ភ្នំពេញៈ យ៉ាង​ហោចណាស់​ពលរដ្ឋ​ជាង ២ ៣០០​គ្រួសារ និង​ស្រូវ​ជាង ១​ពាន់​ហិកតា​នៅ​ក្នុង​ខេត្ត​ចំនួន​ ៤​រង​ផល​ប៉ះពាល់​ដោយសារ​ជំនន់​ទឹក​ភ្លៀង ខណៈ​ដែល​កម្ពុជា​កំពុង​តែ​ទទួល​រង​វិសម្ពាធ និង​ព្យុះ​ដែល​បង្ក​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង។ 


ការ​ធ្លាក់​ភ្លៀង​នា​ប៉ុន្មាន​ថ្ងៃ​មក​នេះ​បាន​ធ្វើឱ្យ​មាន​ជំនន់​ទឹកភ្លៀង​កើតឡើង​នៅ​ក្នុង​ខេត្ត​ក្រចេះ ស្ទឹងត្រែង ព្រះសីហនុ និង​ត្បូងឃ្មុំ គិត​មក​ដល់​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ខែ​កញ្ញា​នេះ។ ក្នុង​នោះ​បាន​ធ្វើឱ្យ​មាន​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ ២ ៣៩៣​គ្រួសារ និង​ស្រូវ ១ ២៩៥​ហិកតា​ផងដែរ ។ ​នេះ​បើ​យោង​តាម​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ (គ.ជ.គ.ម.) លោក សុទ្ធ គឹមកុលមុនី។

លោក​បញ្ជាក់​ថា៖ «ស្ថានភាព​ទឹក​ភ្លៀង​នា​ប៉ុន្មាន​ថ្ងៃនេះ​មាន​បរិមាណ​ច្រើន​នៅ​តាម​តំបន់​មួយ​ចំនួន ដែល​បាន​បង្ក​ជំនន់​ទឹកភ្លៀង​នៅ​ខេត្ត​មួយ​ចំនួន តែ​មិន​មាន​សភាព​ធ្ងន់ធ្ងរ​នោះ​ទេ....ផល​ប៉ះពាល់​នេះ​ពុំ​បាន​បង្ក​ជា​គ្រោះថ្នាក់​ស្លាប់ ឬ​របួស​ដល់​ពលរដ្ឋ​នោះ​ទេ»។ ជំនន់​ទឹកភ្លៀង​នៅ​តំបន់​ខ្លះ ក៏​បាន​ស្រក​ទៅ​វិញ​ខ្លះ​ហើយ​ផងដែរ។ 


ប្រមុខ​រដ្ឋាភិបាល កាលពី​ថ្ងៃ​ពុធ​បាន​ណែនាំ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ដើម្បី​ជួយ​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយសារ​ជំនន់​ទឹក​ភ្លៀង ដែល​បង្ក​ឡើង​ដោយ​ឥទ្ធិពល​ព្យុះ​នេះ។

លោក​នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត មាន​ប្រសាសន៍​ថា៖ «សូម​គណៈអភិបាល​រាជធានីខេត្ត បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ តាម​ដាន​ឱ្យ​ជាប់ និង​ដោះស្រាយ​ឱ្យ​ទាន់​ពេល​វេលា នៅ​ក្នុង​ករណី​ដែល​មាន​ទឹក​ជំនន់​ប៉ះពាល់ ក្នុង​ភូមិសាស្រ្ត​ទទួល​ខុស​ត្រូវ របស់​ខ្លួន។ ជាពិសេស យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​ជួយ​សង្រ្គោះ​អាយុ​ជីវិត និង ទ្រព្យ​សម្បត្តិ​របស់​ប្រជាពលរដ្ឋ ដែល​រង​ផល​ប៉ះពាល់»។ 


