កម្ពុជា​បាន​សម្រេច​ដក​ខ្លួន​ពី​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម (CLV-DTA) ក្រោយ​មាន​ការ​តវ៉ា​ពី​សំណាក់​ប្រជាពលរដ្ឋ​មួយ​ចំនួន​ និង​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នៅ​ក្រៅ​ប្រទេស ​ដោយ​ក្រុម​អ្នក​ប្រឆាំង​ខ្លះ​បាន​យក​ឱកាស​នេះ​អំពាវ​នាវ​ឲ្យ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ដូច​នៅ​ប្រទេស​បង់ក្លាដែស។


ការ​ដក​ខ្លួន​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នេះ ត្រូវ​បាន​ប្រកាស​នៅ​យប់​ថ្ងៃ​ទី២០ ខែ​កញ្ញា ដោយ​​លោក ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​ដូចជា​លោក​ ហ៊ុន សែន អតីត​នាយក​រដ្ឋ​មន្ត្រី​ បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា។

លោក ហ៊ុន ម៉ាណែត បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​តេឡេក្រាម ថា៖ «ទោះបី ផែនការ ១៨ សីហា របស់​ក្រុម​ជ្រុល​និយម​បាន​រលាយ​ទាំង​ស្រុង​ហើយ​ក្តី ដោយ​គិត​គូ​ពី​កង្វល់​របស់​ប្រជាជន​លើ​បញ្ហា​ទឹកដី និង​ភាព​ចាំបាច់​ខាង​នយោបាយ ដើម្បី​ដក​អាវុធ​ចេញ​ពី​ដៃ​ពួក​ជ្រុលនិយម​ កុំ​ឲ្យ​មាន​លទ្ធភាព​ប្រើ​ប្រាស់​ CLV-DTA បោក​ប្រាស់​ប្រជាជន​កម្ពុជា​តទៅ​ទៀត, សម្តេច​តេជោ ​ហ៊ុន សែន ក្នុង​នាម​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ពិភាក្សា​គ្នា​ជាមួយ​ ខ្ញុំ ​ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី និង​ថ្នាក់​ដឹកនាំ​មួយ​ចំនួន​ផ្សេង​ទៀត ហើយ​យើង​បាន​សម្រេច​ចិត្ត​ថា កម្ពុជា​បញ្ចប់​ការ​ចូល​រួម​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់​ពី​ថ្ងៃ២០ ខែ​កញ្ញា ឆ្នាំ​២០២៤នេះ ​តទៅ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក៏​បាន​ជូន​ដំណឹង​ជា​ផ្លូវការ​ទៅ​ប្រទេស​វៀតណាម និង ​ប្រទេសឡាវ​ រួច​ហើយ​ដែរ»។


លោក ហ៊ុន សែន ធ្លាប់​បាន​លើក​ឡើង​ថា លោក​គឺ​ជា​អ្នក​​ផ្ដួច​ផ្ដើម​គំនិត​ផ្ទាល់​ក្នុង​ការ​បង្កើត​ឡើង​នូវ​កិច្ច​ព្រមព្រៀង​ CLV-DTA នេះ​ក្នុង​គោល​បំណង​អភិវឌ្ឍ​ខេត្ត​បួន​របស់​កម្ពុជា រួម​មាន​រតនគិរី ក្រចេះ ស្ទឹងត្រែង និង​មណ្ឌល​គិរី កាល​ពី​ឆ្នាំ​១៩៩៩ តាម​រយៈ​ការ​តភ្ជាប់​ការ​ដឹក​ជញ្ជូន​និង​សកម្មភាព​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​ឡាវ​ និង​វៀតណាម។

ទោះបី​ជា​កិច្ច​សហប្រតិបត្តិការ​នេះ​បាន​ចូល​ជាធរមាន​កាល​ពី​ឆ្នាំ២០០៤ គឺ​មាន​រយៈ​ពេល ២០​ឆ្នាំ​ក្ដី ប្រតិកម្ម​ប្រឆាំង​នឹង​កិច្ច​ព្រម​ព្រៀង​នេះ ទើប​តែ​កើត​មាន​ឡើង​ចាប់​ពី​ខែ​កក្កដា​កន្លង​ គឺ​ប្រមាណ​៣ខែ​ចុង​ក្រោយ ដែល​បាន​ឈាន​ដល់​ការ​ចាប់​ខ្លួន​មនុស្ស​ជា​ច្រើន​សិប​នាក់ ដែល​ចូលរួម​​បាតុកម្ម​នៅ​ភ្នំពេញ នៅ​​ថ្ងៃ​ទី​១៨​ ខែ​សីហា ដើម្បី​ប្រឆាំង​នឹង​ CLV-DTA និង​ការ​ប្រកាស​ទម្លាក់​រដ្ឋាភិបាល​ដូច​ប្រទេស​បង់ក្លាដែស។ អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ខ្លះ​ត្រូវ​បាន​អប់រំ និង​ដោះលែង​វិញ​ ចំណែក​អ្នក​​រក​ឃើញ​ថា​ជា​មេខ្លោង​ត្រូវ​បាន​ចោទ​ប្រកាន់ និង​ដាក់​ពន្ធនាគារ។


លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​ថា ក្រុម​ជ្រុលនិយម ​បាន​ចាប់​យក​ចំណុច​ «បាត់​បង់​ទឹក​ដី»​ ឬ ការ​កាត់​ដី​កម្ពុជា​ឲ្យ​ប្រទេស​ជិត​ខាង​តាម​រយៈ​កិច្ច​ព្រម​ព្រៀង​នេះ​ធ្វើ​ជា​អាវុធ​នយោបាយ ដើម្បី​មួល​បង្កាច់ និង​វាយ​ប្រហារ​ចំពោះ​រាជ​រដ្ឋាភិបាល ដោយ​ការ​ភូត​កុហក​ឥត​ឈប់​ឈរ​ចំពោះ​ប្រជាជន​ដែល​បាន​ធ្វើ​ឲ្យ​ប្រជាជន​មួយ​ចំនួន​មាន​ការ​ភ័ន្តច្រឡំ។

លោក ហ៊ុន សែន ក៏​បាន​បង្ហោះ​សារ ដោយ​​បញ្ជាក់​ដូច្នេះ​ថា៖ «ទោះបី​ផែនការ ១៨ សីហា របស់​ក្រុម​ជ្រុល​និយម​បាន​រលាយ​ទាំង​ស្រុង​ហើយ​ក្តី ប៉ុន្តែ​ជា​របៀប​ធ្វើការ​របស់ ហ៊ុន សែន គឺ​ «មិន​អង្គុយ​បក់​ផ្សែង​នោះ​ទេ គឺ​ត្រូវ​ពន្លត់​ភ្លើង​ទាំង​ស្រុង»។

លោក​បញ្ជាក់​ថា បន្ទាប់​ពី​ដក​ខ្លួន​ពី​ CLV-DTA កម្ពុជា​នឹង​បន្ត​អភិវឌ្ឍ​លើ​ទឹក​ដី​របស់​ខ្លួន​ ក្រោម​កិច្ចសហការ​ជា​ធម្មតា​ជាមួយ​ប្រទេស​ជិត​ខាង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី​រវាង​ប្រទេស និង ប្រទេស, ជាមួយ​អាស៊ាន, ជាមួយ​កិច្ច​សហប្រតិបត្តិការ​កម្ពុជា​ ឡាវ មីយ៉ាន់ម៉ា​ វៀតណាម (CLMV), កិច្ច​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​ទន្លេ​ចៅប្រាយ៉ា-មេគង្គ (ACMECS), កិច្ច​សហប្រតិបត្តិការ​អនុ​តំបន់​ទន្លេ​មេគង្គ (GMS) និង​ដៃ​គូ​អភិវឌ្ឍន៍​ផ្សេង​ទៀត​នៅ​លើ​សកល​លោក។

លោក​ថ្លែង​ថា៖ «ពួក​ជ្រុលនិយម​អាច​ឆ្លៀត​ឱកាស​ប្រកាស​ពី​ជោគជ័យ​របស់​គេ​លើ​ការ​ទាមទារ​នេះ តែ​ពួក​គេ​បាន​បាត់បង់​អាវុធ​ដ៏​សំខាន់​ដែល​ពួក​គេ​ធ្លាប់​កាន់​វាយ​រាជរដ្ឋាភិបាល។ ម្យ៉ាង​ទៀត ជោគ​ជ័យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​វា​ស្ថិត​នៅ​លើ​រាជរដ្ឋាភិបាល​ចេះ​ដោះ​ស្រាយ កង្វល់​របស់​ប្រជាជន​ និង​ចេះ​ដក​អាវុធ​ចេញ​ពី​ដៃ​សត្រូវ»។

ក្រសួង​ការបរទេស​ក៏បាន​សរសេរ​លិខិត​ទៅ​ភាគី​ឡាវ និង វៀតណាម កាល​ពី​ថ្ងៃទី២០ ខែ​សីហា ដើម្បី​បញ្ជាក់​ពី​ការ​ដក​ខ្លួន​នេះ ដោយ​ថ្លែង​ថា គោលដៅ​នៃ​កិច្ច​ព្រមព្រៀង​ CLV-DTA សម្រេច​បាន​ផ្លែផ្កា​យ៉ាង​ច្រើន ហើយ​គោល​បំណង​នៃ​កិច្ច​សហប្រតិបត្តិការ​នេះ​ក៏​បាន​សម្រេច​តាម​គោល​បំណង​ហើយ​ដែរ៕