ភ្នំពេញ៖ ខណៈដែល​កម្ពុជា​រៀបចំ​ប្រារព្ធ​ទិវា​គ្រូ​បង្រៀន ថ្ងៃទី​៥ ខែ​តុលា ឆ្នាំ​២០២៤ ក្រសួង​អប់រំ យុវជន និង​កីឡា (MoEYS) បាន​លើក​ទឹកចិត្ដ​ប្រជាពលរដ្ឋ​ឱ្យ​ចូលរួម​ផ្ញើសារ​ជា​អត្ថបទ វីដេអូ រូបភាព អត្ថបទចម្រៀង កំណាព្យ ឬ​រឿង​និទាន​ជូន​លោកគ្រូ​អ្នកគ្រូ សាស្ត្រាចារ្យ​ ក្នុង​ទិវា​គ្រូ​បង្រៀន​ថ្ងៃទី​០៥ ខែ​តុលា ឆ្នាំ​២០២៤ ក្រោម​ប្រធាន​បទ «ការ​អភិវឌ្ឍ​គ្រូ​បង្រៀន​ដើម្បី​អភិវឌ្ឍ​មូលធន​មនុស្ស​ឆ្ពោះ​ទៅ​កាន់​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០»។ 


ការ​ប្រារព្ធ​ពិធី​ឆ្នាំនេះ​បង្ហាញ​ពី​តួនាទី​សំខាន់​របស់​គ្រូ​បង្រៀន​ក្នុង​ការ​កសាង​អនាគត​របស់​ប្រទេស​កម្ពុជា តាម​រយៈ​ការ​វិនិយោគ​លើ​ការ​អភិវឌ្ឍន៍​ធនធាន​មនុស្ស។

លោកស្រី ឃួន វិច្ឆិកា អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែង​ថា បុគ្គលិក​​អប់រំ ១២៤៥១៧នាក់ ដោយ​ចំនួន​ប្រមាណ ៦៨​ភាគរយ​ជា​គ្រូ​បង្រៀន។ យុទ្ធសាស្ដ្រ​បញ្ចកោណ​ផ្ដោត​សំខាន់​ទៅ​លើ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស ជាមុំ​មួយ​សំខាន់​នៃ​យុទ្ធសាស្ដ្រ​របស់​រាជរដ្ឋាភិបាល​ដើម្បី​ចូលរួម​អភិវឌ្ឍ​ប្រទេស​ឱ្យ​ទៅ​កាន់​ប្រទេស​អភិវឌ្ឍ​ក្នុង​ឆ្នាំ​ ២០៥០។


លោកស្រី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា៖ «យោង​តាម​យុទ្ធសាស្ដ្រ​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា យល់ឃើញ​ថា គ្រូ​បង្រៀន​គឺជា​បេះដូង​ដ៏សំខាន់​នៃ​​ការ​អប់រំ។ និយាយ​រួម ជា​អ្នក​ធានាបាន​នូវ​គុណភាព​អប់រំ ក៏ដូចជា​តម្រង់​ទិស​កុមារ និង​យុវជនកម្ពុជា​ទាំងអស់​ឱ្យ​ក្លាយ​ជាពលរដ្ឋ​ពេញ​លេញ​ដើម្បី​ចាប់​យក​ជំនាញ និង​បំណិន​ចំណេះដឹង​គ្រប់​គ្រាន់​ក្នុង​ការ​ចូលរួម​កសាង​ប្រទេស»។

លោក ឈ​ត ប៊ុន​ថង អ្នក​ស្រាវជ្រាវ និង​ជា​ទស្សនវិទូ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា (RAC) ដែល​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​ដែល​មិន​អាច​កាត់ថ្លៃ​បាន​របស់​អ្នក​អប់រំ​ក្នុង​ការ​កសាង​ធនធាន​មនុស្ស​ការ​ផ្តល់​ចំណេះដឹង និង​បណ្តុះ​សីលធម៌។


លោក​បាន​ថ្លែងថា​៖ «នៅក្នុង​ប្រទេស​ណា សម័យកាល​ណា គ្រូ​បង្រៀន​តែងតែ​បាន​បំពេញ​តួនាទី​សំខាន់​នៅក្នុងការ​បណ្ដុះ​បណ្ដាល​ ការ​កសាង​ធនធាន​មនុស្ស ការ​ផ្ដល់​ចំណេះដឹង​ ការ​អប់រំ​សីលធម៌ និ​ងគុណធម៌​ដល់​ជំនាន់​ក្រោយ​ ដែល​នេះ​គឺជា​តួនាទី​សំខាន់​មែនទែន​»។ 

