ភ្នំពេញៈ ពិន្ទុជាង ៣ម៉ឺនត្រូវបានដកពីបណ្ណបើកបរជិត ៧ម៉ឺនបណ្ណ ហើយយានយន្តជាង ៦ម៉ឺនគ្រឿង ត្រូវបានផាកពិន័យខណៈដែលអ្នកបើកបរជាង ៥ពាន់នាក់ត្រូវបានធ្វើតេស្តរកសារធាតុញៀនក្នុងរយៈពេល ៦ខែដើម ឆ្នាំ២០២៤នេះ។
ក្នុងការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ នៃឆ្នាំនេះ សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យយានយន្តសរុប៨៤ ២៩២គ្រឿងនិងពិន័យយានយន្តសរុប ៦៤ ២៩៦គ្រឿង ដែលស្មើនឹង ៧៩ភាគរយ។ ក្នុងនោះមានម៉ូតូល្មើសចំនួន ៤៨ ៧០៣គ្រឿង ស្មើនឹង ៧៦ភាគរយផងដែរ។ នេះបើយោងតាមរបាយការណ៍របស់អនុគណៈកម្មការទី២ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) ដែលបានបង្ហាញក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ ២០២៤នាពេលថ្មីៗនេះ។
លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបានថ្លែងក្នុងឱកាសនោះថា ក្នុងរយៈពេលនេះ ពិន្ទុសរុបចំនួន ៣១ ៧៤១ពិន្ទុ ត្រូវបានសមត្ថកិច្ចដកពីបណ្ណបើកបរយានយន្តចំនួន ៦៩ ៤៨០គ្រឿងផងដែរ។ ក្នុងនោះ ដកពិន្ទុលើម៉ូតូកម្លាំង ១២៥សេសេ ២ ០៥៧ពិន្ទុ ដកពិន្ទុលើរថយន្តធុនស្រាល ២៨ ៩៥៦ពិន្ទុ និង ដកពិន្ទុលើរថយន្តធុនធ្ងន់ ដកពិន្ទុ ៧៥៤ពិន្ទុផងដែរ។
លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ ជាប់រវល់មិនអាចមានប្រសាសន៍បន្ថែមបានទេលើករណីនេះនៅថ្ងៃសុក្រ ទី២០ ខែកញ្ញានេះ។
កម្មវិធីដកពិន្ទុបណ្ណបើកបរត្រូវបានដាក់ឱ្យដំណើរការអនុវត្តជាផ្លូវការចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ដើម្បីបង្កើនប្រសិទ្ធភាពនៃការរឹតបន្តឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកសម្តៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យបានជាអតិបរមា។
នៅលើបណ្ណបើកបរមួយមានពិន្ទុសរុបចំនួន១២។ ពិន្ទុទាំនេះ នឹងកាត់ពី ១ពិន្ទុ ទៅដល់ ៦ពិន្ទុ ទៅតាមប្រភេទបទល្មើស ដែលអ្នកបើកបរបានប្រព្រឹត្តជាក់ស្តែង ប៉ុន្តែការកាត់នោះមិនឱ្យលើសពី ៨ពិន្ទុនោះទេ។ នេះបើយោងតាមក្រសួងសាធារណការ និង ដឹកជញ្ជូន។
អ្នកបើកបរល្មើសច្បាប់ដែលត្រូវបានកាត់ពិន្ទុអាចទៅរៀនបំប៉នផ្នែកទ្រឹស្តី រយៈពេល ២ថ្ងៃនៅក្រសួងសាធារណការ ដើម្បីបំពេញពិន្ទុវិញ។ ការទៅរៀនបំប៉នម្តងអាចបាន ៤ពិន្ទុមកវិញតែប៉ុណ្ណោះ ហើយក្នុងរយៈពេល ៦ខែ ទើបអាចទៅរៀនម្តងទៀតបាន។ ទោះយ៉ាងណា ក្នុងរយៈពេល ៣ឆ្នាំ ក្នុងករណីបណ្ណបើកបរនៅសល់១ឬ ២ ពិន្ទុ បើមិនមានល្មើសច្បាប់ដែលត្រូវបានកាត់ពិន្ទុឱ្យអស់ពិន្ទុនោះទេ នោះពិន្ទុនឹងត្រូវឡើងពេញមកវិញផងដែរ។
នៅពេលកាត់អស់ពិន្ទុពីបណ្ណបើកបរនោះអ្នកបើកបរនឹងត្រូវដក ហូតសិទ្ធិបើកបរ ហើយត្រូវរង់ចាំរយៈពេល ៦ខែក្រោយ ទើបអាចប្រឡងយកបណ្ណបើកបរឡើងវិញដើម្បីធានាបានសុវត្ថិភាពក្នុងពេលបើកបរនិងមិនបង្កគ្រោះថ្នាក់ដល់អ្នកបើកបរដទៃ។
