ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា បាន​សម្រេច​ជា​ផ្លូវ​ការ​ កំណត់​យក​ចំនួន​ ២០៨​ដុល្លារ​ ជា​ប្រាក់​ឈ្នួល​អប្បបរមា​ឆ្នាំ​២០២៥ កម្មករ​និយោជិត​ផ្នែក​វាយនភណ្ឌ កាត់ដេរ ​ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ​និង​កាបូប ដែល​កើន​៤​ដុល្លារ​លើ​ប្រាក់​ឈ្នួល​ឆ្នាំ​២០២៤ (២០៤ដុល្លារ)។ ក្នុង​នោះ​២​ដុល្លារ​ត្រូវ​បាន​បន្ថែម​ដោយ​នាយក​រដ្ឋមន្ត្រី។


តួលេខ​នេះ​ត្រូវ​បាន​សម្រេច​នៅ​រសៀល​ថ្ងៃ​ទី១៩ ខែ​កញ្ញា​នេះ បន្ទាប់​ពី​ការ​ចរចា​លើក​អំណះអំណាង​បង្ហាញ​ពី​ជំហរ​រៀងៗ​ខ្លួន​រវាង​ភាគី​តំណាង​និយោជក និង​ភាគី​តំណាង​និយោជិត​កម្មករ ដោយ​ថ្ងៃ​នេះ ភាគី​តំណាង​កម្មករ​ទាមទារ​ឡើង​ក្នុង​តួលេខ​ពីរ​ខុស​គ្នា គឺ​២០៦​ដុល្លារ និង​២០១៤​ដុល្លារ។

ចំណែក​តំណាង​ភាគី​និយោជក ​បាន​ដំឡើង​តួលេខ​ចំនួន ​២០៦ ​ដុល្លារ​អាមេរិក​ ដូច​នឹង​តួលេខ​ដែល​លើក​ឡើង​ដោយ​​តំណាង​ភាគី​រាជរដ្ឋាភិបាល។


ការសម្រេច​យក​តួលេខ ២០៦ ដុល្លារ ធ្វើ​ឡើង​តាម​ការ​បោះ​ឆ្នោត ស្រប​តាម​មាត្រា១២​ នៃ​ច្បាប់​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា។ លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​បង្ហាញ​ថា តួលេខ ២០៦ដុល្លារ​ទទួល​បាន​សំឡេង​ឆ្នោត ៤៦ សំឡេង​លើ ៥១សំឡេង ដែល​ធ្វើ​ឲ្យ​តួលេខ​នេះ​ជា​តួលេខ​ប្រាក់​ឈ្នួល​ផ្លូវការ​សម្រាប់​ឆ្នាំ​ក្រោយ។

នៅ​ក្រោយ​ការ​បោះ​ឆ្នោត​សម្រេច​នេះ លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ ដែល​ដឹកនាំ​កិច្ច​ប្រជុំ​ត្រីភាគី បាន​ថ្លែង​ថា៖ «សម្ដេច​នាយក​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត ​បាន​សម្រេច​បន្ថែម​ទឹក​ប្រាក់​ចំនួន ២ដុល្លារ លើ​ទឹក​ប្រាក់​ចំនួន ២០៦ដុល្លារ។ ដូច្នេះ​ចាប់​ពី​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ​២០២៥ កម្មករ​និយោជិត​ផ្នែក​វាយនភណ្ឌ ​កាត់​ដេរ ផលិត​ស្បែក​ជើង​ និង​ផលិត​ផលិតផល​ធ្វើ​ដំណើរ​និង​កាបូប នឹង​មាន​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន ​២០៨​ដុល្លារ»។


លោក​​បន្ត​ថា ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ទៀត ដែល​កម្មករ​និយោជិត​ធ្លាប់​ទទួល​បាន​កន្លង​មក ត្រូវ​បាន​រក្សា​ទុក​នៅ​ដដែល​មាន​ដូចជា ប្រាក់​សោហ៊ុយ​ធ្វើ​ដំណើរ និង​ស្នាក់​នៅ​ចំនួន ៧ដុល្លារ​ក្នុង​មួយ​ខែ ប្រាក់​រង្វាន់​ធ្វើ​ការងារ​ទៀង​ទាត់​ចំនួន ១០ដុល្លារ​ក្នុង​មួយ​ខែ ប្រាក់​ថ្លៃ​បាយ​សម្រាប់​ការ​ធ្វើការងារ​បន្ថែម​ម៉ោង​ដោយ​ស្ម័គ្រចិត្ត​ចំនួន ២ ០០០រៀល​ក្នុង​មួយ​ថ្ងៃ​ និង​ប្រាក់​រង្វាន់​អតីតភាព​ការងារ​ចំនួន​ពី ២ដុល្លារ​ដល់ ១១​ដុល្លារ​ក្នុង​មួយ​ខែ​សម្រាប់​កម្មករ​និយោជិត​ដែល​បាន​ធ្វើ​ការ​ចាប់​ពី​ឆ្នាំ​ទី​២ ដល់​ឆ្នាំ​ទី១១។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ថ្លែង​នៅ​លើ​បណ្ដាញ​សង្គម​ក្រោយ​ការ​សម្រេច​នេះ​ថា ទោះ​ក្នុង​កាលៈទេសៈ​លំបាក​នៃ​សេដ្ឋកិច្ច​សកល​ក៏​ដោយ ក៏​រាជ​រដ្ឋាភិបាល​មិន​ភ្លេច​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​លើក​កម្ពស់​ជីវភាព​រស់​នៅ​ មុខរបរ​ និង​សុខុមាល​ភាព​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​វណ្ណៈ។ លោក​ថា ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ឆ្នាំនេះ​ ទោះ​តិច​ក្តី​ច្រើន​ក្តី គឺ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​លំបាក​ខ្លះ​របស់​កម្មករ​និយោជិត។

