រដ្ឋសភា​បោះ​ឆ្នោត​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​សម្រាប់​ការ​កែ​សម្រួល​ លោក​ ហួត ហាក់ ពី​រដ្ឋមន្ត្រី​ក្រសួង​អធិការកិច្ច​ទៅ​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍ ហើយ​រដ្ឋមន្ត្រី​ទេសចរណ៍​ សុខ សូកេន ក្លាយ​ជា​រដ្ឋមន្ត្រី​ក្រសួង​អធិការកិច្ច​វិញ។​


អ្នក​វិភាគ​និយាយ​ថា វា​លឿន​ពេក​សម្រាប់​ការ​វិនិច្ឆ័យ​ថា​តើ​លោក ហួត ហាក់ នឹង​ធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍​ប្រសើរ​ឡើង​ឬ​យ៉ាង​ណា។​

ការ​សម្រេច​កែ​សម្រួល​សមាសភាព​របស់​រាជរដ្ឋាភិបាល​ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋសភា​ក្នុង​កិច្ច​ប្រជុំ​វិសាមញ្ញ​នៅ​ព្រឹក​នេះ ដោយ​សមាជិក​សភា​ដែល​មាន​វត្តមាន​ទាំង​អស់​សរុប ១០៦រូប បាន​បោះ​ឆ្នោត​យល់​ព្រម​តាម​ជា​ឯកច្ឆន្ទ​ទៅ​លើ​សំណើ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​កែ​សម្រួល​នេះ។​


លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែល​បាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​សភា​ព្រឹក​នេះ​បាន​ថ្លែង​នៅ​លើ​បណ្ដាញ​សង្គម​ថា៖ «សូម​អបអរសាទរ​ដល់ ឯកឧត្តម ​ហួត ហាក់ និង ឯកឧត្តម សុខ សូកេន ដែល​ត្រូវ​បាន​រដ្ឋសភា​បោះឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត ​ជា​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​អធិការកិច្ច»។

យ៉ាងណា​ក៏ដោយ មិន​មាន​ការ​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​កែ​សម្រួល​នេះ​ទេ។​ កាល​ពី​កន្លង​ទៅ ប្រព័ន្ធ​ផ្សព្វផ្សាយ​ខ្លះ​បាន​ចុះ​ផ្សាយ​ថា​មាន​ការ​បែង​ចែក​បក្ខពួក​នៅ​ក្នុង​ក្រសួង​ទេសចរណ៍ ប៉ុន្តែ ក្រសួង​សាមី​បាន​បដិសេធ​ការ​ចុះ​ផ្សាយ​បែប​នេះ។ ភ្នំពេញ​ប៉ុស្តិ៍​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​ពាក់​ព័ន្ធ​នៅ​ឡើយ។


លោក​ ហ៊ុន ម៉ាណែត បាន​​បញ្ជាក់​​ថា ​ការ​កែ​សម្រួល​សមាសភាព​រាជរដ្ឋាភិបាល​ចំនួន​ពីរ​រូប​នេះ​ គឺ​ដើម្បី​ប្រសិទ្ធភាព​ការងារ​ក្នុង​ការបម្រើ​ប្រទេស​ជាតិ​និង​ប្រជាពលរដ្ឋ​ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ចកោណ-ដំណាក់​កាល​ទី១ ដែល​មាន​បាវចនា​ចំនួន​៥ គឺ «កំណើន ​ការងារ សមធម៌ ប្រសិទ្ធភាព និង​ចីរភាព»។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​របស់​រដ្ឋ​សភា។

លោក ប៉ា ច័ន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា បាន​ថ្លែង​ថា លោក​មិន​មាន​អ្វី​ភ្ញាក់​ផ្អើល​ទេ​សម្រាប់​ការ​ដោះ​ដូរ​នេះ ពីព្រោះ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ ឬ​ពីរ​ឆ្នាំ​ដំបូង​នៃ​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​តែង​មាន​ការ​ដោះដូរ កែ​សម្រួល​សមាសភាព​គណៈ​រដ្ឋមន្ត្រី ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ស្ថានការណ៍​និង​តម្រូវ​ការ​ជាក់​ស្ដែង​និង​ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​ការងារ។

