ភ្នំពេញ៖ អង្គការ​យូនីសេហ្វ និង​អង្គការ​ទស្សនៈ​ពិភពលោក​បាន​ឈាន​ទៅ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ក្នុង​គោល​បំណង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ជីវិត​របស់​កុមារ​ដែល​ងាយ​រងគ្រោះ​បំផុត​របស់​កម្ពុជា។


កិច្ចសហការ​ដែល​គ្រោង​នឹង​ដំណើរការ​ពី​ឆ្នាំ ២០២៤ ដល់​ឆ្នាំ ២០២៧ ផ្តោតលើ​ការ​ដោះស្រាយ​បញ្ហា​សំខាន់ៗ​ដែល​ប៉ះពាល់​ដល់​កុមារ តាមរយៈ​វិធីសាស្ត្រ​ពហុវិស័យ ដែល​រួមមាន​សុខភាព និង​អាហារូបត្ថម្ភ ការអប់រំ ការការពារ​កុមារ និង​ទឹក ការ​សម្អាត និង​អនាម័យ (WASH)។ ភាពជា​ដៃគូ​កសាង​លើ​ទំនាក់​ទំនង​ជា​សាកល​ដ៏​យូរអង្វែង​រវាង​អង្គការ​ទាំងពីរ។

អង្គការ​យូនីសេហ្វ ដែល​ធ្វើការ​នៅ​ក្នុង​ប្រទេស និង​ដែនដី​ជាង ១៩០ ដើម្បី​កុមារ​ដែល​ជួប​ការ​លំបាក​បំផុត​របស់​ពិភពលោក ហើយ​អង្គការ​ទស្សនៈ​ពិភពលោក ​ជា​អង្គការ​ផ្តល់​ជំនួយ​សង្គ្រោះ ការ​អភិវឌ្ឍន៍ និង​តស៊ូ​មតិ​ជា​សកល បាន​ដើរតួ​យ៉ាងសំខាន់​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​សុខុមាលភាព​កុមារ​របស់​កម្ពុជា​។​


ទស្សនៈវិស័យ​រួមគ្នា​របស់​ពួកគេ​ក្នុងការ​លើកស្ទួយ​កុមារ​កម្ពុជា​ ឥឡូវនេះ​បាន​រួបរួម​នៅក្នុង​សម្ព័ន្ធភាព​ផ្លូវការ​មួយ​ដែល​មាន​គោលបំណង​បង្កើតលើក​កម្ពស់​ជីវិត​កុមារ​​ប្រកប​ដោយ​និរន្តរភាព និង​ទូលំទូលាយ។

លោក Will Parks តំណាង​អង្គការ​យូនីសេហ្វ ប្រចាំ​ប្រទេស​កម្ពុជា​បាន​បង្ហាញ​ទំនុកចិត្ត​លើ​សក្តានុពល​នៃ​កិច្ច​សហប្រតិបត្តិការ​នេះ ដែល​បាន​ចុះហត្ថលេខា​ជាមួយ​អង្គការ​ទស្សនៈ​ពិភពលោក​កាលពី​ថ្ងៃទី ១៦ ខែ​កញ្ញា​។


លោក Parks បានឱ្យ​ដឹងថា៖ «​អង្គការ​យូនីសេហ្វ និង​អង្គការ​ទស្សនៈ​ពិភពលោក​បាន​សហប្រតិបត្តិការ​អស់​រយៈ​ពេល​យូរ​លង់​ប្រកប​ដោយ​ឥទ្ធិពល ទាំង​នៅ​ទូទាំង​ពិភពលោក និង​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ធានា​បាន​នូវ​បរិស្ថាន​សុវត្ថិភាព​សម្រាប់​កុមារ និង​យុវជន»។

លោក​បន្ដ​ថា៖ «ខ្ញុំ​មាន​ទំនុកចិត្ត​ថា ​ភាពជា​ដៃគូ​នេះ​នឹង​ពង្រឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​យើង​ក្នុងការ​គាំទ្រ​ដល់​អាជ្ញាធរ​ជាតិ និង​មូលដ្ឋាន​ក្នុង​ការ​ផ្តល់​ការថែទាំ​សុខភាព និង​អាហារូបត្ថម្ភ​សំខាន់ៗ ទឹកស្អាត និង​អនាម័យ និង​ការអប់រំ​ប្រកបដោយ​គុណភាព​ដល់​កុមារ​ដែល​ងាយ​រងគ្រោះ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា»។

លោក Janes Imanuel Ginting នាយក​ជាតិ​នៃ​អង្គការ​ទស្សនៈ​ពិភពលោក​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា បាន​គូស​បញ្ជាក់​ពី​ការ​ផ្តោតលើ​​មូលដ្ឋាន​​បំពេញ​បន្ថែម​លើ​ការងារ​ថ្នាក់ជាតិ​របស់​អង្គការ​យូនីសេហ្វ។

លោក Ginting បាន​និយាយ​ថា៖ «កិច្ច​ព្រមព្រៀង​នេះ​តំណាង​ឱ្យ​ជំហាន​ដ៏​សំខាន់​មួយ​ក្នុង​ការ​បង្កើន​កិច្ចសហប្រតិបត្តិការ​រវាង​ភាគី​ពាក់ព័ន្ធ​សុខុមាលភាព​កុមារ។ ខណៈ​ដែល​អង្គការ​យូនីសេហ្វ​ផ្តោត​លើ​ការពង្រឹង​ប្រព័ន្ធ​នៅ​ថ្នាក់ជាតិ អង្គការ​ទស្សនៈ​ពិភពលោក​ចូលរួម​ដោយផ្ទាល់​ជាមួយ​សហគមន៍ បង្កើត​ស្ពាន​ដែល​ធានា​នូវ​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​តាំងពី​មូលដ្ឋាន»។

