ភ្នំពេញៈ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​បាន​ទៅ​ទស្សនា​កប៉ាល់​បារាំង Plastic Odyssey ដែល​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​បំពុល​ប្លាស្ទិក ខណៈ​ដែល​កប៉ាល់​នេះ​កំពុង​តែ​ចូល​ចត​នៅ​កំពង់ផែ​ភ្នំពេញ​ក្នុង​រយៈពេល​ជិត ២​សប្តាហ៍។


ការ​ទៅ​ទស្សនា​នេះ​ធ្វើឡើង​កាល​ពី​ថ្ងៃ​ពុធ ទី​១៨ ខែ​កញ្ញា​នេះ ដែល​លោក​រដ្ឋមន្រ្តី អ៊ាង សុផល្លែត​បាន​ជួប​សំណេះ​សំណាល​ជាមួយ​ក្រុមនាវិក ដោយ​មាន​ការ​ចូលរួម​ផងដែរ​ពី​លោក ហ្សាក់ បឺឡេ ឯកអគ្គរដ្ឋទូត សាធារណរដ្ឋ​បារាំង ប្រចាំ​កម្ពុជា។ នេះ​បើ​យោង​តាម​ក្រសួង​បរិស្ថាន។

លោក​រដ្ឋមន្រ្តី​មាន​ប្រសាសន៍​ថា៖ «កប៉ាល់ Plastic Odyssey បាន​ចូលរួម​ផ្សព្វផ្សាយ​ពី​បញ្ហា​ប្លាស្ទិក​ដល់​ប្រជាពលរដ្ឋ នៅ​លើ​ពិភពលោក​ថា បញ្ហា​ប្លាស្ទិក​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ដល់​អាយុ​ជីវិត ដល់​បរិស្ថាន​ទាំង​មូល​តែ​ម្តង»។ 


យោង​តាម​វិទ្យាស្ថាន​បារាំង Institut français du Cambodge (IFC)​ បាន​ឱ្យ​ដឹង​ថា កប៉ាល់​នេះ​ចូល​ចត​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី១១ និង​រហូត​ដល់​ថ្ងៃទី​២៣ ខែ​កញ្ញានេះ។ Plastic Odyssey គឺជា​កប៉ាល់​បេសកកម្ម​ដែល​ធ្វើ​ដំណើរ​ជុំវិញ​ពិភព​លោក ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​បំពុល​ប្លាស្ទិក។ នៅលើ​កប៉ាល់ គឺជា​ឧបករណ៍ សម្ភារៈ និង​គំនិត​ថ្មីៗ ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់ និង​ពឹង​ផ្អែក​លើ​ប្លាស្ទិក។ កប៉ាល់​នេះ​បាន​នឹង​កំពុង​តែ ធ្វើ​ដំណើរ​បេសកកម្ម​ នៅ​ជុំវិញ​ពិភព​លោក​អស់​រយៈពេល ២​ឆ្នាំ​មកហើយ។

កាល​ពី​ល្ងាច​ថ្ងៃទី​១២ ខែ​កញ្ញា នៅ​វិទ្យាស្ថាន​បារាំង មាន​រៀបចំ​កម្មវិធី​មួយ ដើម្បី​ទស្សនា​ពិពណ៌ និង​ភាពយន្ត​ឯកសារ​នៃ​ការ​ផ្សងព្រេង​ដ៏​អស្ចារ្យ​មួយ​នេះ ដែល​មាន​ការ​ជួប​ជាមួយ​សមាជិក​នាវិក​កប៉ាល់​នេះ​ផងដែរ។


