ភ្នំពេញៈ ក្រសួង​សុខាភិបាល​បាន​ក្រើន​រំលឹក​ប្រជាពលរដ្ឋ​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះថ្នាក់​ដោយសារ​ពស់ចឹក ខណៈ​ដែល​កម្ពុជា​កំពុង​តែ​ទទួល​រង​ផល​ប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន។


ក្រសួង​សុខាពិបាល​បាន​ណែនាំ​ពលរដ្ឋ​ថា ត្រូវ​ប្រុង​ប្រយ័ត្ន​គ្រោះថ្នាក់​ដោយសារ​ពស់​ចឹក ឬ​សត្វ​អសិរ​ពិស​ផ្សេងៗ​ដោយ​​ពិនិត្យ​ឱ្យ​បាន​ត្រឹមត្រូវ​មុន​ទៅ​កាន់​ទីទួល​សុវត្ថិភាព ឬ មុន​ទៅ​ធ្វើការ​ជិត​គំនរ​ឧស និង​គំនរឈើ។ ប្រសិន​បើ​ធ្វើ​ដំណើរ​ពេល​យប់ ឬ​ពេល​ធ្វើ​ការងារ​ត្រូវ​ស្លៀក​ខោ​ជើងវែង និង​ពាក់​ស្បែក​ជើង​កវែង ចៀស​វាង​កន្លែង​ដែល​មាន​ស្មៅ​ស៊ុបទ្រប់។ 

ក្រសួង​បញ្ជាក់​ថា៖ «ក្នុង​ករណី​មាន​សមាជិក​គ្រួសារ ឬ នរណា​ម្នាក់​មាន​គ្រោះថ្នាក់​ដោយសារ​ពស់ចឹក ឬ​សត្វ​អសិរពិស​ទិច ឬ ខាំ​ត្រូវ​បញ្ជូន​ជា​ប្រញាប់​ទៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​លោកអ្នក​បំផុត​ដើម្បី​ទទួល​ការ​ពិនិត្យ​និង​ព្យាបាល»។


ដើម្បី​ការពារ​សុខភាព​ក្នុង​អំឡុង​ពេល​ជំនន់​ទឹកភ្លៀង​នេះ​ផងដែរ ក្រសួង​សុខាភិបាល​ក៏​បាន​ចេញ​វិធានការ​ណែនាំ​ពលរដ្ឋ​មិន​ត្រូវ​ចូល​ទៅ​ក្នុង​ផ្ទះ ឬ អគារ​ទ្រុឌទ្រោម ព្រោះវា​អាច​ស្រុត​បាក់​បែក​បង្ក​ឱ្យ​គ្រោះថ្នាក់​ មិន​ត្រូវ​ប៉ះពាល់​គ្រឿងប្រើ​ប្រាស់​អគ្គិសនី​ដោយ​ដៃសើម ឬ​កំពុង​ឈរ​នៅ​ក្នុង​ទឹក។ លើស​ពី​នោះ​ត្រូវ​សម្រាន្ត​ក្នុង​មុង​គ្រប់​ពេល ដើម្បី​ការពារ​ជំងឺ​គ្រុន​ឈាម គ្រុន​ចាញ់ គ្រុនឈីក និង​ជំងឺផ្សេងៗ។ 

ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​តាមដាន និង ពិនិត្យ​ផ្ទៃពោះ​តាម​កាល​កំណត់​របស់​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ បើ​ស្ត្រី​គ្រប់ខែ​ជិត​ដល់​ពេល​សម្រាល ត្រូវ​រក​កន្លែង​ស្នាក់នៅ​ក្បែរ​មណ្ឌល​សុខភាព ឬ​មន្ទីរ​ពេទ្យ​ដែល​នៅ​ជិត​បំផុត​ និង​ត្រូវ​នាំ​កូនៗ​ទៅ​ចាក់​ថ្នាំ​បង្ការ​តាម​ការ​កំណត់​របស់​គ្រូពេទ្យ និង​ត្រូវ​រៀបចំ​ផ្តល់​អាហារ​ដល់​ពួកគេ​ឱ្យ​បាន​ត្រឹមត្រូវ និង​មាន​អនាម័យ។ ប្រសិន​បើ​ធ្វើ​ដំណើរ​ដោយ​ជិះទូក ឬ​កាណូត​នៅ​ពេល​យប់ ត្រូវ​មាន​ភ្លើង​បំភ្លឺ និង​ត្រូវ​មាន​អាវ​ពោង​សុវត្ថិភាព​ដើម្បី​​ការពារ​ពេល​មាន​ការ​លិចលង់។