របាយការណ៍ដដែលក៏បានបង្ហាញផងដែរថា ការត្រួតពិនិត្យសារធាតុញៀនលើអ្នកបើកបរត្រូវបានធ្វើឡើង ១៩៦លើក ដែលធ្វើតេស្តលើអ្នកបើកបរចំនួន ៥ ៤៤១នាក់។ ជាលទ្ធផល សមត្ថកិច្ចបានរកឃើញអ្នកបើកបរមានសារធាតុញៀនចំនួន ១៧៩នាក់។ ក្នុងនោះអ្នកបើកបររថយន្តធុនធ្ងន់ ៩០នាក់និងរថយន្តធុនស្រាល ២៨នាក់ផងដែរ។
ក្នុងចំណោមគ្រោះថ្នាក់ដែលបានកើតឡើងសរុបចំនួន ១ ៥៣៤លើកនិងសម្លាប់មនុស្សអស់ ៧៩៣នាក់នោះ សមត្ថកិច្ចបានបញ្ជូនសំណុំរឿងទៅតុលាការចំនួន ៧៦៨ករណី ដោះស្រាយបញ្ចប់ ៤ករណីនិងបន្តអង្កេត ៥១ករណី ហើយក៏បានបញ្ជូនជនល្មើសទៅតុលាការចំនួន ៧១នាក់ផងដែរ។
ក្នុងចំណោមគ្រោះថ្នាក់ទាំងនោះ ក៏មានថ្នាក់គ្រោះថ្នាក់លើផ្លូវល្បឿនលឿនចំនួន ១១០ករណីផងដែរ ដែលបានកើតឡើង ពេលយប់ ៤៤ករណី បណ្តាលឱ្យស្លាប់ ៨នាក់និងរបួស ៣០នាក់។
ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរចាប់ពីថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ ២០២៤នេះ លោកឧបនាយករដ្ឋមន្រ្តី ស សុខា ប្រធាន គ.ស.ច.គ ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ខិតខំយកចិត្តទុកដាក់ចូលរួមបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍និងគោរពច្បាប់ចរាចរណ៍ផងដែរ។
គ.ស.ច.គ បានសង្កេតឃើញថានៅរាល់ឱកាសពិធីបុណ្យផ្សេងៗ ការធ្វើចរាចរណ៍តែងកើនឡើងយ៉ាងមមាញឹក ព្រមជាមួយនោះគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រួមទាំងជនរងគ្រោះនិងការខូចខាតទ្រព្យសម្បត្តិតែងមានកំណើនខ្ពស់ គួរឱ្យកត់សម្គាល់។ ភាគច្រើននៃមូលហេតុបង្កគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីការបើកបរយានយន្តមិនគោរពច្បាប់ ឬធ្វេសប្រហែស។ ក្នុងនោះរួមមាន បើកបរល្មើសល្បឿនកំណត់ ជែងក្នុងស្ថានភាពគ្រោះថ្នាក់ បើកបរក្នុងស្ថានភាពស្រវឹង និងមិនគោរពសិទ្ធិអាទិភាពជាដើម។
លោកឧបនាយករដ្ឋមន្រ្តីបានណែនំាថា អ្នកបើកបរត្រូវបន្ថយល្បឿន បើកបរតាមច្បាប់កំណត់ និង តាមស្ថានភាពជាក់ស្តែង ដូចជា ទីប្រជុំជន សាលារៀន ផ្លូវកោង ផ្លូវប្រសព្វ ផ្លូវចំណោត ឬផ្លូវរអិល ត្រូវគោរពសិទ្ធិអាទិភាពនៅត្រង់ផ្លូវប្រសព្វផ្លាកសញ្ញាសិទ្ធិអាទិភាពនិងការយោគយល់អាធ្យាស្រ័យ។ អ្នកបើកបរមុននឹងវ៉ាជែង ត្រូវដឹងច្បាស់ថាផ្លូវខាងមុខទំនេរ អាចជែងបានដោយសុវត្ថិភាព ចៀសវាងការវ៉ាជែងដោយប្រថុយប្រថាន។
លោកបានអំពាវនាវថា៖ «អ្នកបើកបររថយន្ត និងអ្នករួមដំណើរ ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពឱ្យបានត្រឹមត្រូវជាប់ជាប្រចាំ។ ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្តទោះជិត ឬឆ្ងាយគ្រប់ពេលវេលា»។
បន្ថែមពីនោះ ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជាប្រចាំ ជាពិសេសត្រួតពិនិត្យកង់ ចង្កូត ហ្វាំង ភ្លើងបំភ្លឺ។ ចំពោះរថយន្តដឹកអ្នកដំណើរ ឬរថយន្តដឹកទំនិញ សូមកុំផ្ទុកមនុស្ស ឬ ទំនិញលើសច្បាប់កំណត់ ជាពិសេស រថយន្តដឹកអ្នកដំណើរមិនត្រូវផ្ទុកមនុស្សនៅលើដំបូល។
ក្រៅពីនោះ ត្រូវប្រកាន់ខ្ជាប់នូវស្មារតីគោរពច្បាប់ ប្រុងប្រយ័ត្នជានិច្ច សីលធម៌ រក្សាសុវត្ថិភាព និងការយោគយល់ អធ្យាស្រ័យគ្នាក្នុងការបើកបរផងដែរ៕