លោក​ថ្លែង​ថា៖ «ទន្ទឹម​នឹង​ការ​ដំឡើង​ប្រាក់​ឈ្នួល​នេះ ខ្ញុំ​សូម​ជម្រាប​ជូន​បង​ប្អូន​កម្មករ​និយោជិត និង​សាធារណជន​ថា ​ខ្ញុំ​នឹង​បន្ត​ជំរុញ​ដល់​ក្រសួង ​ស្ថាប័ន​ អាជ្ញាធរ​ពាក់​ព័ន្ធ​ពិនិត្យ តាម​ដាន និង​ដាក់​វិធានការ​បន្ថែម​ដើម្បី​ពិនិត្យ​លទ្ធភាព​កាត់​បន្ថយ​បន្ទុក​ចំណាយ​របស់​បង​ប្អូន​កម្មករ​និយោជិត»។

អ្នកស្រី ស តឿ កម្មករ​នៅ​រោងចក្រ​កាត់​ដេរ​មួយ​កន្លែង​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ​ បាន​ថ្លែង​នៅ​ក្រោយ​ការ​ដំឡើង​ប្រាក់​ខែ​នេះ​ថា អ្នកស្រី​មាន​ការ​រីក​រាយ​ខ្លះ​ដែរ​ ពី​ការ​ដំឡើង​ប្រាក់​ខែ​នេះ ទោះ​បី​ជា​មិន​ច្រើន​ក្ដី។ យ៉ាងណា​ក៏ដោយ​អ្នកស្រី​ថ្លែង​ថា តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ​ក៏​មាន​ការ​ឡើង​ថ្លៃ​ខ្លះ​ដែរ ទោះបីជា តម្លៃ​ផ្ទះ​ជួល​ដែល​អ្នកស្រី​ស្នាក់​នៅ​មិន​មាន​ការ​ឡើង​ថ្លៃ​ក៏​ដោយ។

អ្នកស្រី​និយាយ​ថា៖ «ទោះ​បី​ឡើង​តិច​តួច​ ក៏​សប្បាយ​ចិត្ត​ខ្លះ​ដែរ ព្រោះ​បាន​ឡើង​បន្តិច​ម្ដងៗ។ ប៉ុន្តែ រាល់​ថ្ងៃ​តម្លៃ​ទំនិញ​ក៏​ឡើង​ដែរ ជា​ពិសេស​ក្នុង​ផ្សារ។ អីចឹង យើង​ទិញ​គេ​លក់​តាម​ផ្លូវ ឬ រ៉ឺម៉ក ដែល​ថោក​ជាង»។

អ្នកស្រី​បន្ត​ថា អ្នកស្រី​ធ្វើ​ការ​ពី​ម៉ោង ៧​ព្រឹក​ដល់​ម៉ោង ១១​រសៀល​ និង​ចាប់​ផ្ដើម​ឡើង​វិញ​ពី​ម៉ោង ១២ ដល់​ម៉ោង ៤​រសៀល។ ប្រសិន​បើ​មិន​បាន​ថែម​ម៉ោង អ្នកស្រី​នឹង​ទទួល​បាន​ប្រាក់​ថ្លៃ​បាយ ២០០០​រៀល​ក្នុង​មួយ​ថ្ងៃ។ ប្រសិន​បើ​ថែម​ម៉ោង​ពី​ម៉ោង​៤​ដល់​ម៉ោង ៦ នោះ​ប្រាក់​ថ្លៃ​បាយ​នឹង​ទទួល​បាន​៤២០០​រៀល។ ប៉ុន្តែ​បើ​ថែម​ដល់​ម៉ោង ៧​និង​៤០​នាទី​យប់ ប្រាក់​ថ្លៃ​បាយ​នឹង​បាន​៦០០០​រៀល។

សម្រាប់​ការ​ថែម​ម៉ោង​ចន្លោះ​ពី​ ៥០​ម៉ោង ទៅ ៧០​ម៉ោង​ក្នុង​មួយ​ខែ​ អ្នកស្រី​អាច​ទទួល​បាន​ប្រាក់​ឈ្នួល​សរុប​ប្រមាណ​៣០០​ដុល្លារ​ក្នុង​មួយ​ខែ៕