លោក​បន្ត​ថា យ៉ាងណា​ក៏ដោយ ការ​ផ្លាស់​ប្ដូរ​រដ្ឋមន្ត្រី​ពី​ក្រសួង​មួយ​ទៅ​ក្រសួង​មួយ អាច​មិន​មាន​ប្រសិទ្ធភាព ប្រសិន​បើ​គ្មាន​ការ​ផ្លាស់​ប្ដូរ​របៀប​នៃ​ការ​ធ្វើ​ការងារ។

លោក​ថា៖ «កត្តា​ចម្បង​គឺ​ការ​ផ្លាស់​ប្ដូរ​របៀប​ធ្វើ​កិច្ច​ការងារ​ដើម្បី​ទទួល​បាន​ប្រសិទ្ធផល​ល្អ»។

លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា បាន​ថ្លែង​នៅ​ថ្ងៃ​នេះ​ថា ការ​ដោះ​ដូរ​សមាសភាព​នៃ​រាជរដ្ឋាភិបាល​គឺ​ជា​កាតព្វកិច្ច​របស់​នាយក​រដ្ឋមន្ត្រី ក្នុង​ការ​ចាត់​ចែង​​ទៅ​តាម​ស្ថានភាព​ជាក់​ស្ដែង។

សម្រាប់ លោក ស៊ីណាន បញ្ហា​នៅ​ក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ​មិន​មែន​ជា​រឿង​សាមញ្ញ​ទេ ហើយ​គ្រប់​គ្នា​ត្រូវ​ហ៊ាន​ឆ្លុះ​បញ្ចាំង​ពី​ចំណុច​ខ្សោយ​របស់​ខ្លួន ហ៊ាន​ទទួល​យក ហើយ​​រក​ឱកាស​អភិវឌ្ឍ​ចំណុច​ខ្សោយ​នោះ​ឲ្យ​ប្រសើរ​ឡើង។

លោក​ថ្លែង​ថា៖ «បើ​សិន​ទាំង​អស់​គ្នា​មិន​ទទួល​យក​ចំណុច​ខ្វះ​ខាត​របស់​យើង​ទេ​ ហើយ​នៅ​តែ​ស្រែក​ថា​យើង​ខ្លាំង យើង​ពូកែ យើង​មាន​អ្វី​គ្រប់​យ៉ាង យើង​ល្អ​ជាង​គេ យើង​មិន​បាច​មើល​គេ នោះ​យើង​នឹង​នៅ​បន្ត​ការ​លំបាក​ដោយ​មិន​ដឹង​ខ្លួន ហើយ​កាន់​តែ​រីង​ខ្លួន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ»។

លោក​បន្ត​ថា៖ «ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ថា មិន​ថា​រដ្ឋមន្ត្រី​ណា មិន​ថា​បុគ្គល​ណា មាន​ស្នាដៃ​ឬ​បទ​ពិសោធន៍​យ៉ាង​ណា​មក​ទេ ចាំបាច់​ណាស់​ត្រូវ​តែ​ហ៊ាន​ទទួល​ស្គាល់​នូវ​តថភាព​ដែល​កំពុង​កើត​ឡើង។ នៅ​ពេល​យើង​វិភាគ​រក​ចំណុច​ខ្លាំង​និង​ចំណុច​ខ្សោយ យើង​ត្រូវ​ទុក​រឿង​នយោបាយ​មួយ​ដុំ​សិន កុំ​យក​វា​មក​លូក​លាន់។ បើ​រក​ឃើញ​ចំណុច​ខ្លាំង​និង​ខ្សោយ​ឃើញ​ហើយ យើង​ត្រូវ​ហ៊ាន​កែ​ចំណុច​ខ្សោយ​របស់​យើង​ឱ្យ​ទៅ​ជា​ឱកាស»។​

លោក ឈត ប៊ុនថង ប្រធាន​ផ្នែក​ទំនាក់​ទំនង​វប្បធម៌ ​អប់រំ ​និង​ទេសចរណ៍ នៃ​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ នៃ​រាជបណ្ឌិត​សភា​កម្ពុជា បាន​ថ្លែង​ថា វា​លឿន​ពេក​ក្នុង​ការ​វាយ​តម្លៃ​ថា​តើ រដ្ឋមន្ត្រី​ទេសចរណ៍​ថ្មី លោក ហួត ហាក់ អាច​នឹង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ដល់​វិស័យ​ទេសចរណ៍​ឬ​យ៉ាង​ណា ឬ​ថា​តើ​អតីត​រដ្ឋមន្ត្រី​ទេសចរណ៍​ សុខ សូកេន ធ្វើ​បាន​ល្អ​ហើយ​ឬ​យ៉ាង​ណា ដោយ​សារ​លោក​មិន​មាន​ទិន្នន័យ​គ្រប់​គ្រាន់។