ក្នុង​នាម​ប្រមុខ​រដ្ឋាភិបាល លោក​បាន​ចេញ​បទ​បញ្ជា​ឱ្យ​អគ្គមេបញ្ជាការ​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​អគ្គស្នងការ​នគរបាលជាតិ បញ្ជូន​កម្លាំង​មធ្យោបាយ និង​សម្ភារៈ ដើម្បី​ធ្វើ​អន្តរាគមន៍​សង្រ្គោះ​ទៅ​តាម​ការ​ចាំបាច់។ ក្រៅ​ពី​នោះ​គ.ជ.គ.ម. ត្រូវ​បន្ត​តាម​ដាន​ឱ្យ​បាន​ជាប់​ជាមួយ​រដ្ឋបាល​ខេត្ត និង​ត្រូវ​កំណត់​ជា​ស្រេច​នូវ​ទីទួល​សុវត្ថិភាព ក៏​ដូចជា​ចាត់​វិធានការ​សម្រប​សម្រួល​និង​ត្រៀម​កម្លាំង​មធ្យោបាយ​អន្តរាគមន៍​សង្រ្គោះ​បន្ថែម។

ទឹក​ភ្លៀង​បាន​បង្ក​ជា​ទឹកជំនន់​បណ្តាលឲ្យ​លិចដំណាំ ស្រូវ ផ្ទះ សាលារៀន មណ្ឌលសុខភាព ក្នុង​ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីថ្ងៃទី ១៧ កញ្ញា។ រូបថត រដ្ឋបាលស្រុក​ចិត្រ​បុរី

លោក​នាយក​រដ្ឋមន្រ្តី​ក៏​បាន​ណែនាំ​ឱ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត ត្រូវ​ត្រៀម​នូវ​ស្បៀង​និង សម្ភារៈ​បរិក្ខារ​ចាំបាច់​ដែល​ត្រូវ​បញ្ចេញ​ទៅ​ឱ្យ​ប្រជាពលរដ្ឋរងគ្រោះ​ដោយសារ​ទឹក​ជំនន់​ក្នុង​ករណី​មាន​ការ​ស្នើសុំ​ពី​រាជធានី​ខេត្ត។ 

ប្រមុខ​រដ្ឋាភិបាល​មាន​ប្រសាសន៍​ថា៖ «ក្រសួង​កសិកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ត្រៀម​ស្រូវ​ពូជ និង​សម្ភារៈ​ចាំបាច់​នានា ក្នុង​ករណី​ដែល​មាន​ផល​ប៉ះពាល់​ធំ​ដែល​បង្ក​ឱ្យ​មាន​ការ​ខូចខាត​ដល់​ដំណាំ​របស់​ប្រជាពលរដ្ឋ ចាំ​បាច់​ត្រូវ​ជួយស្តារ​ឡើងវិញ»។ 

គ.ជ.គ.ម បាន​ឱ្យ​ដឹង​ថា ថ្នាក់​ដឹក​នាំ និង​មន្ត្រី​គ្រប់​លំដាប់​ថ្នាក់​របស់​ខ្លួន​បាន​នឹង​កំពុង​តាមដាន យ៉ាង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​វិវឌ្ឍន៍​នៃ​ស្ថានភាព​ជំនន់​ទឹក​ភ្លៀង​នេះ។ គណៈកម្មាធិការ​គ្រប់គ្រង គ្រោះ​មហន្តរាយ​ខេត្ត បាន​ចេញ​សេចក្តី​ណែនាំ​ស្តីពី​វិធានការ​បង្ការ និង​ការ​ឆ្លើយ​តប​គ្រោះ​ទឹក​ជំនន់​ជូន​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​និង​សាធារណជន​ផង​ដែរ។ 

ជំនន់​ទឹក​ភ្លៀង​នេះ​ក៏​បាន​បង្ក​ឱ្យ​បាក់​ទំនប់​អាង​ស្តុក​ទឹក​របស់​ក្រុមហ៊ុន អាន កូ ស្ថិត​នៅ​ភូមិ​កៀន​ក្រឡាញ់ ឃុំភ្ញីមាស ស្រុក​គិរីសាគរ ខេត្ត​កោះកុង​ផងដែរ។ អាជ្ញាធរ​បាន​ជូន​ដំណឹង​និង​ជម្លៀស​ពលរដ្ឋ ៣​គ្រួសារ​ទៅរក​ទី​សុវត្ថិភាព​ទាន់​ពេល​ផងដែរ។ នេះ​បើ​យោង​តាម​រដ្ឋបាល​ខេត្ត៕