មនុស្ស​គ្រប់​រូប​ទាំង​អ្នក​ជំនាញ​ អ្នក​ធ្វើ​ជំនួញ​ អ្នក​ធ្វើនយោបាយ​តូចធំទាំង​អស់ សុទ្ធតែ​ឆ្លង​កាត់​ការ​បណ្ដុះបណ្ដាល​របស់​គ្រូ​បង្រៀន។ ពួកគេ​មិន​អាច​ត្រូវបាន​មើល​ស្រាល​ដល់​ភារកិច្ច និង​កតព្វកិច្ច​របស់​ពួកគេ​បាន​នោះទេ។ 

យ៉ាងណាមិញ លោក ប៊ុនថង ​បាន​លើក​ឡើងថា ការ​មើលឃើញ​ជាក់​ស្ដែង​នៅ​ក្នុង​សម័យ​កាល​ខ្លះ ដែល​គ្រូ​បង្រៀន​ត្រូវបាន​ផ្ដល់​តម្លៃ ខណៈ​សម័យកាល​ខ្លះ ពួកគេ​មិន​ត្រូវបាន​ឱ្យ​តម្លៃ​នោះ វាជា​រឿង​ស្ថិត​ក្នុង​រយៈ​ខ្លីៗ​នៅក្នុង​សង្គម​ណាមួយ​ប៉ុណ្ណោះ​ ដោយ​មិន​ឆ្លុះ​បញ្ចាំង​ពី​ទិដ្ឋភាព​រួម​ឡើយ។

លោក ប៊ុនថង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ថា៖ «​ខ្ញុំលើក​យក​ឧទាហរណ៍​ជាក់ស្ដែង​ថា នៅក្នុង​សម័យ​ខ្មែរ​ក្រហម គ្រូ​បង្រៀន​គឺជា​កម្មវត្ថុ​នៃ​ការ​យក​ទៅសម្លាប់​ចោល​។ ចំពោះ​សម័យ​បច្ចុប្បន្ននេះ បុគ្គល​ជា​គ្រូ​បង្រៀន​ខ្លះ​ប្រព្រឹត្ដិ​មិន​ល្អ ហើយ​ក៏​មាន​ការ​សន្និដ្ឋាន​ជា​ទូទៅ​ថា គ្រូ​បង្រៀន​ទាំង​អស់​សុទ្ធ​តែ​មិន​ល្អ​។ ប៉ុន្ដែ​ជា​រួម គ្រូ​បង្រៀន​នៅតែ​បំពេញ​តួនាទី​សំខាន់​ ទោះមាន​ចំណុច​ខ្វះខាត​របស់​បុគ្គល​ជា​គ្រូ​បង្រៀន​មួយ​ចំនួន​ក៏ដោយ​»។ 

លោក​បានបញ្ជាក់ថា ករណីខ្លះ​ទៀត ការ​មិន​ផ្ដល់​តម្លៃ​ដល់​គ្រូ​បង្រៀន​នេះ ដោយសារ​ពួកគេ​មាន​ជីវភាព​ខ្វះ​ខាត​ មិនសូវមាន​លុយ និង​សម្ភារ​ជាដើម នៅពេល​សិស្ស ឬ​អាណាព្យាបាល​របស់​សិស្ស​ ឬ​អ្នក​ដទៃ​មាន​ជីវភាព​ធូរ​ធារ មាន​និយាយព្រងើយថា មិនចង់​ធ្វើ​ជាគ្រូ​បង្រៀន ដោយសារ​ប្រាក់​ចំណូល​ទាប​។

លោក​បាន​ថ្លែងថា​៖ «​បើមើល​ពីសម្បក​ក្រៅ កត្ដាលុយកាក់​ គ្រូ​បង្រៀន​មិនសូវត្រូវបាន​ផ្ដល់​តម្លៃ​នោះទេ​។ ប៉ុន្ដែ​បើនិយាយ​សីលធម៌ គុណធម៌  តួនាទី និង​កតព្វកិច្ច​របស់​ពួកគាត់ វា​ពិត​ជាសំខាន់​ណាស់ ដែល​មនុស្ស​ម្នាក់ៗ​មិន​អាច​បំភ្លេច​បាន​ទេ​»។ 

លោក ប៊ុនថង បាន​គាំទ្រ​ចំពោះ​ទិវា​រំឭកគុណគ្រូ ជាពិសេស ការ​ធ្វើ​វីដេអូ​ឃ្លីប រូបភាព កំណាព្យ ចម្រៀង និង​រឿង​ខ្លី​ដែល​កោត​សរសើរ​ដល់​អាជីព​ជា​គ្រូ​បង្រៀន​ ជា​រឿង​ដែល​ប្រជាជន​គួរ​ធ្វើ ជាជាង​ការ​ប្រារឰ​បុណ្យ​អ្វី​ដែល​មិនសំខាន់៕