លោក​និយាយ​ថា៖ «ជា​ការ​យល់​ឃើញ​របស់​ខ្ញុំ ឆ្នាំ​ដំបូង​នៃ​រាជ​រដ្ឋាភិបាល​ថ្មី គឺ​ជា​ដំណាក់​កាល​នៃ​ការ​រៀបចំ​ កែ​លម្អ រចនា​សម្ព័ន្ធ​ផ្ទៃ​ក្នុង។ លើស​ពី​នេះ​ទៀត រដ្ឋាភិបាល​ថ្មី​នេះ​កើត​ឡើង​បន្ទាប់​ពី​វិបត្តិ​កូវីដ១៩ និង​កំពុង​មាន​វិបត្តិ​ផ្សេងៗ​នៅ​លើ​ពិភពលោក។ បញ្ហា​ទាំង​អស់​នេះ​ធ្វើ​ឲ្យ​យើង​ពិបាក​វាយ​តម្លៃ​ថា​តើ​រដ្ឋមន្ត្រី​ណា​មួយ​ធ្វើ​បាន​ល្អ ឬ​មិន​បាន​ល្អ»។

លោក​ថ្លែង​ថា រដ្ឋាភិបាល​ទាំង​អាណត្តិ​មុន​និង​អាណត្តិ​បច្ចុប្បន្ន​បាន​ធ្វើ​រឿង​វិជ្ជមាន​ជា​ច្រើន ដូចជា​គោល​នយោបាយ​បើក​ចំហ​ជើង​មេឃ ការ​បង្កើន​គុណភាព​ផលិតផល​ទេសចរណ៍​ដែល​ធ្វើ​ឡើង​រួម​ជាមួយ​នឹង​វិស័យ​ឯក​ជន ហើយ​​​សេវាកម្ម​ទេសចរណ៍​ដែល​ពី​មុន​ធ្លាប់​​រង​ការ​ស្ដី​បន្ទោស​ថា​មិន​ល្អ​ក៏​ត្រូវ​បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង។

«បើ​សិន​ដូរ​រដ្ឋមន្ត្រី​ហ្នឹង​តើ​រចនា​សម្ព័ន្ធ​ក្រសួង​ ដូរ​ដែរ​អត់។ បើ​ដូរ​ទាំង​រចនា​សម្ព័ន្ធ​ទៀត មិន​បាច់​ធ្វើ​អី​ទេ រវល់​តែ​រឿង​ដូរ។​ មួយ​ទៀត​យើង​ត្រូវ​មើល​ដែរ​ថា​តើ​រយៈ​ពេល​មួយ​ឆ្នាំ​នេះ អ្វី​ជា​ឧបសគ្គ។ ដូច្នេះ ឯក​ឧត្តម​រដ្ឋមន្ត្រី​ថ្មី​ត្រូវ​ប្រជុំ​ក្នុង​ក្រសួង​ខ្លួន​ឯង​ និង​ប្រជុំ​ជាមួយ​តួអង្គ​ពាក់​ព័ន្ធ​ដើម្បី​រក​មើល​ថា​តើ​ហេតុ​អ្វី​វិស័យ​ទេសចរណ៍​​ហាក់​ដូចជា​ជាប់​គាំង ឬ​ដើរ​យឺត ឬ​ឧបសគ្គ​អ្វី​ដែល​ឈាន​ដល់​ការ​ដោះ​ដូរ​រដ្ឋមន្ត្រី។ បើ​រក​បញ្ហា​​មិន​បាន​ទេ យើង​មិន​អាច​ដោះស្រាយ​បញ្ហា​បាន​ទេ ទោះ​បី​ដូរ​រដ្ឋមន្ត្រី​១០​ទៀត​ក៏​រក​ដំណោះ​ស្រាយ​មិន​ឃើញ​ដែរ»៕