ការ​ចូលចត​កប៉ាល់ Plastic Odyssey នៅ​កម្ពុជា ក្នុង​ការ​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក​ពី​ប្រទេស​បារាំង ឆ្លង​កាត់​ទៅ​អឺរ៉ុប អាហ្រ្វិក​និង​អាស៊ី ពី​ប្រទេស​ជប៉ុន​មក​ឥណ្ឌូណេស៊ី សិង្ហបុរី និង​មក​កម្ពុជា នា​ពេល​នេះ បាន​ចូលរួម​គ្នា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​បំពុល​ដោយ​ប្លាស្ទិក តាម​រយៈការ​ធ្វើការ​កែច្នៃ​ប្លាស្ទិក​ធ្វើ​ជា​សម្ភារៈ​ប្រើប្រាស់​ផ្សេងៗ​ទៀត ជា​ជាង​យក​ទៅ​បោះ​ចោល។ 

លោក​រដ្ឋមន្រ្តី​បាន​លើក​ឡើង​ក្នុង​ឱកាស​នោះ​ថា ការ​ប្រមូល​ទុក​ដាក់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ ជាពិសេស​សំណល់​ប្លាស្ទិក មិន​ត្រឹម​តែ​ធ្វើឱ្យ​បរិស្ថាន​ស្អាត ទី​សាធារណៈ​មាន​សោភ័ណភាព​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ធ្វើឱ្យ​សុខ​ភាព​របស់​ប្រជាជន​ល្អ​ផងដែរ។ 

លោក​រដ្ឋមន្រ្តី​បាន​ថ្លែង​អំណរគុណ​ដល់​ក្រុម​ការងារ​កប៉ាល់​ទាំងអស់​ដែល​បាន​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ប្លាស្ទិក ដែល​ស្រប​នឹង​ភាព​ស្អាត ដែល​ជា​សសរស្តម្ភ​ទី១ ដែល​បាន​ចែង​ក្នុង​យុទ្ធសាស្រ្ត​ចក្រា​វិស័យ​បរិស្ថាន។

ក្រសួង​បរិស្ថាន​បាន​ដាក់​ចេញ​យុទ្ធនាការ​កាត់​បន្ថយការ​ប្រើប្រាស់​ប្លាស្ទិក​ដែល​ក្នុង​នោះ​យុទ្ធនាការ «ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់​ប្លាស្ទិក​ទេ» ដែល​ត្រូវ​បាន​ដាក់​ចេញ​កាល​ពី​ថ្ងៃទី​១ ខែ​កញ្ញា ឆ្នាំ​២០២៣ មាន​ការ​ចូលរួម​ពី​សិស្សានុសិស្ស ព្រះសង្ឃ កម្មករ កម្មការិនី មន្រ្តីរាជការ កង​កម្លាំង​ប្រដាប់អាវុធ និង​ពលរដ្ឋ​ជាង ៩,៥​លាន​នាក់​នៅ​ទូទាំង​ប្រទេស​​រហូត​ដល់​ពេល​នេះ។ 

ក្រោយ​មក​ទៀត យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» គឺជា​យុទ្ធនាការ​សុំ​ឱ្យ​សិស្សានុសិស្ស និង​ពលរដ្ឋ​ចេញ​ រើស​សំរាម​ជុំវិញ​បរិវេណ​ផ្ទះ សាលារៀន វត្តអារាម និង​តាម​ទីសាធារណៈ ចំនួន១៥នាទី ក្នុង​១ថ្ងៃ ក្នុង​១សប្តាហ៍ ដោយ​ប្រមូល​ទុក​ដាក់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ។ 

ក្រសួង​បាន​អះអាង​ថា យុទ្ធនាការ​បាន​និង​កំពុង​មាន​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ជាង ២,៥​លាន​នាក់។ 

ក្រសួង​បរិស្ថាន​នឹង​បន្ត​យុទ្ធនាការ​ជំហាន​ទី៣ គឺ​ការ​ញែក និង​ទុក​ដាក់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ។ នេះ​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​តាំង​ចិត្ត និង​ការ​កែប្រែ​ឱ្យ​ទៅ​ជា​ទម្លាប់ ដើម្បី​ឱ្យ​កម្ពុជា​ចូលរួម​ទប់ស្កាត់​ការ​ប្រើប្រាស់ និង បោះចោល​ថង់​ប្លាស្ទិក ទទួល​បាន​ជោគជ័យ៕