​សហប្រតិបត្តិការ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ មិត្តភាព​ដែក​ថែប កិច្ច​សហប្រតិបត្តិការ​ត្បូងពេជ្រ និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​ក្របខណ្ឌ​ខ្សែ​ក្រវាត់​និង​ផ្លូវ»។ 

អគ្គបញ្ជាការដ្ឋាន​​ខ.​ភ.​ម. បញ្ជាក់​ថា៖ «ឯកឧត្តម​បាន​ថ្លែង​អំណរគុណ​ចំពោះ​បក្ស ​រដ្ឋាភិបាល និង​ ប្រជាជន​ចិន ដែល​ជានិច្ចកាល​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​ទាំង​ស្មារតី សម្ភារៈ ​ថវិកា ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា។ ក្នុង​នោះ​វិស័យ​ការពារ​ជាតិ​ ចិន​បាន​ជួយ​បណ្ដុះ​បណ្តាល​ធនធាន​មនុស្ស ជួយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ការ​ធ្វើ​ទំនើបកម្ម​ទីបញ្ជាការ​មូលដ្ឋាន​សមុទ្រ​រាម ការ​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​កាពារ​អាកាស ការ​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​កាំជ្រួច​ស្វ័យប្រវត្តិ និង​ការ​ធ្វើ​ទំនើបកម្ម​អាវុធ​ធុន​ធ្ងន់​គ្រប់​ប្រភេទ»។ 

លោក វង់​ ពិសេន រំពឹង​ថា ក្នុង​អាណត្តិ​របស់​លោក Wang នៅ​កម្ពុជា កិច្ច​សហប្រតិបត្តិការ​យោធា​នៃ​ប្រទេស​ទាំង​ពីរ​នឹង​កាន់​តែ​មាន​វិសាល​ភាព​ធំ​ជាង​មុន ដូចជា​ ការ​ធ្វើ​សមយុទ្ធ​កាន់​តែ​ធំ ខ្លឹមសារ​កាន់តែ​ស៊ី​ជម្រៅ ចំនួន​យោធិន​និង​យុទ្ធោបករណ៍​ចូលរួម​សមយុទ្ធ​កាន់​តែ​ច្រើន និង​ទំនើប​ជាង​ឆ្នាំ​មុនៗ។

លោក​ស្នើ​ឲ្យ​ភាគី​ចិន​បន្ត​ជំរុញ​លើ​ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​គ្រប់​កម្រិត ការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស ជួយ​កសាង​សាលា​ជំនាញ​កាំភ្លើង​ធំ និង​ជំនាញ​ការពារ​អាកាស​ដល់​កងទ័ព​ជើង​គោក​កម្ពុជា និង​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​ចារកិច្ច​ទៅ​វិញ​ទៅ​មក។

លោក វង់ ពិសេន ក៏​បាន​ជួប​ជាមួយ​លោក វ៉ាង វិនពីន (Wang Wenbin) ឯក​អគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជានៅ​រសៀល​ថ្ងៃ​ទី១៨ ខែ​កញ្ញា​។ រូបថត RCAF

លោក Wang ត្រូវ​បាន​ស្រង់​សម្ដី​ដោយ​អគ្គ​បញ្ជាករដ្ឋាន ខ.ភ.ម.​ថា៖ ​«ក្នុង​នាម​ជា​ប្រទេស​ជិត​ខាង និង​ដៃគូ​ដ៏​ជិត​ស្និទ្ធ ចិន-កម្ពុជា ​បាន​បង្កើត​និង​បីបាច់​ថែ​រក្សា​ចំណង​មិត្តភាព​ដែកថែប​ ដែល​មិន​អាច​បំបែក​បាន ដោយ​ឆ្លង​កាត់​ការ​សាក​ល្បង ​ការ​ប្រែ​ប្រួល និង​ការ​លំបាក​ជា​ប្រវត្តិសាស្ត្រ​ជាច្រើន។ ដូច្នេះ យើង​ត្រូវ​រួម​សហការ​គ្នា អភិវឌ្ឍ​ទំនាក់​ទំនង​នេះ​ឲ្យ​កាន់​តែ​ស្អិត​រមួត​ថែម​ទៀត»។