ក្រសួង​បាន​សរសេរ​ថា៖ «ចៀសវាង​នូវ​គ្រោះថ្នាក់​លង់ទឹក ត្រូវ​ការពារ​កុមារ​តូចៗ​មិន​ឱ្យ​ចុះទឹក និង​ពន្យល់​កុមារ​ពី​គ្រោះថ្នាក់​នៃ​ការ​លង់ទឹក ក៏​ដូចជា​នាំ​កុមារ​ទៅ​កន្លែង​ខ្ពស់ និង​មាន​អ្នក​ថែទាំ ព្រម​ទាំង​ប្រើ​អាវពោង​សុវត្ថិភាព ឬ​ប៊ីដុង​ជ័រ​គ្រប់​ពេល​កុមារ​ចេញ​ពី​ផ្ទះ»។

បន្ថែមពីនោះ ដើម្បី​ចៀសវាង​នូវ​ជំងឺ​ផ្សេងៗ ដូចជា ជំងឺរាគ ជំងឺ​រាគមូល ពុល​ចំណី​អាហារ ឬ​ជំងឺ​ផ្លូវដង្ហើម​ស្រួច​ស្រាវ និង​ជំងឺ​ដទៃ​ផ្សេង​ទៀត ត្រូវ​ទទួល​ទាន​ទឹក​ស្អាត​ដោយ​ប្រើ​ធុង​ចម្លោះ ឬ​ដាំ​ទឹក​ឱ្យ​ពុះ ឬ​ប្រើប្រាស់​ទឹក​ដោយ​ប្រើ​ថ្នាំ​ក្លរីន ឬ​ក្លរ៉ាមីន (ថ្នាំក្លរីន ឬ​ក្លរ៉ាមីន ៥០០មក្រ ចំនួន​ពីរ​គ្រាប់​អាច​លាយ​ទឹក ២០​លីត្រ រួច​ទុក​រយៈពេល ៣០​នាទី​មុន​ប្រើប្រាស់)​ជាដើម។ 

ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ជូន​ដំណឹង​បន្ថែម​ថា ប្រព័ន្ធ​វិសម្ពាធ​ទាប​ដែល​ស្ថិត​នៅ​សមុទ្រ​ចិន​ខាងត្បូង បាន​វិវត្ត​ទៅ​ជា​ព្យុះទី​១៥ (Tropical Storm) ឈ្មោះ ស៊ូលីក (Soulik)។ ព្យុះ​នេះ​មាន​ល្បឿន​ខ្យល់​អតិបរមា ៦៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​នៅ​ក្បែរ​ផ្ចិត​នៃ​ព្យុះ​ ដែល​កំពុង​ស្ថិត​នៅកៀក​ប្រទេស​វៀតណាម​កណ្តាល។ វា​នឹង​ធ្វើដំណើរ​ឆ្ពោះ​ទៅ​កាន់​ភាគ​កណ្តាល​នៃ​អាង​ទន្លេមេគង្គ ធ្វើឱ្យ​ខ្យល់​មូសុង​និរតី​មាន​ឥទ្ធិពល​ខ្លាំង​លើ​កម្ពុជា ចាប់​ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃ​ទី​២៣ ខែ​កញ្ញា​នេះ។

ក្រសួង​បញ្ជាក់ថា ឥទ្ធិពល​នេះ​បណ្តាល​ឱ្យ​ផ្ទៃមេឃ​មាន​ពពក​ច្រើន ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន គ្រប​ដណ្តប់​ស្ទើរទូទាំង​ប្រទេស ហើយ​ខ្យល់​បក់ខ្លាំង​នៅ​តំបន់​មាត់​សមុទ្រ តំបន់​ខ្ពង់រាប​និង​តំបន់ភ្នំ។

យោងតាម​គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ (គ.ជ.គ.ម.)បាន​ឱ្យ​ដឹង​ថា ជំនន់​ទឹក​ភ្លៀង​បង្ក​ផល​ប៉ះពាល់​ដល់​​ខេត្ត​ចំនួន​៤ ដូចជា ខេត្ត​ក្រចេះ ស្ទឹងត្រែង ព្រះសីហនុ និង​ត្បូងឃ្មុំ។ ក្នុង​នោះ ពលរដ្ឋ​យ៉ាងហោច​ណាស់​ជាង ២ ៣០០​គ្រួសារ ​និង​ស្រូវ​ជាង ១ពាន់​ហិកតា​រង​ផល​ប៉ះពាល់។

លោក សេង ជ័យវុធ នាយក​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ​បាន​ឱ្យដឹង​ថា គិត​មក​ដល់​ត្រឹម​ថ្ងៃសុក្រ ទី២០ ខែ​កញ្ញា​នេះ ទឹកជំនន់​ទន្លេមេគង្គ​បាន​ប៉ះពាល់​ផ្នែក​ខ្លះ​នៃ​ស្រុក ត្បូងឃ្មុំ និង ស្រុក​ក្រូចឆ្មារ។ ប៉ុន្តែ​ស្ថានភាព​មិន​ធ្ងន់ធ្ងរ​នោះ​ទេ៕