ការ​ផ្តោត​សំខាន់​មួយ​នៃ​ភាពជា​ដៃគូ​គឺ​ការកែលម្អ​សេវា​សុខភាព និង​អាហារូបត្ថម្ភ ជាពិសេស​នៅក្នុង​ខេត្តព្រះវិហារ និង​ខេត្តសៀមរាប​របស់​កម្ពុជា។

អង្គការ​ទាំងពីរ​មាន​គម្រោង​ជំរុញ​ការចូលរួម​របស់​សហគមន៍​នៅក្នុង​គំនិត​ផ្តួចផ្តើម​សុខភាព ដោយ​ធានាបាន​នូវ​ការ​ទទួលបាន​អាហារ​បំប៉ន​សម្រាប់​កុមារ​។​

ធាតុ​ផ្សំ​សំខាន់​មួយទៀត​នៃ​កិច្ចសហការ​គឺ​ការអប់រំ ដែល​វិធីសាស្ត្រ​នៃ Nurturing Care Group នឹងត្រូវ​បាន​ប្រើ​ដើម្បី​បង្កើន​ការរៀនសូត្រ​របស់​កុមារ​តូច និង​លើក​កម្ពស់​ការធ្វើ​បរិយាបន្ន​​កុមារ​ពិការ។

យោងតាម​សេចក្តី​ថ្លែងការណ៍​រួមមួយ​បាន​ឱ្យដឹង​ថា៖ «​ភាពជា​ដៃគូ​នេះ​ក៏មាន​គោល​បំណង​ពង្រឹង​កិច្ចខិតខំ​ប្រឹងប្រែង​ការពារ​កុមារ​ដោយ​គាំទ្រ​ដល់​ការ​ដាក់​ឱ្យ​ដំណើរការ​នូវ​នីតិវិធី​ប្រតិបត្តិការ​ស្តង់ដារ​ការពារ​កុមារ​នៅ​កម្ពុជា»។

ការ​បណ្តុះបណ្តាល​នឹង​ត្រូវបា​ន​ផ្តល់​ជូន​ដល់​បុគ្គលិក​ជួរមុខ ដោយ​បំពាក់​ឱ្យ​ពួកគេ​នូវ​ឧបករណ៍​ដើម្បី​កំណត់ និង​គ្រប់គ្រង​ករណី​នៃ​អំពើហិង្សា​លើ​កុមារ​។​

លើសពីនេះ អង្គការ​ទាំងពីរ​នឹង​បន្តការងារ​ដ៏​ទូលំទូលាយ​របស់ខ្លួន​ក្នុង​វិស័យ​ទឹកស្អាត និង​អនាម័យ ដោយមាន​គោលដៅ​សម្រេច​បាន​នូវ​លទ្ធភាព​ទទួ​លបាន​ទឹកស្អាត និង​អនាម័យ​ជាស​កល​នៅ​ឆ្នាំ ២០៣០។

កិច្ចខិតខំ​ប្រឹងប្រែង​នេះ​នឹង​ពង្រឹង​ទៅលើ​ភាពជោគជ័យ​ពីមុន​របស់​អង្គការ​ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​ទឹក និង​ការសាងសង់​កន្លែង​អនាម័យ​នៅក្នុង​សាលារៀន និង​មណ្ឌល​សុខភាព។

ក្នុងនាម​ជា​សហប្រធាន​នៃ​ក្រុម WASH Cluster របស់​កម្ពុជា​ក្នុង​ក្រុម​ប្រទេស​មនុស្សធម៌ អង្គការ​យូ​នី​សេ​ហ្វ និង​អង្គការ​ទស្សនៈ​ពិភពលោក​បាន​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ទឹក និង​អនាម័យ​របស់​កម្ពុជា​។​

សេចក្តីថ្លែងការណ៍​រួម​បាន​និបន្ដ​ថា៖ «​នៅក្នុង​ប្រទេស​ដែល​លទ្ធភាព​ទទួលបាន​ទឹកស្អាត​នៅតែ​ជា​បញ្ហាសំខាន់ អង្គការ​ទាំងពីរ​បាន​ធ្វើការ​ដោយ​មិន​នឿយហត់​ក្នុងការ​ពង្រឹង​សន្តិសុខ​ទឹក កាត់បន្ថយ​ភាព​ក្រិន និង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​ដែល​ឆ្លងតាម​ទឹក ជាពិសេស​នៅ​តំបន់​ជនបទ​»។​

កិច្ចខិតខំ​ប្រឹងប្រែង WASH ​ផ្តល់​អត្ថប្រយោជន៍​រួចជាស្រេច​សម្រាប់​គ្រួសារ​រាប់រយ​រាប់ពាន់នាក់​នៅ​ទូទាំងប្រទេស​កម្ពុជា ជាមួយនឹង​ការបោះ​ជំហាន​យ៉ាងសំខាន់​ក្នុងការ​អប់រំ ​អនាម័យ និង​ការលើកកម្ពស់​ការអនុវត្ត WASH ប្រកប​ដោយ​និរន្តរភាព៕