លោក​ក៏​បាន​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​ នៅ​ថ្ងៃ​នេះ​ថា៖ ភាគី​ទាំងពីរ​បាន​ឯកភាព​គ្នា​ក្នុង​ការ​ជំរុញ​ទំនាក់ទំនង​រវាង​កងទ័ព​ទាំង​ពីរ​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​ និង​បញ្ចូល​កម្លាំង​ជំរុញ​ថ្មី​ក្នុង​ការ​ពង្រឹង​និង​ធ្វើ​ឱ្យ​កាន់​តែ​ស៊ីជម្រៅ​នូវ​ទំនាក់​ទំនង​ចំណង​មិត្តភាព​រវាង​ចិន​និង​កម្ពុជា»។ 

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ នៅ​រាជបណ្ឌិត្យ​សភា​កម្ពុជា ថ្លែង​ថា ការ​ជួប​ផ្ទាល់​ជាមួយ​មេបញ្ជាការ​យោធា​ថ្នាក់​រដ្ឋ​របស់​សហរដ្ឋ​អាមេរិក នឹង​ធ្វើ​ឲ្យ​ភាគី​ទាំង​ពីរ​យល់​គ្នា​កាន់​តែ​ច្បាស់​ ជាជាង​ឮ​តែ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ។

លោក​ថា៖ «ជាទូទៅ នៅ​ពេល​មាន​ជំនួប​ណា​មួយ យើង​ឃើញ​ថា ភាគី​អាមេរិក​តែង​បង្ហាញ​ពី​ភាព​វិជ្ជមាន​ សន្ដាន​ចិត្ត​ក្នុង​ការ​កសាង​ទំនុក​ចិត្ត​ជាមួយ​គ្នា ប៉ុន្តែ ជា​ការ​ជាក់ស្ដែង ពេល​ខ្លះ​មាន​ការ​យល់​ច្រឡំ​គ្នា។ ដូច្នេះ ខ្ញុំ​យល់​ថា សហរដ្ឋ​អាមេរិក​ហាក់​ដូច​ជា​មិន​មាន​ចេតនា​លើក​កម្ពស់​ទំនាក់​ទំនង​និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ទេ ហើយ​ការ​ស្ដារ​ទំនុក​ចិត្ត​មិន​សូវ​សកម្ម»។

លោក​បន្ត​ថា៖ «បើ​យើង​មើល​ខាង​ភាគី​ចិន​វិញ ជាទូទៅ​អ្វី​ដែល​គាត់​ជួប​និយាយ​គ្នា និង​អ្វី​ដែល​ធ្វើ​ជាក់​ស្ដែង​ភាគ​ច្រើន​មិន​សូវ​ខុស​ឆ្ងាយ​គ្នា​ទេ។ វា​ខុស​ពី​ទំនាក់​ទំនង​រវាង​អាមេរិក​និង​ខ្មែរ ពេល​ជួប​គ្នា សន្យា​ធ្វើ​ល្អ ដល់​ពេល​ចេញ​ពី​គ្នា​វិញ សំឡេង​របស់​គាត់​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដូច​ជា​មិន​ឆ្លុះ​បញ្ចាំង​ទៅ​លើ​ការ​សន្យា​ជាក់​ស្ដែង»។

លោក​ថា ការ​ប្រកាស​ដាក់​ទណ្ឌកម្ម​ដោយ​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក​ លើ​ឧកញ៉ា លី យ៉ុងផាត់ ក៏​ជា​សញ្ញា​ដែល​ធ្វើ​ឲ្យ​មាន​គម្លាត​នៃ​ទំនុក​ចិត្ត​រវាង​ប្រទេស​ទាំង​ពីរ​កាន់​តែ​ឆ្ងាយ​ពី​គ្នា៕